របាយការណ៍ថ្មីមួយរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch (HRW) បានអះអាងថាទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងរបស់ក្រុមហ៊ុន៣បញ្ចូលគ្នា គឺក្រុមហ៊ុនចិន ខ្មែរ និងវៀតណាម បានបង្កជា«មហន្តរាយសិទ្ធិ»ដល់ជនជាតិដើមភាគតិច។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចរាប់រយគ្រួសារដែលរស់នៅក្នុងខេត្តស្ទឹងត្រែងមានជម្លោះជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ និងរដ្ឋាភិបាល ចាប់តាំងពីការប្រកាសធ្វើគម្រោងនោះ ប្រមាណ១០ឆ្នាំមកហើយ។ ពួកគេក៏ធ្លាប់បានចេញមុខតវ៉ាផងដែរ ហើយចុងក្រោយ អ្នកភូមិភាគច្រើនបានសម្រេចទទួលយកសំណងដែលផ្តល់ដោយក្រុមហ៊ុន គឺទៅរស់នៅក្បែរផ្លូវជាតិ និងត្រូវបានផ្តល់ដីចម្ការមួយចំនួនផងដែរ។
នៅក្នុងរបាយការណ៍ប្រមាណ១៤០ទំព័រដែលចេញផ្សាយនៅថ្ងៃអង្គារ អង្គការ HRW បានរកឃើញថាជនជាតិដើមភាគតិចត្រូវបាន«បង្ខំ»ឲ្យចាកចេញ និង«ការផ្តល់សំណងមិនសមរម្យ»។ អង្គការនេះបានចាត់ទុកគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីមួយនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍«ក្រវាត់ផ្លូវពាណិជ្ជកម្ម ឬ Belt & Road Initiative (BRI)» របស់ចិនដែលរងការរិះគន់ដូចជាខ្វះតម្លាភាព មិនយកចិត្តទុកដាក់លើក្តីបារម្ភរបស់សហគមន៍ និងផលប៉ះពាល់បរិស្ថាន។
របាយការណ៍នោះបានកត់ត្រាការរំលោភសិទ្ធិវប្បធម៌ សង្គម និងសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច ដែលកើតចេញពីការស្ថាបនាទំនប់មួយនេះ នាំឲ្យមានការបណ្តេញចេញប្រជាជនប្រមាណ៥ពាន់នាក់ ដែលគ្រួសាររបស់ពួកគេបានរស់នៅទីនោះច្រើនជំនាន់មកហើយ។
របាយការណ៍ដដែលនោះបញ្ជាក់ទៀតថាអាជ្ញាធរកម្ពុជា និងមន្ត្រីក្រុមហ៊ុន មិនបានពិភាក្សាត្រឹមត្រូវជាមួយសហគមន៍ដែលរងគ្រោះ មុនពេលចាប់ផ្តើមគម្រោង ហើយមិនបានយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាលើក្តីបារម្ភរបស់ពួកគេឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបញ្ជាក់បន្ថែមលើរបាយការណ៍នេះ អង្គការ HRW បានលើកឡើងថា ប្រជាជនជាច្រើនត្រូវបានបង្ខំឲ្យទទួលយកសំណងមិនគ្រប់គ្រាន់សម្រាប់ចំណូលរបស់ពួកគេ និងទ្រព្យសម្បត្តិដែលបាត់បង់។ ពួកគេត្រូវបានផ្តល់ជាសំណងនូវផ្ទះ និងសេវាមិនសមរម្យនៅកន្លែងថ្មី ហើយមិនមានផ្តល់ការបណ្តុះបណ្តាលដល់ពួកគេ ឬជំនួយដើម្បីធានាជីវភាពរបស់ពួកគេ។ នេះបើតាមអង្គការ HRW ។
