យ៉ាងយោចណាស់មានមនុស្សប្រហែលជាង ២,៧លាននាក់បានកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យបច្ចេកវិទ្យាអេឡិកត្រូនិកនៅកម្ពុជាមានសន្ទុះរីកចម្រើនជាខ្លាំងក្នុងនោះដែរក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតបានកើនដល់ជាង២៤ក្រុមហ៊ុននៅឆ្នាំ ២០១៣នេះ។
កំណើននៃក្រុមហ៊ុនសេវាកម្មអ៊ីនធឺណិតនេះបានធ្វើឲ្យតម្លៃនៃការជាវនិងគុណភាពនៃសេវាកម្មកាន់តែប្រកួតប្រជែងថែមទៀត។
លោក គួយ សូណាក់ គឺជាជំនួយការផ្ទាល់អគ្គនាយករបស់ក្រុមហ៊ុនអង្គរណិតមានប្រសាសន៍ថារហូតមកទល់ពេលថ្មីនេះៗមានការប្រកួតប្រជែងច្រើនរវាងក្រុមហ៊ុនដែលផ្គត់ផ្គង់អ៊ីនធឺណិតដូច្នោះបានធ្វើឱ្យតម្លៃរបស់វាធ្លាក់ចុះហើយជាហេតុធ្វើឱ្យមានកំណើននៃអ្នកប្រើប្រាស់ក៏អាចមានលទ្ធភាពក្នុងការប្រើប្រាស់ផងដែរ។
លោកគួយ សូណាក់បន្ថែមថា៖
«រយៈពេលពីរបីឆ្នាំចុងក្រោយនេះយើងឃើញថាតម្លៃអ៊ីនធឺណិតមានការធ្លាក់ចុះហើយមានការកើនឡើងលើការលក់ដល់បណ្តាហាងកាហ្វេច្រើនដូច្នោះអតិថិជនហ្នឹងក៏ច្រើនដែរហើយកំណើននៃអ្នកប្រើប្រាស់តាមទូរស័ព្ទ Smart phone និងLaptopអីចឹងទៅ»។
ក្រុមហ៊ុនអង្គរណិតផ្តល់សេវាកម្មអ៊ីនធឺណិតក្នុងល្បឿនទាបបំផុតចាប់ពី ២៥៦គីឡូបៃក្នុងមួយវិនាទី(256Kbit/sec)។ អតិថិជនវិញភាគច្រើនរបស់ក្រុមហ៊ុនជាអ្នកដែលប្រើប្រាស់ចំនួនច្រើនដូចជានៅតាមបណ្តា អង្គការ និង ក្រសួងនានាជាដើម។
លោក នាក់ ឡុងគៀង អ្នកគ្រប់គ្រងផ្នែកលក់ និងផ្នែកទីផ្សាររបស់ក្រុមហ៊ុនអ៊ីនធឺណិត ឌីជី Digi ស្ថិតក្រោមការបណ្តាក់ទុន ពីប្រទេសកាហ្សាក់ស្ថានកាលពីឆ្នាំ២០០៨។
លោកឡុងគៀងបន្តថាកាលពីប៉ុន្មានឆ្នាំមុនដោយសារតែតម្លៃនៅថ្លៃហើយមិនសូវមានការរីកចម្រើនលើបច្ចេកវិទ្យានានាការប្រើប្រាស់អ៊ឺនធឺណិតនៅមិនសូវច្រើនទេប៉ុន្តែពេលនេះ មានក្រុមហ៊ុនច្រើនដូច្នេះតម្លៃបានធ្លាក់ចុះហើយការផ្គត់ផ្គង់នៃល្បឿនអ៊ឺនធឺណិតវិញក៏កាន់តែខ្ពស់។
លោកបន្តថា៖
«ឆ្នាំ២០០៨ទៅ ២០០៩ យើងឃើញថាអ្នកប្រើប្រាស់មិនសូវមានអ្នកប្រើប្រាស់តាមផ្ទះទេគឺជាអ្នកប្រើប្រាស់ជាអាជីវកម្ម។ បន្ទាប់ពី ២០០៩ទៅ គឺដោយសារតែតម្លៃធ្លាក់ចុះច្រើន ហើយមានការប្រកួតប្រជែងដែរនោះបានធ្វើឱ្យចំនួនអ្នកប្រើប្រាស់កើន។ កាលពីមុនមួយមេហ្គាបៃ ជាង ១ពាន់ដុល្លារតែឥឡូវវិញចូលដល់ផ្ទះរបស់គាត់អាចបាន ២មេហ្គាបៃ ត្រឹមតែ ១២ដុល្លារ»។
