កម្ពុជា​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កញ្រ្ជឹល​ស្អូច ខណៈ​ជំងឺ​ផ្ទុះ​ឡើង

ក្រុមអ្នកគ្រូពេទ្យកំពុងផ្តល់ការប្រឹក្សាដល់​អ្នកជំងឺនៅមន្ទីរពេទ្យសម្ដេចឪ-សម្ដេចម៉ែ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៤។ (ចឹង លីលី/វីអូអេ)

ក្រសួង​សុខាភិបាល​និង​ដៃ​គូ​ពាក់ព័ន្ធ​ដូចជា​អង្គការ​យូនីសេហ្វ ​(Unicef)​ បាន​ចាប់​ផ្តើម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជំងឺ​កញ្រ្ជឹល ​ស្អូច​ ខណៈ​ជំងឺ​នេះ​បាន​ចាប់​ផ្តើម​ផ្ទុះ​ឡើង ​ដែល​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​មួយ​សម្រាប់​សុខភាព​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា។​

យុទ្ធនាការ​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទាន់​ពេល​វេលា​ចំពោះ​ការ​កើន​ឡើង​ជា​សកល​នៃ​ករណី​ជំងឺ​កញ្រ្ជឹល​ស្អូច ​និង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​ជិត​ខាង ​ដោយ​សារ​អត្រា​ការ​ចាក់​វ៉ាក់សាំង​ទាប​ក្នុង​ចំណោម​កុមារ។​ នេះ​បើ​យោង​តាម​អង្គការ​យូនីសេហ្វ។​

ក្នុង​ពិធី​ប្រកាស​បើក​យុទ្ធនា​ការ​ផ្តល់​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល​ ស្អូច​ សម្រាប់​កុមារ​កម្ពុជា​ប្រមាណ ​១,៥​ លាន​នាក់ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ​លោក​ ឈាង រ៉ា ​លើក​ឡើង​ថា​ យុទ្ធនាការ​ផ្តល់​ថ្នាំ​បង្ការ ​គឺ​ជា​កម្មវិធី​ជាតិ​មួយ​ដែល​ជា​កម្មវិធី​អាទិភាព​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការ​ចូល​រួម​ចំណែក​កាត់​បន្ថយ​អត្រា​មរណ​ភាព ​អត្រា​ឈឺ​ និង​ពិការភាព​របស់​កុមារ​នៅ​កម្ពុជា។​

លោក​អំពាវនាវ​ឱ្យ​អាណា​ព្យាបាល​ទាំង​អស់​បញ្ជូន​កូន​ដែល​មាន​អាយុ​ចាប់​ពី ​៩ ​ខែ​ដល់​អាយុ​ ៥៩​ ខែ​ មក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្រ្ជឹល​និង​ស្អូច។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​សូម​អំពាវនាវ​ដល់​មាតា​បិតា​ អាណា​ព្យាបាល​កុមារ​ទាំង​អស់​សូម​នាំ​កូន​ដែល​មាន​អាយុ​ ៩​ ខែ ​រហូត​ដល់​អាយុ​ ៥​ ឆ្នាំ​ មក​ទទួល​ថ្នាំ ​បង្ការ​ជំងឺ​កញ្រ្ជឹល​ ស្អូច​របស់​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​ឱ្យ​បាន​គ្រប់ៗ​គ្នា​ ក្នុង​អំឡុង​ពេល​យុទ្ធនាការ​នេះ​នៅ​តាម​សាលារៀន​ មណ្ឌល​សុខភាព​ និង​តាម​រយៈ​បុគ្គលិក​ផ្តល់​ថ្នាំ​បង្ការ​ តាម​ភូមិ ​តាម​ផែនការ ​និង​ការ​ណាត់​របស់​បុគ្គលិក​សុខាភិបាល​កុំបី​ខាន»។​

ផ្ទាំង​រូបភាពផ្សព្វផ្សាយបានដាក់បង្ហាញ នៅក្នុងពិធីប្រកាសបើកយុទ្ធនាការផ្ដល់ថ្នាំបង្ការជំងឺកញ្ច្រឹលនិងស្អូច នៅមន្ទីរពេទ្យបង្អែកសម្ដេចឪ-សម្ដេចម៉ែ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៤។ (ចឹង លីលី/វីអូអេ)

លោក ឈៀង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងសន្ទរកថានៅពិធីប្រកាសបើកយុទ្ធនាការផ្ដល់ថ្នាំបង្ការជំងឺកញ្ជ្រឹលនិងស្អូច នៅមន្ទីរពេទ្យបង្អែកសម្ដេចឪ-សម្ដេចម៉ែ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៤។ (ចឹង លីលី/វីអូអេ)

