វ៉ាស៊ីនតោន៖ តុលាការខ្មែរក្រហមច្រឡំផ្សព្វផ្សាយឯកសារសម្ងាត់ទាក់ទងនឹងសំណុំរឿង ០០៣ដ៏ប្រទាញប្រទង់មួយ តែមន្ត្រីតុលាការអះអាងថា សាលាក្តីបានដកចេញ វិញ មួយថ្ងៃបន្ទាប់មក។ លោក សុខ ខេមរា នៃវីអូអេ រាយការណ៍ថា ក្រុមអ្នកឃ្លាំមើលខ្លះសម្តែងការសោកស្តាយចំពោះកំហុសឆ្គងរបស់តុលាការនេះ តែអ្នកខ្លះបាននិយាយថា សំណុំរឿងនេះល្មមដល់ពេលផ្តល់អត្តសញ្ញាញជនសង្ស័យដល់សារធារណជនជាផ្លូវការហើយ។
សាលាក្តីកាត់ទោសខ្មែរក្រហមបានផ្សព្វផ្សាយជាសាធារណៈនូវឯកសារសម្ងាត់ ចំពោះសំណុំរឿង០០៣ ដែលរដ្ឋាភិបាលបដិសេធដាច់អហង្ការ។ មន្ត្រីសាលាក្តី ចាត់ទុកថា ការដាក់ផ្សាយឯកសារតាមគេហទំព័រមួយរយៈពេលខ្លីនេះជាកំហុស អចេតនាទេ នេះបើតាមការអះអាងរបស់លោក នេត្រ ភក្រ្តា អ្នកនាំពាក្យនៃសាលាក្តីខ្មែរក្រហម។
«ជាវិធានការណ៍ នៅពេលថ្ងៃមុខ យើងនឹងពិនិត្យពីចៃឲ្យបានច្បាស់លាស់ម្តង ហើយម្តងទៀតដើម្បីកុំឲ្យមានការយល់ច្រឡំ ពីព្រោះកិច្ចការទាំងអស់ហ្នឹងគឺវា មិនមែនជាមានការចៃដន្យទេគឺវាអចេតនាតែម្តងក្នុងការដាក់ហ្នឹង។ បន្ទាប់ពីបាន ឃើញឯកសារហ្នឹងយើងដកវាចេញ»។
លោកបានថ្លែងថា ក្រៅពីជូនដំណឹងមិនឲ្យមានការប្រើប្រាស់ឯកសារសម្ងាត់នេះ សាលាក្តីក៏បានដកចេញរួចហើយពីលើគេហទំព័រ។
«ដកហ្នឹងគឺប្រមាណប្រហែលជា១០ម៉ោង។ យើងដាក់ពេលល្ងាចគឺម៉ោងប្រហែលជា៤ឬ៤:៣០នាទីថ្ងៃច័ន្ទ ដល់ពេលព្រឹកអង្គារយើងដកវិញ»។
នៅក្នុងឯកសារដែលផ្សាយជូនជាសាធារណៈដែលវីអូអេទទួលបាននោះគឺជា ដីការសន្និដ្ឋានលើកទី២របស់សហព្រះរាជអាជ្ញាដែលបានចោទប្រកាន់ជន សង្ស័យពីរនាក់គឺលោក ស៊ូ ម៉េត មេបញ្ជាការកងទ័ពអាកាសនិងលោកមាស មុត មេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម ដែលគេសង្ស័យថា ជាប់ទាក់ទិននឹង ឧក្រិដ្ឋនានានៅសម័យខ្មែរក្រហមក្នុងទសវត្សរ៍១៩៧០ ដូចជាការបង្អត់អាហារ ការធ្វើទារុណ្មកម្ម ការសម្លាប់ជាដើម។ លោកមាស មុតបានបដិសេធពីការជាប់ពាក់ព័ន្ធនេះជាហូរហែរ ក្នុងពេលជួបសម្ភាសជាមួយនឹងវីអូអេ តែលោក ស៊ូ ម៉េតពុំអាចទាក់ទងបានទេ នៅពេលវីអូអេទទួលបានឯកសារជាដីការសន្និដ្ឋាន ដូចគ្នានេះដែរពីប្រភពដ៏ទុកចិត្តមួយ ហើយបានសម្ភាសជាមួយជនសង្ស័យបីនាក់ក្នុងចំណោមប្រាំនាក់នៅពេលដែលតុលាការមិនបានដំណើរការសំណុំរឿងនេះ។