យ៉ាងយោចណាស់មានមនុស្សប្រហែលជាង ២,៧លាននាក់បានកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងទូរគមនាគមន៍បានឱ្យដឹងថា កាលពីឆ្នាំ២០១០ ចំនួនអ្នកប្រើប្រាស់មានត្រឹមតែជាង ៣សែន ២ម៉ឺននាក់ប៉ុណ្ណោះ។
តាមទិន្នន័យដែលវីអូអេទទួលបានពីក្រុមហ៊ុនចំនួនបួនដូចជា អ៊ីហ្សីខម ឌីជី មេគង្គណិត និងអូផេនណិតបានបង្ហាញថាតម្លៃអ៊ីនធឺណិតមានប្រែប្រួលពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ហើយតម្លៃក៏អាស្រ័យលើប្រភេទនៃល្បឿនអ៊ីនធឺណិតផងដែរ។
ក្នុងចំណោមក្រុមហ៊ុនទាំងនោះតម្លៃនៃការភ្ជាប់សេវាកម្មអ៊ីនធឺណិតជាលក្ខណៈប្រើប្រាស់តាមផ្ទះកំពុងត្រូវអ្នកប្រើប្រាស់និយមប្រើហើយមានទាបបំផុត គឺ ១២ ដុល្លារអាមេរិកក្នុងមួយខែសម្រាប់ល្បឿន ២មេហ្គាបៃក្នុងមួយវិនាទី (2MB/sec)។
រីឯការប្រើប្រាស់សម្រាប់ក្នុងការប្រកបមុខរបររកស៊ីវិញតម្លៃទាបបំផុតគឺ ៩៩ដុល្លារអាមេរិកសម្រាប់ល្បឿន៤មេហ្គាបៃក្នុងមួយវិនាទី(4MB/sec)។
យោងតាមទិន្និន័យដែលបានចេញផ្សាយលើគេហទំព័រដោយក្រសួងទូរគមនាគមន៍កាលពីថ្ងៃទី ១៤ខែមិនាឱ្យដឹងថាចំណូលសរុបលើវិស័យអ៊ីនធឺណិតនៅកម្ពុជាមានសរុបជាង១,៤លានដុល្លារអាមេរិក។
លោក វ៉ាន់ ជុងជាប្រធានផ្នែកលក់នៅក្រុមហ៊ុនអូភិនណិត (OpenNet) ដែលជាក្រុមហ៊ុនអ៊ីនធឺណិត មានវិនិយោគទុនមកពីប្រទេសវៀតណាមកាលពីដើមឆ្នាំ២០១២។ ក្រុមហ៊ុនរបស់គាត់មានផ្តល់ សេវាកម្មផ្គត់ផ្គង់ដល់ទាំងអ្នកប្រើប្រាស់ជាគ្រួសារនិងសម្រាប់ក្រុមអ្នកដែលបើជាអាជីវកម្មត្រូវការសេវាអ៊ីនធឺណិត។
ប្រធានផ្នែកលក់រូបនេះបន្តថាក្រុមហ៊ុនរបស់គាត់នឹងផ្តល់ឱ្យអថិជននៅកម្ពុជានូវតម្លៃដូចនៅ ប្រទេសវៀតណាមដែរ។ សម្រាប់កន្លែងរបស់គាត់អតិថិជនភាគច្រើនគឺជាសិស្សនិស្សិតហើយ សម្រាប់ប្រភេទដែលពេញនិយមជាងគេនៅកន្លែងរបស់គាត់សេវាកម្មអ៊ីនធឺណិតដែលមានល្បឿន ២មេហ្គាបៃក្នុងមួយវិនាទី (2MB\sec)។
លោកវ៉ាន់ ជុងបន្តថា៖