លោក John Sifton ប្រធានផ្នែកតស៊ូមតិរបស់អង្គការ HRW ប្រចាំតំបន់អាស៊ី បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «ទំនប់វារីអគ្គិសនីសេសានក្រោម២បានហូរនាំបាត់ទៅនូវជីវភាពរស់នៅរបស់ជនជាតិភាគតិច និងសហគមន៍ជនជាតិភាគតិចដែលពីមុនរស់នៅជាសហគមន៍ និងភាគច្រើនពឹងផ្អែកដោយខ្លួនឯងគ្រប់គ្រាន់ជាមួយការនេសាទ ការប្រមូលផលពីព្រៃឈើ និងកសិកម្ម»។
លោកជំរុញឲ្យរដ្ឋាភិបាលកម្ពុជាចាំបាច់ពិនិត្យឡើងវិញនូវសំណងសម្រាប់គម្រោងមួយនេះ ការផ្លាស់ប្តូរទីលំនៅ វិធីសាស្ត្រស្តារជីវភាពឡើងវិញ និងធានាថាគម្រោងផ្សេងទៀតនៅពេលអនាគតមិនមានការរំលោភបំពានបែបនេះ។
អង្គការសិទ្ធិមនុស្សអន្តរជាតិនេះបានឲ្យដឹងថាពួកគេបានសម្ភាសសមាជិកសហគមន៍ជាង៦០នាក់ មេដឹកនាំអង្គការសង្គមស៊ីវិល អ្នកសិក្សាធិការ អ្នកវិទ្យាសាស្ត្រ និងអ្នកផ្សេងទៀតដែលបានស្រាវជ្រាវលើគម្រោងទំនប់នេះ ហើយបានពិនិត្យមើលឯកសារដែលមានស្រាប់ផ្សេងៗទៀត។
អង្គការនេះបានបញ្ជាក់ថាពួកគេបានសរសេរសុំការឆ្លើយតបពីក្រុមហ៊ុនChina Huaneng Group ដែលជាក្រុមហ៊ុនរបស់រដ្ឋចិន សរសេរមករដ្ឋាភិបាលកម្ពុជា និងចិន កាលពីខែមីនា ឆ្នាំ២០២០ និងខែកក្កដា ឆ្នាំ២០២១ ប៉ុន្តែមិនមានការឆ្លើយតបនោះទេ។
ទំនប់វារីអគ្គិសនីសេសានក្រោម២នៅខេត្តស្ទឹងត្រែង មានទំហំថាមពល៤០០មេហ្គាវ៉ាត់ និងត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន។ ទំនប់នេះមានភាគហ៊ុនអភិវឌ្ឍន៍ដោយក្រុមហ៊ុនចំនួន៣ ក្នុងនោះមានភាគហ៊ុនពីក្រុមហ៊ុនចិនដែលមានភាគហ៊ុន៥១% ក្រុមហ៊ុនខ្មែរ និងវៀតណាម។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានបដិសេធមិនផ្ដល់អត្ថាធិប្បាយភ្លាមៗចំពោះរបាយការណ៍នេះទេ និងបានស្នើឲ្យដាក់លិខិតសម្រាប់សម្ភាសន៍ផ្លូវការទៅក្រសួង។ វីអូអេបានផ្ញើសំណួរតាមសារអ៊ីមែលកាលពីសប្តាហ៍មុន ប៉ុន្តែមិនមានការឆ្លើយតបពីក្រសួងរ៉ែ និងថាមពលនោះទេ មកទល់នឹងថ្ងៃអង្គារ។
ប៉ុន្តែលោក វិចទ័រ ហ្សូនា ធ្លាប់ប្រាប់វីអូអេថារដ្ឋាភិបាលមានគោលនយោបាយឲ្យប្រជាពលរដ្ឋមានសុវត្ថិភាព ដូច្នេះលោកថាពលរដ្ឋត្រូវតែទៅនៅទីកន្លែងសុវត្ថិភាព ដែលលោកថា រដ្ឋាភិបាលបានសាងសង់លំនៅដ្ឋានឲ្យពួកគេនៅក្បែរផ្លូវជាតិលេខ៧៨។
លោកបន្តថាប្រជាពលរដ្ឋភាគច្រើនទទួលយកសំណង ដូច្នេះលោកថាការមិនទទួលយកសំណងរបស់ពលរដ្ឋដែលនៅសេសសល់មិនមែនជាបញ្ហានោះទេ។
