ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​នាំ​យក​តន្ត្រី​រ៉ុក​ទៅ​ចែក​រំលែក​ជាមួយ​នឹង​ពិភពលោក


«កុំ​ស្មាន​បង​ភ្លេច៖ខ្មែរ​បាត់​បង់​​តន្ត្រី​រ៉ុក»។ (រូបថត៖ John Pirozzi)
«កុំ​ស្មាន​បង​ភ្លេច៖ខ្មែរ​បាត់​បង់​​តន្ត្រី​រ៉ុក»។ (រូបថត៖ John Pirozzi)

កាល​ពី​ឆ្នាំ​មុន តន្ត្រី​រ៉ុក​កម្ពុជា​ដែល​បាន​បាត់​បង់​យូរ​មក​ហើយនោះ បាន​ចាប់​កំណើត​ឡើង​វិញតាម​រយៈ​ខ្សែ​ភាពយន្ត​ឯក​សារ​ដែល​មាន​ចំណងជើង​ថា «កុំ​ស្មាន​បង​ភ្លេច៖ខ្មែរ​បាត់​បង់តន្ត្រី​រ៉ុក»។ ខ្សែ​ភាព​យន្ត​ឯកសារ «កុំ​ស្មាន​បង​ភ្លេច៖ខ្មែរ​បាត់​បង់តន្ត្រី​រ៉ុក» គឺជា​ខ្សែ​ភាព​យន្ត​ឯកសារ​មួយ​ដ៏​ពិសេស​ដែល​រៀប​រាប់​ពី​ភាពល្បីល្បាញ​នៃ​តន្ត្រី​រ៉ុក​របស់​កម្ពុជា​ក្នុង​អំឡុង​ចុង​ទសវត្សរ៍៦០ ​និង​ដើម​ទសវត្សរ៍៧០ ​ដែល​ត្រូវ​បាន​បាត់​បង់​ដោយ​សារ​តែ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។ លោក ចន៍ ពីរ៉ូហ្ស៊ី (John Pirozzi) ផលិត​ករ​ជាតិ​អាមេរិកាំង ​បាន​ចង​ក្រង​ខ្សែ​ភាព​យន្ត​ឯក​សារ​នេះ​ឡើង ​ក្នុង​គោល​បំណង​ដើម្បី​ធ្វើ​ឲ្យ​តន្ត្រី​រ៉ុក​របស់​កម្ពុជា​បាន​ចាប់​កំណើត​ឡើង​វិញ។

«កុំ​ស្មាន​បង​ភ្លេច៖ខ្មែរ​បាត់​បង់តន្ត្រី​រ៉ុក»។ (រូបថត៖ John Pirozzi)
«កុំ​ស្មាន​បង​ភ្លេច៖ខ្មែរ​បាត់​បង់តន្ត្រី​រ៉ុក»។ (រូបថត៖ John Pirozzi)

ការ​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ឯកសារ​ «កុំ​ស្មាន​បង​ភ្លេច៖ខ្មែរ​បាត់​បង់​តន្ត្រីរ៉ុក» នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៤ ​នៅ​ឯ​មហោ​ស្រព​ចតុមុខនៅ​រាជធានី​ភ្នំពេញ ​ដោយ​រួមមាន​ការ​សម្តែង​បទ​ចម្រៀង​តន្ត្រី​រ៉ុក​ផ្ទាល់ ​ដោយ​ក្រុម​តន្ត្រី​ករ​រ៉ុក​ជើង​ចាស់​របស់​កម្ពុជា ​រួម​មាន​លោក ទូច​ សៀងថាណា​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណៈកម្មាការ​អភិរក្ស​ត្រី​ផ្សោត​ទន្លេ​មេគង្គ ​និង​ការ​អភិវឌ្ឍ​ទេស​ចរណ៍​តាម​ប្រព័ន្ធ​អេកូឡូស៊ី ​ដែល​បាន​រួច​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម។

មាន​ការ​អបអរ​សាទរ ​និង​គាំ​ទ្រ​ដ៏​គគ្រឹក​គគ្រេង​ពី​សំណាក់​សាធារណជន​ខ្មែរ ​និង​បរទេស​មក​លើ​ខ្សែ​ភាព​យន្តឯកសារ​នេះ ​និង​ការ​សម្តែង​តន្រ្តី​រ៉ុក​កម្ពុជា ​ដែល​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ឥទ្ធិពល​របស់​តន្ត្រី​រ៉ុក​កម្ពុជា​ពី​អតីតកាល ​និង​បច្ចុប្បន្ន​កាល ​ដែល​ទើប​តែ​នឹង​លេច​ចេញ​ជា​រូប​រាង​សារជា​ថ្មី​ម្តង​ទៀត។

ថ្មីៗ​នេះ​មាន​កិច្ច​ខំ​ប្រឹង​ប្រែង​ជា​គម្រោងរៃអង្គាស​ថវិកា​ចំនួន​៣ម៉ឺន​ដុល្លារ ​ដែល​រៀប​ចំ​ឡើង​ដោយ​លោក​ផលិត​ករ​ ចន៍ ពីរ៉ូហ្ស៊ី ​និង​ក្រុម​សហការី​របស់​លោក ​ដើម្បី​នាំយក​កេរ៍មត៌កនៃ​តន្ត្រី​រ៉ុក​របស់​កម្ពុជា ​និង​ក្រុមតន្ត្រីកររ៉ុក​ចំនួន​៩​រូប មក​ចែក​រំលែក​ជាមួយ​នឹង​ពិភព​លោក ​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​មួយ​នៅ​ទីក្រុង​ Manhanttan ​នៅ​ក្រុងញ៉ូយក (New York City)​ សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ។

