លក្ខណៈ​ប្រកួត​ប្រជែង​របស់​កម្ពុជា​ទាប​ជាង​គេ​ក្នុង​តំបន់​ទោះ​បី​មាន​ភាព​ប្រសើរ​ជាង​មុន

សមត្ថភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ដើម្បី​ទាក់ទាញ​លំហូរ​វិនិយោគ​និង​ធានា​កំណើន​សេដ្ឋកិច្ច​ស្ថិត​នៅ​ពី​ក្រោយ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ព្រុយណេ ហ្វីលីពីន និង​វៀតណាម។

ភ្នំពេញ៖ កម្ពុជា​មាន​លក្ខណៈសម្បត្តិ​ប្រកួត​ប្រជែង​ទាប​ជាង​គេ​បង្អស់​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន)។
របាយការណ៍​ស្តី​អំពី​សន្ទស្សន៍​នៃ​ភាព​ប្រកួត​ប្រជែង​ពិភពលោក​សម្រាប់​ឆ្នាំ​២០១២-២០១៣​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១២ បង្ហាញ​ថា សមត្ថភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ដើម្បី​ទាក់ទាញ​លំហូរ​វិនិយោគ​និង​ធានា​កំណើន​សេដ្ឋកិច្ច​ស្ថិត​នៅ​ពី​ក្រោយ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ព្រុយណេ ហ្វីលីពីន និង​វៀតណាម។ ប៉ុន្តែ​ប្រទេស​ឡាវ និងភូមា​មិន​ស្ថិត​ក្នុង​ការ​សិក្សា​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ទេ។
របាយការណ៍​ដដែល​បង្ហាញ​ថា បញ្ហា​ពុក​រលួយ​នៅ​តែ​ជា​ឧបសគ្គ​ចំបង​ជាង​គេ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា។ អំពើ​ពុក​រលួយ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ការ​កើន​ឡើង​ពី​១៦,៨​ភាគរយ នៅ​ឆ្នាំ​២០១១​ដល់​២១,៥​ភាគរយ​នៅ​ឆ្នាំ​២០១២​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​សួរ។ ក្រៅ​ពី​បញ្ហា​ពុក​រលួយ របាយការណ៍​ដដែល​បាន​រក​ឃើញ​បញ្ហា​បន្ទាប់​បន្សំ​មួយ​ចំនួន​ទៀត ដូចជា​កង្វះ​ខាត​ពលករ​ជំនាញ ប្រសិទ្ធិភាព​នៃ​ប្រព័ន្ធ​ការិយាធិបតេយ្យ​របស់​រដ្ឋាភិបាល និង​ភាព​ងាយ​ទទួល​បាន​ឥណទាន​ជា​ដើម។
លោក យឹម សុវណ្ណ តំណាងរាស្ត្រ​ពី​គណបក្ស​សម រង្ស៊ី​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះជាតិ​យល់​ស្រប​នឹង​របាយការណ៍​ខាង​លើ​នេះ។
«អំពើ​ពុក​រលួយ​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​បាត់​បង់​ថវិកា​ជាតិ​ទេ វា​ជា​ឧបសគ្គ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។ វា​ជា​ឧបសគ្គ​រដ្ឋបាល។ វា​ធ្វើ​ឱ្យ​មាន​ភាព​រញ៉េរញៃ។ វា​ធ្វើ​ឱ្យ​មាន​ការ​ពន្យារ​ពេល។ វា​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មួយ​ចំនួន​គេ​ធុញ​ទ្រាន់​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ល្អៗ​មួយ​ចំនួន​អល់អែក​ក្នុង​ការ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា»។
ដោយ​ឡែក​លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ដែល​ថា​បញ្ហា​ពុក​រលួយ​នៅ​កម្ពុជា​មាន​សភាព​ធ្ងន់ធ្ងរ។
«ចំពោះ​អំពើ​ពុក​រលួយ បើ​យើង​ប្រៀប​ធៀប​យើង​នឹង​ប្រទេស​ដទៃ​ទៀត ការ​ពិត​ទៅ​ក៏​យើង​នៅ​តែ​ល្អ។ មិន​មែន​យើង​មិន​ទទួល​ស្គាល់​អំពើ​ពុក​រលួយ​ទេ ក៏​ប៉ុន្តែ​បើ​យើង​មើល​សន្ទុះ​នៃ​ការ​បណ្តាក់​ទុក យើង​ឃើញ​មាន​ការ​បណ្តាក់​ទុក​ច្រើន ហើយ​បើ​យើង​មើល​ចំនួន​នៃ​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅ​កម្ពុជា យើង​នៅ​មាន​ទទួល​អត្រា​ខ្ពស់​ដែរ។»
ទោះ​ជា​យ៉ាង​នេះ​ក្តី​របាយការណ៍​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បង្ហាញ​ថា លក្ខណៈ​ប្រកួត​ប្រជែង​របស់​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​បាន​ឡើង​ពី​ចំណាត់​ថ្នាក់​ទី​១០៩​នៅ​ឆ្នាំ​២០១០​មក​ទី​៩៧​នៅ​ឆ្នាំ​២០១១​ និង​ទី​៨៥​នៅ​ឆ្នាំ​២០១២​នេះ។ ចំណាត់​ថ្នាក់​នេះ​សិ្ថត​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៤៤​ក្នុង​ពិភពលោក​ដែល​ត្រូវ​បាន​ធ្វើ​ការ​អង្កេត។
លទ្ធផល​ជា​វិជ្ជមាន​នេះ ផ្អែកលើ​សន្ទស្សន៍​គោល​ចំនួន​បី​គឺ​ទី​១​តម្រូវការ​មូលដ្ឋាន​ដែល​រួមមាន​ហេដ្ឋារចនា​សម្ព័ន្ធ ស្ថាប័នរដ្ឋ សុខភាព ​ការ​អប់រំ​ថ្នាក់​មូលដ្ឋាន ​និង​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច។ និងកត្តា​ទី២​គឺ​ដោយ​មាន​ជំរុញ​ប្រសិទ្ធិភាព និង​ទី​៣​ការ​ច្នៃ​ប្រឌិត៕