អ្នកកាសែត​អត់ទាមទារ​ប្រាក់ខែ​ពី​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​

នេះ​គឺជា​លើក​ទីមួយ​ហើយ​ដែល​ក្រុម​អ្នកកាសែត​តវ៉ា​ទាមទារ​ប្រាក់ខែ​របស់​ខ្លួន​ពី​សមាជិក​សភា​ដែល​កាន់កាប់​បណ្តាញ​ផ្សព្វផ្សាយ។​

ភ្នំពេញ​៖ អ្នក​កាសែត​មួយ​ក្រុម ​ដែល​មាន​គ្នា​ជាង​ដប់​នាក់​ បាន​តវ៉ា​ទាមទារ​ប្រាក់ខែ​ពី​តំណាងរាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយរូប​នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​សំអាង​ថា​ តំណាងរាស្ដ្រ​រូបនោះ​មិន​បាន​ផ្តល់​ប្រាក់ខែ​ដល់​ពួកគេ​ជាច្រើន​ខែ​មក​ហើយ។

លោក​ជា ចម្រើន ​តំណាងរាស្ដ្រ​គណបក្ស​កាន់​អំណាច​ប្រចាំខេត្ត​កណ្តាល​ដែល​ជា​នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​វិទ្យាសាស្ត្រ​ខ្មែរ​ ដែល​គ្រប់គ្រង​ការ​ផ្សាយ​កាសែត ​និង​គេហ​ទំព័រ​វិទ្យាសាស្ដ្រ​ខ្មែរ​ ត្រូវ​ក្រុម​អ្នកយក​ព័ត៌មាន​ទាំង​នោះ​ចង្អុល​ថា ​មិនបាន​បើកប្រាក់​ខែ​ដល់​ពួកគេ​ចាប់​តាំងពី​ខែ​មិនា​រហូត​ដល់​ខែ​កញ្ញា​ឆ្នាំ​២០១២​គឺ​រហូត​ដល់ពេល​កាសែត​វិទ្យាសាស្ត្រ​ខ្មែរ​នោះ​បាន​បិទទ្វារ​ឈប់​ចេញផ្សាយ។​

ក្រុម​អ្នក​តវ៉ា​បាន​អះអាង​ថា​ ការ​ជំពាក់​ប្រាក់ខែ​របស់​ពួកគេ​ពី​៣០០​ទៅ​ប្រមាណ​ជា​៥០០​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ៗ​ ហើយ​អ្នកកាសែត​ដែល​មិន​បាន​បើក​ប្រាក់​ខែ​សរុប​ចំនួន​៥៣​នាក់​ ក្នុងនោះ​អ្នកកាសែត​ក្នុង​ក្រុងភ្នំពេញ​ចំនួន​១៨​នាក់។​

ពួកគេ​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើការ​តវ៉ា​នៅ​ពីមុខ​មជ្ឈមណ្ឌល​សារព័ត៌មាន​វិទ្យា​សាស្ដ្រ​ខ្មែរ​ក្នុង​សង្កាត់​ទឹកល្អក់៣​ ខណ្ឌ​ទួលគោក​ដោយមាន​បិទ​អក្សរ​តវ៉ា​ចំៗ​ឈ្មោះ​លោក​តំណាងរាស្ដ្រ​ជា ចម្រើន ​និង​បាន​យក​កង់ឡាន​ចំនួន​បី​ត្រៀម​នឹង​ដុត​ក្នុង​ការ​តវ៉ា​នេះ។ ​ក៏ប៉ុន្តែ​ត្រូវ​ខកខាន​វិញ​ នៅពេល​ដែល​លោក​ជា ​ចម្រើន​ចេញមុខ​សម្រុះសម្រួល​និង​ចរចា។​

លោក​យិន ម៉េង​គង់​ អ្នក​តវ៉ា​ម្នាក់​ក្នុង​ចំណោម​នោះ ​បាន​និយាយ​ក្រោយពី​ការ​ចរចា​រយៈពេល​ជាង​មួយ​ម៉ោង​ថា​ លោក​ជា ចម្រើន​បាន​សន្យាថា​ នឹង​បើក​ប្រាក់​ខែ​ដែល​ជំពាក់​នោះ​សម្រាប់​អ្នក​កាសែត​ទាំងអស់​នៅ​ដំណាច់​ខែ​មករា​នេះ។​

