ពលរដ្ឋ​កម្ពុជា​រងគ្រោះ​ពី​អំពើ​ពុករលួយ​ខណៈ​ដែល​ការ​បង្រ្កាប​មន្ត្រី​ខិលខូច​បន្ត​

សម្រាប់​ឆ្នាំ​នេះ​ប្រទេស​កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ទី​១៥៧​ពីក្នុង​ចំណោម​ប្រទេស​១៧៤​ដែល​អង្គការ​នេះ​ពិនិត្យមើល​ដើម្បី​ដាក់​ចំណាត់​ថ្នាក់។​

វ៉ាស៊ីនតោន៖​ ពលរដ្ឋ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​រាប់​រយ​លាន​នាក់​នៃ​ពិភពលោក​ដែល​ត្រូវ​បង់​ប្រាក់​សូកប៉ាន់​ដើម្បី​ទទួលបាន​សេវា​សាធារណៈ​ដែល​ពួកគេ​គួរ​តែទទួលបាន​ដោយ​មិន​គិត​ថ្លៃ។ នេះ​បើ​ក្រឡេក​មើល​តាម​ទិន្នន័យ​នៃ​អំពើ​ពុករលួយ​ដែល​កម្ពុជា​បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​២០​ដែល​ពុករលួយ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក។

លោកស្រី​ហ៊ូហ្កេត ឡាបែល ​ប្រធាន​គណៈគ្រប់​គ្រង​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ខណៈ​ពេល​ដែល​ចេញ​ផ្សាយ​របាយការណ៍​នេះ​កាលពីថ្ងៃ​ពុធ​នៅ ឯ​ការិយាល័យ​ធំ​របស់​វីអូអេ​នៅ​រដ្ឋ​ធានី វ៉ាស៊ីនតោន​ថា៖​

«មាន​មនុស្ស​រាប់​រយ​លាន​នាក់​នៅ​ជុំ​វិញ​ពិភពលោក​ដែល​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ទារ​ប្រាក់​ជារៀង​រាល់​ថ្ងៃហើយ​នៅ ​ប្រទេស​ខ្លះ​មាន​រហូត​ដល់​៥០​ភាគរយ​នៃ​ប្រជា​ពលរដ្ឋ​ត្រូវ​សូក​លុយ​កាក់​គេ​ដើម្បី ​ទទួល​បាន​សេវាកម្ម​ចាំបាច់​មួយ​ចំនួន​ដូច​ជា​ទឹក​ ការអប់រំ​សិក្សាធិការ​ សុខាភិបាល​ និង​អាជ្ញា​បណ្ណ​ជាដើម»។

សម្រាប់​ឆ្នាំ​នេះ​ប្រទេស​កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ទី​១៥៧​ពីក្នុង​ចំណោម​ប្រទេស​១៧៤​ដែល​អង្គការ​នេះ​ពិនិត្យមើល​ដើម្បី​ដាក់​ចំណាត់​ថ្នាក់។​

លោកស្រី​ហ៊ូហ្កេត បញ្ជាក់​ទៀត​ថា​អំពើ​ពុករលួយក៏បាន​យាយី​ដល់​វិស័យ​ឯកជន​ដែល​ត្រូវ​ប្រកួត​ប្រជែង​ដោយមិន​ស្មើ​ភាព។​

«នៅ​កន្លែង​ដទៃ​ទៀត​នឹង​ក្នុង​បណ្តា​ប្រទេស​ទាំង​នោះ វា​មាន​ការ​លំបាក​សម្រាប់​ក្រុម​ហ៊ុន​រក​ទទួលទាន​ពីព្រោះ​គេ​មិន​គោរព​តាម​ច្បាប់​ទម្លាប់​ទេ។ ប្រសិន​បើ​គូ​ប្រកួត​របស់​អ្នក​អាច​ទទួល​បាន​កិច្ច​សន្យា​ការងារ​ដោយ​សូក​ប៉ាន់​នៅ​ក្រៅ​ច្បាប់​ដូច្នេះ​វា​ពិបាក​សម្រាប់​អ្នក​ក្នុង​ការ​ធ្វើការ​ដោយ​ត្រឹមត្រូវ​ក្នុង​ស្ថានភាព​បែបនោះ​ណាស់»។
សម្រាប់​ប្រទេស​កម្ពុជា​ ក្នុង​ពេល​កន្លង​មក​ អំពើ​ពុករលួយ​បាន​នាំ​ឱ្យ​ក្រុម​ហ៊ុន​អាមេរិក​មួយ​សម្រេច​មិន​ហ៊ាន​ទៅ​វិនិយោគដោយសារ​តែ​ពួកគេ​មិន​អាចសុំ​គ្រលំ​ប្រព្រឹត្ត​បាន​ដោយ​ខ្លាច​មាន​ទោស​នៅ​សហរដ្ឋ​អាមេរិក​ដែល​ច្បាប់​អាច​ដាក់​ទោស​ដល់​ក្រុម​ហ៊ុន​ណា​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ​នៅក្រៅ​ប្រទេស។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​ក្រុម​ប្រឹក្សា​ជំនួញ​រវាងអាស៊ាន​និង​អាមេរិកាំង។​

