កម្ពុជា​និង​ជប៉ុន​ឯកភាព​ដំឡើង​ទំនាក់​ទំនង​ជា​«ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ»

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida (ឆ្វេង) នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន (កណ្ដាល) និង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ឈរ​ថតរូប​ជុំ​គ្នា​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២។

មេ​ដឹកនាំ​កម្ពុជា​ និង​ជប៉ុន​បាន​ព្រម​ព្រៀង​គ្នា​ដំឡើង​ភាព​ជា​ដៃគូទៅ​ជា​«ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ» ​នា​ឆ្នាំ​ក្រោយ​ នៅ​ពេល​ខួប​លើក​ទី​៧០​នៃ​ចំណង​ការ​ទូត​រវាង​ប្រទេស​ទាំងពីរ​មក​ដល់។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ភាព​ជា​«ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ»​របស់​ប្រទេស​ទាំង​ពីរ ​ចុះ​ថ្ងៃ​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។​

កាល​ពី​ដើម​ឆ្នាំ​២០២២ ​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ស្នើ​សុំ​សមភាគី​របស់​លោក​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរមួយ​កម្រិត​ទៀត។ ​ប៉ុន្តែ​នៅ​ពេលនោះ​ លោក ​Kishida Fumio ​នាយក​រដ្ឋមន្រ្តី​ជប៉ុន​នៅមិន​ទាន់​សម្រេច​នោះ​ទេ។​

កិច្ច​ព្រម​ព្រៀង​នៃ​ការ​ដំឡើង​ភាព​ជា​ដៃ​គូ​គ្រប់​ជ្រុង​ជ្រោយ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក ​ហ៊ុន សែន ​និង​នាយករដ្ឋមន្ត្រី​ជប៉ុន ​លោក​ Kishida Fumio​ នៅ​ក្នុង​ដំណើរ​មក​ចូលរួម​កិច្ច​ប្រជុំកំពូល​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​រួម​មួយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ក្រោយ​ជំនួប​ទ្វេភាគី ​លោក​ ហ៊ុន សែន​ បាន​លើក​ឡើង​ថា​ ទំនាក់​ទំនង​កម្ពុជា​និង​ជប៉ុន​បាន​ឈាន​ដល់​ដំណាក់​កាលល្អ​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ហើយ​ថា​ លោក​និង​ប្រជាជន​កម្ពុជា​រង់​ចាំ​ពេល​វេលា​នេះ​ជា​យូរ​មក​ហើយ។​

លោក​ថ្លែង​ថា៖​ «នេះ​ពិត​ជា​កិត្តិ​យស​ និង​ជា​បំណង​ប្រាថ្នា​ដ៏​ទទូច​របស់​ប្រជាជន​កម្ពុជា​ ដែល​ចង់​មាន​មិត្ត​ភ័ក្តិ​ដ៏ល្អ​នៅ​ក្នុង​តំបន់​របស់​យើង។​ ខ្ញុំ​ និង​ឯក​ឧត្តម ​Kishida ​បាន​ពិភាក្សា​យ៉ាង​ស៊ី​ជម្រៅទាំង​នៅ ​ទីក្រុង​តូក្យូ​កន្លង​ទៅ​ និង​នៅ​ទីនេះ​ ទាក់​ទង​នឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​បន្ត​ដែល​ក្នុង​នោះ​គឺ​មាន​ទាំង​បញ្ហា​ទ្វេ​ភាគី​ដែល​អម្បាញ់​មិញ​មាន​ការ​ចុះ​ហត្ថ​លេខា​ទាក់ទង​នឹង​ការ​កសាង​ឡើង​នូវ​រោងចក្រ​រថយន្ត​តូយ៉ូតា ​ការ​ផ្គត់ផ្គង់​ទាក់ទង​ និង​ជាមួយ​នឹង​បរិក្ខារ​មីន»។​

លោក វុន ផានិត ​គ្រូ​ឧទ្ទេស​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ​ការ​ឯក​ភាព​គ្នា​រវាង​កម្ពុជា​និង​ជប៉ុនក្លាយ​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​ ជា​ការ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​កាន់​តែ​ស៊ី​ជម្រៅ ​ខណៈ​ថា​ កម្ពុជា​នឹង​ទាញ​បាន​ផល​ប្រយោជន៍​ច្រើន​ពី​ការ​បន្ថែម​កម្រិត​ទំនាក់​ទំនង​ជាមួយ​ជប៉ុន ​ជាពិសេស​ការ​ទាញ​យក​អ្នក​វិនិយោគ​មក​កម្ពុជា​កាន់​តែ​ច្រើន​ ហើយ​បើក​ផ្លូវ​ឱ្យ​កម្ពុជា​អាច​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​រដ្ឋាភិបាលទីក្រុង​តូក្យូ។​

