ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​ស្តី​ពី​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម ត្រូវ​ពិភាក្សា


​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​កម្ពុជា
​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​កម្ពុជា
ក្រុម​អ្នក​ជំនាញ​មក​ពី​ក្រសួង​នានា​របស់​រដ្ឋា​ភិបាល​បាន​បញ្ចប់ការ​ពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការរៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម​នៅ​ថ្ងៃ​អង្គារ៍​នេះ។ ​ច្បាប់​នេះជា​ឧបករណ៍​ច្បាប់​មួយ​យ៉ាង​សំខាន់ក្រោម​ការ​ទាមទារ​របស់​សហគម​ន៍​អន្តរជាតិសម្រាប់​ការ​កែ​ទម្រង់​ប្រពន្ធ័តុលាការ​នៅ​ប្រទេស​កម្ពុជា។​

លោក​កើត​ សេកាណូ ​អគារ​ធិការ​នៃ​អគារ​ធិការដ្ឋាន​កិច្ច​ការ​តុលាការ​របស់​ក្រសួង​យុត្តិធម៌​ បាន​ប្រាប់​វីអូអេ​សំឡេង​សហ​រដ្ឋអាមេរិក​ជា​ខេមរភាសា​ក្រោយ​ពី​កិច្ច​ប្រជុំ​នេះ​ថា​ សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​នឹង​តម្រូវ​ឲ្យ​បង្កើតអង្គ​ភាព​មួយ​ដើម្បី​ជួយ​ដល់​ដំណើរ​ការ​ត្រួត​ពិនិត្យ​លើ​កិច្ច​ការ​របស់​ក្រុម​ចៅ​ក្រម​ និង​ព្រះ​រាជអាជ្ញា​ពោល​គឺជា​អង្គ​ភាព​អធិការ​កិច្ច​សម្រាប់​ជា​ជំនួយ​ដល់​ការងារ​នៃ​ក្រុម​ប្រឹក្សា​វិន័យ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម។​

«យើង​រៀប​ចំ​បង្កើត​ស្ថាប័ន​ថ្មី​មួយ​សម្រាប់​គ្រប់​គ្រង​ មើល​លើ​ដំណើរ​ការងារ​របស់​ចៅ​ក្រម​ និង​ព្រះ​រាជ​អាជ្ញា។​ ​ហើយ​ក្នុ​ងនោះ​យើង​ក៏​បាន​កំណត់​ពី​មុខ​នាទី​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ថា​ ត្រូវ​ធ្វើ​អ្វី​ខ្លះ​ និង​ក្នុង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​យើង​មាន​ក្រុម​ប្រឹក្សា​វិន័យ។​ ​តើ​យើង​ត្រូវ​មើល​លើ​វិន័យ​របស់​ចៅ​ក្រម​និង​ព្រះ​រាជ​អាជ្ញា​បែប​ណា»។

សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការរៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម ​មាន​ប្រាំ​មួយ​ជំពូក​ និង​ចែកចេញ​ជា​៣១​មាត្រា។

មាត្រា​១៨​បាន​ផ្តល់​សិទ្ធិ​យ៉ាង​ធំ​ធេង​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ក្នុង​ការ​ស្នើ​ឡើង​ឱ្យ​មាន​ការ​តែងតាំង​ និង​បញ្ឈប់​ការងារ​របស់​ចៅក្រម។​

លោក​កើត​ សេកាណូ​បញ្ជាក់​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​បាន​និយាយ​លម្អិតអំពី​ការ​ដាក់​វិន័យ​លើ​ក្រុម​ចៅ​ក្រម​ និង​ព្រះរាជ​អាជ្ញា​នោះ​ទេ។​

លោក​បន្ថែម​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះនឹង​ជំនួស​ច្បាប់​ចាស់​ស្តីពី​ការរៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម ដោយ​មិន​ចាំ​បាច់​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ចាស់។​

«ច្បាប់​នេះ​ជា​ច្បាប់​ថ្មី​ដើម្បី​ជំនួស​ច្បាប់​ចាស់។ ​ក៏​ប៉ុន្តែ​ខ្លឹមសារ​ និង​អត្ថន័យ​ដែល​យើង​មាន​ពី​មុន​មក ​យើង​នៅ​រក្សា​ជា​ច្រើន។ ​ហើយ​យើង​សង្ឃឹម​ថា​ វានឹង​ជួយ​កែ​ទម្រង់​បាន​ច្រើន​ នៅ​ពេល​ដែល​ច្បាប់​នេះ​ចេញ​ជា​ធរមាន»។​

