របាយការណ៍៖ កម្ពុជា​បាត់បង់​ព្រៃឈើ​ប្រមាណ​៣៧%​នៅ​ទីតាំង​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​​​​​​​

រូប​ឯកសារ៖ ទិដ្ឋភាពព្រៃឡង់​​ពី​លើ​អាកាស​នៅ​ឆ្នាំ​២០១៦។ ព្រៃឡង់​​​ក៏​ជា​គម្រោង​មួយ​ដែល​មាន​ទី​តាំង​ខ្លះ​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ដែរ និង​​ជួប​បញ្ហា​ក្នុង​ពេល​កន្លង​មក​ដែរ។ (រូបថតដោយ៖ USAID/Michael Gebremedhin)

ចលនា​ការពារ​បរិស្ថាន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​ថ្មី​មួយ​ដែល​បញ្ជាក់​ពី​ការ​បាត់​បង់​ព្រៃឈើ​ប្រមាណ​៣៧​ភាគរយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ទីតាំង​នៃ​ការ​អនុវត្ត​គម្រោង​សាកល្បង​រេដបូក(REDD+) ឬ​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កូរ៉េ​ដើម្បី​ចលនា​បរិស្ថាន​ដែល​វីអូអេ​បាន​ទទួល​ក្នុងសប្តាហ៍​នេះ។

ក្នុង​ការ​អនុវត្តគម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​នេះ ជា​ទូទៅ​ប្រទេស​អភិវឌ្ឍន៍​បាន​ចំណាយ​ទៅលើ​ប្រទេស​កំពុងអភិវឌ្ឍន៍​ឲ្យ​អនុវត្តគម្រោង​នេះ​ហើយប្រទេស​ដែល​អនុវត្ត​គម្រោង​នេះ​ត្រូវ​បាន​តម្រូវ​មិន​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។​ឧស្ម័ន​ផ្ទះកញ្ចក់ ជាប្រភេទ​ឧស្ម័ន​បង្ក​ឥទ្ធិពល​កំណើន​សីតុណ្ហភាព​នៃ​បរិយាកាស​ផែនដី។

សេចក្តី​ប្រកាស​របស់សហព័ន្ធ​កូរ៉េ​ដើម្បី​ចលនា​បរិស្ថាន​(Korea Federation for Environmental Movements)​ចេញ​ផ្សាយ​កាលពីថ្ងៃទី​២៤​ខែសីហា​ ឆ្នាំ​២០២១​នេះ​បាន​ឲ្យ​ដឹង​ថា​ ការិយាល័យ​ព្រៃឈើ​កូរ៉េ​(Korea Forest Service) ដែល​ទទួល​បន្ទុក​បង្កើត​ច្បាប់និង​គោល​នយោបាយ​ស្តីពី​ព្រៃឈើ​របស់​រដ្ឋាភិបាល​កូរ៉េ​បានរងការ​រិះគន់​ចំពោះ​កម្សោយ​នៃ​ការគ្រប់​គ្រង​ក្នុង​ពេល​ខ្លួន​ត្រូវ​ជំរុញ​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា​ទំរីង​(Tumring)​ឲ្យ​បាន​ទទួល​ជោគជ័យ។

ចលនា​សហព័ន្ធ​កូរ៉េ​ដើម្បី​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ចាប់​ផ្តើម​គម្រោង​សាកល្បង​ជាច្រើន​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ឆ្នាំ​២០១៣​ហើយ​ក្រោយ​មក​បាន​ពង្រីក​មក​ដល់​ប្រទេស​កម្ពុជា ឡាវ​និង​មីយ៉ាន់ម៉ា។ គម្រោង​សាកល្បង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ទំរីង​របស់​កម្ពុជា​គឺ​ជា​គម្រោង​ដំបូង​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទទួល​បាន​ឥណទាន​កាបូន។ គម្រោង​នេះ​ត្រូវបាន​បង្កើត​ឡើង​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៤​ ក្នុងឃុំ​ទំរីង​ស្ថិត​នៅ​ក្នុង​ស្រុក​សណ្តាន់​ខេត្ត​កំពង់ធំ។

