ខ្សែភាព​យន្ត​ «កុំ​ស្មាន​បង​ភ្លេច»​បង្ហាញ​អំពី​ប្រវត្តិ​តូរ្យតន្ត្រី​រ៉ក់ខ្មែរ​ពេញ​ចិត្ត​ទស្សនិកជន​នៅ​ស.រ.អា.

Your browser doesn’t support HTML5

ខ្សែភាពយន្ត​ «កុំស្មានបងភ្លេច» ​ធ្វើឲ្យ​ទស្សនិកជន​រំជួលចិត្ត

ចំណី​ចក្ខុ​និង​ចំណី​អារម្មណ៍​ដែល​បង្កប់​ដោយ​ក្តី​សប្បាយ​រីករាយ រំភើប​រំជួល​ចិត្ត​តាម​រយៈ​ខ្សែភាពយន្ត​ «កុំស្មាន​បងភ្លេច»​ឆ្លុះ​បញ្ចាំង​អំពី​ប្រវត្តិ​សិល្បៈ​តូរ្យតន្ត្រី​ខ្មែរ​អំឡុង​ទសវត្សរ៍​១៩៥០​ដល់​ពាក់​កណ្តាល​ទស​វត្សរ៍​១៩៧០​ បាន​ទាក់​ទាញ​ទស្សនិកជន​មក​ទស្សនា​ពេញ​រោង​ភាពយន្ត​ក្នុង​ការ​បញ្ចាំង​នៅ​វិទ្យាស្ថាន​ភាពយន្ត​ស.រ.អា.​ American Film Institute (AFI) ​នៅ​ទី​ក្រុង ​Silver Spring ​រដ្ឋ Maryland​ ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន។​

ខ្សែ​ភាពយន្ត​ឯកសារ​ដែល​យក​ចំណង​ជើង​តាម​ឈ្មោះ​បទ​ចម្រៀង​របស់​អធិរាជសំឡេង​មាស ស៊ីន ស៊ីសាមុត «កុំ​ស្មាន​បង​ភ្លេច»​នេះ​ រំឭក​អំពី​ប្រវត្តិ​តូរ្យតន្ត្រី​រ៉ក់​ខ្មែរ​នៅ​យុគសម័យ​មាស​នៃ​បទ​ចម្រៀង​ខ្មែរមុន​សម័យ​ខ្មែរក្រហម។​ ខ្សែ​ភាពយន្ត​ «កុំ​ស្មាន​បង​ភ្លេច» ​បាន​ជួយ​ឲ្យ​អ្នក​ទស្សនា​កាន់តែ​យល់​ដឹង​អំពី​ប្រវត្តិ​អ្នក​ចម្រៀង​ ខ្លឹមសារ​ និង​ឥទ្ធិពល​នៃ​ចម្រៀង​បរទេស​ជាពិសេស​ចម្រៀងអាមេរិកាំង​នៅ​យុគ​សម័យ​នោះ។​

លោក​ ស៊ីន សេដ្ឋកុល ​ដែល​ជា​ចៅ​ប្រុស​របស់​អធិរាជ​សំឡេង​មាស ​ស៊ីន ស៊ីសាមុត​ បាន​ចូលរួម​ជា​កិត្តិយស​ជំនួស​ឪពុក​របស់​លោក​ដែល​បាន​ទទួល​មរណភាព​កាល​ពី​បី​ខែ​មុន។ លោក​តំណាង​ឲ្យ​ជីតា​របស់​លោក​ក្នុង​កម្មវិធី​នេះ។​

«ខ្ញុំ​កើត​អត់​ទាន់​ទេ។ ​កើត​មក​ឮ​តែ​សំឡេង ​ឃើញ​តែ​រូប​នៅ​លើ​ស៊ីឌី​ចម្រៀង​សម្បក​កាសែត​ទៅ​ហើយ។ ​ក្រោយ​ពី​បាន​មើល​រឿង​នេះ បាទ​ក្នុង​ចិត្ត​ទី​មួយ​គឺ​ក្តុកក្តួល​ក្ដួត។​ ដោយ​សារ​មាន​សម័យ​ ប៉ុល ពត​ បាន​ជា​ក្រុមគ្រួសារ​ខ្មែរ​ទាំង​អស់​បែក​បាក់​គ្នា»។​

