ភ្នំពេញ៖ ក្រុមមេធាវីប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា កូនក្តីរបស់ពួកខ្លួនដែលជាអតីតមេដឹកនាំកំពូលខ្មែរក្រហមមានសុខភាពកាន់តែទ្រុឌទ្រោមនិងបាត់បង់ការចងចាំសម្រាប់ចូលរួមសវនាការ។
ការលើកឡើងនេះធ្វើឡើងស្របពេលដែលសាលាក្តីខ្មែរក្រហមគ្រោងនឹងបើកសវនាការនៅខែមិនាឆ្នាំ២០១៣នេះស្តីពីសុខភាពនិងកាយសម្បទារបស់ជនជាប់ចោទនួន ជា អតីតប្រធានសភាខ្មែរក្រហម និងអៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសខ្មែរក្រហម។
លោកសុន អារុណ សហមេធាវីជាតិតំណាងឲ្យរបស់នួន ជាបានអះអាងថា កូនក្តីរបស់ខ្លួនមានសុខភាពទ្រុឌទ្រោមខ្លាំង ក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
«មួយអាទិត្យ ពីរអាទិត្យនេះ ឃើញគាត់ទារុណទរាខ្លាំង ខុសប្លែក។ ខ្ញុំសួរទៅខាងគ្រូពេទ្យ ក៏គេឃើញអញ្ចឹង ហើយប្រាប់ខ្ញុំអញ្ចឹងដែរ។ ព្រោះមួយអាទិត្យពីរនេះ ឃើញគាត់ចុះខ្សោយខ្លាំង។ ព្រឹកមិញនេះ គ្រូពេទ្យគេសាកល្បងឲ្យឡើងអង្គុយ ទៅអង្គុយឥតបាន»។
លោកសុន អារុណអធិប្បាយបន្ថែមថា អតីតបងធំទី២ខ្មែរក្រហម នៅពេលនេះបានចាប់ផ្តើមបាត់បង់ការចងចាំ។
«នួន ជា ទី១គាត់ឈឺចង្កះ ទី២ជើងគាត់ដើរឥតរួច។ ដល់ពេលដេកយប់ទៅជើងគាត់ញាក់ៗ។ ខួរក្បាលគាត់ឥឡូវមើលអីឥតចាំទេ។ គាត់មើលទៅប្រហែលជា៥ភាគរយអីទេ អាចចាំ»។
នួន ជា អាយុ៨៦ឆ្នាំ និងអៀង សារី អាយុ៨៧ឆ្នាំស្ថិតក្នុងចំណោមជនជាប់ចោទបីនាក់ក្នុងសំណុំរឿង០០២ដែលមានវត្តមានក្នុងសវនាការ។ អៀង ធីរិទ្ធ ប្រពន្ធរបស់អៀង សារី និងជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចខ្មែរក្រហមត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីឆ្នាំមុនដោយសារជំងឺវង្វេងវង្វាន់ធ្ងន់ធ្ងរ។
អៀង សារីធ្លាប់បានចូលពេទ្យអស់រយៈពេលជាងមួយខែ ដោយអាការៈហត់ហេវខ្លាំង ប៉ុន្តែក្រោយមកគ្រូពេទ្យឯកទេសជំងឺមនុស្សចាស់អះអាងថា ជនជាប់ចោទរូបនេះមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរដែលរារាំងរូបគាត់មិនឲ្យចូលរួមសវនាការនោះទេ ហើយជនជាប់ចោទនៅមានសម្បទាគ្រប់គ្រាន់ដើម្បីចូលរួមការកាត់ទោស។
សហមេធាវីកម្ពុជារបស់អៀង សារីគឺលោកអាង ឧត្តមមានប្រសាសន៍ថា កូនក្តីរបស់លោកមានសភាពកាន់តែជរាជាងមុន។
«ឥឡូវនៅដំណាក់កាលគាត់ស្តាប់យល់បានអន្លើរៗ។ អញ្ចឹង ម្តងម្កាលៗស្តាប់យល់ទៅ! ហើយបន្ទាប់ពីស្តាប់យល់ ពេលទៅសួរទៀតស្តាប់លែងយល់ម្តង»។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានឲ្យដឹងថា សាលាក្តីខ្មែរក្រហមគ្រោងនឹងធ្វើការវាយតម្លៃពីបញ្ហាសុខភាពលើជនជាប់ចោទទាំងពីរនេះពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែមិនា។
លោកនេត្រ ភក្ត្រា បញ្ជាក់បន្ថែមថា អង្គជំនុំជម្រះសាលាដំបូងនឹងបើកសវនាការស្តីពីបញ្ហាសុខភាព និងកាយសម្បទាជនជាប់ចោទទាំងនេះនៅថ្ងៃបន្ទាប់។
«សវនាការពាក់ព័ន្ធនឹងបញ្ហាសុខភាព និងកាយសម្បទារបស់លោកអៀង សារី គឺគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៣។ ហើយសវនាការបញ្ហាកាយសម្បទាសុខភាពរបស់លោកនួន ជាគ្រោងនឹងធ្វើនៅថ្ងៃទី២២ ខែមិនាឆ្នាំ២០១៣ ដោយអ្នកជំនាញចំនួនបីរូបហ្នឹងគ្រោងនឹងវាយតម្លៃសុខភាពរបស់លោកនួនពីថ្ងៃទី១៧ដល់ថ្ងៃ១៩ខែមិនាឆ្នាំ២០១៣»។
សូមបញ្ជាក់ថា សព្វថ្ងៃជនជាប់ចោទដែលមានវ័យចាស់ជរាទាំងពីរគឺនួន ជា និងអៀង សារី ធ្វើដំណើរចូលបន្ទប់សវនាការដោយសាររទេះរុញ ហើយភាគច្រើននៃជនជាប់ចោទទាំងពីរមិនអាចចូលរួមសវនាការដោយផ្ទាល់ពេញមួយថ្ងៃបានទេ៕