ជំនួយ​សប្បុរស​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​កើន​ឡើង

នៅ​ខាងក្រៅ​មន្ទីរពេទ្យ​គន្ធបុប្ផា

ក្នុង​រយៈពេល​ជាង​បី​ខែ​នេះ ជំនួយ​សប្បុរស​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ផ្តល់​ថវិកា​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ជា​កើន​រហូតមក​ដល់​ប្រមាណ​ជា​២.៦​លាន​ដុល្លារ​អាមេរិក។
ភ្នំពេញ៖ ចាប់​តាំងពី​ចុង​ខែ​មិថុនា​ឆ្នាំ​២០១២​នេះ​មក ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់​បាន​ផុលផុស​ក្នុង​ការ​ប្រមូល​ជំនួយ​ថវិកា​ដល់​មន្ទីរ​គន្ធបុប្ជា​ដើម្បី​ទ្រទ្រង់​ប្រតិបត្តិការ​របស់​មន្ទីរពេទ្យ​ឥត​យក​ប្រាក់​កំរៃ​មួយ​នេះ ដែល​ចេះ​តែ​ទទួល​បាន​កំណើន​កុមារ​មាន​ជំងឺ​មិន​ឈប់ឈរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។
ក្នុង​រយៈពេល​ជាង​បី​ខែ​នេះ ជំនួយ​សប្បុរស​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ផ្តល់​ថវិកា​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ជា​កើន​រហូតមក​ដល់​ប្រមាណ​ជា​២.៦​លាន​ដុល្លារ​អាមេរិក។
លោក វេជ្ជបណ្ឌិត ប៊ិត រិច​នើ (Beat Richner) ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ជា បាន​ចាត់​ទុក​ថា នេះ​ជា​សកម្មភាព​ដ៏​ល្អ​ប្រសើរ​បំផុត​ដែល​បង្ហាញ​ពី​សាមគ្គឺភាព​ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។
«ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ឥឡូវ​នេះ ជា​ចំណុច​ចាប់ផ្តើម​ទទួល​ខុស​ត្រូវ​របស់​ប្រជាជន​ខ្មែរ។ ខ្មែរ​ជួយ​ខ្មែរ​គឺ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ជា។ ខ្ញុំ​សង្ឈឹម​ថា​សកម្មភាព​នេះ​នឹង​បន្ត​កើន​ឡើង​នៅ​ឆ្នាំ​បន្ទាប់ សូម​ឲ្យ​ប្រជាជន​ខ្មែរ​ត្រូវ​សាមគ្គឺ​គ្នា​ដើម្បី​និរន្តរភាព​របស់​មន្ទីរ​ពេទ្យគ​ន្ធ​បុប្ជា​បន្ត​ទៅ​ទៀត រាល់​មូលនិធិ​ទាំងអស់តិច ឬច្រើន សុទ្ធតែ​មាន​សារៈសំខាន់​ណាស់​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ជា»។
លោក វេជ្ជបណ្ឌិត ប៊ិត រិច​នើ ពិពណ៌នា​ថា ក្នុង​ចំណោម​ប្រាក់​ជំនួយ​ក្នុង​ស្រុក​ទាំង​នោះ​១​លាន​ដុល្លារ​អាមេរិក បាន​មក​ពី​កាកបាទ​ក្រហម​កម្ពុជា រដ្ឋាភិបាល​កម្ពុជា​ចំនួន ១​លាន​ដុល្លារ​អាមេរិក និង​មូលនិធិ​បាយ័ន​ចំនួន ជាង​៣សែន​ដុល្លារ​អាមេរិក និង​ទឹក​ប្រាក់​ដែល​នៅ​សល់​ចំនួន​៣សែនដុល្លារ​ទៀត​បាន​មក​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រៃអង្គាស​គ្នា ក្នុង​ចំណោម​មន្ត្រី​រាជការ បុគ្គលិក​ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ គ្រូ​បង្រៀន សិស្សានុសិស្ស មគ្គុទេសក៍​ទេសចរណ៍ ព្រះ​សង្ឈ ក្រុមហ៊ុន​ឯកជន និង​ក្រុម​អជីវ​ករ​ជា ដើម។
ជាមួយគ្នានេះ​ដែរ​លោកស្រី អ៊​ន ស៊ី​ដា​ណា នាយិកា​ក្រុមហ៊ុន​នគរធំ​អភិវឌ្ឍន៍​កសិកម្ម​បាន ឲ្យដឹងថា រយៈពេល​បី​ខែ​កន្លងមកនេះ​អ្នកស្រី​បាន​ប្រមូល​ថវិការពីរ​ដង​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ជា ចំនួន​ជិត​២​.០០០​ដុល្លារអាមេរិក។
លោកស្រី​បាន​ឲ្យដឹង​បន្តថា​ថវិកា​ទាំងនោះ​បាន​មក​ពី​ការ​រៃអង្គាស​តាម​ការផ្សព្វផ្សាយ​ផ្ទាល់មាត់ និង​តាម​បណ្តេញ​សង្គម​ហ្វេ​សប៊ុក​ទៅ​ដល់​អ្នក​ដែល​ស្គាល់​គ្នា។
«មាន​គម្រោង​ទៀងទាត់ ដូចជា​ក្រុម​ខ្ញុំ​អញ្ចឹង​ដក​ប្រាក់​ចំណូល​ផ្ទាល់ខ្លួន​៣​ភាគរយ​ជា ប្រចាំ។ ខ្ញុំ​ទៅ​ជួប​អ្នក​ណា​ក៏​ចេះតែ​ប្រាប់​គេ​ទៅ មាន​មិត្តភក្តិ អ្នក​ស្គាល់គ្នា គេច​ក៏​ជួយ​រៃអង្គាស​ពី​បង​ប្អូន​គេ​ខ្លះ​មក។ ដោយសារ​អ្វី​ដែល​យើង​បាន​ជួយ​ធ្វើឲ្យ​គេ​រស់​រាន​មាន​ជីវិត ខ្ញុំ​គិត​ថា​មិន​បាច់​ទៅធ្វើ​បុណ្យ​ឯណា​ទៀត​ទេ ធ្វើ​ត្រឹម​នេះ​ល្អ​ពេក​ហើយ បើសិន​ផុស​ផុល​តែ​អញ្ជឹង​រហូត​ទៅ​វា​អាច​ធ្វើ ឲ្យ​មន្ទីរពេទ្យ​នេះ​ដំណើរការ​បាន​យូរអង្វែង​ទៅ​មុខ​ទៀត»។
លោក ចាន់ ម៉ាច អគ្គនាយក​ប្រតិ្តប័តិ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ក្រេ​ឌី​ត​មាន​ប្រសាសន៍​ថា​លោកមា​ន​គម្រោង​បរិចាក​ថវិកា​ជា​រៀងរាល់ឆ្នាំ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ជា​ដោយ​នៅក្នុង​អំឡុង​ខែ​
​កក្កដា​កន្លងមកនេះ​ថវិការ​ជាង​២​ពាន់​ដុល្លារ​ដែល​បានមក​ពី​ការបរិចាក​របស់​គ្រឹះស្ថាន និង​ការ រៃអង្គាស​ពី​បុគ្គលិក ត្រូវបាន​ផ្តល់ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ជា។
«យើង​គួរតែ​មាន​គំនិត​មួយ​ធ្វើ​មនុស្សធម៌​ដល់​ប្រជាជន​យើង​ផងដែរ​។​មន្ទីរពេទ្យ​គន្ធ បុប្ជា​យើង​គួរតែ​មាន​គំនិ​តជួយ​គ្នា​ដើម្បី​ជួយ​ខ្មែរ​ដល់​អ្នកក្រ​ផ្សេងទៀត​។​បើសិន​យើង​ចូល​ក្នុង​មន្ទីរ ពេទ្យ​នោះ​គឺ​នៅតែ​ឃើញ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ស្រុក​ដែល​ឆ្ងាយៗ​ដែល​គាត់​ក្រីក្រ​គាត់​នៅតែ​សំរុក​មក​។​ អញ្ជឹង​ខ្ញុំ​គិត​ថា​សកម្មភាព​នេះ​គឺ​ខ្ញុំ​ចង់​ឲ្យ​គន្ធបុប្ជា​នៅ​បន្ត​ទៅទៀត​សំរាប់​ប្រជាជន​ក្រីក្រ»។
ចំណែកឯ​លោក លី វ៉ាន់ឌី គ្រូបង្រៀន​ភាសា​អង់គ្លេស​នៃ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ បានឲ្យដឹង​ថា​លោក​តែងតែ​ធ្វើ​ការផ្សព្វផ្សាយ​អំពី​មន្ទីរពេទ្យ​គន្ធបុប្ជា​ដល់​សិស្ស និស្សិត​ដើម្បី ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​ទោះបីជា​ថវិការ​នោះ​បាន​មក​តិចតួច​ក្តី​ក៏​ជា​ការប​ណ្តុះគំនិត​ដល់​និស្សិត​ឲ្យ​មាន​ការចេះ​ជួយ​គ្នា​ទៅវិញទៅមក​ដែរ។
«ចេញពី​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​គិតថា ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ខ្ញុំ​សុខ ចិត្ត​ជួយ​តិចតួច​ក្តី​ខ្ញុំ​សុខចិត្ត​បរិចាក​ឈាម​ទៀត​។​ខ្ញុំ​ធ្វើ​ទៅ​តាម​លទ្ធភាព​របស់​ខ្ញុំ​។​ខ្ញុំ​មាន​គម្រោង​ថា រាល់​វគ្គ​ដែរ​ខ្ញុំ​បង្រៀន​កូនសិស្ស​នេះ ខ្ញុំ​នឹង​ប្រាប់​ព័ត៌មាន​ទៅ​កូនសិស្ស ហើយ​នឹង​ធ្វើការ​រៃអង្គាស ឲ្យ​បាន​ម្តង។ បាន​តិចៗ​ដែរ​ទេ​ប៉ុន្តែ​ខ្ញុំ​ព្យាយាម​ប្រាប់​អ្នក​ទាំងអស់​គ្នា​នោះ​ថា ទោះបី​តិចក្តី​ច្រើន​ក្តី​ក៏​ដោយ​យើង​ព្យាយាម​ធ្វើ​ទៅ​បើសិនជា​មាន​អ្នក​ទាំងអស់​គ្នា​គិត​ដូចជា​ខ្ញុំ​គ្រប់ៗ​គ្នា​នោះ ប្រមូល​តិចៗ ទៅ​បាន​ធ្វើ​ជា​មូលនិធិ​មួយ​ធំ​ហើយ»។
​និន្នាការ​ខាង​លើ​កើតឡើង​បន្ទាប់ពី​មាន​ការផ្សព្វផ្សាយ​ពី​ការ​ប្រឈម​ផ្នែក​ថវិការ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ហើយ​លោក វេជ្ជបណ្ឌិត ប៊ិត រិច​នើបាន​ធ្លាប់​ធ្វើការ អំពាវនាវ​ដល់​រដ្ឋាភិបាល​ស្វីស​បង្កើន​ការផ្តល់​ជំនួយ​និង​បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ថវិការ​ទ្វេរ​ដង​សំរាប់​មន្ទីរពេទ្យ​ដែល​មាន​អ្នកជំងឺ​សំរុកចូល​មក​ព្យាបាល​យ៉ាង​ណែនណាន់តាន់តាប់​មិន​ឈប់ឈរ​។