លោក​រដ្ឋមន្រ្តី​បញ្ជាក់​បន្ថែម​ថា​ រហូត​មក​ដល់​ពេល​នេះ ​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​មាន​វ៉ាក់សាំង​ការពារ​កុមារ​និង​ទារក​ចំនួន​ ១២ ​មុខ​ ក្នុង​នោះ​រួម​មាន​ថ្នាំ​បង្ការ​ជំងឺ​របេង ​ជំងឺ​គ្រុន​ស្វិត​ដៃជើង ​ជំងឺ​ក្អក​មាន់​ ជំងឺ​ខាន់​ស្លាក់ ​ជំងឺ​តេតាណុស ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​(B)​ ជំងឺ​រលាក​សួត ​និង​ជំងឺ​រលាក​ស្រោម​ខួរ​ជា​ដើម។​

ប្រទេស​កម្ពុជា ​និង​ប្រទេស​ជិត​ខាង​កំពុង​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ​នៃ​ការ​ឆ្លង​រីក​រាលដាល​ករណី​ជំងឺ​កញ្រ្ជឹល​ ស្អូច​នេះ ​ជាពិសេស​ចំពោះ​ប្រជាជន​ដែល​ងាយ​រង​គ្រោះ ​ដូចជា​កុមារ​រស់​នៅ​ក្នុង​គ្រួសារ​ក្រីក្រ ​ក្នុង​ទីក្រុង​ អ្នក​រស់​នៅ​ក្នុង​សហគមន៍​ដាច់​ស្រយាល​នៅ​តាម​ជន​បទ​ កុមារ​ជន​ជាតិ​ដើម​ភាគ​តិច ​និង​កុមារ​អន្តោ​ប្រវេសន៍។​

ការ​ប៉ាន់​ប្រមាណ​អំពី​អត្រា​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កញ្រ្ជឹល​ស្អូច​នៅ​ថ្នាក់​ជាតិ​របស់​អង្គការ​សុខភាព​ពិភព​លោក​ និង​អង្គការ​មូលនិធិ​សម្រាប់​កុមារ​នៃ​អង្គការ​សហ​ប្រជាជាតិ​បង្ហាញ​ថា​ នៅ​ប្រទេស​កម្ពុជា ​អត្រា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្រ្ជឹល​ ស្អូច ​ដូស​ទីមួយ ​(MR1)​មាន ​៧៩%​ និង​ដូស​ទីពីរ​មាន​តែ​ ៦៤% ​ប៉ុណ្ណោះ​ នៅ​ឆ្នាំ​ ២០២៣។ ​ទិន្នន័យ​នេះ​បង្ហាញ​ថា​ អត្រា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្រ្ជឹល ​និង​ស្អូច ​ស្ថិត​នៅ​កម្រិត​ក្រោម​តម្រូវ​ការ​សម្រាប់​ការ​បង្ការ​ការ​ផ្ទុះ​រាលដាល​ជំងឺ ​និង​ចៀស​វាង​ការ​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ នៅ​ឡើយ។ ​នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល។​

នៅ​លើ​សកល​លោក ​ចំនួន​ករណី​ជំងឺ​កញ្រ្ជឹល​មាន​ការ​កើន​ឡើង​ទ្វេដង​ពី​ ១៧០.០០០​ ករណី ​ក្នុង​ឆ្នាំ​ ២០២២ ​ដល់ ​៣២០.០០០​ ករណី ​ក្នុង​ឆ្នាំ​ ២០២៣។ ​មូល​ហេតុ​ចម្បង​គឺ​ដោយ​សារតែ​ការ​រំខាន​ដល់​ការ​ផ្តល់​ថ្នាំ​បង្ការ​ជា​ប្រចាំ​ក្នុង​អំឡុង​ពេល​រីក​រាល​ដាល​វីរុស​កូវីដ១៩។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូនីសេហ្វ​និង​ក្រសួង​សុខាភិបាល។​

ក្នុង​ពិធី​ប្រកាស​បើក​យុទ្ធនាការ​ផ្តល់​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល​ ស្អូច​ សម្រាប់​កុមារ​ លោក​ វីល ផាកស៍ ​(Will Parks)​ នាយក​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា ​បាន​លើក​ឡើង​ថា​ ក្នុង​ឆ្នាំ​ ២០២៣-២០២៤​ ប្រទេស​ជិត​ខាង​កម្ពុជា​បាន​ចាប់​ផ្តើម​ផ្ទុះ​សា​ជា​ថ្មី​នូវ​ជំងឺ​កញ្រ្ជឹល​ ស្អូច​ដែល​ជា​ការ​បារម្ភ​មួយ​ផង​ដែរ ​សម្រាប់​សុខភាព​កុមារ​នៅ​កម្ពុជា។​ ដូច្នេះ​លោក​ថា​ ការ​បើក​យុទ្ធនាការ​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​មាន​សារៈ​សំខាន់​ណាស់​ក្នុង​វិស័យ​សុខាភិបាល ​ដើម្បី​ការពារ​សុខភាព​ និង​សុខុមាល​ភាព​កុមារ​ ក្នុង​សហគមន៍​ដោយ​មិន​គិត​ពី​ស្ថានភាព​រស់​នៅ ​និង​លក្ខខណ្ឌ​សេដ្ឋកិច្ច។​