វីអូអេបានផ្ញើសារតាមអ៊ីមែលទៅក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីសុំការអត្ថាធិប្បាបាយ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
លោក ជុន ហួយហឺ (Jun Hui He) ដែលជាមន្ត្រីទំនាក់ទំនងរបស់ក្រុមហ៊ុនប្រចាំនៅកម្ពុជា បានថ្លែងថាលោកមិនមានសិទ្ធិអំណាចក្នុងការនិយាយទៅកាន់អ្នកសារព័ត៌មាននោះទេ ហើយលោកបានស្នើឲ្យទាក់ទងទៅអាជ្ញាធររដ្ឋាភិបាលកម្ពុជាវិញលើបញ្ហានេះ។
គេហទំព័ររបស់ក្រុមហ៊ុនសេសានក្រោម២ បានឲ្យដឹងថាក្រុមហ៊ុនសន្យាប្តេជ្ញាចិត្តគោរពតាមច្បាប់ និងបទបញ្ញត្តិវិនិយោគក្នុងប្រទេស គោរពទំនៀមទម្លាប់វប្បធម៌ក្នុងស្រុក គាំទ្រលើកកម្ពស់គំនិតអភិវឌ្ឍសុខដុមរមនា អនុវត្តការទទួលខុសត្រូវសេដ្ឋកិច្ចសហគ្រាស ទទួលខុសត្រូវសង្គម និងបរិស្ថាន។
ក្នុងចំណោមប្រជាជនរងគ្រោះសរុបចំនួន៨៤៦គ្រួសារដែលរងផលប៉ះពាល់ដោយសារទំនប់នេះ ភាគច្រើនពួកគេបានសម្រេចទទួលសំណងរួចហើយ គឺការតាំងទីលំនៅថ្មីនៅកន្លែងដែលរៀបចំដោយក្រុមហ៊ុន ការផ្តល់ជាផ្ទះ ដីភូមិ និងថវិកាមួយចំនួន។
ទោះជាយ៉ាងណា ពលរដ្ឋមួយចំនួនក៏បន្តរស់នៅមិនឆ្ងាយពីតំបន់លិចទឹក ដូចជាអ្នកភូមិស្រែគរ និងក្បាលរមាសជាដើម។
អ្នកស្រី ស្រាំង ឡាញ់ អាយុ៤៤ឆ្នាំ ជាជនជាតិដើមភាគតិចពូនង រស់នៅក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បានថ្លែងប្រាប់វីអូអេថាអ្នកស្រីមិនទទួលយកសំណងនោះទេ ដោយសារមិនចង់រស់នៅឆ្ងាយតំបន់ដែលធ្លាប់រស់នៅច្រើនជំនាន់មកហើយ ដូច្នេះអ្នកស្រីបានមករស់នៅចម្ងាយប្រមាណ៣គីឡូម៉ែត្រពីតំបន់ដែលផ្ទះរបស់អ្នកស្រី និងតូបលក់អីវ៉ាន់របស់កូនស្រីបានលិចទឹក។
អ្នកស្រីចាត់ទុកថាអាជ្ញាធរ«បង្ខំ»ឲ្យទទួលយកសំណងជាការរស់នៅក្បែរផ្លូវជាតិ។
អ្នកស្រីបន្ថែមថា៖ «មួយចំនួន គេយល់ព្រម មួយចំនួនទៀត គេមិនយល់ព្រមទេ។ សុំបន្តរស់នៅលើទឹកដីកំណើតរបស់ខ្លួន ហើយសូមបន្តថែរក្សាទឹកដីព្រៃឈើសមូហភាពតាមរបៀបជនជាតិដើមភាគតិចពីមុន»។
បើតាមអ្នកស្រី រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណ៥៣គ្រួសារ ស្មើនឹង២២៧នាក់ក្នុងភូមិក្បាលរមាស មិនព្រមទទួលសំណង ហើយសុខចិត្តរស់នៅមិនឆ្ងាយពីទឹក។
អ្នកស្រីបន្ថែមថា៖ «យើងទៅរស់នៅតាមផ្លូវជាតិ មិនដឹងធ្វើមុខរបរអី ព្រោះជនជាតិដើមភាគតិចធ្លាប់តែធ្វើចម្ការវិលជុំ ធ្លាប់តែរកស៊ីតាមរបៀបធនធានជីវៈចម្រុះតាមធម្មជាតិទេ»។
អ្នកស្រីបានស្នើឲ្យអាជ្ញាធរចុះបញ្ជីដីដែលពួកគេកំពុងរស់នៅបច្ចុប្បន្ននេះ មុននឹងពិភាក្សាអំពីសំណងនៅពេលក្រោយទៀត។