សេចក្តី​ប្រកាស​របស់សហព័ន្ធ​កូរ៉េ​ដើម្បី​ចលនា​បរិស្ថាន​ឲ្យ​ដឹង​ទៀត​ថា​ការិយាល័យព្រៃ​ឈើ​កូរ៉េ​បាន​ថ្លែងកាលពី​ឆ្នាំមុនថា គម្រោង​ទំរីង​បាន​កាត់​បន្ថយ​ឧស្ម័នផ្ទះកញ្ចក់​ប្រមាណ​៦៥​ម៉ឺនតោន។ ក៏ប៉ុន្តែ​ផ្អែក​តាម​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​មាន​រយៈ​ពេល​បីខែ​នៅ​ឆ្នាំនេះ​ដោយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​កូរ៉េ​និង​កម្ពុជា​នោះ​ការពិត​ដែល​កើត​ឡើង​នៅ​ទីតាំង​គម្រោង​គឺ​ខុសគ្នា​ឆ្ងាយ​ណាស់។

ការ​ស៊ើបអង្កេត​បាន​បង្ហាញ​ថា​៦ឆ្នាំ​ក្រោយ​ចាប់​តាំង​ពី​គម្រោង​ទំរីង​នេះ​ត្រូវបាន​បង្កើត​ឡើង​មកនោះ​«ជាង​៣៧ភាគរយ​នៃ​ព្រៃ​ឈើនៅ​ក្នុងទីតាំងគម្រោងត្រូវបាន​បំផ្លាញ​ឬ​បាត់បង់»។

សហព័ន្ធ​កូរ៉េដើម្បី​ចលនា​បរិស្ថាន​បាន​បង្ហាញ​ទៀត​ថា យោង​តាម​ទិន្ន័យ​ផ្កាយ​រណប​សាធារណៈ​ដែល​ផ្តល់​ដោយ​សាកល​វិទ្យាល័យ ​Maryland នៅ​សហរដ្ឋ​អាមេរិក​តំបន់​ព្រៃ​ឈើ​បាន​ថយ​ចុះ​ពីប្រមាណ​៥៦.០៨៤​ហិកតា​ក្នុងឆ្នាំ​២០១៥មក​នៅ​ប្រមាណ​៣៥.៥៤៤​ហិកតា បើ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​មុន។ ហើយ​បើគិត​ក្នុង​រយៈពេល​៦ខែ​ដំបូង​នៃ​ឆ្នាំ​២០២១​ព្រៃឈើ​ដែល​បាន​បាត់​បង់​ក្នុង​ទីតាំង​គម្រោង​នោះ​មាន​ដល់​ទៅ​៨,៣​ភាគរយ ធៀប​នឹង​ការបាត់​បង់​ព្រៃឈើ​ប្រមាណ​៨,៧៦​ភាគរយ​ពេញ​មួយឆ្នាំ​២០២០។

​ការ​ស៊ើប​អង្កេតខាង​លើ​នេះ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១ និង​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ក្នុង​ចុះទៅ​អង្កេតដោយ​ផ្ទាល់​នៅ​ទីតាំង​ការ​វិភាគ​រូបភាព​បាន​ពី​ប្រព័ន្ធផ្តាយ​រណប​និង​ការ​សម្ភាស​អ្នក​ជំនាញ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ចុះ​ជាច្រើន​ដង​ទៅ​ដល់​សហគមន៍​ព្រៃឈើ​ចំនួន​១៣​ក្នុង​ចំណោម​សហគមន៍​ព្រៃ​ឈើ​ចំនួន​១៤​ដែល​ស្ថិត​ក្នុង​តំបន់​គម្រោង​សាកល្បង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទំរីង​នេះ។

លោក​អ៊ូច ឡេង​ជា​សកម្មជន​ការពារ​ព្រៃ​ឈើ​ដ៏​លេចធ្លោ​ម្នាក់​ត្រូវ​បាន​គេស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​របស់​សហព័ន្ធ​កូរ៉េដើម្បី​ចលនា​បរិស្ថាន​នោះ​ថា៖ «វាមិន​មាន​អី​លាក់​បាំង​ទេ​ដែល​ឈើ​ថ្លៃៗ​បាន​មក​ពី​ប្រភេទ​ឈើ​ជិត​ផុតពូជ​នៅ​កម្ពុជា​ត្រូវ​បាន​ជួញដូរ​យ៉ាងសកម្ម​នៅ​ទីផ្សារ​ងងឹត។ គម្រោង​REDD+នេះ​មិន​អាច​បញ្ឈប់​សកម្មភាព​ជួញ​ដូរ​នេះ​បាន​ទាំង​ស្រុង​ទេ»។