បើ​តាម​លោក​ វុន ផានិត​ ជប៉ុន​នឹង​មិន​អាច​ចំណេញ​ច្រើន​ពី​ភាព​ជា​ដៃ​គូ​នេះ​ឡើយ​ពាក់​ព័ន្ធ​ជាមួយ​សេដ្ឋ​កិច្ច ​នយោបាយ​និង​សន្តិ​សុខ ​ ប៉ុន្តែ​ជប៉ុន​នឹង​ទទួល​បាន​ការ​គាំទ្រ​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន​ពី​កម្ពុជា ​ដោយ​ឥត​ងាក​រ៉េ​នៅ​លើ​ឆាក​អន្តរ​ជាតិ។​

លោក​ថ្លែង​ថា៖​ «ពាក់ព័ន្ធ​ជា​មួយ​នឹង​ផ្នត់​គំនិត​របស់​ជប៉ុន​ទៅ​លើ​ភាព​ចំណេញ​ហ្មង​គឺ​អត់​មាន​ច្រើន​ទេ។ ​ប៉ុន្តែ​ប្រទេស​តូច ​ជាពិសេស​ប្រទេស​ខ្មែរ​ គឺ​ចំណេញ​ច្រើន​ពាក់​ព័ន្ធ​ជាមួយ​រឿង​មួយ​ហ្នឹង។​ Comprehensive Strategic Partnership​ (ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ»​ ហ្នឹង​បាន​ន័យ​ថា​យើង​យក​ជប៉ុន​ជា​ខ្នង​បង្អែក​មួយ​ដ៏​ធំ​ដើម្បី​ឆ្លើយ​តប​ពី​ការ​រិះ​គន់​មួយ​ចំនួន​ពាក់​ព័ន្ធនឹ​ង​បញ្ហា​សិទ្ធិ​មនុស្ស ​លទ្ធិ​ប្រជា​ធិបតេយ្យ​ បញ្ហា​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​អ៊ីចឹង ​ព្រោះ​ជប៉ុន​ បើ​និយាយ​ពី​រឿង​៣​ហ្នឹង​ ជប៉ុន​ជា​ប្រទេស​គំរូ​ហើយ​នៅ​ក្នុង​តំបន់​អាស៊ី»។​

លោក​បន្ថែម​ថា៖ ​«អ៊ីចឹង​វាមិន​ដែល​ណា​ប្រទេស​គំរូ​មក​ដំឡើង​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ជា​មួយ​នឹង​ប្រទេស​ដែល​មិន​ទាន់​មាន​អា​ទាំង​អស់ហ្នឹង​ស្អាត​ស្អំ​ទេ។ ​បានន័យ​ថា​ ជប៉ុន​ធ្វើ​អ្​វីមួយ​គិត​ណាស់។​ អ៊ីចឹង​ការ​ដំឡើង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ខ្មែរ​នេះ​ធ្វើ​ឱ្យ​ខ្មែរ​ចំណេញ ​បាន​ន័យ​ថា​ ម៉េច​ យើង​មាន​ជប៉ុន​ជា​មិត្តភ័ក្តិ​មួយ​ដោយ​ជឿជាក់ ​ហើយ​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​នេះ​ធ្វើ​ឱ្យខ្មែរ​អាច​ទទួល​បាន​នូវ​ការ​មើល​ឃើញ​ពី​សហគមន៍​អន្តរ​ជាតិ​ក្នុង​រូបភាព​ផ្សេង​ ព្រោះ​ជប៉ុន​មិន​មែន​ចេះ​តែ​បង្កើត​ជា​មួយ​នរណា​គេ​ទេ។​ អ៊ីចឹង​ Image ​(មុខមាត់)​របស់​ខ្មែរ​ក៏​វា​រាង​ឡើង​លើ​ជាង​នេះ​ដែរ ​បាន​ន័យ​ថា​ វា Strong ​(ខ្លាំង)​ជាង​នេះ​ដែរ»។​