លោកសម ប្រជាមានិត្យ នាយ​ខុទ្ទ​កាល័យក្រសួង​យុត្តិ​ធម៌​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​នេះ​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ធ្វើ​ការ​កែ​តម្រូវ​តាម​អនុសាសន៍​នៃ​សមា​ជិក​នៃ​កិច្ច​ប្រជុំ​មុន​នឹង​បញ្ជូន​ទៅ​កាន់​កិច្ច​ប្រជុំ​នៃ​គណៈរដ្ឋ​មន្ត្រី​ដើម្បី​អនុម័ត។ ​ហើយ​ក្រោយ​ពី​ការ​អនុម័ត​នោះ​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​រដ្ឋសភា​ដើម្បី​ពិភាក្សា​ និង​អនុម័ត។​

«ក្រោយ​ពី​អន្តរ​ក្រសួង​ហើយ​ យើង​ត្រូវ​ធ្វើ​ការ​កែ​សម្រួល​បន្តិច​ទៀត​លើ​យោបល់​នៃ​អន្តរ​ក្រសួង។​ ​ក្រោយ​ពី​កែ​សម្រួល​បច្ចេក​ទេស​នេះ យើង​នឹង​បញ្ជូន​ទៅ​គណៈ​រដ្ឋ​មន្ត្រី»។

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការរៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សានៃ​អង្គ​ចៅ​ក្រមនេះ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ពិភាក្សា ​ផ្តល់​យោបល់​ពី​ក្រុម​សង្គម​ស៊ីវិល​នោះ​ទេ។​

លោក​សុខ សំអឿន នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​(CDP) ​អធិប្បាយ​ថា ​ការ​តាក់តែង​ច្បាប់​នេះ​គួរ​តែ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ឯករាជ្យ។

«សំខាន់បើ​យើង​ធ្វើ​ត្រូវ​វា​នឹងក្លាយ​ជា​ស្ថាប័ន​មួយ​ដែល​ជួយ​ឲ្យ​តុលាការមួយ​ឯក​រាជ្យ ​តែ​បើ​ធ្វើ​មិន​ត្រូវ​វា​នឹង​អាចនៅ​ប្រហែល​សព្វ​ថ្ងៃ​ ឬ​អន់​ជាង​សព្វ​ថ្ងៃ»។​

គួរ​បញ្ជាក់​ថា ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មាន​សមាសភាព​ចំនួន​ប្រាំ​បួន​រូប រួម​មាន​ព្រះមហាក្សត្រ​ គង់ជា​ប្រធាន​ ហើយ​ក្រៅពី​នោះ​មាន​សមាជិក​ជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌មួយ​រូប ​ជាប្រធាន​តុលាការ​កំពូល​មួយរូប ​ជា​អគ្គ​ព្រះរាជ​អាជ្ញា​អម​តុលាការ​កំពូល​មួយរូប​ ជា​ប្រធាន​សាលា​ឧទ្ធរណ៍​មួយរូប ជា​អគ្គព្រះរាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍​មួយរូប ​ព្រម​ទាំង​សមាជិក​ចំនួន​បី​រូប​ទៀត​ជាចៅក្រម​ដែល​ត្រូវ​ជ្រើស​តាំង​តាម​រយៈ​ការ​បោះឆ្នោត។

មានការលើក​ឡើង​អំពី​កង្វល់​មួយ​ចំនួន​ស្តី​ពី​ឯក​រាជ្យ​ភាព​នៃ​សមាស​ភាព​នៃស្ថាប័ន​កំពូល​មួយ​នេះ។​

លោក​កើត​ សេកាណូ ​ អគារ​ធិការ​នៃ​អគារ​ធិការដ្ឋាន​កិច្ច​ការ​តុលាការ​របស់​ក្រសួង​យុត្តិធម៌​មិន​ធ្វើ​អត្ថា​ធិប្បាយ​លើ​ចំណុច​នេះទេ៕​
XS
SM
MD
LG