ភ្នំពេញ —
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយរូបបានឲ្យដឹងនៅថ្ងៃពុធនេះថា ក្រសួងយុត្តិធម៌នឹងបញ្ជូនច្បាប់សំខាន់ៗចំនួនបីទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីនៅក្នុងអំឡុងខែមិនានេះ។ ច្បាប់ទាំងនេះត្រូវគេដឹងថា អាចជាមូលដ្ឋាននៃការកែទម្រង់យុត្តិធម៌ ដែលទទួលរងការរិះគន់ជាខ្លាំងនៅក្នុងប្រទេសកម្ពុជា។
លោកសំ ប្រជាមានិត្យ នាយកខុទ្ទកាល័យក្រសួងយុត្តិធម៌មានប្រសាសន៍ថា អន្តរក្រសួង ដែលមាន៣១ស្ថាប័ន បានធ្វើការប្រជុំ និងអនុម័តសេចក្តីព្រាងច្បាប់សម្រាប់មូលដ្ឋាននៃការកែទម្រង់យុត្តិធម៌នេះបានចំនួនពីររួចមកហើយ នៅក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ទី៣ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា នឹងត្រូវដាក់ឲ្យពិភាក្សាក្នុងអន្តរក្រសួងនៅសប្តាហ៍ក្រោយនេះ។
លោកសំ ប្រជាមានិត្យបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំងបីនឹងត្រូវបញ្ជូនជាកញ្ចប់ទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីនៅក្នុងខែមិនានេះ។
«ក្រោយពីចប់ក្នុងសប្តាហ៍ក្រោយនេះគឺច្បាប់ទាំងបីនឹងត្រូវបញ្ជូនព្រមគ្នាតែម្តងទៅកាន់គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីដើម្បីពិនិត្យនិងអនុម័ត»។
កាលពីថ្ងៃអង្គារ នៅក្នុងវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជនលើកទី១៧ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសថា សេចក្តីព្រាងច្បាប់ទាំងបីគឺ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញានឹងត្រូវអនុម័តនៅក្នុងឆមាសទី១នៃឆ្នាំ២០១៤នេះ។
សហគមន៍អន្តរជាតិបានទាមទារជាញឹកញាប់នាពេលកន្លងមក ឲ្យប្រទេសកម្ពុជាធ្វើការកែទម្រង់ប្រព័ន្ធតុលាការរបស់ខ្លួន ដែលទទួលរងការរិះគន់អំពីអំពើពុករលួយនិងលម្អៀងទៅរកគណបក្សកាន់អំណាច។
លោកហ៊ុន សែនធ្លាប់បានលើកឡើងថា សេចក្តីព្រាងច្បាប់ទាំងបីធានាដល់ឯករាជ្យភាពរបស់តុលាការ។
លោកយឹម សុវណ្ណ តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ការកសាងសេចក្តីព្រាងច្បាប់គួរតែមានការផ្តល់យោបល់ទូលំទូលាយ ទើបអាចធ្វើការកែទម្រង់មានប្រសិទ្ធិភាព ជាពិសេសការអនុម័តសេចក្តីព្រាងច្បាប់ដោយរដ្ឋសភា ដែលមានគណបក្សជាប់ឆ្នោតទាំងពីរអង្គុយបានត្រឹមត្រូវ។
«គ្រាន់តែកែទម្រង់លេងៗ ការកែទម្រង់នោះមិនមានប្រសិទ្ធិភាពទេ ទាល់តែមានភាគីពាក់ព័ន្ធចូលទៅធ្វើការក្នុងរដ្ឋសភាមួយដែលស្របនឹងរដ្ឋធម្មនុញ្ញ»។
ជាមួយគ្នានេះ លោកមឿន តុលា ប្រធានកម្មវិធីផ្នែកសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានផ្តោតលើភាពត្រឹមត្រូវរបស់រដ្ឋសភាក្នុងការអនុម័តច្បាប់នេះដែរ។
«ផ្តើមចេញពីការបង្កើតរដ្ឋសភា។ បើកាលណាភាពត្រឹមត្រូវរបស់រដ្ឋសភាមិនទាន់ចេញស្រួលបួលនោះ មានសញ្ញាសួរជាបន្តបន្ទាប់ ដូចជាការបង្កើតរដ្ឋាភិបាល និងបន្ទាប់មកច្បាប់ផ្សេងៗដែលបង្កើតដោយរដ្ឋាភិបាលដែលនឹងត្រូវអនុម័ត ដោយរដ្ឋសភានោះ តើច្បាប់ទាំងនោះនឹងមានសុពលភាពនៅក្នុងការអនុវត្តដែរ ឬយ៉ាងណា»។
នៅក្នុងពេលនេះ គណបក្សជាប់ឆ្នោតទាំងពីរគឺគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាបានបន្តការចរចាគ្នាឡើងវិញដើម្បីទម្លាយភាពជាប់គាំងនយោបាយ។
ក៏ប៉ុន្តែប្រសិនបើក្នុងរយៈពេលប៉ុន្មានខែទៀត ដំណោះស្រាយនេះមិនចេញជាលទ្ធផលនោះទេ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ដែលការការអនុម័តដោយរដ្ឋសភានោះ អាចនឹងជួបបញ្ហាប្រឈម ដោយហេតុថា គណបក្សជំទាស់អាចនឹងនៅតែបន្តពហិការកិច្ចប្រជុំសភា៕