វ៉ាស៊ីនតោន៖ មេដឹកនាំនយោបាយកម្ពុជាការពារនយោបាយដីធ្លីរបស់ខ្លួន មុនពេលបោះឆ្នោត ជាសាកលឈានមកដល់ ជាពិសេសការការពារកម្មសិទ្ធិដីធ្លីនិងការយកពន្ធដីធ្លី ពីអ្នកស្រុក។
សុខ ខេមរានៃវីអូអេរាយការណ៍ថា គណបក្សគ្រប់គ្រងប្រទេសប្រកាសពីការមិនយកពន្ធដីពីកសិករដូចគណបក្សជំទាស់ដែរ។ តែគណបក្សជំទាស់វិញបានអះអាងថា ពួកគេមានគោលនយោបាយយកពន្ធដីពីឈ្មួញធំៗ។
សុខ ខេមរានៃវីអូអេរាយការណ៍ថា គណបក្សគ្រប់គ្រងប្រទេសប្រកាសពីការមិនយកពន្ធដីពីកសិករដូចគណបក្សជំទាស់ដែរ។ តែគណបក្សជំទាស់វិញបានអះអាងថា ពួកគេមានគោលនយោបាយយកពន្ធដីពីឈ្មួញធំៗ។
ក្រុមមេដឹកនាំនយោបាយសំខាន់ៗក្នុងប្រទេសកម្ពុជាបានបង្ហាញពីនយោបាយ ដីធ្លីរបស់ពួកគេដើម្បីទាក់ទាញសម្លេងគាំទ្រពីប្រជាពលរដ្ឋ មុនយុទ្ធនាការ ឃោសនាបោះឆ្នោតជាសាកលឆ្នាំ២០១៣ឈានមកដល់។
គណបក្សជំទាស់ ដែលមានគណបក្សសម រង្ស៉ីនិងគណបក្សសិទ្ធិមនុស្ស ដែលប្រកាសបញ្ចូលគ្នា ទៅជាគណបក្សតែមួយ ហើយដាក់ឈ្មោះថា គណបក្សសង្គ្រោះជាតិ បាន ប្រកាសថា ពួកគេគ្មានគោលនយោបាយយកពន្ធដីកសិករទេ តែយកពន្ធដីពី នាយទុនធំៗដើម្បីកែសម្រួលសេដ្ឋកិច្ចប្រទេស ជីវភាពរស់នៅប្រជាពលរដ្ឋនិង ដំឡើងប្រាក់ខែមន្ត្រីរាជការ ហើយនឹងផ្តល់ថវិកាជូនមនុស្សចាស់៤ម៉ឺនរៀល ក្នុងមួយខែៗ។
ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទពីប្រទេសបារាំង លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនិងជាប្រធានគណបក្សសិទ្ធិមនុស្ស បានអះអាងថា៖
«យើងធ្វើនេះយើងដាច់ខាតគឺយើងអត់ឲ្យប៉ះពាល់ដល់អ្នកក្រីក្រទេ គឺយើងមាន តែជួយអ្នកក្រីក្រដើម្បីការពារនូវកម្មសិទ្ធិដីធ្លីជូនដល់កសិករ មិនត្រឹមតែយើង មិនយកពន្ធទេ យើងការពារកម្មសិទ្ធិដីធ្លីជូនកសិករទៀត»។
លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៉ីមណ្ឌលសៀមរាប បាន អះអាងថា គណបក្សជំទាស់គ្មានគោលនយោបាយយកពន្ធដីពីប្រជាកសិករទេ តែគួរត្រូវយកពន្ធដីធ្លីដែលរដ្ឋបានជួល៩៩ឆ្នាំដល់ក្រុមហ៊ុនបរទេស និងដីធ្លីសម្ប ទានរបស់នាយទុនធំៗផ្សេងៗទៀតតែប៉ុណ្ណោះ។
«បើយើងថាជួល៩៩ឆ្នាំ យើងសុំឲ្យជួលយ៉ាងតិចណាស់៧០ដុល្លារក្នុងមួយឆ្នាំលើដីមួយហិកតា។ យើងសុំឲ្យរដ្ឋាភិបាលធ្វើឲ្យបានឆាប់ ព្រោះមិនអាចបណ្តោយឲ្យឈ្មួញដែលបានដីដ៏ច្រើនលានហិកតាកាប់បំផ្លាញព្រៃឈើហើយយកដីទៅលក់បន្តរាប់រយលានដុល្លារ ចាយវាយយ៉ាងសប្បាយហើយជាតិខ្មែរអត់ទទួលបានកម្រៃមួយរៀលពីការឲ្យដីគេដ៏ច្រើនសន្ធឹកសន្ធាប់នេះ»។
លោក សុន ឆ័យអះអាងថា បញ្ហាដីធ្លីជារឿងឈឺចាប់ តែលោកថ្លែងថាពលរដ្ឋកម្ពុជាបានដឹងឮជាទូទៅដែលជាហេតុនាំឲ្យគណបក្សប្រជាជនចាប់ផ្តើមបារម្ភ។
«ដូច្នេះរដ្ឋាភិបាល ជាពិសេសគណបក្សប្រជាជនកម្ពុជា ភ័យណាស់ មិនមែនរឿងតូចទេ។ ដូច្នេះបានជាគាត់ចាប់ឃោសនាបណ្តើរៗ ហើយ ដើម្បីបំផ្លែងការណ៍ពិត ផ្ទុយពីអ្វីដែលយើងបានបញ្ជាក់»។