«ដោយសារតែក្រុមហ៊ុនរបស់ខ្ញុំទទួលបានអាជ្ញាប័ណ្ណមកពីប្រទេសវៀតណាម ដូច្នោះយើងអាចផ្តល់សេវាកម្មអ៊ីនធឺណិតមួយក្នុងតម្លៃទាប ហើយនឹងធ្វើឱ្យដូចតម្លៃនៅប្រទេសវៀតណាមដែរ។ ហើយម្យ៉ាងយើងចង់ទាក់ទាញអតិថិជនឱ្យបានច្រើន»។
តាមការឱ្យដឹងរបស់មន្ត្រីក្រសួងទូរគមនាគមន៍ឱ្យដឹងថាការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាមានពីរប្រភេទ គឺភា្ជប់ដោយប្រើខ្សែនិងដោយមិនប្រើប្រាស់ខ្សែ ដូចជាប្រើប្រាស់លើទូរស័ព្ទដៃ3G ម៉ូដឹម (Modem) និងវៃហ្វាយ (Wi-Fi) ជាដើម។ ក្នុងនោះ ៩៨% នៃអ្នកប្រើប្រាស់នៅកម្ពុជាគឺជាអ្នកប្រើប្រាស់ដោយអ៊ីនធឺណិតឥតប្រើខ្សែ។
លោក ម៉ៅ ចរិយា ប្រធានគ្រប់គ្រងទូទៅនៃនាយកដ្ឋានគ្រប់គ្រងទូរគមនាគមន៍ចល័តបានឱ្យដឹងថា៖
«បច្ចេកវិទ្យានិងអាជីវកម្មលើវិស័យ ICT នេះមានការកើនឡើងលើ Wi-Fi និងMobile និងIP Platefrom គឺមានការកើនឡើងស្ទើរគ្រប់កន្លែងទាំងអស់។
លោកម៉ៅ ចរិយាបន្តថាការប្រកួតប្រជែងលើតម្លៃអ៊ីនធឺណិតនេះជាការល្អដោយហេតុវាអាចធ្វើប្រជាពលរដ្ឋអាចទទួលបានការប្រើប្រាស់អ៊ីនធឺណិត។
រីឯលោក កែវ ឧត្តម អ្នកគ្រប់គ្រងគេហទំព័រពពកបាននិយាយទាំងសុទិដ្ឋិនិយមថារហូតមកទល់ពេលនេះប្រព័ន្ធអ៊ីនធឺណិតប្រៀបបានដូចជាផ្នែកមួយនៃជីវិតរបស់គាត់ទៅហើយមូលហេតុគឺដោយសារតែភាគច្រើននៃការងារដែលគាត់ត្រូវការប្រើប្រាស់ដោយអ៊ីនធឺណេត។ ការប្រកួតប្រជែងនៃតម្លៃអ៊ីនធឺណិតនឹងផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់នៅកម្ពុជា។
លោកកែវ ឧត្តមក៏បញ្ជាក់ដែរថា៖
«ប្រសិនបើតម្លៃអ៊ីនធឺណិតនៅតែបន្តប្រកួតប្រជែងអីចឹងយើងនឹងទទួលបាននូវផលប្រយោជន៍ច្រើន។ ការប្រើប្រាស់បណ្តាញសង្គមក៏ដូចជាទទួលបាននូវព័ត៌មានផ្សេង។ យើងចំណេញច្រើនណាស់ទីមួយយើងអាចកាត់បន្ថយនូវការចំណាយរបស់យើងហើយយើងអាចយកប្រាក់ទៅប្រើលើការចំណាយអ្វីផ្សេងទៀត»។
ម្យ៉ាងវិញទៀតការកើនឡើងនៃចំនួនហាងកាហ្វេដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់អ៊ីនធឺណិតដោយមិនគិតថ្លៃក៏ជាសន្ទុះថ្មីមួយដែលធ្វើឱ្យចំនួននៃអ្នកប្រើមានការកើនឡើងផងដែរ។ ចំនួន
ហាងអ៊ីនធឺណិតកាហ្វេសរុបមានប្រហែល ៣១៦ហាងនាពេលបច្ចុប្បន្ននេះ។
