មាន​​អំពើ​ហិង្សា​តិចតួច​ពេល​ប៉ូលិស​ខេត្ត​កោះកុង​បំបែក​ការ​តវ៉ា​ឲ្យ​ដោះលែង​​សកម្មជន​មាតា​ធម្មជាតិ​

រូបថត​នេះ​ដែល​ត្រូវ​​ផ្សាយ​តាម​ទំព័រ Facebook របស់​អង្គការ​មាតា​ធម្មជាតិ​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ​បង្ហាញ​ពី​សកម្មភាព​តវ៉ា​របស់​សកម្មជន​អង្គការ​នេះ​ក្នុង​ពេល​កន្លង​​ពេល​ថ្មីៗ​នេះ។ (អង្គការ​មាតា​ធម្មជាតិ)

អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្តកោះកុង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​ឃាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​​ អ្នកតវ៉ា​ និង​អ្នក​សារព័ត៌មាន​ចំនួន​១៧​រូប​​​ នៅ​ក្នុង​ការ​ចុះ​បំបែក​ក្រុម​អ្នក​តវ៉ា​។

អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ខេត្ត​កោះកុង​បាន​បំបែក​ក្រុម​អ្នក​តវ៉ា​ដែល​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​បី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​ បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ទាមទារ​អស់​រយៈ​ពេល​ជិត​២​សប្តាហ៍​មក​ហើយ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​បីនាក់នេះ។​ ទោះ​បី​ជា​មាន​ការ​បង្រ្កាប​ដែល​នាំ​ឲ្យ​អ្នក​តវ៉ា​ខ្លះ​រង​របួស​ និង​មាន​ការ​ចាប់​ខ្លួន​សកម្ម​ជន​សិទ្ធិ​ និង​អ្នក​សារព័ត៌មាន​ក្តី​ ​អាជ្ញាធរ​បាន​ថ្លែង​ការពារ​ចំណាត់ការ​នេះ​ថា​ ជា​ការ​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​ ដើម្បី​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ទូទៅ​នៅក្នុង​ក្រុងខេមរភូមិន្ទ​នៃ​ខេត្ត​កោះកុង។​

អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្តកោះកុង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​ឃាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស អ្នកតវ៉ា​ និង​អ្នក​សារព័ត៌មាន​ចំនួន​១៧​រូប​ នៅ​ក្នុង​ការ​ចុះ​បំបែក​ក្រុម​អ្នក​តវ៉ា​ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែងសកម្ម​ជន​បរិស្ថាន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សកម្ម​ជន​សិទ្ធិ​មនុស្ស​ និង​អាជ្ញាធរ​ខេត្ត។​

ការ​បំបែក​ក្រុម​អ្នក​តវ៉ា​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ាបាន​បោះ​ទីតាំង​នៅ​ក្នុង​ទីលាន​កីឡា​បាល់ទាត់​ខេត្ត​កោះកុង​ ដើម្បី​ធ្វើ​ជាទី​ជម្រក​សម្រាប់​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ឲ្យ​ដោះលែង​សកម្ម​ជន​ទាំងបី​រូប​ដែល​ត្រូវ​តុលាការ​ខេត្ត​កោះកុង​សម្រេច​ឃុំ​ខ្លួន​កាលពី​ខែ​សីហា​កន្លង​ទៅ​នោះ។​ នៅ​មុនការ​បំបែក​នេះ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​បានឃាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នក​សារ​ព័ត៌មាន​ ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​សកម្មភាព។​

ការ​តវ៉ា​ក្នុង​របស់​សកម្មជន​តាម​ហ្វេសប៊ុកកាល​ពី​ខែ​សីហា៖

លោក​ផល ចម្រើន​ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​ក៏បាន​បើក​ផ្លូវ​ឲ្យ​ក្រុម​បាតុករ​មួយ​ក្រុម​ទៀត​ចូល​ទៅ​បង្ក​ទំនាស់​ជាមួយ​អ្នក​តវ៉ា​ដែល​ទាមទារ​ឲ្យដោះ​លែង​សកម្ម​ជន​បរិស្ថាន​នៅ​ឯ​ទីលាន​កីឡា​បាល់ទាត់​ខេត្ត​កោះកុង​នោះ​ដែរ។

លោក​និយាយ​ថា៖​

«យើង​ឃើញ​អាជ្ញាធរ​អត់​ព្យាយាម​រារាំង​ពួក​ដែល​នាំ​បាតុករ​មក​លើក​ផ្លាកទាម​ទារ​ហ្នឹង​ទេ​ គឺអាជ្ញាធរ​ព្យាយាម​លើក​រនាំង​ឲ្យ​ពួក​ហ្នឹង​ដើរ​ចូល​ទៅ​ជិត​បាតុករ​ដែល​មក​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​នោះ។​ អញ្ចឹង​ យើង​អាច​សន្និដ្ឋាន​ថា​ គឺ​ជា​ល្បិច​របស់​អាជ្ញាធរ​ដែល​ចង់​បំបែក​ហ្វូង​បាតុករ​ទាំង​អស់​នោះ»។​