ក្រុមអ្នកតំណាងរាស្ត្រគណបក្សជំទាស់មកពីគណបក្សសិទ្ធិមនុស្ស និង គណបក្ស សម រង្ស៉ី ដឹកនាំដោយលោកសុន ឆ័យ កាលពីខែធ្នូបានព្យាយាមរកការសើរើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៣ ក្រោយពេលដែលពួកគេមើលឃើញថា កម្ពុជានៅតែពឹងប្រាក់បំណុលបរទេសប្រមាណមួយពាន់លានដុល្លារដើម្បីចាយវាយជារៀងរាល់ឆ្នាំ ហើយទុកឲ្យពលរដ្ឋខ្មែរជំនាន់ក្រោយជាអ្នកសង។
គណបក្សជំទាស់ចាត់ទុកថា ពួកគេមានគន្លឹះដែលអាចជួយឲ្យប្រទេសកម្ពុជាកាត់បន្ថយការជំពាក់ឬខ្ចីបុលបរទេសបាន។
បញ្ហាទាំងអស់នោះគឺការយកពន្ធលើដីធំៗដែលរដ្ឋាភិបាលផ្តល់ដីសម្បទានដល់ក្រុមហ៊ុនបរទេសនិងនាយទុនក្នុងស្រុក ហើយនឹងការប្រមូលពន្ធពីកាស៊ីណូក្នុងប្រទេសដែលមានចំនួន៥០ និងការប្រមូលពន្ធឲ្យមានប្រសិទ្ធិភាពជាដើម ដែលទាំងនេះជាបញ្ហាគន្លឹះសំខាន់ ដែលគណបក្សជំទាស់ចាត់ទុកថា អាចជួយដល់មន្ត្រីរាជការមានប្រាក់ខែខ្ពស់ និងជួយដល់មនុស្សចាស់ដែលមានអាយុលើស៦៥ឆ្នាំ បានទទួលប្រាក់ខែ៤ម៉ឺន រៀលទៀតផង។ តែមន្ត្រីគណបក្សកាន់អំណាចបានបដិសេធ មិនទទួលយកសំណើទាំងនោះទេ ដោយសារថា សេចក្តីព្រាងនីតិកម្មរបស់គណបក្សជំទាស់ផ្ញើរមកសភាយឺតពេល។
ទោះជាយ៉ាងណាក៏ដោយ លោក នាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីថ្ងៃទី៣០ខែធ្នូ បានអះអាងថា ការបន្តផ្តល់បណ្ណកម្មសិទ្ធដល់ពលរដ្ឋ មិនយកពន្ធដីប្រជាពលរដ្ឋគឺជាគោលនយោបាយគណបក្សប្រជាជនកម្ពុជារបស់លោក។ លោកថ្លែងថា មិនត្រឹមតែប៉ុណ្ណឹងទេគឺគណបក្សរបស់លោកត្រូវជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតទៀត ហើយអាចជួយបង្កើតប្រាក់ចំណូលដល់ពលរដ្ឋផងដែរ។
«ហើយខ្ញុំបានប្រកាសហើយ ដរាបណានៅមានខ្ញុំ ហ៊ុន សែន ដរាបណានៅមានគណបក្សប្រជាជន ពន្ធដីមិនត្រូវបានយកពីប្រជាពលរដ្ឋទេ»។
លោកហ៊ុន សែនអះអាងថា ចាប់ពីឆ្នាំ១៩៧៩មកដល់បច្ចុប្បន្ននេះគឺគណបក្សរបស់លោកមិនយកពន្ធដីទេ ដោយលោកថ្លែងថា នោះដូចជាការផ្តល់លុយដល់ប្រជាពលរដ្ឋជាប្រយោល។
«គណបក្សនេះគ្មាននយោបាយផ្តល់លុយជូនប្រជាជនដោយផ្ទាល់ទេ។ គណបក្សនេះគឺមាននយោបាយមិនយកពន្ធដី ចាត់ទុកថា ដូចបានផ្តល់លុយឲ្យកសិកររួចស្រេចទៅហើយ ៣៤ឆ្នាំទៅហើយ»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣ខាងមុខ។បញ្ហាដីធ្លី ដែលកើតឡើងជាច្រើនកន្លែងក្នុងប្រទេសកម្ពុជាកំពុងក្លាយជាប្រធានបទដែលអ្នកនយោបាយបង្ហាញការយកចិត្តទុកដាក់ក្នុងការដោះស្រាយ ក្នុងការជួយរកយុត្តិធម៌ជូនជនរងគ្រោះ ជាពលរដ្ឋ និងជាម្ចាស់សន្លឹកឆ្នោត។
លោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈបានថ្លែងថា ការយកពន្ធដីជាការចាំបាច់។ ការទប់ស្កាត់មិនឲ្យមានការហូរចេញកម្លាំងពលកម្មទៅក្រៅប្រទេសជាការធ្វើឲ្យដីដែលនៅទំនេរធំៗមានសកម្មភាពឡើងវិញក្នុងការដាំដុះ និងមានការងារធ្វើផងដែរ។
«ពន្ធកាលណាយកពន្ធ ខ្ញុំជឿជាក់ថា កសិករមិនមានដីច្រើនទេ។ អ្នកដែលមានដីច្រើនគឺអ្នកដែលមានអំណាចនិងអ្នកដែលមានដីរាប់រយហិកតារាប់ពាន់ហិកតា អ្នកហ្នុងហើយដែលប៉ះពាល់។ អញ្ចឹងកាលណាយកពន្ធដីធ្វើឲ្យដីមិនអសកម្ម»។
តែលោកសុខ ទូចបានបន្ថែមសេចក្តីថា ប្រសិនបើមេដឹកនាំនយោបាយ សម្រេចមិនយកពន្ធដីវិញ នោះជាឆន្ទះរបស់អ្នកនយោបាយដែលចង់បានការគាំទ្រផ្នែកនយោបាយ៕