សាលាក្តី​ខ្មែរក្រហម​ស្វះស្វែង​ជួប​ម្ចាស់​ជំនួយ

បញ្ហា​ថវិកា​នឹង​ទាញ​ពន្យឺត​ការ​កាត់ទោស​ក្នុង​សំណុំរឿង​គន្លឹះ​នេះ។​

​ភ្នំពេញ៖ រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម​ខាង​ភាគី​ជាតិ​បាន​ជួប​ជាមួយ​តំណាង​ប្រទេស​ម្ចាស់​ជំនួយ​សំខាន់ៗ​រួចហើយ​នៅ​ក្នុង​សប្តាហ៍​នេះ​ដែល​ជា​ផ្នែក​មួយ​ស្វែងរក​ការ​ទម្លុះ​ភាព​ទាល់ច្រក​វិបត្តិ​ថវិកា​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​កម្ពុជា​ជិត​៣០០​នាក់​មិន​សប្បាយ​ចិត្ត។​

លោ​កឌឹម សុវណ្ណារុំ ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរក្រហម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​អំពី​ជំនួប​ជាមួយ​ប្រទេស​ម្ចាស់​ជំនួយ​មួយ​ចំនួន​ ក៏​ប៉ុន្តែ​លោក​មិន​មាន​ព័ត៌មាន​លម្អិត​នោះទេ។​

«ខាង​រដ្ឋា​បាល​ជាតិ​ក្នុង​តុលាការ​ខ្មែរក្រហម​បាន​ជួប​ជាមួយ​ប្រទេស​ផ្តល់​ជំនួយ​មួយ​ចំនួន​ ហើយ​ការ​ជួប​គ្នា​នៅ​ក្នុង​សប្តាហ៍​នេះ»។

ដោយ​ឡែក​ លោក​ឯក ថា ​អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្ដ្រី​បានឲ្យ​ដឹង​ថា ​លោក​ឧប​នាយក​រដ្ឋមន្ដ្រី​សុខ អាន ​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​និង​លោក​ក្រាញ់ តូនី ​ប្រធាន​រដ្ឋបាល​ស្តីទី​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​ជួប​ជាមួយ​ឯក​អគ្គរាជទូត​ជប៉ុន ​និង​ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​អង្គារ។​ ក៏​ប៉ុន្តែ​តំណាង​ប្រទេស​ម្ចាស់​ជំនួយ​ទាំង​ពីរ​មិន​ទាន់​ហ៊ាន​សន្យា​ផ្តល់​ជំនួយ​បែប​ណា​នោះ​ទេ។​

«សម្រាប់​ពេល​នេះ​ អូស្ត្រាលី​អត់​មាន​ផ្តល់​ជំនួយ​អី​ទៀត​ទេ។ ​ជប៉ុន​ក៏​ដូចគ្នា​ដែរ។​ឯក​អគ្គរាជ​ទូត​ជប៉ុន​មាន​ប្រសាសន៍​ថា​ លោក​នឹង​ស្វែងរក​ជួប​ជាមួយ​អ្នក​ការទូត​ប្រទេស​អាស៊ាន​ដទៃ​ទៀត​ក្នុងពេល​ឆាប់ៗ​នេះ​ថា ​តើ​ពួកគេ​យល់​យ៉ាង​ណា​ចំពោះ​កង្វះ​ថវិកាក្នុង​សាលាក្តី​ខ្មែរក្រហម​ខាង​ភាគី​កម្ពុជា»។​

នៅក្នុង​សប្តាហ៍​នេះ​ បុគ្គលិក​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​មក​ពី​ផ្នែក​បកប្រែ​ ផ្នែក​គ្រប់គ្រង​តុលាការ​ មក​ពី​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ និង​មក​ពី​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​ដាក់​ឱសានវាទ​នៅ​ថ្ងៃទី​៣១​ខែ​មករា​ដល់​រដ្ឋបាល​ជាតិ​ក្នុង​សាលាក្តី​ឲ្យ​ផ្តល់​ដំណឹង​ដល់​ពួក​គេ​អំពី​ប្រាក់ខែ​ដែល​ពួក​គេ​មិន​ទាន់​បាន​បើក​ចាប់​តាំងពី​ខែ​ធ្នូ​មក ​និង​អំពី​ស្ថានភាព​ថវិកា​នៅ​ខែ​មករា។​ បើ​ពុំនោះ​ទេ​ពួកគេ​នឹង​ធ្វើ​ពហិការ​ការងារ។​

