នាថ្ងៃព្រហស្បតិ៍នេះ ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិលោក កឹម សុខា ប្រកាសយកគោលការណ៍ «កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង» ស្របពេលដែល បណ្តាញសង្គមហេ្វសប៊ុក និងសារព័ត៌មានក្នុងស្រុកមួយចំនួនបន្តចែកចាយ ខ្សែអាត់សំឡេង ដែលចោទថា រូបលោកមានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីវ័យក្មេងម្នាក់។
មន្ត្រីសង្គមស៊ីវិលកម្ពុជាយល់ថា នេះគឺជាជម្រើសល្អមួយសម្រាប់ទុកពេលវេលាធ្វើកិច្ចការល្អបន្ថែមទៀតសម្រាប់សង្គមកម្ពុជា ហើយអ្នកនយោបាយកម្ពុជាពុំគួរយកកិតិ្តយសស្ត្រីខ្មែរ ដើម្បីផលចំណេញនយោបាយឬបុគ្គលនោះទេ។
ក្រោយពីកិច្ចប្រជុំថ្នាក់ជាតិមួយរបស់គណបក្សសង្គ្រោះជាតិនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រធានស្តីទីគណបក្សជំទាស់ លោកកឹម សុខា បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្លួនថា គណបក្សសង្គ្រោះជាតិត្រូវតែពង្រឹងជំហរ និងរក្សាសុឆន្ទៈរបស់ខ្លួនប្រឈមនិងឧបសគ្គនានា ដោយភាពអត់ធ្មត់។
លោកប្រធានស្តីទីរូបនេះបានសរសេរថា៖ «ដូច្នេះ អ្វីដែលយើងត្រូវធ្វើតទៅមុខទៀតនោះគឺ យើងត្រូវតែធ្វើទៅតាមគោលដៅ តាមផែនការយុទ្ធសាស្រ្ដរបស់យើងតែប៉ុណ្ណោះ។ យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬ ធ្វើអ្វីតាមតែគេចាក់ឲ្យយើង លោតនោះទេ ត្រូវរក្សានូវការអត់ធ្មត់តទៅទៀត ដូចដែលខ្ញុំបានជម្រាបហើយថា យើងកុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង»។
ការលើកឡើងរបស់លោក កឹម សុខា ស្របពេលដែលមានការចោទថា លោក មានទំនាក់ទំនងផ្លូវភេទជាមួយនិងស្ត្រីវ័យក្មេងម្នាក់ដែលមានឈ្មោះថា «អាម៉ុម»។ ខ្សែអាត់សំឡេង ដែលគេចោទថាជា សំឡេងពិត របស់លោកកឹម សុខានិង ស្ត្រីវ័យក្មេងម្នាក់ ត្រូវបានគេបង្ហោះក្នុង គណនីហ្វេសប៊ុក ទើបបង្កើតថ្មី មានឈ្មោះថា «Mon Srey» នាដើមសប្តាហ៍នេះ។ ហ្វេសប៊ុកដែលអះអាងថាខ្លួនមានឈ្មោះ«Mon Srey»និងមានទំនាក់់ទំនងផ្លូវភេទនិងលោកកឹម សុខាបានបង្ហោះ ខ្សែអាត់សំឡេងជាបន្តបន្ទាប់។ ខ្សែអាត់សំឡេង ច្រើនផ្សេងទៀត រួមទាំងអត្ថបទសន្ទនា ក៏ត្រូវបានគេផ្សព្វផ្សាយតាមគណនីហ្វេសប៊ុកផ្សេងទៀតដែលមានឈ្មោះថា «រឿងពិតCNRP» និងត្រូវបានដកស្រង់ដោយសារព័ត៌មានក្នុងស្រុកផងដែរ។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូបានប្រាប់ VOA ថា៖ «ខ្ញុំគិតថាអ្នកដឹកនាំ អ្នកនយោបាយមិនត្រូវចំណាយពេលអ្វី អត់ប្រយោជន៍ ទៅឆ្លងឆ្លើយ រឿងអ្វីអត់ប្រយោជន៍អីចឹងទេ។ ហ្អាហ្នឹងវាគឺជារឿងអត់ប្រយោជន៍ព្រោះបើយើងឃើញគឺវាជារឿងដដែលៗ។ ហើយយើងគួរតែគិតរឿងធំៗ សម្រាប់ជាតិប្រជាពលរដ្ឋហ្នឹងវាល្អជាង។ មួយទៀតទោះបីពិតក៏វាជា រឿងបុគ្គលទេ វាមិនពាក់ព័ន្ធនិងខាតបង់ប្រយោជន៍ជាតិ ឬប៉ះពាល់ជាតិទេ។ សំខាន់បំផុតនោះគឺហ្អារឿង ប្រជាពលរដ្ឋ និងប្រយោជន៍ជាតិ»។