លោក​បន្ថែម​ថា ​លោក​បាន​ដឹង​អំពី​ជីតា​របស់​លោក​ពី​លោក​យាយ ​ពី​ឪពុក​របស់​លោក​ និង​ក្រុម​តន្ត្រីករ​ចាស់ៗ​គឺ​ដឹង​ត្រួសៗ​តែ​ប៉ុណ្ណោះ។​

«ក្រោយ​ពី​ទស្សនា​រឿង​នេះ​ចប់ យើង​អាច​ដឹង​ចំណុច​ជា​ច្រើន​ទៀត​ ព្រោះ​ការ​ស្រាវ​របស់​គាត់​មាន​ច្រើន​មែន​ទែន ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ដឹង​អំពី​ប្រវត្តិ​ចន្លោះ​ប្រហោង​ដែល​ខ្ញុំ​មិ​នអាច​ដឹង​ហ្នឹង​ បាន​ច្រើន​មែន​ទែន»។​

លោក​ John Pirozzi ​ផលិតករ​ខ្សែភាពយន្ត​«កុំ​ស្មាន​បង​ភ្លេច» ​បាន​ទៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០១​ ពេល​លោក​ទៅ​ជួយ​លោក Matt Dillon​ តារា​ភាពយន្ត ​Hollywood ​ដ៏​ល្បី​ក្នុង​ការ​ផលិត​ខ្សែភាព​យន្ត​រឿង ​City of Ghost។​

លោក​ប្រាប់​ VOA ​ថា ​មុន​ដំបូង​លោក​ចង់​ផលិត​ខ្សែភាព​យន្ត​ឯកសារ​អំពី​កម្ពុជា ​តែ​ក្រោយ​ពេល​លោក​បាន​ស្តាប់​ចម្រៀង​តន្ត្រី​រ៉ក់​ខ្មែរ​សម័យ​ដើម​លោក​បាន​ដុះ​គំនិត​ថ្មី​ទៀត​គឺ​បង្ហាញ​ប្រវត្តិ​សាស្ត្រ​ខ្មែរ​តាម​រយៈ​តន្ត្រី​រ៉ក់ខ្មែរ​ដែល​សឹងតែ​បាត់បង់​ទៅ​ហើយ​នោះ។​

«ពេល​ខ្ញុំ​ទៅ​ប្រទេស​កម្ពុជា​លើក​ដំបូង ​ហើយ​ដឹង​អំពី​ប្រវត្តិ​សាស្ត្រ​សម័យ​ទំនើប​របស់​ប្រទេស​នេះ​ ទាក់ទាញ​អារម្មណ៍​ខ្ញុំ​ណាស់។​ ខ្ញុំ​គិត​ថា​ ​ខ្ញុំ​គួរតែ​ស្វែង​យល់​ឲ្យ​បាន​ច្រើន​ ហើយ​មនុស្ស​ច្រើន​ឡើង​គួរ​យល់​ដឹង​ថែម​ទៀត ​ថា មាន​រឿង​អ្វី​នៅ​កម្ពុជា។ ​ ខ្ញុំ​គិត​ថា ​ខ្ញុំ​នឹង​ថត​កុនតែ​អំពី​រឿង​នេះ​ទេ។ តែ​ពេល​ខ្ញុំ​ឮ​តន្ត្រីខ្មែរ​ ​វា​កន្ត្រាក់​អារម្មណ៍​ខ្ញុំ​ណាស់ ​ ហើយ​ចង់​ដឹង​ថា​ អ្នក​បង្កើត​តន្ត្រី​នេះ។​ដូច្នេះ​ខ្ញុំ​ក៏​បញ្ចូល​គំនិត​ទាំងពីរ​នេះ។ ​រឿង​នេះ​ឆ្លុះ​បញ្ចាំង​អំពី​តន្ត្រី​ខ្មែរ​ហើយ​ក៏ឆ្លុះ​បញ្ចាំង​អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​នេះ​ដែរ»។​