តម្លៃប្រកួតប្រជែងនៃអ៊ីនធឺណិតនិងការរីកចម្រើននៃក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិតបានជួយសម្រួលដល់ការធ្វើអាជីវកម្មជាច្រើន។
លោក ចាង ប៉ុនលាង អ្នកគ្រប់គ្រងនៅហាងកាហ្វេប្រោន (Brown) បានឱ្យដឹងថាសម្រាប់អាជីវកម្មដូចជាកន្លែងរបស់គាត់នេះការភា្ជប់នូវអ៊ីនធឺណិតមានសារៈសំខាន់។ គាត់បន្តថាសម្រាប់អាជីវកម្ម ដូចជាកន្លែងរបស់គាត់ ការដែលតម្លៃអ៊ីនធឺណិតនៅបន្តប្រកួតប្រជែង ហើយកាន់តែទាប នឹងទទួលបាននូវផលចំណេញតាមរយៈការកាត់បន្ថយនូវការចំណាយ។
«ប្រសិនបើសម្រាប់ខាងអាជីវកម្មអីចឹងវាល្អហើយ។ ល្អមួយទៀតសម្រាប់អាជីវកម្មនៅស្រុកខ្មែរ ទៅមុខទៅកាន់តែធំកាន់តែត្រូវប្រើអ៊ីនធឺណិត។ ត្រូវការទិន្នន័យត្រូវការដេតាបេស (Database)។ដូចហាងខ្ញុំចឹងរាល់ការគ្រប់គ្រងទិន្នន័យការងារទាំងអស់ត្រូវលីង (link) លើវ៉ិបបេសណាមួយ។កាលណាអ៊ីនធឺណិតកាន់តែថោក យើងចំណាយលើ Operation ដែលមានWeb hosting យើងមានដំណើរការ ដេតាសិនធ័រ(Data Center)កាន់តែទាបដែរ»។
អ្នកស្រី ចក់ សុភាពនាយិកាកម្មវិធីនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងដែរថា វាជាចំណុចវិជ្ជមានមួយសម្រាប់អ្នកប្រើប្រាស់ជាពិសេសយុវជនដែលមានលទ្ធភាពតិចតួចសម្រាប់ការភ្ជាប់អ៊ីនធឺណិត។ អ្នកស្រីនិយាយថាអ៊ីនធឺណិតមានសារៈសំខាន់សម្រាប់យុវជន សម្រាប់ការសិក្សានិងការចូលប្រឡូកក្នុងសង្គម។
អ្នកស្រីបញ្ជាក់ថា៖
«មកដល់ពេលនេះម្នាក់ៗអាចប្រើប្រាស់អ៊ឺនធឺណិតនៅតាមផ្ទះដោយប្រើប្រាស់ Modem ឬក៏ទូរស័ព្ទផ្ទាល់ខ្លួន។ អីចឹងយើងឃើញថាការប្រើប្រាស់អ៊ឺនធឺណិតមានសារៈសំខាន់មែនទែនសម្រាប់យុវជនយើងហ្នឹង»។
ស្របពេលដែលចំនួននៃអ្នកប្រើប្រាស់និងក្រុមហ៊ុនអ៊ីនធឺណិតកាន់តែមានចំនួនច្រើន កាលពីខែសីហាឆ្នាំ២០១២ មុននេះ មានសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតនឹងត្រូវការការពិនិត្យបន្ថែមច្រើនទៀតមុននឹងដាក់ជូនរដ្ឋសភាដើម្បីពិភាក្សានិងអនុម័ត។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏មានការព្រួយបារម្ភពីការគាបសង្កត់លើការប្រើប្រាស់ប្រព័ន្ធអេឡិកត្រូនិកនេះផងដែរ៕