រូបថត​ពី​គេហទំព័រ​នៃ​គម្រោង​រេដ​បូកទំរីង​ (Tumring REDD+)​ កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២១។ (រូបថត​គេហទំព័រ tumringredd.org)

សកម្មជន​ការពារ​ព្រៃ​ឈើ​លោក​ហេង ស្រស់​ ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ពុធ​ថា​កង្វះ​អភិបាល​កិច្ចព្រៃ​ឈើ​របស់​មន្ត្រី​ទទួល​បន្ទុក​ការពារ​ព្រៃ​ឈើ និង​អំពើ​ពុករលួយ​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​ពាក់​ព័ន្ធ​ក្នុង​តំបន់​អនុវត្ត​គម្រោង​ទំរីងនោះ​បាន​បើក​ផ្លូវ​ឲ្យ​មាន​សកម្មភាពកាប់​បំផ្លាញ​ព្រៃ​ឈើ ដើម្បី​ជួញដូរ​និង​ដើម្បី​បង្កើត​កន្លែង​សម្រាប់​ដំណាំកសិកម្ម​ផ្សេងៗ។

លោក ហេង​ ស្រស់ ថ្លែង​ថា៖ «វា​ជា​លក្ខណៈ​ពុករលួយ​ជា​ប្រព័ន្ធ​ទៅ​ហើយ​អីចឹង​យើង​ ពិបាក​ក្នុង​ការ​ទប់​ស្កាត់​ហើយ​យើង​ជឿជាក់​ថា​បន្ទាប់​ពី​មាន​របាយការណ៍​នេះ​ចេញ​ទៅ​អាជ្ញាធរ​នៅ​តំបន់​នោះ​អាច​នឹង​កែប្រែ​អត្តចរិត​និង​អាកប្បកិរិយា ដើម្បី​ចូល​រួម​ទប់​ស្កាត់​កុំ​ឲ្យមាន​ការ​កាប់​បន្ត​ទៅ​ទៀត»។

​បើ​តាម​សហព័ន្ធ​កូរ៉េ​ដើម្បី​ចលនា​បរិស្ថានភាគ​ច្រើន​នៃ​តំបន់​ដែល​ព្រៃ​ឈើ​ត្រូវបាន​កាប់​បំផ្លាញ​នោះ​ត្រូវបាន​ប្រែ​ក្លាយ​ជា​ដី​កសិកម្ម​ជា​ពិសេស​គឺ​ការ​ដាំដើម​កៅស៊ូ ដំឡូងមី​ និង​ស្វាយ​ចន្ទី។

សហព័ន្ធ​នេះ​ឲ្យ​ដឹង​បន្ថែម​ថា​ដើម្បី​ការ​ការពារ​ព្រៃឈើ​ទុក​សម្រាប់​ការ​អនុវត្ត​គម្រោង​ទំរីង​នេះ​សកម្មភាព​ដើរ​ល្បាត​ព្រៃ​គឺ​ជា​ផ្នែកសំខាន់​មួយ​របស់​គម្រោង។

ក្រុម​អ្នកដើរ​ល្បាត​ព្រៃ​ដែល​មាន​គ្នា​៥នាក់ អាចទទួល​បាន​ប្រាក់​ដើរ​ល្បាត​៥០ដុល្លារ​ដែល​ជា​ចំនួន​តិចតួច​សម្រាប់ចាក់​ប្រេង​សាំង និង​ចំណាយលើ​ការហូបចុក​ក្នុងពេល​ដើរល្បាតព្រៃ។ ប៉ុន្តែ​ពួកគេ​ទទួលបាន​តែ​៣៨​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ដើរ​ល្បាត​ព្រៃ​ក្នុងមួយជើង។ នេះ​បើ​តាម​ការ​ស៊ើប​អង្កេត​របស់​សហព័ន្ធ​កូរ៉េ​ដើម្បី​ចលនា​បរិស្ថាន​ដែល​សហការជាមួយ​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​ទៀត​នៅកម្ពុជា។