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​មាន​ការ​ខិតខំ​ប្រឹង​ប្រែងជាច្រើនដើម្បី​ឱ្យ​មាន​តម្លាភាព​រវាង​ស្ថាប័ន​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ដែល​ទៅ​ប្រកប​អាជីវកម្ម​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។​

លោក​ចម ប្រសិទ្ធិ​រដ្ឋ​មន្រ្តី​ពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ក្នុង​ពេល​ធ្វើ​ដំណើរ​មក​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​កន្ល​ង​មក​ថា៖​

«អ្វី​ដែល​យើង​កំពុង​ធ្វើ​គឺ​យើង​ត្រូវ​យល់​ថា​ វាមាន​ការសម្រប​សម្រួល​គ្នា​ដើម្បី​ថា​យោគ​យល់​ទៅលើ​មន្រ្តី​រាជការដែល​ទទួល​បាន​ប្រាក់​ខែ​ទាប​ យើង​ឥឡូវ​គឺ​បាន​រៀបចំ​ប្រព័ន្ធ​មួយ​ដែល​ឱ្យ​គេ​ឯកភាព​ជាមួយ​នឹង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថា​លោក​ឯង​យកប៉ុណ្ណេះ​យក​ទៅ​គឺ​ជា​ផ្លូវ​ការ​ប៉ុន្តែ​នៅ​ក្នុ​ងផ្លូវ​ការ​ហ្នឹង​ចំណែក​តូច​មួយ​ត្រូវ​បាន​មក​លោក​ឯង​ជា​អ្នក​ធ្វើ​កិច្ច​ការ​ហ្នឹង។ អញ្ចឹង​រឿង​អ្វី​ដែល​នៅ​ក្រោម​តុ​វាក្លាយ​ជា​ផ្លូវការ​ដល់​អញ្ចឹង​ក្រុមហ៊ុន​អាមេរិក​នឹង​អត់​មាន​បញ្ហា​ទេ​។ គេមាន​លុយ​អាចចេញ​ក៏​ប៉ុន្តែ​គេ​មិន​អាចចេញ​ដោយ​អត់​វិក្កយ​បត្រ​ឱ្យ​គេ»។​

រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​អង្គភាព​ប្រឆាំង​នឹងអំពើ​ពុករលួយ​ដើម្បី ​បោស​សម្អាត​មន្រ្តី ​ខិល​ខូច​ហើយក្នុង​ពេល​កន្លង​មក​បាន​ចាប់​ខ្លួន​មន្រ្តី​មួយ​ចំនួន​ទាក់​ទង​នឹង​ការប្រព្រឹត្តិ​អំពើ​ទាំងនេះ​ក្នុង​នោះ​មាន​ដូច​ជា​មន្ត្រី​តុលាការ​ក្នុង​ខេត្ត​ពោធិ៍សាត់​ និង​មន្រ្តី​ដែល​ស្និទ្ធ​នឹង​លោក​ជាស៊ីម​ប្រធាន​ព្រឹទ្ធ​សភា​ជាតិ​ជាដើម។​
ប៉ុន្តែ​ក្រុម​អ្នក​តាម​ដាន​មើល​ឃើញ​ថា​ចំណាត់​ការ​ក្នុង​ពេល​កន្លង​មក​ហាក់​មាន​លក្ខណៈ​ជា​ការ​ពង្រឹង​អំណាច​ជាជាង​ការ​ខិត​ខំ​ប្រឹង​ប្រែង​កម្ចាត់​អំពើ​ពុករលួយ។​
លោក​ប៉ា ងួនទៀង​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បាន​បញ្ជាក់​ថា៖​