លោកស្រីអាន ហែនឌែល (Anne Heindel) ទីប្រឹក្សាច្បាប់នៃមជ្ឈមណ្ឌល ឯកសារកម្ពុជា បានថ្លែងថា ឯកសារនេះត្រូវផ្សព្វផ្សាយរួចហើយ ហើយអ្នកដែល ចាប់អារម្មណ៍រឿងនេះក៏បានទទួលរួចទៅហើយដែរដែលមើលទៅមិនប៉ះពាល់ ដល់ដំណើរការសាលាក្តីបន្ថែមទៀតទេ។
«វាជារឿងដ៏គួរឲ្យសោកស្តាយដែលគេផ្សព្វផ្សាយជាថ្មីទៀត តែខ្ញុំមិនគិតថា ឯកសារនេះមានផលប៉ះពាល់អ្វីនោះទេ»។
«វាជារឿងដ៏គួរឲ្យសោកស្តាយដែលគេផ្សព្វផ្សាយជាថ្មីទៀត តែខ្ញុំមិនគិតថា ឯកសារនេះមានផលប៉ះពាល់អ្វីនោះទេ»។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីអះអាងថា ជារឿងដែលអ្នកការពារនឹងតវ៉ា នៅក្នុងដំណើរការនីតិវិធី ប្រសិនបើសំណុំរឿងនេះដំណើរការទៅមុខ។
អ្នកឃ្លាំមើលដទៃទៀតបានអះអាងថា ឯកសារនេះគួរស្ថិតនៅជាឯកសារសម្ងាត់ ទោះជាបានលេចចេញជាសាធារណៈ ទោះជាមិនសូវប៉ះពាល់បន្ថែមទៅលើ សិទ្ធិជនជាប់ចោទក្តី ឬសន្តិសុខក្តី។ សាលាក្តីខ្មែរក្រហមពុំគួរច្រឡំផ្សព្វផ្សាយដែរ។
លោកឡាត់ គី មន្ត្រីសម្របសម្រួលនៃសាលាក្តីខ្មែរក្រហមនៃអង្គការសិទ្ធិមនុស្ស អាដហុក បានអះអាងថា ឈ្មោះជនសង្ស័យគួរតែដល់ពេលដែលត្រូវគេបង្ហាញ ឲ្យឃើញជាសារធារណៈហើយ។
«ខ្ញុំមើលឃើញដែរនៅក្នុងកាលៈទេសៈដែលដំណើរការកំពុងតែវិវត្តដោយ វិជ្ជមានទៅមុខនេះ វាគួរណាតែសាធារណជនបានទទួលនូវឈ្មោះជនសង្ស័យ ជាផ្លូវការជាជាងការបន្តលាក់លៀមតទៅទៀត»។
ទោះជាយ៉ាងណាក៏ដោយ លោកគីបានអះអាងថា រឿងច្រឡំផ្សព្វផ្សាយ ឯកសារនេះជារឿងល្អសម្រាប់ជនរងគ្រោះ តែវាប៉ះពាល់ដល់សិទ្ធិជនសង្ស័យ។
សាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.បានតែងតាំងសហ មេធាវីសម្រាប់សំណុំរឿង០០៣ ដែលមានជនជាប់ចោទពីររូប នៅសប្តាហ៍ថ្មីៗនេះ តែចំពោះសំណុំរឿង០០៤ ដែលមានជនជាប់ចោទ៣រូបផ្សេងទៀតត្រូវសហ ចៅក្រមស៊ើបអង្កេតបរទេសប្រកាសឲ្យដឹងពីទីតាំងឧក្រិដ្ឋកម្ម១៤កន្លែងដែល គេគិតថា សំណុំរឿងទាំងពីរនេះមានភាពរីកចម្រើនទៅមុខតិចតួច បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បដិសេធដាច់អហង្កាថា មិនអនុញ្ញាតឲ្យ សំណុំរឿងទាំងពីរនេះដំណើរការបាន។
ការរំកិលទៅមុខនេះកើតឡើងក្រោយពេលដែលសហចៅក្រមស៊ើបអង្កេតអ.ស.ប.សញ្ជាតិអាមេរិកលោកម៉ាក ហាមិន ត្រូវបានតែងតាំងកាលពីខែមិថុនា។ លោកម៉ាក ហាមិនត្រូវបានតែងតាំងជំនួសសហចៅក្រមបរទេសមុនៗដែលបានលាឈប់ពីមុខតំណែងដោយសារតែមិនអាចដំណើរការសំណុំរឿងសេសសល់ទាំងពីរបាន នៅពេលមានការជ្រៀតជ្រែកផ្នែកនយោបាយ៕