លោក​ផល ចម្រើន​ក៏នៅ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រឹកថ្ងៃ​ពុធ​នេះ​ដែរ។​ ​ពេល​កំពុង​ជាប់​នៅ​ក្នុង​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ លោក​ផល ចម្រើន​និយាយ​ថា​ សកម្ម​ជន​ផ្សេង​ទៀត​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាក​សួរផងដែរ​ ក្នុង​នោះ​គឺ​មាន​លោក​អ៊ិន គង់​ជិត ​អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ​ប្រចាំ​នៅ​ខេត្ត​កោះកុង។​

លោក​អ៊ិន គង់ជិត​ ដែល​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ដែរ​នោះ​ បាន​បញ្ជាក់​ថា​ ក្រុម​អ្នក​តវ៉ា​ ដែល​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្ម​ជន​បរិស្ថាន​នោះ​ បាន​បញ្ឈប់​ការ​តវ៉ា​របស់​ពួក​គេ​ហើយ​នៅ​ព្រឹក​នេះ​ ហើយ​ពួក​គេ​បន្ត​សម្រាក​នៅ​ក្នុង​ទី​លាន​បាល់​ទាត់​ខេត្ត​កោះកុង​ ពី​ព្រោះ​ការ​តវ៉ា​ផ្សេង​ទៀត​បាន​មាន​កើត​ឡើង​នៅ​មុខ​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​ទាក់​ទិន​និង​វិវាទ​ដីធ្លី​មួយ។

ប៉ុន្តែ​គាប់​ជួន​ពេល​នោះ​ ក្រុម​បាតុករ​មួយ​ក្រុម​ទៀត​ មាន​គ្នា​ប្រមាណ​១០០នាក់​ បាន​លើក​បដារ​ស្រែក​តវ៉ា​ស្នើ​ឲ្យ​បញ្ឈប់​ការ​តវ៉ា​នានា​ ដែល​នាំ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​ក្នុង​ក្រុង​ខេមរភូមិន្ទ។​ ស្រប​ពេល​ជាមួយ​គ្នានេះ ​ក្រុម​បាតុករ​ទាំង​នោះ​ក៏ដើរ​សំដៅ​ចូល​ទៅ​រក​ក្រុម​អ្នក​តវ៉ា​ទាក់​ទង​សំណុំ​រឿង​បរិស្ថាន ដែល​កំពុង​នៅ​ក្នុង​ទីលាន​បាល់​ទាត់​នោះ។​

លោក​អ៊ិន​ គង់ជិត​បាន​បន្ត​ថា​ លោក ​កុងប៊ូ ប៊ុនហាំង​ ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​កោះ​ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ និង​អ្នក​សារព័ត៌មាន​ដែរ​ ​មុន​ពេល​អាជ្ញាធរ​ចូល​ទៅ​បំបែក​ក្រុម​អ្នក​តវ៉ា​ទាក់​ទង​សំណុំ​រឿង​បរិស្ថាន។ ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​បាន​រុះរើ និង​រឹប​អូស​របស់​របរ ​សម្ភារៈ​របស់​អ្នក​តវ៉ា​ទាំង​នោះ​មក​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត។​ ​លោក​បញ្ជាក់​បន្ថែម​ថា​ នៅ​ក្នុង​ការបង្រ្កាប​នេះ​ ស្រ្តី​ពីរ​នាក់​បាន​រង​គ្រោះ​ ដោយ​ម្នាក់​សន្លប់​ និង​ម្នាក់​ទៀត​រង​របួស។​

កញ្ញា ​អ៊ុត រីឌី​ វ័យ​១៨ឆ្នាំ​ អ្នក​តវ៉ា​ម្នាក់​មក​ពី​សហគមន៍​កោះស្រឡៅ​ ក្នុង​ខេត្ត​កោះកុង ​ដែល​រង​របួស​ត្រង់​មាត់​ និង​ជើង បាន​ហៅ​ការ​បង្ក្រាប​នេះ​ថា៖​

«ខ្ញុំ​នឹក​គិត​ឃើញ​ទិដ្ឋភាព​ហ្នឹង​គួរ​ឲ្យ​រន្ធត់​ រន្ធត់​មែន​ទែន​សម្រាប់​ខ្មែរ​ដែល​ធ្វើ​បាប​ខ្មែរ​ខ្លួន​ឯង។ ​គាត់​មាន​អំណាច​ ​រំលោទ​បំពាន​អ្នក​ដទៃ​ ប្រើ​អំណាច​របស់​ខ្លួន​មកលើ​អ្នក​ដែល​ក្រីក្រ។​ និយាយ​ទៅ​រំលោទ​បំពាន​មនុស្ស​ទាំង​រស់​តែ​ម្តង»។

