ភ្នំពេញ៖ នៅថ្ងៃពុធនេះ ក្រុមមេធាវីការពារអតិតមេដឹកនាំខ្មែរក្រហម បានប្រឆាំងនិងសំណើររបស់សហព្រះរាជអាជ្ញារឲ្យបញ្ចូលមន្ទីរ ស២១ ក្នុងការកាត់ក្តីសំណុំរឿង០០២។
លោក គង់ សុឋានរិទ្ធ នៃវីអូអេ ដែលបានទៅតាមដានការបើកសវនាការនេះ រាយការណ៍ពីរាជធានីភ្នំពេញមកថា ក្រុមមេធាវីការពារជនជាប់ចោទនួន ជា ខៀវ សំផន និងអៀង សារី ក៏បានជំទាស់ការបំបែកសំណុំរឿង០០២សម្រាប់ការកាត់ក្តីជាវគ្គតូចៗនោះដែរ។
ក្រុមមេធាវីការពារជនជាប់ចោទបានប្រឆាំងការស្នើឲ្យដាក់មន្ទីរស ២១ឬគុកទួលស្លែងចូលក្នុងការកាត់ក្តីសំណុំរឿង០០២វគ្គទី១ដែលកំពុងតែដំណើរការក្នុងពេលនេះដោយសំអាងថាវានឹងធ្វើឲ្យមានការពង្រីកដំណើរការក្តីកាន់តែច្រើន។
នៅក្នុងសវនាការស្តីពីការបំបែកដំណើរការនិតិវិធីដំណើរការកាត់ទោសក្នុងសំណុំរឿងទី២នេះកាលពីថ្ងៃចន្ទ័និងបានបន្តមួយថ្ងៃទៀតនៅថ្ងៃពុធនេះ លោកអេនឌ្រូ ខេលី សហព្រះរាជអាជ្ញាអន្តរជាតិបានលើកឡើងថាមន្ទីរ ស២១ តំណាងឲ្យការការប្រព្រឹត្តិឧក្រិដ្ឋកម្មនៅទូទាំងប្រទេសកម្ពុជាក្នុងសម័យកម្ពុជាប្រជាធិបតេយ្យពីព្រោះថាជនរងគ្រោះដែលទទួលរងការធ្វើទារុណកម្មនិងសម្លាប់ចោលក្នុងមន្ទីរ ស២១ ត្រូវចាប់ខ្លួនពីគ្រប់ទិសទីទាំងអស់ក្នុងប្រទេសកម្ពុជា។
ប៉ុន្តែនៅក្នុងសវនាការនៅថ្ងៃនេះលោកមេធាវី វិចទ័រ កូប៉េ ការពារឲ្យអតីតប្រធានសភាខ្មែរក្រហមនួន ជា លើកឡើងថាការបញ្ចូលគុកទួលស្លែងចូលក្នុងវិសាលភាពនៃដំណើរការក្តីនៃសំណុំរឿង០០២
«នឹងនាំឲ្យមានការត្រួតពិនិត្យជាច្រើនបន្ថែមទៀតចំពោះអ្វីមួយដែលមិនបានកើតឡើងពិតប្រាកដ»នៅក្នុងគុកនេះ។
«ប្រសិនបើអង្គជំនុំជម្រះទទួលយកសំណើររបស់សហព្រះរាជអាជ្ញាថាគុកទួលស្លែងនឹងត្រូវប្រើប្រាស់ជាលើកចុងក្រោយសម្រាប់បទប្រល័យពូជសាសន៍ដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ដូច្នេះវានឹងត្រូវប្រើជាបន្តទៀតដោយមនុស្សដដែលនៅក្នុងសាលាក្តីនេះ»។
ជំហរនេះត្រូវគាំទ្រដោយសហមេធាវីសញ្ជាតិបារាំងលោកអាធើ វែកិន របស់អតីតប្រមុខរដ្ឋខ្មែរក្រហមខៀវ សំផន។
ក្នុងពេលជាមួយគ្នានោះក្រុមមេធាវីរបស់ជនជាប់ចោទទាំងបីដែលកំពុងប្រឈមក្នុងរង្វង់ក្រចកសេះមាននួន ជា ខៀវ សំផន និងអៀង សារី បានច្រានចោលការបំបែកដំណើរការនិតិវិធីកាត់ទោសជាវគ្គតូចៗក្នុងសំណុំរឿង០០២នេះដោយសំអាងថាការធ្វើការកាត់ទោសរបៀបនេះធ្វើឲ្យប៉ះពាល់ដល់កូនក្តីរបស់ផងខ្លួន។
សហព្រះរាជអាជ្ញាកាលពីដើមសប្តាហ៍ចាត់ទុកថាការបំបែកការកាត់ក្តីជាវគ្គតូចៗបែបនេះមានសារសំខាន់ដល់ជនជាប់ចោទដែលមានវ័យកាន់តែចាស់ជរានិងមានផលប្រយោជន៍យុត្តិធម៌សម្រាប់ជនរងគ្រោះដូចទឡ្ហីករដែលបានលើកឡើងកាលពីដើមដំបូងដោយអង្គជំនុំជម្រះសាលាដំបូង។
លោកគង់ សំអុន សហមេធាវីកម្ពុជារបស់ខៀវ សំផន បញ្ជាក់ជំហរសម្រាប់កូនក្តីរបស់ខ្លួន។
«សំនុំរឿង០០២/២ឬ/៣ដែលហៅថាជាសវនាការតូចៗតទៅទៀតនោះធ្វើឲ្យប៉ះពាល់ដល់លោកខៀវ សំផន»។
សូមបញ្ជាក់ថាអង្គជំនុំជម្រះសាលាដំបូងបានចាប់ផ្តើមបំបែកនីតិវិធីសំណុំរឿង០០២ជាបីផ្នែកកាលពីឆ្នាំ២០១១គឺសំណុំរឿង០០២/១ដែលទាក់ទងនឹងការជម្លៀសដោយបង្ខំ សំណុំរឿង០០២/ ២ ទាក់ទងនឹងបទចោទអំពីឧក្រិដ្ឋកម្មសង្គ្រាមនិងសំណុំរឿង០០២/៣ទាក់ទងនឹងបទចោទអំពីអំពើប្រល័យពូជសាសន៍លើជនជាតិចាមនិងវៀតណាម។
នៅក្នុងសវនាការនៅថ្ងៃនេះដែរលោកមេធាវីគង់ សំអុន បានស្នើឲ្យបំបែកកូនក្តីរបស់ខ្លួនចេញពីជនជាប់ចោទពីរនាក់ទៀតគឺនួន ជានិងអៀង សារី៕