«យើង​ឃើញ​រដ្ឋាភិបាល​មាន​ការ​ជំរុញ ​មាន​ការអនុវត្ត​ច្បាប់​ដែល​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បាន​អនុម័ត​ប៉ុន្តែ​ចំពោះ​ខ្ញុំ​ច្បាប់​នេះ​នៅ​ មាន​បញ្ហា​ វា​នៅ​ខ្សោយ​ ហើយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មួយ​ត្រូវ​បាន​បង្កើត​ក្រោម​ការ​គ្រប់​គ្រង​របស់​នាយក​រដ្ឋ​មន្រ្តី​ហើយ​យើង​ឃើញ​ថា​មាន​ការ​ធ្វើ​សកម្មភាព​ មាន​ការ​ចាប់​មន្រ្តី​ថ្នាក់​ខ្ពស់​ដែល​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយមាន​មន្ត្រី​តុលាការ​ជាដើម​ប៉ុន្តែ​យើ​ង​ឃើញ ថា​នេះ​ជា​ទង្វើ​មួយ​ដែល​យើង​សាទរ​ដែរ​ប៉ុន្តែការធ្វើ​នេះ​មិន​មែន​ជា​ប្រព័ន្ធ​មិន​មែន​ទៅ​ជា​យុទ្ធ​សាស្រ្ត​ក្នុង​ការ​បោស​សម្អាត​អំពើ​ពុករលួយ​ក៏​ប៉ុន្តែ​ចំពោះ​ខ្ញុំ​ទង្វើ​មួយរយៈ​កន្លង​មក​ជា​ទង្វើ​ពង្រឹង​អំណាច​ទៅវិញ​មាន​ន័យ​ថា​បើ​អ្នក​ណា​ពុករលួយ​ដែរ​ប៉ុន្តែ​បើ​នៅ ក្នុង​ក្រុម​ជាមួយ​គ្នា​អត់​អី​ទេ​បើ​នៅ ក្រុម​ផ្សេង​ត្រូវ​តែ​កម្ចាត់​ ត្រូវ​តែ​ចាប់»។

វីអូអេ​បាន​ខិតខំ​ព្យាយាម​ទាក់​ទង​លោក​ឱម​ យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​លោក​កែវ​ រ៉េមី អ្នក​នាំ​ពាក្យ​នៃ​ស្ថាប័ននេះ​តាំងពី​ថ្ងៃ​អង្គារ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ប៉ុន្តែ​លោក​ឱម​ យិន​ទៀង​គ្រាន់​តែ​លើក​ទូរស័ព្ទ​ហើយ​មិន​ព្រម​និយាយ។​
យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ឱ្យ​ដឹង​ថា​មាន​ប្រទេស​មួយ​ចំនួន​ដែល​ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​មិន​អាចទ្រាំទ្រ​នឹង​អំពើ​ពុករលួយ​បាន​ក៏​ងើប​ឡើង​បះបោរ​ដើម្បី​ទម្លាក់​មេដឹកនាំ​ដែល​ពុក​រលួយ​ចេញ​ពី​អំណាច។​ បើ​ទោះ​បី​ជា​សេចក្តី​ប្រកាស​នេះ​មិន​បញ្ជាក់​ឈ្មោះ​ប្រទេស​ក៏​គេ​អាច​ដឹង​បាន​ថា​ប្រទេស​ទាំង​នោះ​មានដូច​ជាទុយនេស៊ី លីប៊ី អេហ្ស៊ីប និង​ស៊ីរី​ជាដើម។​

ប៉ុន្តែ​កត្តានេះ​មិន​អាចកើត​មាន​ឡើង​នៅ​ប្រទេស​កម្ពុជា​បាន​ទេ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណបក្ស​ប្រឆាំង​បើ​ទោះ​បី​ជា​ចំណាត់​ថ្នាក់​ឆ្នាំ​នេះ​បាន​ដាក់​កម្ពុជា​ទាប​ជាង​ប្រទេស​ដែល​បាន​ឆ្លងកាត់​ការ​បះបោរ​ទាំង​នោះក៏ដោយ​ដូច​ជា​ប្រទេស​ទុយនេស៊ី​មាន​ចំណាត់​ថ្នាក់​ត្រឹម​តែ​៧៥ និង​អេហ្ស៊ីប​ត្រឹមតែ​១១៨​។​

លោក​យឹម សុវណ្ណ​អ្នកតំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី​និង​ជា​អ្នក​នាំ​ពាក្យ​បាន​បញ្ជាក់ថា​ប្រជា​ពលរដ្ឋ​កម្ពុជា​ទើប​តែ​មក​ដល់​ដំណាក់​កាល​យល់ដឹង​ជា​បណ្តើរ​ៗ​នៃ​គ្រោះ​ថ្នាក់​អំពើ​ពុករលួយ​តែ​ប៉ុណ្ណោះ៖​