លោក​ វុន ផានិត​ អះអាង​ថា​ ការ​ដំឡើង​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​រវាង​កម្ពុជា​និង​ជប៉ុន​នេះ​មិន​មែន​ដោយ​សារ​ចិន​ឡើយ​ ហើយវា​ក៏​នឹង​មិន​ធ្វើ​ឱ្យ​មាន​ការ​តាន​តឹង​ដាក់​គ្នា​រវាង​ចិន​និង​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ពីព្រោះ​ថា​ ​ការ​ដំឡើង​ភាព​ជា​ដៃគូ​នេះ ​ដោយ​សារ​តែ​ជប៉ុន​មើល​ឃើញ​ពី​វឌ្ឍន​ភាព​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិ​ ជាពិសេស​តាម​រយៈ​អាស៊ាន។​

ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ លោក​ គិន ភា ​ប្រាប់​វីអូអេ​ថា​ ទំនាក់​ទំនង​កម្ពុជា​និង​ជប៉ុន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ មិន​មាន​ភាព​រកាំ​រកូស​ជា​មួយ​គ្នាឡើយ​ ជាពិសេស​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​ ប្រជាជន ​និង​ប្រជាជន ខណៈ​ក្នុង​ក្រសែ​ភ្នែក​របស់​ប្រជាជន​កម្ពុជា ​ជប៉ុន​ជា​មិត្ត​ដ៏​ល្អ​ ដែល​បាន​ជួយ​កសាង ​ក៏ដូច​ជា​អភិវឌ្ឍ​ប្រទេស​កម្ពុជា​គ្រប់​វិស័យ។​

លោក​ថ្លែង​ថា៖ ​«បង្ហាញ​ឱ្យ​ឃើញ​ថា ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពី​កាន់​តែ​មាន​លក្ខណៈ​ស៊ី​ជម្រៅ​គ្រប់​ជ្រុង​ជ្រោយ​ គ្រប់​វិស័យ​ គ្រប់​កម្រិត​ ហើយ​វាក៏​បង្ហាញ​ឱ្យ​ឃើញ​អំពី​តុល្យ​ភាព​នៃ​ទំនាក់​ទំនង​ការ​បរទេស​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ និង​ពិភព​លោក​ផង​ដែរ»។

បើ​តាម​លោក​ គិន ភា​ ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច​ជា​រឿង​ធម្មតា​ ហើយ​ការ​រឹត​ចំណង​ភាព​ជា​ដៃគូ​ជាមួយ​ពួកគេ​គឺ​ដើម្បី​រក្សា​តុល្យ​ភាព​ ហើយ​ចៀស​ពី​របៀប​វារៈ​នៃ​ការ​ប្រកួត​ប្រជែង​ឥទ្ធិពល​និង​ថា​ លោក​ជំរុញ​ឱ្យ​កម្ពុជា​កាន់​តែ​មាន​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​ជាមួយ​បណ្តា​ប្រទេស​មហា​អំណាច​ផ្សេងៗ​បន្ថែម​ទៀត។​

នៅ​ក្នុង​ជំនួប​ទ្វេភាគី ​កាល​ពី​ថ្ងៃ​សៅរ៍ ​ ជប៉ុន​ក៏​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ជាង​៥០​លាន​ដុល្លារ​ដើម្បី​អនុវត្ត​នូវ​គម្រោង​ចំនួន​៤ ​ក្នុង​នោះ​មាន​ដូច​ជា​ គម្រោង​សាង​សង់​អគារ​ហ្វឹកហ្វឺន ​និងអគារ​ផ្សព្វ​ផ្សាយ​អប់រំ​យល់​ដឹង​ពី​សង្គ្រាម​នៃ​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច ​និង​សង្គម ​គម្រោង​កែ​លម្អ​ការ​គ្រប់​គ្រង​សំណល់​វេជ្ជ​សាស្ត្រ​ដែល​អាច​ចម្លង​មេរោគ ​និង​គម្រោង​ពង្រីក​សមត្ថ​ភាព​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត ​រោង​ចក្រ​ភូមិ​ព្រែក។ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​ជប៉ុន​ជា​ម្ចាស់​ជំនួយ​ទ្វេ​ភាគី​ដ៏​ធំ​របស់​កម្ពុជា​ដែល​មាន​ចំនួន​២៥%​នៃ​ជំនួយ​បរទេស​ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​មាន​ចំនួន​សរុប​ប្រហែល​៧២៥​លាន​ដុល្លារ។ ​ជប៉ុន​បាន​គាំទ្រ​តុលាការ​ខ្មែរ​ក្រហម ​ផ្តល់​ថវិកា​ដល់​ការ​ដោះមីន ​ ស្ថាបនា​ផ្លូវ​ថ្នល់​ ស្ពាន​និង​កំពង់ផែ ​និង​បាន​ផ្តល់​ជំនួយ​ផ្សេងៗ​ទៀត​ក្នុង​ពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩៕