ជងរង​គ្រោះនៃ​របបខ្មែរ​ក្រហម​ប្រឆាំង​ការ​ដោះលែង​អៀង ធីរិទ្ធ​​​​

អៀង ​ធីរិទ្ធ ​អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​នៅ​ក្នុង​របប​ខ្មែរក្រហម។

ភ្នំពេញ៖ អៀង ​ធី​រិ​ទ្ធ​ត្រូវ​បាន​ក្រុមគ្រួសារ​ដឹក​ចេញពី​សាលាក្ដី​ខ្មែរក្រហម​ដោយ​រថយន្ត​វ៉េន​ដែល​មាន​កញ្ចក់​ខ្មៅ​បិទ​ជិត​ កាលពី​រសៀល​ម៉ោង​១និង៤៥​នាទី​ថ្ងៃអាទិត្យ​នេះ ដោយ​គេច​ចេញពី​ការ​រង់ចាំ​យក​ព័ត៌មាន​ និង​ថតរូប​ភាព​របស់​ក្រុម​អ្នកកាសែត។​

លោក​ឌឹ​ម សុ​វណ្ណា​រុំ ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរក្រហម​បាន​ប្រាប់​អ្នក​រាយ​ការណ៍​ព័ត៌មាន​ក្រោយ​ពី​ការ​ចាកចេញ​របស់​ជន​ជាប់ចោទ​អៀង​ ធី​រិ​ទ្ធ​ថា​ ការ​ដោះលែង​នេះមាន​ភ្ជាប់​ជាមួយ​នឹង​លក្ខ​ខណ្ឌ​បណ្តោះ​អាសន្ន។​

«តុលាការ​កំពូល​បាន​សម្រេច​ដោះលែង​ជន​ជាប់ចោទ​ លោក​ស្រី​អៀង ធីរិទ្ធ​ ដោយ​មាន​លក្ខខណ្ឌ​ភ្ជាប់​ជាមួយ។​ ទីមួយ​ជនជាប់ចោទ​ត្រូវ​ជូន​ដំណឹង​ដល់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ពី​ទីកន្លែង​ដែល​ខ្លួន​ស្នាក់នៅ​ ហើយ​មិន​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​ដោយ​មិន​មាន​ការ​អនុ​ញ្ញាត​ពី​អង្គ​ជំនុំជម្រះ​ឡើយ។​ ទី​ពីរ​គឺ​ជន​ជាប់ចោទ​ត្រូវ​ប្រគល់​លិខិត​ឆ្លងដែន​និង​ឯកសារ​ធ្វើ​ដំណើរ​នានា​ ​ហើយ​មិនត្រូវ​ចេញ​ក្រៅ​ប្រទេស​កម្ពុជា​ទេ។ ​ទី​បី​ ជន​ជាប់ចោទ​ត្រូវ​គោរព​តាម​ដីកា​កោះ​ដែល​ចេញ​ដោយ​តុលាការ»។​

មេធាវី​របស់​អៀង ធី​រិ​ទ្ធគឺ​លោក​ផាត់ ពៅ​ស៊ា​ង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កូនក្តី​របស់ខ្លួន​ត្រូវ​បាន​នាំទៅ​កាន់​ផ្ទះ​របស់​គាត់​វិញ​ នៅ​ជិត​វត្ត​ស្វាយ​ពពែ ​សង្កាត់​ទន្លេ​បាសាក់​ ក្រុង​ភ្នំពេញ​គឺ​នៅផ្ទះ​នោះ​ហើយ​ដែល​គាត់​ត្រូវ​ចាប់ខ្លួន​ជាមួយ​ប្តី​របស់​គាត់​គឺ​អៀង សារី។​

លោក​មេធាវី​បាន​បញ្ជាក់​ថា​ លោក​បាន​ជូន​ដំណឹង​ពី​អាស័យដ្ឋាន​នេះ​ដល់​តុលាការ​រួច​ហើយ។

«ជា​គោល​ការណ៍​គឺ​គាត់​ស្នាក់នៅ​ភ្នំពេញ។ ​យើង​បាន​ជូន​ដំណឹង​ពី​អាស័យដ្ឋាន​គាត់​មុន​ចាប់ខ្លួន​នៅ​ភ្នំពេញ»។​

លោក​ផាត់ ពៅ​ស៊ា​ង​ចាត់ទុក​ការ​ដោះលែង​កូនក្តី​របស់ខ្លួន​នេះ​ថា​ ជា​ជ័យជំនះ​មួយ។​
«គឺជា​ជ័យជំនះ​របស់​មេធាវី​ហើយ។ ​ដូច​គេ​ទាត់​បាល់​ចូល​ហ្គោល​ហើយ។ ​រឿង​អី​មិន​អរ»។​
អៀង ធី​រិ​ទ្ធ​ អាយុ៨០​ឆ្នាំ ​ជាប់ចោទ​ពីបទ​ប្រល័យ​ពូជសាសន៍ ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ​គាត់​ត្រូវ​ចាប់ខ្លួន​នៅក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ​២០០៧។​
ជា​អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គម​កិច្ច​នៃ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ ​អៀង ធី​រិ​ទ្ធ​គឺជា​ជន​ជាប់ចោទ​ទីមួយ​ក្នុង​ចំណោម​ជនជាប់ចោទ​វ័យ​ចាស់​ជរា​បួន​នាក់​ក្នុង​សំណុំ​រឿង​០០២។

កាលពី​ថ្ងៃ​សុក្រ​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​បាន​សម្រេច​ដោះលែង​ជនជាប់ចោទ​នេះ​ ដោយ​គ្មានលក្ខខណ្ឌ។ ប៉ុន្តែ​កាលពី​ថ្ងៃ​សៅរ៍​ការិយាល័យ​សហ​ព្រះ​រាជ​អាជ្ញា​បាន​ប្រឆាំង​ជំទាស់​ការ​សម្រេច​នេះ​ ហើយ​បាន​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​អៀង​ ធី​រិ​ទ្ធ​ ដោយមាន​លក្ខខណ្ឌ​ច្បាស់លាស់។​ ហើយ​ស្នើ​ឲ្យ​ផ្អាក​ដោះលែង​អៀង ធី​រិ​ទ្ធ​សិន​ មុន​ពេលដែល​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​សម្រេច​ស្ថាពរ​លើ​លក្ខខណ្ឌ​ទាំង​នោះ។ ​តុលាការ​កំពូល​ត្រូវការ​រយៈ​ពេល​១៥​ថ្ងៃ​ដើម្បី​សម្រេច​លើ​បណ្តឹង​ឧទ្ធរណ៍​ក្នុង​ករណី​ដែល​ខ្លួន​ទទួល​យក​បណ្តឹង​នោះ។​

ហើយ​លក្ខខណ្ឌ​បី​ក្នុង​ចំណោម​លក្ខខណ្ឌ​ដែល​ស្នើ​ដោយ​ការិយាល័យ​សហ​ព្រះរាជ​អាជ្ញា​ត្រូវ​យក​មក​ធ្វើជា​ការដាក់​លក្ខខណ្ឌ​បណ្តោះ​អាសន្ន​នៅ​ថ្ងៃ​នេះ។

លោក​ហុង គឺ​ម​សួន ​មេធាវី​មួយរូប​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ បាន​លើក​ឡើង​ថា ​កូនក្តី​របស់គាត់​យ៉ាង​ហោចណាស់​ចំនួន​បួន​នាក់​ដែល​សុទ្ធសឹង​ជា​ជន​រងគ្រោះ​ក្នុង​សម័យ​ខ្មែរក្រហម​ បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ការ​ដោះលែង​អៀង ធី​រិ​ទ្ធ​នៅ​ថ្ងៃអាទិត្យ។​

«គេ​ខឹង​ថា ​ដំណើរ​ការដែល​ចូលរួម​អត់​បាន​សំណង​ ហើយ​រហូតដល់​គេ​ថា​តុលាការ​នេះ​ចូលរួម​ឃុបឃិត​ដោះលែង​មនុស្ស។​ គេ​ខឹង​ធ្វើការ​ដោះលែង​ដោយ​មិន​ប្រកាស​ពី​ហេតុផល​ជា​សាធារណៈ​របស់​ការ​សម្រេច​តុលាការ​កំពូល​នេះ»។​
កាលពី​ថ្ងៃ​សុក្រ​ លោក​ជុំ ម៉ី ​អតីត​អ្នកទោស​គុក​ទួលស្លែង​ បាន​ចាត់ទុក​ថា ការ​ដោះលែង​អៀង ធី​រិ​ទ្ធ​គឺជា​រឿង​មិន​ត្រឹមត្រូវ​និង​មិន​សម​ហេតុផល។ ​ក៏ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ​ចាត់ទុក​ថា​ នេះ​គឺជា​និតិវិធី​ច្បាប់​ដែល​មិនអាច​ចាប់​បង្ខំ​ជន​ជាប់ចោទ​ដែល​មិនមាន​សតិស្មារតី​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​ការ​កាត់ទោស​មក​លើ​ខ្លួន​នោះ​ទេ៕