លោក​ថ្លែង​ដោយ​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖​ «អង្គការ​យូនីសេហ្វ​មាន​កិត្តិយស​បាន​ចូល​រួម​ជា​ដៃ​គូ​យ៉ាង​សំខាន់​ជា​មួយ​អង្គការ​សិទ្ធិ​មនុស្ស​ពិភព​លោក​ ​Gavi Chai ​និង​ការ​គាំទ្រ​ឱ្យ​ក្រសួង​សុខា​ភិបាល​ប្រកប​កិច្ចការ​អនុវត្ត​ និង​រក្សា​បាន​នូវ​យុទ្ធនាការ​ផ្តល់​វ៉ាក់សាំង​នេះ​ ដែល​មាន​គោល​ដៅ​លើ​កុមារ​ប្រមាណ​ ១​ លាន ​៥ ​សែន​នាក់​ នៅ​ទូទាំង​ប្រទេស។ ​យើង​រួម​គ្នា​ មាន​ចក្ខុវិស័យ​រួម​គ្នា​ក្នុង​ការ​លុប​បំបាត់​ជំងឺ​កញ្រ្ជឹល ​និង​ស្អូច»។​

លោក​បន្ត​ថា​ ក្នុង​ឆ្នាំ ​២០២០ ​ជំងឺ​កញ្រ្ជឹល​បាន​សម្លាប់​កុមារ​ប្រមាណ​ជា ​១៣​ ម៉ឺន ​៦ ​ពាន់​នាក់​នៅ​ទូទាំង​ពិភព​លោក។​ ចំណែក​ឯ​នៅ​កម្ពុជា​វិញ​ លោក​ថា​ ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​ ២០២៤ ​ជំងឺ​កញ្រ្ជឹល​កើត​ឡើង​ចំនួន​ ១.២១៥ ​ករណី ​ដែល​ជា​ការ​ប្រឈម​មួយ​ចំពោះ​កុមារ។​

លោក​ថ្លែង​ដោយ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​ «យើង​មាន​ការ​ព្រួយ​បារម្ភ​បំផុត​ក្នុង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កញ្រ្ជឹល​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ដែល​បង្ក​ជា​ផល​លំបាក​ និង​សោកនាដ​កម្ម​លើ​កុមារ​ គ្រួសារ​ សហគមន៍ ​និង​ប្រទេស​ទាំង​មូល​ផង​ដែរ។​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ជំងឺ​នេះ​ យើង​ចាំ​បាច់​រួម​គ្នា​ការ​ពារ​កុមារ​ ដោយ​សូម​អំពាវនាវ​ឱ្យ​ក្រុម​គ្រួសារ​ទាំង​អស់​នាំ​កុមារ​ដែល​មាន​អាយុ​ចាប់​ពី​ ៩​ ខែ ​រហូត​ដល់ ​៥៩ ​ខែ ​មក​ទទួល​ថ្នាំ​បង្ការ​ជំងឺ​កញ្រ្ជឹល ​និង​ស្អូច​គ្រប់ៗ​គ្នា»។​

គួរ​បញ្ជាក់​ថា​ កញ្ជ្រឹល​ជា​ជំងឺ​ដែល​ងាយ​ឆ្លង​បំផុត។​ អ្នក​ដែល​ឆ្លង​ជំងឺ​កញ្រ្ជឹល​នឹង​មាន​កន្តួល​ក្រហម​លើ​ខ្លួន ​បូក​រួម​ទាំង​ការ​ហៀរ​សំបោរ​ ក្តៅ​ខ្លួន​ខ្លាំង​និង​ក្អក​ជាដើម។​ ជំងឺ​កញ្ជ្រឹល​អាច​បណ្តាល​ឱ្យ​រលាក​សួត​ ហើយ​វា​ក៏​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​ និង​បណ្តាល​ឱ្យ​ស្លាប់​ ឬ​ពិការ​អស់​មួយ​ជីវិត។​ នេះ​បើ​តាម​អ្នក​ជំនាញ​សុខាភិបាល៕​