ប្រធាន​សហគមន៍​អូរថ្ម​ក្នុង​ឃុំ​ទំរីង ស្រុក​សណ្តាន់​ ខេត្ត​កំពង់ធំលោក ​ដែក អៀង ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​សហគមន៍​លោក​នៅ​សល់​គម្រប​ព្រៃឈើ​ប្រមាណ​១០០​ហិកតា​ប៉ុណ្ណោះ ដែល​ពី​ដើមឡើយ មាន​ប្រមាណ១.០០០​ហិកតា​ដោយ​សារ​ពលរដ្ឋ​ចូល​កាប់​ទន្ទ្រាន​យក​ឈើ​លក់​ឲ្យ​ឈ្មួញ​ឬ​ក៏​យក​ឈើ​មក​សង់​ផ្ទះ​សម្បែង។

យ៉ាងណា​លោក​កត់​សម្គាល់​ថា គិត​ចាប់​ពី​ឆ្នាំ​២០២០​មក​ការ​កាប់​ឈើ​មិន​សូវ​មាន​សកម្មភាព​ខ្លាំង​ដោយ​លើក​ហេតុផល​ថា​ទាំង​ពលរដ្ឋ​សហគមន៍​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​បង្កើន​ការ​ការពារ​មិន​ឲ្យ​មាន​ជនចូលមក​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​បន្ថែមទៀត។

រូប​ឯកសារ៖ មន្ត្រី​ឧទ្យានុរក្ស​បង្ហាញ​សកម្ម​ភាព​ល្បាត​ព្រៃឲ្យ​អ្នក​សារព័ត៌មាន​បាន​ឃើញ​នៅ​ទីស្នាក់ការ​ត្រពាំង​ធ្មៀរ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​ក្នុង​ស្រុក​កោះញែក​ ខេត្ត​មណ្ឌល​គិរី កាលពី​ថ្ងៃទី​១៧ មករា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)

លោក​ដែក អៀង វ័យ​៤៨ឆ្នាំក៏​ស្ថិត​ក្នុង​ក្រុម​ដើរ​ល្បាត​ព្រៃ​ឲ្យគម្រោង​ទំរីង​ផង​ដែរ។ លោក​ថា ប្រយោជន៍​ដែល​បាន​មក​ពី​គម្រោង​នេះ​មាន​តិច​ ពោល​គឺ​ប្រាក់​ដើរ​ល្បាត​មិន​ទាន់​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​លោក​អាច​ធ្វើការ​ឲ្យអស់​លទ្ធភាព​ដើម្បី​ការពារ​សម្បត្តិ​ព្រៃ​ឈើ​ដែលនៅ​សេស​សល់​ក្នុង​ស្រុក​សណ្តាន់​។

លោក ​ដែក អៀង ថ្លែង​ថា៖ «គាត់​ឲ្យ​ថវិកា​សម្រាប់​ដើរ​ល្បាត​ឲ្យ​បាន​មួយ​ខែ​បាន​១៥ម៉ឺន...អត់​គ្រាន់​ទេ។ ដើរម្តង​អស់​ម្តង​៧​ ៨ម៉ឺន​២ដង​ ៣ដង​មិន​គ្រាន់​ផង»។

ប្រធាន​សហគមន៍​រូប​នេះ​ឲ្យដឹង​ថា ប្រភេទ​ឈើ​ដែល​បាន​បាត់​បង់​ក្នុង​ឃុំទំរីង​មាន​ភាគ​ច្រើន​ជា​ឈើ​ផ្តៀក​ឈើ​ទាល​ និង​កកោះ។

លោក សុខ ហៃ​ អ្នក​នាំពាក្យ​របស់​រដ្ឋបាល​ខេត្តកំពង់​ធំ សុំមិន​ធ្វើ​ការ​អធិប្បាយ​ដោយ​ថា​ជាប់​ប្រជុំ​និង​ស្នើ​ឲ្យ​អ្នកយក​ព័ត៌មាន​ទាក់​ទង​ទៅមន្ត្រី​រដ្ឋបាល​ព្រៃឈើ។

ប្រធាន​គម្រោង​រេដ​បូកទំរីង​ (Tumring REDD+)​ លោក ​ឈុន ឌឺលុច បាន​បដិសេធ​នូវការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធនៅក្នុង​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ទីតាំង​អនុវត្ត​គម្រោង។