លោក អំ សំអាត បន្ថែមថាតាមក្រមព្រហ្មទណ្ឌកម្ពុជា អ្នកលួចថតសំឡេងដោយគ្មានការអនុញ្ញាត ត្រូវមាន ទោសជាប់ពន្ធនាគារពី ១ខែដល់១ឆ្នាំ។ ក៏ប៉ុន្តែបើសំឡេងនោះមិនពិត អ្នកផ្សព្វផ្សាយអាចនឹងប្រឈមពីបទបរិហារកេរ្តិ៍និងបង្កាច់កេរិ៍្ត ផងដែរ។
មន្ត្រីសិទ្ធិមនុស្សរូបនេះបានបន្តថា៖ «បើយើងគិតពីរឿងសីលធម៌វិញក៏វា កាន់តែធ្ងន់ៗធ្ងរដែរ ព្រោះប្រទេសយើង គឺជាប្រទេសដែលប្រកាន់ ព្រះពុទ្ធសាសនា ហើយយើងទៅប្រើអសីលធម៌អីចឹងគឺវាមិនត្រឹមត្រូវដែរ។ ហើយមួយទៀត បើសិនជាខ្សែអាត់ទាំងឡាយនេះវាពិត ហើយចេញពីក្រុមហ៊ុនទៀត មានន័យថាក្រុមហ៊ុនទូរស័ព្ទទៀតហ្អាហ្នឹងក្រុមហ៊ុនហ្នឹងគឺមានចំណែកក្នុងការទទួលខុសត្រូវ ហើយក៏វាធ្វើឲ្យបាត់ទំនុកចិត្តពីអតិថិជន»។
លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជាដែលធ្វើការលើកម្ពស់សិទ្ធិស្ត្រីកម្ពុជា បានថ្កោលទោសចំពោះការប្រើប្រាស់ស្ត្រីដើម្បីផលប្រយោជន៍បុគ្គល ជាពិសេសគឺនៅលើឆាកនយោបាយកម្ពុជា។
«ខ្ញុំគិតថាអ្នកទាំងអស់ អ្នកពាណិជ្ជកម្ម ជាពិសេសអ្នកដែលមានអំណាច អ្នកនយោបាយធំៗអ្វីជាដើម ហ្នឹងគឺមិនត្រូវ មិនត្រូវយកស្ត្រីហ្នឹងយកទៅឡូកឡំ ពាក់ព័ន្ធនឹងកិតិ្តនាមរបស់ គាត់ហ្នឹងនោះទេ ព្រោះរឿងមួយជារឿងឯកជន វាជារឿងមួយផ្សេងរបស់គេ។ ក៏ប៉ុន្តែបើជាអ្នកបុគ្គល បុគ្គលដែលមានការរំលោភទៅលើច្បាប់ ទៅលើការធ្វើបាប ស្ត្រីអីណឹង ហ្អាហ្នឹងវាជារឿងផ្សេងមួយទៀត»។
លោកស្រី រស់ សុភាព ក៏បានបញ្ជាក់ពីក្តីកង្វល់ទាក់ទិននឹងស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាថា៖ «យើងមើលទៅនយោបាយស្រុកខ្មែរដូចជាមិនសូវគឺថា វាពិបាកក្នុងការឲ្យតម្លៃដែរ ដោយសារថាព្យាយាមបន្ទុះបង្អាប់គ្នាទៅវិញទៅមក។ ហើយនឹងប្រើប្រាស់ភាសាដែលមិនគួរប្រើ ហើយនឹងប្រើ ឥឡូវហ្នឹងគឺឈានដល់ការប្រើអ្វី ដែលថាជាហិង្សានយោបាយ ក៏គួឲ្យកង្វល់ដល់សង្គមដែរ។ ដូច្នេះហើយយើងពិបាក»។
យ៉ាងណាក៏ប្រជាពលរដ្ឋកម្ពុជានិង មន្ត្រីសង្គមស៊ីវិល នៅមានមន្ទិលសង្ស័យជាច្រើនទាក់ទិននឹងភាពពិតនៃខ្សែអាត់សំឡេង ខណៈពេលដែលគណបក្សជំទាស់យល់ថានេះគឺជា ល្បិចកលនយោបាយដដែលរបស់ដៃគូរបស់ខ្លួន។
ស្រដៀងគ្នានោះដែរ កាលពីពាក់កណ្តាលឆ្នាំ២០១៣ មិនប៉ុន្មានខែមុនពេលបោះឆ្នោតក្នុងប្រទេសកម្ពុជា ស្ត្រីវ័យកណ្តាលម្នាក់បានចេញមុខអះអាង ថាខ្លួនជាស្រីកំណាន់របស់លោកកឹម សុខា។ ស្ត្រីរូបនោះនិងម្តាយបានចេញមុខធ្វើការ ការតវ៉ា នៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិនិងដាក់ពាក្យបណ្តឹងដើម្បីឲ្យលោក កឹម សុខា ទទួលខុសត្រូវនិងជួយផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគាត់និងកូន។យ៉ាងណាក៏ដោយការទាមទារ នេះបានស្ងប់ស្ងាត់ទៅវិញ ក្រោយការបោះឆ្នោត៕