លោក​ ចន៍ ពីរ៉ូហ្ស៊ី ​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​របស់​លោក ​ដែល​ផ្ញើ​ទៅ​កាន់​អ្នក​គាំ​ទ្រ​គម្រោង​របស់​លោក​តាម​អ៊ីម៉ែល​ថា​ «ការ​នាំ​យក​តន្ត្រី​ករ​រ៉ុក ​ដែល​រួច​រស់​រានមាន​ជីវិត​ មក​សម្តែង ​និង​និយាយ​អំពី​សាច់រឿង​របស់​ពួក​គេ​ទៅ​កាន់​អ្នក​កាសែត​នៅ​សហរដ្ឋ​អាមេរិក​ពិត​ជា​សំខាន់ដល់​តន្ត្រី​ករ​ផ្ទាល់ ​ក៏​ដូច​ជា​តន្រ្តីរបស់​កម្ពុជា ​និង​ប្រវត្តិសាស្ត្រ​កម្ពុជា​ទូ​ទៅ​ផង​ដែរ»។

ក្នុង​ចន្លោះ​ចុង​ទសវត្សរ៍​៦០ ​និង​ដើម​ទសវត្សរ៍​៧០ ​ក្រោម​ការ​ដឹក​នាំ​របស់​អតីត​ព្រះ​មហាក្សត្រ​ នរោត្តម សីហនុ ​គំនិត​ច្នៃ​ប្រឌិត​ខាង​តន្ត្រី​ត្រូ​វបាន​លើក​កម្ពស់យ៉ាង​ខ្លាំង។ នៅ​កម្ពុជា​នា​ពេល​នោះ ​គេឃើញ​មាន​ការ​និយម​ស្តាប់​តន្រ្តី​រ៉ុក​របស់​ក្រុម​តន្រ្តី​ករ​បរទេស​ដ៏​ល្បី​ល្បាញ​ក្នុង​ពិភព​លោក​មួយ​ចំនួន ​រួមមាន​ the Beatles, Santana, the Rolling Stones ​និង​ the Bee Gees។ ក្នុង​អំឡុង​ពេល​នោះ ​តន្រ្តី​រ៉ុក​របស់​កម្ពុជា​បាន​ចាប់​កំណើត ​និង​មាន​ប្រជា​ប្រិយ៍​ភាព​ខ្លាំង។

https://d2pq0u4uni88oo.cloudfront.net/projects/1489669/video-469015-webm.webm

លោក ពីរ៉ូហ្ស៊ី ​ក៏​បាន​បង្ហាញ​សុទិដ្ឋិ​និយម​របស់​លោក ​ថា​កេរមត៌ក​តន្រ្តី​រ៉ុក​កម្ពុជា​អាច​នឹង​លេ​ច​ចេញ​ជា​រូប​រាង​សារ​ជា​ថ្មី​ម្តង​ទៀត ​ដោយ​និយាយ​ថា​«បើ​ទោះ​បី​ជាខ្មែរ​ក្រហមបាន​បំបាត់​រាល់​ទេពកោសល្យ​ខាង​សិល្បៈ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្តី ​ក៏​តន្ត្រី​កម្ពុជា​នៅ​តែ​រស់​រាន​មាន​ជីវិត ​ហើយ​បន្តជំរុញ​ទឹក​ចិត្ត​របស់​ប្រជា​ជន​កម្ពុជា»។

ឆ្នាំ២០១៥​នេះ ​គឺ​ជា​ឆ្នាំ​គំរប់​ខួប​៤០ឆ្នាំនៃ​ការ​ឡើង​កាន់​អំណាច​របស់​ខ្មែរ​ក្រហម ​ដែល​បាន​ឡើង​គ្រប់​គ្រង​កម្ពុជា​នៅ​ឆ្នាំ​១៩៧៥។ មាន​ក្តី​សង្ឃឹម​ថា ​ការ​នាំ​យក​តន្រ្តី​រ៉ុក​កម្ពុជា​ ដែល​បាន​បាត់​បង់​នេះ ​មក​ចែក​រំលែក​ជាមួយ​នឹង​ពិភព​លោក​ អាច​នឹងជួយ​ឲ្យ​កេរ​មត៌ក​នៃ​តន្រ្តី​រ៉ុក​កម្ពុជា​នៅ​គង់​វង្ស​ឋិត​ឋេរ ​ហើយ​អាច​បន្ត​លេច​ចេញ​ជា​រូប​រាង​សារ​ជា​ថ្មី​ឡើង​វិញ​ក្នុង​សង្គម​កម្ពុជា ​បច្ចុប្បន្ន៕

(បើ​សិន​ជា​លោក​អ្នក​ចង់​បរិច្ចាគ​ថវិកា ដើម្បី​ឧបត្ថម្ភ​ដល់​គម្រោង​រៃ​អង្គាស​ថវិកា​នាំ​យក​តន្ត្រី​រ៉ុក​កម្ពុជា​មក​សម្តែង​នៅ​ទីក្រុង​ញ៉ូយ៉ក សហរដ្ឋ​អាមេរិក សូម​ចុច​៖ https://www.kickstarter.com/projects/688883255/dont-think-ive-forgotten-theatrical-premiere-conce)

XS
SM
MD
LG