«ឥឡូវ​នេះ​គាត់​ដឹង​គាត់​យល់​ហើយ​ថ្ងៃ​ណា​មួយ​គាត់​នឹង​ក្រោក​ឡើង​តស៊ូ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​។ នៅ​ពេល​ណា​ដែល​គាត់​យល់​ដឹង​បន្ថែម​ទៀត​ថា​អំពើ​ពុករលួយនេះ​ហើយ​ជាមូលហេតុ​តែ​មួយ​គត់​ធ្វើ​ឱ្យ​គាត់​ក្រី​ក្រ​ ជាមូលហេតុ​តែមួយ​គត់​ធ្វើ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ ជាមូលហេតុ​តែ​មួយ​គត់​ដែល​ធ្វើ​ឱ្យ​ប្រជាកសិករ​បាត់​បង់​ដី​ធ្លី​ធ្វើ​ស្រែ​ចំការ​ ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​មួយ​ក្តាប់​តូច​ដែល​ស្និទ្ធ​ជាមួយ​អ្នក​មាន​អំណាច​កាន់​កាប់​ដី​រាប់​លាន​ហិកតា​ហើយ​ធ្វើ​ឱ្យ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ហូរ​ចូល​មក​ក្នុង​ស្រុក​ខ្មែរ។ នៅ​ពេល​ណា​ដែល​គាត់​ដឹង​ច្បាស់​ពី​ផល​វិបាក​នៃ​អំពើ​ពុករលួយ​ពេល​នោះ​គាត់​នឹង​មាន​ការ​ផ្លាស់​ប្តូរផ្នត់​គំនិត​របស់​គាត់»។ ​

យ៉ាង​ណា​ក៏​ដោយលោក​ ផៃ​ ស៊ីផាន ​រដ្ឋលេខាធិការ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​និង​ជា​អ្នក​នាំពាក្យ​បាន​និយាយ​ការពារសមិទ្ធិផល​របស់​រដ្ឋាភិបាល​ហើយ​បញ្ជាក់​ថា​មាន​ប្រជា​ពលរដ្ឋ​ជាង​៨០​ភាគរយ​យល់​ស្រប​ជាមួយ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​កំពុងធ្វើ។ លោក​ផៃ​ ស៊ីផាន​បាន​ស្តី​បន្ទោស​គណបក្ស​ប្រឆាំង​ថា​មិន​មាន​គោលការណ៍​អ្វី​ច្បាស់​លាស់​ក្រៅ​ពី​រិះគន់​អំពើ​ពុករលួយ។​

«នៅក្នុង​មូលដ្ឋាន​យើង​ឃើញ​ហើយ​ថា​តើ​គណបក្ស​ប្រឆាំង​បាន​រៀបចំ​យុទ្ធនាការ​នៅ​មូលដ្ឋាន​ដូចម្តេច​ដើម្បី​គេ​យល់​ពី​គណបក្ស​ប្រឆាំង?​តើ​មាន​គំនិត​ក្នុង​សេដ្ឋកិច្ច​លោក​យល់​ឃើញ​យ៉ាង​ម៉េច​ មាន​គំនិត​ការពារ​ជាតិ​លោក​យល់​ឃើញ​យ៉ាង​ម៉េច​ មាន​គំនិត​ក្នុង​ការ​ដោះ​ស្រាយ​សង្គម​លោក​យល់​ឃើញ​យ៉ាង​ម៉េច? គាត់​ពិបាក​និយាយ​ណាស់​ក្រៅ​ពី​អំពើ​ពុករលួយ​ក្រៅ​ពីការ​តតាំង​វាយ​ប្រហារ​ទៅ​លើ​តែ​នាយករដ្ឋ​មន្រ្តី​ម្នាក់»។
ការពិនិត្យមើល​របស់​អង្គការ​តម្លាភាព​ក្នុង​ការ​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​ផ្អែក​លើ​កត្តាជាច្រើន​ក្នុង​នោះ​មាន​ដូចជា​ការទទួល​ខុសត្រូវ​របស់​ស្ថាប័ន​រដ្ឋាភិបាល​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​មូលដ្ឋាន ​ប្រសិទ្ធភាព​នៃ​ការអនុវត្តច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ​ការទទួលបាន​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ ​និង​ការរំលោភ ក្រម​សីលធម៌​របស់​រដ្ឋាភិបាល​និង​ទំនាស់​នៃ​ផល​ប្រយោជន៍​ក្នុង​ជួរ​មន្រ្តី​រដ្ឋការ​ជាដើម៕