ភ្នំពេញ៖ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ៍នេះ បានចេញមុខប្តឹងនាយកក្រុមហ៊ុនទូរស័ព្ទចល័តមួយទៅក្រសួងការងារដោយចោទប្រកាន់ថា ក្រុមហ៊ុននេះមិនបានគោរពច្បាប់ការងារ។
ការដាក់ពាក្យបណ្តឹងនេះបានកើតមានឡើង ក្រោយពីតំណាងបុគ្គលិកទូរស័ព្ទចល័ត Mfone ប្រមាណ២៥នាក់ ដែលតំណាងឲ្យបុគ្គលិកសរុប៥៤នាក់ បានមកដាក់ពាក្យបណ្តឹងនៅការិយាល័យរបស់សហជីពសេរីកម្មករដោយសារតែក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកដោយគ្មានហេតុផល។
ពាក្យបណ្តឹងមួយច្បាប់របស់សហជីពសេរីកម្មករដាក់ទៅក្រសួងការងារបានចោទប្រកាន់ថា នាយកក្រុមហ៊ុនMfoneបានព្យួរការងារបុគ្គលិកដោយពុំបានផ្តល់ប្រាក់បៀវត្សឡើយ ចាប់តាំងពីខែវិច្ឆកាឆ្នាំ២០១២រហូតមកដល់ខែមករាឆ្នាំ២០១៣។
ពាក្យបណ្តឹងដដែលបានចោទប្រកាន់ថា ក្រុមហ៊ុនមានចេតនាបញ្ឈប់បុគ្គលិកទាំងនោះ ដោយពុំបានផ្តល់អត្ថប្រយោជន៍ផ្សេងៗទៅតាមច្បាប់ស្តីពីការងារទេ។
លោកស្រីសំ ស្រីមុំ អគ្គលេខាធិការរងនៃសហជីពសេរីកម្មករ បាននិយាយថា សហជីពចង់ឲ្យក្រុមហ៊ុនទទួលកម្មករចូលធ្វើការវិញ។
«ប្តឹងទាមទារឲ្យក្រុមហ៊ុន ទីមួយ ទទួលពួកគាត់ចូលធ្វើការវិញ។ ទីពីរបើក្រុមហ៊ុនមិនទទួលពួកគាត់ចូលធ្វើការទេ ក្រុមហ៊ុនត្រូវតែទូទាត់ស្តីពីច្បាប់ការងារ»។
វីអូអេបានព្យាយាមទាក់ទងលោកកុយ ទេពតារាវុធ ប្រធាននាយកដ្ឋានវិវាទការងាររបស់ក្រសួងការងារ ដើម្បីសុំអត្ថាធិប្បាយ តែមិនអាចទាក់ទងបានទេ។
កាលពីដើមខែវិច្ឆកាឆ្នាំ២០១២ ក្រុមហ៊ុនទូរស័ព្ទចល័តMfone បានផ្អាកការងារបុគ្គលិកបម្រើផ្នែកអតិថិជន ដែលភាសារអង់គ្លេសហៅថា Tele Marketing ចំនួនប្រមាណជិត១០០នាក់ ដោយលើកហេតុផលថា កម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។
អ្នកស្រី ភុន កែវពិសិដ្ឋ អាយុ២៨ ដែលបានបម្រើការងារនៅក្រុមហ៊ុនMfoneប្រមាណជាង៤ឆ្នាំ បាននិយាយថា ពួកគេបានព្យាយាមទៅជួបក្រុមហ៊ុនដើម្បីឲ្យបានការងារត្រឡប់មកវិញ តែត្រូវបានខាងតំណាងក្រុមហ៊ុនបដិសេធ។
អ្នកស្រីបាននិយាយថា កម្មករចង់ទាមទារឲ្យក្រុមហ៊ុនទទួលពួកគេឲ្យចូលធ្វើការវិញ និងទាមទារប្រាក់សំណងទៅតាមអតីតភាពការងារ។
«ដូចថា វាអត់សម! តាមធម្មតាក្រុមហ៊ុនត្រូវជូនដំណឹងមុន យ៉ាងតិចក៏មួយខែដែរ។ ប៉ុន្តែនេះអត់មានទេ។ គេប្រាប់ពួកខ្ញុំថ្ងៃហ្នឹង ផ្អាកពួកខ្ញុំថ្ងៃហ្នឹង ហើយអត់មាននិយាយថ្ងៃចូលវិញទេ។ កាលពីមុន គាត់និយាយថា គាត់ផ្អាកតែកន្លះខែ ឬក៏តែមួយខែទេ។ គាត់ថា យ៉ាងណាគាត់ទាក់ទងមកខាងពួកខ្ញុំ។ ក៏ប៉ុន្តែអត់មានទេ។ លើសពីមួយខែហើយ ពុំមានទាក់ទងមកទេ»។
ក្រុមហ៊ុនទូរស័ព្ទចល័ត Mfone មិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ។នៅពេលវីអូអេទាក់ទង់តាមទូរស័ព្ទខ្សែរបស់ក្រុមហ៊ុន អ្នកលើកទូរស័ព្ទសុំមិនធ្វើអត្ថាធិប្បាយទេ។
«បងខ្ញុំអត់អាចជម្រាបបានទេ ដោយសារខ្ញុំជាបុគ្គលិកក្រោមគេ»។
ក្រុមហ៊ុនទូរស័ព្ទចល័ត Mfone បានដំណើរការចាប់តាំងពីឆ្នាំ១៩៩០ ដោយបានចុះកិច្ចសន្យាជាមួយក្រសួងប្រៃសណី និងទូរគមនាគមន៍រយៈពេល៣៥ឆ្នាំ។
ក្រុមហ៊ុនទូរស័ព្ទចល័តរបស់ Mfone ជាកម្មសិទ្ធិរបស់លោកថាក់ ស៊ីនស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ និងត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចាត់ទុកថា ជាមិត្តភ័ក្រដ៏ជិតស្និទ្ធ។
ក្រុមហ៊ុននេះមានបណ្តាញខ្សែទូរស័ព្ទចល័តជាច្រើនខ្សែ ដូចជាប្រព័ន្ធ០១១ , ០៩៩, ០៨៥, ០៧៦ និង០៦១៕