«និយាយ​តែ​ពី​រឿង​ដោះស្រាយ​ប្រាក់ខែ​ យើង​ចាំមើល​ទៀត​ថា ​ខែ​ហ្នឹង ប្រាក់​ខែ​ហ្នឹង​នឹង​បើក​បាន​ដែរ​ ឬ​ទេ»។​

លោក​អេង វុត្ថា ​ជា​ភ្នាក់ងារ​យក​ព័ត៌មាន​ម្នាក់​សម្រាប់​លោក​តំណាងរាស្ដ្រ​ជា ​ចម្រើន​ប្រចាំ​ខណ្ឌ​សែន​សុខ។​

«យើង​តវ៉ា​ទាំងអស់គ្នា។​ អ្នកខ្លះ​គាត់​ឥត​បាន​មក​ដោយសារ​តែ​គាត់​នៅតាម​ខេត្ត​ អញ្ចឹ​ង​ណា៎។ ​ក៏ប៉ុន្តែ​គម្រោង​ធ្វើ​នេះ​គឺ​យើង​ធ្វើ​ការ​តវ៉ា​ទាំងអស់​គ្នា​ដើម្បី​គោលដៅ​តែ​មួយ​ ដើម្បី​សុំ​ឲ្យ​ខាង​ហ្នឹង​បើក​ប្រាក់ខែ​តែ​ប៉ុណ្ណឹង​ទេ។ គាត់​សន្យា​ថា ​ដាច់​ខែ ​គាត់​នឹង​បើកប្រាក់​ខែ​ឲ្យ​គ្រប់​ចំនួន»។​

លោក​ជា ចម្រើន​ត្រូវគេ​ស្គាល់​ថា ​ជា​សាកលវិទ្យាធិការ​នៃ​សកល​វិទ្យាល័យ​ចម្រើន​ពហុ​វិទ្យា​ផង​ដែរ។​
តំណាង​រាស្ដ្រ​ដដែល​ដើរចេញ​ពី​តុ​ចរចា​ជាមួយ​អ្នក​កាសែត​ដោយ​សៀត​កាំភ្លើង​ខ្លី​ក្នុង​ហោប៉ៅ​ខោ។​ លោក​មិន​ផ្តល់​សេចក្តី​អត្ថាធិប្បាយ​អំពី​ការបើក​ប្រាក់ខែ​ដល់​ក្រុម​អ្នកកាសែត​នោះ​ទេ។​

«រឿង​ហ្នឹង​គេ​ដោះស្រាយ​ហើយ​ មិនចាំបាច់​មក​លូក​លាន់​ទេ។ ​មិន​ព្រមទៅ​សម្ភាស​ពួក​នោះ​ មក​សម្ភាស​យើង។ ​លោក​ឯង​បំផ្លាញ​គណបក្ស​ប្រជាជន​ម្នាក់​ លោក​ខាត​ដល់​ប៉ុណ្ណា។​ យើង​តំណាងរាស្ត្រ​ម្នាក់​ត្រូវ​បាត់​សំឡេង​ប៉ុន្មាន​ម៉ឺន​សំឡេង»។​

នេះ​គឺជា​លើក​ទីមួយ​ហើយ​ដែល​ក្រុម​អ្នកកាសែត​តវ៉ា​ទាមទារ​ប្រាក់ខែ​របស់​ខ្លួន​ពី​សមាជិក​សភា​ដែល​កាន់កាប់​បណ្តាញ​ផ្សព្វផ្សាយ។​

ក្រុម​អ្នកយក​ព័ត៌មាន​ដែល​ធ្វើ​ការ​តវ៉ា​បាន​ផ្ញើ​ញ្ញត្តិ​ជូន​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ​ជូន​លោក​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​ខៀវ ​កាញារិទ្ធ​ និង​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​និង​ក្លឹប​អ្នក​កាសែត​កម្ពុជា។​
ទោះជា​យ៉ាងនេះ​ក្តី​ ពួកគេ​នៅ​រង់ចាំ​ប្រាក់ខែ​របស់​គេ​រហូត​ដល់​ដំណាច់​ខែ​មករា​នេះ​មុន​នឹង​ប្រកាស​ធ្វើការ​តវ៉ា​ជា​បន្ត៕​