ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ម៉ែ ចូលរួម​មរណទុក្ខ​ក្រុមគ្រួសារ​លោក​ ប៉ុក ថន

រូបឯកសារ៖ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​ខ្មែរ និងសម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ ក្នុងអំឡុងពេលចូលរួមព្រះរាជពិធីបុណ្យរបស់ព្រះអង្គម្ចាស់ នរោត្តម បុប្ផា ទេវី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​ខ្មែរ​និង​សម្តេច​ម៉ែ ​មាន​ព្រះរាជ​បន្ទូល​នៅក្នុង​ព្រះរាជសារ​លិខិត​ផ្សេងៗ​គ្នា​ថា​ មរណភាព​លោក ប៉ុក ថន ​អតីត​មន្ត្រី​អប់រំ​និង​អ្នក​ជួយ​សហគមន៍​ខ្មែរ​ដ៏ឆ្នើម​ គឺជា​ការ​បាត់​បង់​កុលបុត្រ​ខ្មែរ​មួយ​រូប។

នៅក្នុង​ព្រះរាជសារ​ជូន​លោកស្រី ​ប៉ុក ណណ្តា​ ភរិយាសព​លោក​ ប៉ុក ថន ​កាលពី​ថ្ងៃ ១២​ ខែមីនា​ឆ្នាំ ២០២១ ដែលវីអូអេ​ទទួល​បាន​ព្រះមហាក្សត្រ​បង្ហាញ​នឹង​ព្រះទ័យ​ក្រៀមក្រំ ​ដែលបាន​ទទួល​ដំណឹង​ពីមរណភាព​លោក ​ប៉ុក ថន​ ជាអតីតរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ​ដោយ​រោគាពាធ។

ព្រះមហាក្សត្រ​មាន​ព្រះរាជ​ឳងការក្នុង​ខ្លឹមសារដើម ថា៖ «ខ្ញុំសូម​សម្តែង​នូវការ​សោកស្តាយ ​និង​សូម​ចូល​រួមមរណទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារសព ​ព្រមទាំង​ញាតិមិត្តទាំងអស់​នៃសព។ មរណភាព​របស់​ឯកឧត្តម​ ប៉ុក ថន ​គឺជាការ​បាត់បង់​កុលបុត្រ​មួយរូប ​ដែលបាន​ខិតខំ​ក្នុងការ​បម្រើ​ជាតិ ​សាសនា​ព្រះមហាក្សត្រ»។

នៅក្នុង​ព្រះរាជសារ​លិខិត​ទៅកាន់​ភរិយា​លោក ប៉ុក ថន ​របស់​ព្រះមហាក្សត្រី​ព្រះវររាជមាតា​ នរោត្តម​មុនិនាថ ​សីហនុ ​ឬ ​សម្តេចម៉ែ​ ចុះថ្ងៃទី ១១ ​ខែមីនា​ឆ្នាំ ២០២១ ​បានមាន​ព្រះរាជ​សុវណ្ណី​ស្រដៀង​គ្នា​នឹង​ព្រះមហាក្សត្រ​ដែរ។

លោកស្រី ​ប៉ុក ណណ្តា​ បាន​បញ្ជាក់​ប្រាប់​វីអូអេ ​នៅថ្ងៃនេះ​ថា​ លោកស្រី ​បាន​ទទួល​ព្រះរាជសារ​ពី​ព្រះមហាក្សត្រខ្មែរ​សម្តេចម៉ែ​ ហើយ​កំពុង​រៀបចំ​បញ្ជូន​លិខិត​ថ្លែង​អំណរ​ព្រះគុណ​ថ្វាយជូន​ដល់​ព្រះអង្គ​ទាំងទ្វេ៕