លោក ប៊ី វ៉ាន់នី មន្ត្រីសម្របសម្រួលរបស់សមាគមអាដហុកប្រចាំខេត្តស្ទឹងត្រែង បានថ្លែងថាដោយសារគម្រោងអភិវឌ្ឍន៍នេះ កន្លងទៅ ប្រជាពលរដ្ឋបានតវ៉ាប្រឆាំង ដោយសារពួកគេមិនចង់ចាកចេញ ប៉ុន្តែចុងក្រោយ ពួកគេបានសម្រេចចិត្តចាកចេញ។ លោកចាត់ទុកថាការចាកចេញរបស់ពួកគេ ដោយរងការបង្ខំ ខណៈមិនទាន់បានទទួលសំណងសមរម្យ។
លោកបានថ្លែងថា៖ « ការដោះស្រាយសំណងអត់ទាន់បានសមស្របទៅនឹងគោលនយោបាយទីមួយ។ ទីពីរការរុះរើឬក៏ឲ្យគាត់ចាកចេញហ្នឹង ក៏មិនមែនធ្វើតាមគោលការណ៍ស្ម័គ្រចិត្ត ក៏ប៉ុន្តែការបង្ខំ ឬក៏មានការប្ដឹងផ្ដល់ប្រជាពលរដ្ឋ ឬក៏តំណាងប្រជាពលរដ្ឋទៅតុលាការអ៊ីចឹងទៅ។ អ៊ីចឹងហើយយើងឃើញថាការអភិវឌ្ឍដូចថាវាអត់ទាន់សមស្រប ឬក៏ការធ្វើការអភិវឌ្ឍហ្នឹង ការដោះស្រាយជូនពួកគាត់ហ្នឹង វាអត់ទាន់ចប់សព្វគ្រប់ ឬក៏ការដោះស្រាយសំណងហ្នឹង វាអត់ទាន់បានសមរម្យនៅឡើយ»។
មន្ត្រីសិទ្ធិមនុស្សរូបនោះក៏បានជំរុញឲ្យរដ្ឋាភិបាលប្រញាប់ផ្តល់សំណងដល់ប្រជាពលរដ្ឋដែលពុំទាន់ចាកចេញ ហើយសុខចិត្តរស់នៅក្បែរទឹកនោះមិនឆ្ងាយពីភូមិចាស់ដែលលិចទឹក។
លោក ហ្វុត ឃឿន អាយុ៤០ឆ្នាំ ជាតំណាងប្រជាពលរដ្ឋនៅក្នុងតំបន់ស្រែគរ ដែលមិនព្រមទទួលសំណង ហើយសុខចិត្តរស់នៅក្បែរភូមិលិចទឹក ក៏បានថ្លែងថាអាជ្ញាធរមិនយកចិត្តទុកដាក់នឹងសំណើរបស់ប្រជាពលរដ្ឋនោះទេ។ លោកជំរុញឲ្យអាជ្ញាធរចុះបញ្ជីដីធ្លីរបស់ពលរដ្ឋដែលរស់នៅក្បែរភូមិចាស់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ សាលារៀនដល់ពួកគេ។
ចាប់តាំងពីឆ្នាំ២០១៧ ផ្ទះ វត្តអារាម សាលារៀន ទីសក្ការៈដូនតា ដើមឈើ និងរុក្ខជាតិរបស់សហគមន៍ជនជាតិដើមភាគតិចនៅតំបន់ស្រែគរ ត្រូវបានលិចលង់នៅសល់តែដំបូល និងចុងឈើតិចៗតែប៉ុណ្ណោះ។ ហើយលោក ហ្វុត ឃឿន និងអ្នកភូមិផ្សេងទៀត ដែលជាជនជាតិដើមភាគតិចឡាវ បានផ្លាស់ប្តូរមករៀបចំភូមិនៅមិនឆ្ងាយភូមិលិចទឹក ហើយរស់នៅមកដល់បច្ចុប្បន្ននេះ ដោយមិនដឹងច្បាស់ថាតើប្រជាពលរដ្ឋនឹងត្រូវបណ្តេញចេញទៀតឬយ៉ាងណានៅពេលអនាគត។
លោក ហ្វុត ឃឿន ប្រាប់វីអូអេថា៖ «អ្វីៗយើងនៅនេះធ្វើខ្លួនឯងហើយ។ មិនចាំបាច់ឲ្យរដ្ឋាភិបាល[ធ្វើឲ្យ]។ សុំឲ្យតែរដ្ឋាភិបាលទទួលស្គាល់ថាក្នុងនាមយើងជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងធំអញ្ចឹង។ ស្នើសុំឲ្យគាត់បង្កើតជាភូមិ។ ស្នើសុំគាត់ប៉ុណ្ណឹង បើគាត់ចង់ដេញមនុស្ស ធ្វើម៉េចទៅអញ្ចឹង?»៕