លោក​ John​ និយាយ​ថា ​លោក​ចាប់​អារម្មណ៍នឹង​សំឡេង​លោក​ស៊ីន ស៊ីសាមុត ​និង​អ្នកស្រី ​រស់​ សេរីសុទ្ធា។​

«រឿង​មួយ​ដែល​ដក់​ក្នុង​អារម្មណ៍​របស់​ខ្ញុំ​គឺ​សំឡេង​អ្នក​ស្រី​រស់ សេរីសុទ្ធា​ដែល​ជា​សំឡេង​ពិសេស​គ្មាន​ពីរ។ ​វា​ដក់​ក្នុង​អារម្មណ៍​របស់​ខ្ញុំ»។​

ខ្មែរ​ក្រហម​បាន​សម្លាប់​ជន​ជាតិខ្មែរ​ជិត​២​លាន​នាក់ ​តែ​ខ្មែរក្រហម​មិន​អាច​សម្លាប់​តន្ត្រី​រ៉ក់​ខ្មែរ​យុគ​សម័យ​មាស​នោះ​បាន​ឡើយ។​

ការ​ស្រាវជ្រាវ​ចងក្រង​ជា​ខ្មែរភាពយន្ត​«កុំ​ស្មាន​បង​ភ្លេច»​នេះ​ ក៏​បាន​នាំ​ឲ្យ​មិត្ត​ភក្តិ​មួយ​ចំនួន​ដែល​រួចពី​ស្លាប់​ក្នុង​សម័យ​ខ្មែរក្រហម​និង​ក្នុងសង្គ្រាម​បាន​ជួប​ជុំ​គ្នា​ឡើង​វិញ។​

លោក ​ម៉ុល កាញ៉ុល ​អតីត​តន្ត្រីករ​ដេញ​ហ្គីតា​ក្នុង​ក្រុម​តូរ្យតន្ត្រី​បក្សី​ចាំក្រុង​ ថ្លែង​ថា៖​

«ក្នុង​គំនិត​ខ្ញុំ ​ខ្ញុំ​គិត​ថា ​ពី​កើត​មក​ដល់​អាយុ​៣០​ហ្នឹង ​ខ្ញុំ​គិត​ថា​ ជា​ជាតិ​មុន។​ អញ្ចឹង​ ខ្ញុំ​ចង់​បំភ្លេច​ចោល​ឲ្យ​អស់ ​កុំ​ឲ្យ​វា​ឈឺ​ចាប់​ពេក​ណា៎។ ​ ហើយ​ដល់​គាត់​មក​សម្ភាស​សើរើ​រឿង​ចាស់​ទៅ​វិញ ​ខ្ញុំ​ដែល​ថា​ ចង់​កប់​ចោល ​ដល់​រើ​មក​វិញ ​ខ្ញុំ​វា​ភ្លេច​អស់​ខ្លះ។​ អ្នក​ខ្លះ​ ខ្ញុំ​អត់​ស្គាល់​មុន​ទេ​ ទាល់តែ​មើល​គុន​ហ្នឹង​បី​បួន​ដង ​ជួប​គ្នា​និយាយ​អី​អញ្ចឹង​ទៅ​បាន​នឹក​ឃើញ​ឈ្មោះ​មក​វិញ។ អ្នក​នេះ​លេង​ភ្លេង​នេះ​ វង់​ភ្លេង​នេះ»។​

លោក​ ម៉ុល កាញ៉ុល​រំឭក​ថា ​លោក​ John​ បាន​ធ្វើ​ឲ្យ​លោក​លះ​បង់​គំនិត​បំភ្លេច​រឿង​ឈឺ​ចាប់​នោះ​ចោល ​ព្រោះវាជា​ប្រវត្តិ​សាស្ត្រ​ដ៏​មាន​សារៈ​សំខាន់។​

