ព្រះមហាក្សត្រប្រទេសកម្ពុជាព្រះបាទសម្តេច នរោត្តម សីហមុនី បានយាងមកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីព្រះអង្គបានចេញទៅបំពេញព្រះរាជទស្សនកិច្ចនៅទីក្រុងហាណូយ និងទីក្រុង Danang នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា (TVK)។
ព្រះបាទនរោត្តម សីហមុនី បានយាងចេញទៅប្រទេសវៀតណាម កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។ ការបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះអង្គនៅវៀតណាមរយៈពេលបីថ្ងៃ បានធ្វើឡើង ក្រោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងក្រុមមន្ត្រីសំខាន់ៗរបស់លោក បានបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីដើមខែធ្នូនេះ។
រហូតមកដល់ពេលនេះ មិនមានការបញ្ជាក់ព័ត៌មានលម្អិតពីគោលបំណងនៃការបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរនៅប្រទេសវៀតណាមនោះទេ តែអ្នកវិភាគមួយចំនួនជឿថា ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ ជាព្រះរាជសកម្មភាពរឹតចំណងការទូតរបស់កម្ពុជា និងប្រទេសក្បែរខាង។
លោកបណ្ឌិតឈាង វណ្ណារិទ្ធ អ្នកវិភាគនិងអ្នកស្រាវជ្រាវកិច្ចការតំបន់ប្រាប់ VOA នៅថ្ងៃសុក្រនេះថា៖
«ជាទស្សនកិច្ចមួយបង្ហាញអំពីគោលដៅរបស់កម្ពុជា ដែលងាកមកប្រទេសជិតខាង មិនមែនតែវៀតណាមទេ គឺមានប្រទេសជិតខាងដូចជា ឡាវ ដូចជាថៃ ដើម្បីពង្រឹងនូវទំនាក់ទំនងកម្ពុជាជាមួយប្រទេសជិតខាងហ្នឹង។ ហើយទស្សនកិច្ចហ្នឹង ក៏វាកើតឡើង បន្ទាប់ពីទស្សនកិច្ចនៃ ប្រមុខរដ្ឋាភិបាល ដូច្នេះ វាបញ្ជាក់បន្ថែមអំពីហៅថា ចំណងមិត្តភាពដែលមានតម្លៃជាប្រវត្តិសាស្ត្រ ក៏ដូចជាភាពស៊ីជម្រៅផ្នែកយុទ្ធសាស្ត្រនៃទំនាក់ទំនងកម្ពុជាវៀតណាមហ្នឹង ហើយក៏វាឆ្លុះបញ្ចាំងពីខាងក្រៅ ទៅខាងក្រៅថា កម្ពុជាមិនលម្អៀងទៅចិនតែមួយទេ។ គឺកម្ពុជាខំប្រឹង ធ្វើយ៉ាងណា ឲ្យមានតុល្យភាពរវាងបណ្តាប្រទេសនៅក្នុងតំបន់»។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ថ្លែងបន្ថែមថា ការធ្វើឲ្យមានតុល្យការនៃទំនាក់ទំនងជាមួយប្រទេសចិននិងវៀតណាម មានសារៈសំខាន់ខ្លាំងណាស់ដល់ប្រទេសកម្ពុជា។
VOA ព្យាយាមសុំការអធិប្បាយពីលោក គង់ សំអុល រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រះបរមរាជវាំង តែមិនអាចទាក់ទងលោកបាននៅឡើយ ដោយទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។
កាលពីដើមខែធ្នូនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានដឹកនាំក្រុមមន្ត្រីសំខាន់ៗរបស់លោកមានទាំងមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនផងនោះទៅបំពេញទស្សនកិច្ចនៅវៀតណាម ទីដែលលោក ហ៊ុន សែន បានជួបក្រុមមេដឹកនាំនៃរដ្ឋកុម្មុយនិស្តមួយនេះ។
ក្នុងដំណើរទស្សនកិច្ចដែលធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូនោះ លោក ហ៊ុន សែន និងភាគីវៀតណាម «បានឯកភាពគ្នារៀបចំរំឭកខួបអនុស្សាវរីយ៍លើកទី៤០ នៃការតស៊ូរួមគ្នា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត»។
ប្រទេសកម្ពុជា និងវៀតណាម ក៏បានព្រមព្រៀងគ្នាកសាងខ្សែបន្ទាត់ព្រំដែនរួមប្រកបដោយមិត្តភាព សន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការរឹងមាំយូរអង្វែងសម្រាប់ប្រជាជនជំនាន់ក្រោយៗ និងបានឯកភាពគ្នាជំរុញឲ្យគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនទាំងសងខាងពន្លឿនការដោះស្រាយបញ្ចប់បញ្ហាព្រំដែនគោកដែលនៅសេសសល់ ចំនួន១៦ភាគរយផ្អែកលើស្មារតីនៃមិត្តភាព និងភាពជាអ្នកជិតខាងល្អ។
សម្រាប់ការដោះស្រាយបញ្ហាព្រំដែននេះ លោកបណ្ឌិតឈាង វណ្ណារិទ្ធ អ្នកវិភាគនិងអ្នកស្រាវជ្រាវកិច្ចការតំបន់ មើលឃើញថា វានៅតែជាការចរចាស្មុគស្មាញមួយ។ តែលោកថា ទាំងវៀតណាម និងកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តដោះស្រាយនូវរាល់ការខ្វែងគំនិតគ្នាក្នុងបញ្ហានេះ។
«អ៊ីចឹងទេ សង្ឃឹមថា ក្នុងឆ្នាំក្រោយអាចសម្រេចបានថែមទៀត ហើយនិយាយឲ្យចំទៅ គោលនយោបាយកម្ពុជា ជាមួយវៀតណាមហ្នឹងប្រហាក់ប្រហែលគ្នា គឺធ្វើយ៉ាងណាដើម្បីសម្រេចឲ្យមានកិច្ចព្រមព្រៀងរួមមួយ ដើម្បីសម្រេចនូវការបោះបង្គោលព្រំដែន១០០ភាគរយ នៅក្នុងប៉ុន្មានឆ្នាំ ទៅមុខនេះទៀត»។
ព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចនរោត្តម សីហមុនីបានឡើងគ្រងរាជ្យសម្បត្តិជំនួសព្រះបិតារបស់ព្រះអង្គ គឺព្រះបរមរតនកោដ្ឋព្រះបាទ នរោត្តម សីហនុ កាលពីថ្ងៃទី២៩ខែតុលា ឆ្នាំ២០០៤។
ក្រោយការឡើងគ្រងរាជ្យរបស់ព្រះអង្គ ព្រះអង្គបានបំពេញព្រះរាជសកម្មភាពជាច្រើននៅក្នុងកិច្ចការមនុស្សធម៌។ ព្រះអង្គក៏ពុំទាន់បានធ្វើអ្វីឲ្យមានការប្រែប្រួលជាដុំកំភួននៅក្នុងនយោបាយកម្ពុជា ដូចព្រះបិតារបស់ព្រះអង្គនោះដែរ ដោយព្រះអង្គបានគ្រងរាជ្យ តែមិនធ្វើនយោបាយ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