នេះ​ជា​លើក​ទី​២​ហើយ​ដែល​វិបត្តិ​ហិរញ្ញវត្ថុ​បាន​កើតឡើង​ក្នុង​ភាគី​ជាតិ​ក្នុង​សាលាក្តី​ខ្មែរក្រហម ​ស្របពេល​ដែល​តុលាការ​ចម្រុះជាមួយ​អង្គការ​សហ​ប្រជាជាតិ​នេះ​កំពុង​កាត់ទោស​ជន​ជាប់ចោទ​ដែល​មាន​វ័យ​ចាស់ជរា​ចំនួន​បី​នាក់​ក្នុង​សំណុំ​រឿង​០០២។​

ក្រុមមន្ដ្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​មន្ដ្រី​សាលាក្តី​ខ្មែរក្រហម​បាន​សម្តែង​កង្វល់​ជា​បន្តបន្ទាប់​ថា​ បញ្ហា​ថវិកា​នឹង​ទាញ​ពន្យឺត​ការ​កាត់ទោស​ក្នុង​សំណុំរឿង​គន្លឹះ​នេះ។​

ភាគី​ជាតិ​ក្នុង​សាលាក្តី​ខ្មែរក្រហម​ត្រូវ​ការ​មូលនិធិ​ចំនួន​៩,៣​លាន​ដុល្លារ​អាមេរិក​សម្រាប់​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០១៣​នេះ។ ​ប៉ុន្តែ​ថវិកាចំនួន​២,៥​លាន​ដុល្លារ​ត្រូវ​បាន​ប្រគល់​ឲ្យ​ដោយ​ប្រទេស​អាល្លឺម៉ង់​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា​កា​លពី​ពេល​ថ្មីៗ​នេះ​ ដូច្នេះ​ភាគី​ជាតិ​នឹង​នៅ​ខ្វះ​ថវិកា​ជិត​ប្រាំ​ពីរលាន​ដុល្លារ​អាមេរិក​ទៀត​សម្រាប់​រ៉ាប់រង​ការ​កាត់ទោស​ពេញ​មួយ​ឆ្នាំ​នេះ។​

លោក​ឯក ថា ​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​សង្ឃឹម​ថា​សហគមន៍​អន្តរជាតិ​នឹង​ផ្តល់ជំនួ​យ​ក្នុង​ពេល​ឆាប់ៗ​នេះ។​

ប៉ុន្តែ​លោ​កឌឹម សុវណ្ណារុំ ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​បញ្ជាក់​ថា ​ពុំទាន់​មាន​ការ​សន្យា​ណាមួយ​ពី​ប្រទេស​ម្ចាស់​ជំនួយ​សម្រាប់​វិភាគ​ទាន​ដល់​ភាគី​ជាតិ​ និង​ភាគី​អន្តរជាតិ​នៅ​ឡើយ​ទេ​រហូតមកទល់​ពេលនេះ។​
សូម​បញ្ជាក់​ថា​ បញ្ហា​ថវិកា​ដែល​បង្ក​ឲ្យមាន​ភាព​ច្របូកច្របល់​ផ្នែក​ភាគីជាតិ​ បាន​កើត​ឡើង​ស្របពេល​ដែល​ជនជាប់ចោទ​ពីរ​នាក់​គឺ​នួន ជា ​និង​ខៀវ សំផន​ត្រូវ​ដឹក​ចូល​មន្ទីរពេទ្យ​ជាបន្ទាន់​កាលពី​ថ្ងៃ​ទី​១៣​និង​ថ្ងៃ​ទី​១៦​ខែ​មករា​នេះ​ ដោយសារ​តែ​ភាព​ហេវ​ហត់​អស់​កម្លាំង​ខ្លាំង ​ហើយនួន ជាមានជំងឺ​រលាក​ទងសួត។​
លោក​នេត្រ ភក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ ឲ្យដឹង​ថា ​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម​មាន​សុខ​ភាព​ប្រសើរ​ឡើង​វិញ ​ហើយ​ត្រូវ​នាំ​ខ្លួន​ចូល​មន្ទីរ​ឃុំឃាំង​បណ្តោះ​អាសន្ន​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ៕​