​លោក ឈុន ឌឺលុច បញ្ជាក់​ថា៖ «ការ​ចោទប្រកាន់​ហ្នឹង​គឺ​ចោទ​ប្រកាន់​ដោយ​មិន​មាន​ភស្តុតាង​ជាមួយ​ឯកសារ​ជាក់​លាក់​ណាមួយ​ទេ​ប៉ុន្តែ​បើ​លោក​អាច​ទំនាក់​ទំនង​ទៅ​សេវាកម្ម​ព្រៃ​ឈើ​របស់​កូរ៉េ​គាត់​នឹង​អាច​ផ្តល់​ព័ត៌មាន​ឲ្យ​លោក​បាន​ផ្ទាល់​ព្រោះ​ថា​ខ្ញុំពួកខ្ញុំ​ឆ្លើយ​ទៅ​កូរ៉េ​វិញ​ហ្នឹង​តាមផ្លូវ​ការ គឺ​តាម​ការទូត...​យើង​ឆ្លើយ​ហើយ យើង​ផ្អែក​ទៅ​លើ​ព័ត៌មាន​ជាក់​ស្តែង​ដែល​យើង​បាន​ទទួល​នៅ​ទីវាល»។

លោក​បាន​ចោទ​ប្រកាន់​លោក ​អ៊ូច ឡេង ​ដែល​បាន​ចូលរួម​ក្នុងការ​ស៊ើប​អង្កេត​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ទីតាំង​គម្រោង​ថា ផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ឈ្មោះ​មិន​ពិត​របស់ប្រធាន​សហគមន៍​មួយ​រូប​ក្នុង​ការ​ស៊ើប​អង្កេត​របស់​លោក។

លោក ឈុន ឌឺលុច បន្ថែម​ថា៖ «លោក​ អ៊ូច ឡេង​ ហ្នឹង​គាត់​យក​ឈ្មោះ​អ្នក​ក្រុម​សកម្មជន​របស់​ពួក​គាត់​ហ្នឹង​ថាជា​ប្រធាន​សហគមន៍​ព្រៃ​ឈើ​តាមពិត​សហគមន៍​ព្រៃ​ឈើ​ដែលមាន​ការបោះឆ្នោត​ត្រឹម​ត្រូវ​ហ្នឹង​មិនមែន​ឈ្មោះ​ម្នាក់​នោះ​ដែល​គាត់​យក​មក​អះអាង​ទេ។ ចូលករណី​ថា នេះ​មានន័យថា​គាត់​យក​ឈ្មោះ​ អ្នកផ្សេង​មក​ជំនួស​តំណាង​សហគមន៍​ព្រៃ​ឈើ​ដែល​គេ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​តាម​ច្បាប់​ចឹង​ មានន័យ​ថា​ នេះ​ជាផ្នែក​មួយ​ដែល​លោក​អ៊ូច ឡេង​ហ្នឹង​គាត់​បាន​ផ្សព្វផ្សាយ​ព័ត៌​មាន​ខុស»។

វីអូអេ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក ​អ៊ូច ឡេង តែ​លោក​មិន​ឆ្លើយ​តប។

ឆ្លើយ​តប​ទៅនឹង​បញ្ហា​មិន​ប្រក្រតី​ផ្សេង​ទៀត លោក​ឈុន ឌឺលុច ប្រធាន​គម្រោង​រេដ​បូក​ទំរីង​(Tumring REDD+)​ បាន​និយាយថា​ខាងភាគី​សេវាព្រៃ​ឈើ​កូរ៉េ ឬការិយាល័យ​ព្រៃឈើ​កូរ៉េ​កំពុង​ធ្វើការ​ឆ្លើយ​តប​ជាមួយ​នឹង​សកម្មជន​ការពារ​បរិស្ថាន​នៅប្រទេស​កូរ៉េ ដែល​លោក​មិន​ទាន់​ដឹងថា​ការឆ្លើយនោះ​នឹង​ធ្វើ​ឡើង​ដោយ​របៀប​ណានោះ​ទេ។

យ៉ាងណាក៏ដោយ​សេចក្តីប្រកាស​របស់​សហព័ន្ធ​កូរ៉េ​ដើម្បី​ចលនា​បរិស្ថាន​បាន​លើកឡើងថា​ក្រោយ​របាយការណ៍​អង្កេត​របស់​ខ្លួន​ត្រូវ​បាន​ចេញផ្សាយនោះការិយាល័យ​ព្រៃឈើកូរ៉េ​បាន​ឆ្លើយ​តបគ្មានភ្ជាប់​ជាមួយ​ភស្តុតាង​ថា៖ «គ្មាន​ការ​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ខុសច្បាប់​ក្នុង​ទីតាំង​គម្រោង​នៅប្រទេស​កម្ពុជា​នោះទេ»៕