«ហើយ​ខ្ញុំ​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​ថា ​រឿង​ហ្នឹង​មិន​ត្រូវ​កប់​ចោល​ទេ។​ គាត់​រើ​កកាយ​ខ្ញុំ​មក​វិញ​ថា ​អាហ្នឹង​មិន​ត្រូវ​កប់ចោល​ទេ ​ព្រោះ​ថា​ ការ​ឈឺ​ចាប់​ហ្នឹង​ វា​ម្ភៃ​សាមសិប​ឆ្នាំ។ ​វា​យូរ​ហើយ​ណា៎។ វា​ល្មម​ស្រាក​ស្រាន​គួរ​សម ហើយ​អាច​រើកកាយ​មក​វិញ​បាន។ ​ ឥឡូវ​ខ្ញុំ​អាច​និយាយ​លេង​សើច​បាន។​ ពីដើម​រឿង​ហ្នឹង​សុទ្ធ​តែ​រឿង​កម្សត់ ​ហើយ​និយាយ​មិន​កើត​ទេ»។​

ទស្សនិក​ជន​បាន​សម្តែង​ការ​អបអរ​ និង​កោត​សរសើរ​ខ្សែ​ភាពយន្ត​នេះ​ដែល​ធ្វើ​ឲ្យ​គេ​យល់​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​ខ្មែរ។​

លោក​ឌួង ទី ដែល​បាន​ទៅ​លេង​ប្រទេស​កម្ពុជា​ម្តង​គត់​ ថ្លែង​ថា៖​

«ខ្ញុំ​ធំ​ដឹង​ក្តីនៅ​ក្នុង​ប្រទេស​នេះ​ ខ្ញុំ​មិន​ដឹង​ថា ​ខ្ញុំ​បាត់បង់​ច្រើន​ទាក់ទង​នឹង​ការ​យល់​ដឹង​អំពី​ប្រទេស​កំណើត​ទេ។​ បាន​ឃើញ​ការ​សម្តែង​នេះ​ដោយ​ផ្ទាល់​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទន​ភាពអំពី​ខ្មែរ​ទេ​ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​ខ្វះ​ការ​យល់​ដឹង​អំពី​រឿង​នេះ។ ​ខ្ញុំ​ចង​ចាំ​ពេល​ខ្ញុំ​នៅ​ក្មេង​នៅ​ស្រុក​ខ្មែរ​ ហើយ​ខ្ញុំ​មាន​មោទន​ភាព​ថា ​ខ្ញុំ​មក​ពី​កម្ពុជា។​ ខ្ញុំ​តែងតែ​សង្ឃឹម​ថា​ ប្រទេស​នេះ​នឹង​ជឿនលឿន​ទៅ​មុខ»។​

ខ្សែ​ភាពយន្ត ​«កុំស្មាន​បង​ភ្លេច» ​បាន​បញ្ចាំង​នៅ​ទីក្រុង​ញូយ៉ក ​ទីក្រុង​ Minneapolis ​រដ្ឋ ​Minnesota​ និង​នៅ​ទីក្រុង ​Lowell​ រដ្ឋ ​Massachusetts​ ដែល​មាន​ខ្មែរ​រស់នៅ​ច្រើន​បំផុត​ទីពីរ​នៅ​ស.រ.អា. បន្ទាប់ពី​ទីក្រុង ​Long Beach​ រដ្ឋ​កាលីហ្វ័រញ៉ា។​

លោក​ John​ ឲ្យ​ដឹង​ថា ​ខ្សែ​ភាពយន្ត​«កុំ​ស្មាន​បង​ភ្លេច»​នឹង​បន្ត​បញ្ចាំង​នៅ​តាម​រដ្ឋ​ជា​ច្រើន​ទៀត​នៅ​ស.រ.អា.៕

ប្រិយមិត្ត​ VOA​ ជា​ទីមេត្រី! ​ប្រិយមិត្ត​ក៏​អាច​ទស្សនាសេចក្តី​រាយ​ការណ៍​នេះ​ជា​វីដេអូ​ក្នុង​គេហទំព័រ​របស់ ​VOA​ គឺ ​khmer.voanews.com​ និង ​YouTube ​ផង​ដែរ ​ដែល​មាន​អាស័យដ្ឋាន ​youtube.com/voakhmerservice។ ​សូម​បញ្ជាក់​ផង​ដែរ​ថា ​យើង​ខ្ញុំ​នឹង​មាន​សេចក្តី​រាយ​ការណ៍​មួយ​ទៀត​ផ្តោត​លើ​ប្រវត្តិ​តន្ត្រី​រ៉ក់​ខ្មែរ​ពី​យុគ សម័យ​នេះ៕