លោក ​រៀល ច័ន្ទតារា​ អធិការ​ប៉ូលិស​ក្រុង​ខេមរភូមិន្ទ​ បាន​ថ្លែង​ថា​ លោក​មិន​បាន​ដឹង​ពី​ហេតុការណ៍​នៃការ​បំបែក​ក្រុម​អ្នក​តវ៉ា​នេះ​ទេ។​ រី​ឯ​លោក​សំ ឃិតវៀន​ ស្នង​ការ​ប៉ូលិស​ខេត្ត​កោះកុង​ បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ទេដោយ​លោក​និយាយ​ថា​ លោកជាប់​ប្រជុំ​នៅ​ភ្នំពេញ។​

ដោយ​ឡែ​ក​ លោក​ ប៉ែន ប៊ុនឈួយ​ អភិបាល​រង​ក្រុង​ខេមរ​ភូមិន្ទ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ អាជ្ញាធរ​មិន​បាន​ធ្វើ​ការ​បង្ក្រាប​នោះ​ទេ។​ លោក​មាន​ប្រសាសន៍​ថា៖​

«អត់​មាន​បង្ក្រាប​អី​ទេ​ ក្នុង​បញ្ហានេះ។​ ក្នុង​នេះ​ ដូច​ខ្ញុំ​បាន​បញ្ជាក់អញ្ចឹង​ ហើយ​ បង​ប្អូន​ប្រជា​ពលរដ្ឋ​ ដែល​នៅ​តវ៉ា​ហ្នឹង​ អញ្ចឹង​បាន​មាន​បងប្អូន​មួយ​ចំនួន​ហ្នឹង​គាត់​ធុញ​ទ្រាន់»។​

លោក​អភិបាល​រង​បាន​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ​ឯ​ទៀត​ ក្នុង​ក្រុង​ខេមរភូមិន្ទកើត​ទុក្ខ​ពី​ការ​ធ្លាក់​ចុះ​ជីវភាព​ដោយ​សារ​សកម្ម​ភាពតវ៉ា​នាពេល​កន្លង​មក​ ទាក់ទង​នឹង​សំណុំ​រឿង​សកម្ម​ជន​បរិស្ថាន​នេះ។​ លោក​បាន​បដិសេធអំពី​ការ​រង​របួស​នានា​ផងដែរ​ ហើយ​ថា ​ការ​នាំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នក​សារ​ព័ត៌មាន​ទៅ​សាកសួរ​នេះ​គឺ​ជាគ្រាន់​តែ​ការ​ណែនាំ​ប៉ុណ្ណោះ។​

ចលនា​មាតា​ធម្មជាតិ​បាន​ធ្វើ​ការ​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ចការ​ការពារ​បរិស្ថាន​នៅ​ក្នុង​ខេត្ត​កោះកុង។​ ក្រៅ​ពី​ការ​តវ៉ា​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ដ៏​មហន្តរាយ​ដល់​បរិស្ថាន​នេះ​ ក្រុម​ការពារ​បរិស្ថាន​នេះ​ក៏​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​វិនិយោគ​ទំនប់​វារី​អគ្គិសនី​លើ​ស្ទឹង​អារ៉ែង​នៃ​ជួរ​ភ្នំ​ក្រវ៉ាញ ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ Sinohydro​ ផង​ដែរ។​ សកម្ម​ភាព​របស់​ពួកគេ​មិន​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​សប្បាយ​ចិត្ត​ទេ។​

ការ​បង្រ្កាប​ទៅលើ​ក្រុម​អ្នក​តវ៉ា​ ដែល​ទាមទារ​ឲ្យមាន​ការ​ដោះ​លែង​សកម្ម​ជន​នៃ​ចលនា​មាតា​ធម្មជាតិ​នេះ​ បាន​កើត​មាន​ឡើង​នៅ​ចំថ្ងៃ​ដែល​អាជ្ញាធរ​ខេត្ត​កោះកុង​កំណត់​ថា​ ថ្ងៃពុធ​នេះ​ជាថ្ងៃ​ចុង​ក្រោយ​សម្រាប់ពលរដ្ឋ​មក​ពី​សហគមន៍​នានា​នៅក្នុង​ខេត្ត​កោះកុង​ដែល​ធ្វើការ​តវ៉ា​នោះ​ ត្រូវ​ត្រឡប់​ទៅ​លំនៅ​ដ្ឋាន​រៀងៗ​ខ្លួន​វិញ។ ​ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​បាន​ហៅ​ការ​ចាប់​ខ្លួន​របស់​ពួក​គេ​ថា​ ជា​ការបំពាន​ដល់​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ៕​