រៀងរាល់​ឆ្នាំ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ប្រាំ​គឺ​នៅ​ទីក្រុង​ភ្នំពេញ​និង​នៅ​ខេត្ត​សៀមរាប​ត្រូវការ​ថវិកា​៣៦​លាន​ដុល្លារ​អាមេរិក​សម្រាប់​បំពេញ​ប្រតិបត្តិ​ការណ៍​របស់​ខ្លួន។​ដោយឡែក​នៅក្នុង​ឆ្នាំ​២០១២​នេះ ​ការ​ចំណាយ​មាន​ការកើនឡើង​រហូត​៤០​លាន​ដុល្លារ​អាមេរិក​ដោយសារ​អ្នកជំងឺ គ្រុនឈាម​មាន​ការកើនឡើង​ច្រើន។ ថវិកា​ទាំងនោះ​រដ្ឋាភិបាល​ប្រទេស​ស្វីស​ជួយ​ចំនួន​ជាង​៣​លានដុល្លារ​អាមេរិក រដ្ឋាភិបាល​កម្ពុជា​ជួយ​ចំនួន​២​លាន​ដុល្លារ​ហើយ​ក្រៅពី​នោះ​គឺជា​ជំនួយ​ពី​សប្បុរសជន ដែល​លោក រិចន័រ រៃអង្គាស​ជាពិសេស​តាមរយៈ​ការលេង​សេ​ឡូ​របស់លោក។
មន្ទីរពេទ្យ​គន្ធរ​បុប្ផា​ត្រូវ​បាន​រៀប​ចំដំណើរការ​ឡើង​វិញ​នៅ​ឆ្នាំ ១៩៩២។ មន្ទីរពេទ្យ​នេះ​ ​ទទួល​កុមារ​មាន​ជំងឺ​កើន​ឡើង​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ដោយមាន​អ្នក​សម្រាក​ពេទ្យ​ចន្លោះ​ពី​៤០០​នាក់​ទៅ​៦០០​នាក់ និង​អ្នក​មក​ពិគ្រោះ ជំងឺ​៣.០០០​នាក់ ក្នុង​១​ថ្ងៃ។
​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមក​នេះ​មន្ទីរពេទ្យ​គន្ធបុប្ជា​បាន​ទទួល​ការ​ព្យាបាល​កុមារ​ចំនួន​ជិត​១.២លាន​នាក់ និង​ពិគ្រោះ​ជំងឺ​ចំនួន​ជាង​១១​លាន​នាក់​ដោយ​បាន​ចំណាយ​ថវិការ​អស់​ចំនួន​ជាង​៤០០​លាន​ដុល្លារ​អាមេរិក។ ហើយ​ភាគច្រើន​នៃ​កុមារ​មាន​ជំងឺ​មក​ពី​គ្រួសារ​ក្រីក្រ និង​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​អាច​ស្លាប់​បាន។
រដ្ឋាភិបាល​ប្រទេស​ស្វ៊ីស​ថ្មីៗ​នេះ​បាន​សម្រេច​បង្កើន​ប្រាក់​ជំនួយ​ពី​ជាង​៣​លាន​ដុល្លារ​អាមេរិក ដល់​ជាង​៤​លាន​ដុល្លា​រអាមេរិក​ក្នុងមួយឆ្នាំ​សម្រាប់​រយៈពេល​បួន​ឆ្នាំ។ ក៏​ប៉ុន្តែ​រហូត​មក​ដល់ ពេល​នេះ​គេ​នៅ​មិនទាន់​ដឹងថា​តើ​រដ្ឋាភិបាល​កម្ពុជា​នឹង​សម្រេច​យ៉ាង​ណា​ចំពោះ​សំណើ​សុំ​ជំនួយ​ថវិកា​បន្ថែម​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះទេ​។
លោក​ ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​មិន​បាន​ផ្តល់​ការ​អត្ថាធិប្បាយ​ច្បាស់​លាស់​ណាមួយ​លើ​បញ្ហា​នេះ​ទេ។​
«អា​នេះ​មិនមែន​ខ្ញុំ​មាន​សិទ្ធ​សម្រេច​ដល់​ថវិកា​ហ្នឹង​ទេ ក៏​ប៉ុន្តែ​រាជរដ្ឋាភិបាល​ជួយ​ដល់​គាត់​៥​លាន ទាក់ទង​ជាមួយ​នឹង​ជំនួយ​ជា​សាច់ប្រាក់​ប្រហែលជា២​លាន​បន្ទាប់​មក​ទឹក ភ្លើង រដ្ឋាភិបាល​ទទួលបន្ទុក​គ្របដណ្តប់​ពន្ធដារ​ទាំងអស់»។
ក៏ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​លោក​វេជ្ជបណ្ឌិត ប៊ិត រិច​នើ នៅតែ​មាន​សុទិដ្ឋនិយម​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើន​ថវិកា​តាម​ការស្នើសុំ​នេះ៕