ក្រសួង​មហាផ្ទៃ​ពិនិត្យ​មើល​ច្បាប់​គ្រប់​គ្រង​អង្គការ​ជា​លើក​ចុងក្រោយ

លោក​ អំ សំអាត​ អ្នក​សម្របសម្រួល​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (ឆ្វេង) ​ថ្លែង​នៅ​ក្នុង​សន្និសីទ​​ព័ត៌មាន​អំពី​យុទ្ធនាការ​​«ឈប់​និង​ពិគ្រោះ​យោបល់​លើ​ច្បាប់​​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។ មាន​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​ប្រមាណ​២៧០ ចូល​រួម​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នោះ អំពី​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ដ៏​ចម្រូងចម្រាស់​នេះ​ដែល​ពួក​គេ​​បារម្ភ​ថា ច្បាប់​នេះ​មាន​ចេតនា​​រិតត្បិត​សេរីភាព​របស់​ពួក​គេ។ (នៅ វណ្ណារិន/VOA)

ក្រសួង​មហាផ្ទៃ​បាន​ពិនិត្យ​មើលខ្លឹមសារ​ចុងក្រោយនៃ​សេចក្ដី​ព្រាងច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ​មុន​នឹង​បញ្ជូន​ទៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ឱ្យ​ពិនិត្យ​និង​សម្រេច។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល។​

លោក​ ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​បាន​ប្រាប់ ​VOA ​ថា​ច្បាប់​នេះ​មិន​ទាន់​មក​ដល់​គណៈរដ្ឋមន្ត្រី​នៅ​ឡើយ​ទេ៖

«ខ្ញុំ​ដឹង​កាលពី​ព្រឹកមិញ​នេះ​គឺ​ថា​មាន​ការ​ប្រជុំ​ក្រោម​អធិបតី​ភាព​ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង ដើម្បី ​ពិនិត្យ​មើល​ច្បាប់​ហ្នឹង។ ខ្ញុំ​មិន​ហ៊ាន​ថា​ចុងក្រោយ​ទេ​ប៉ុន្តែ​បើ​តាម​ការ​ដឹង​របស់​មន្ត្រី​ដែល​ចូលរួម​នោះ​គេ​ថា​ជា​ការ​ពិនិត្យ​មើល​ទាំង​ពាក្យ​នៃ​កិច្ច​តែង​សេចក្តី​ក៏​ដូច​ជា​គោលដៅ​ហើយ​នឹង​អ្វី​ដែល​នឹង​ឆ្លើយ​តប​នឹង​ខ្លឹមសារ​នៃ​ច្បាប់។ អាស្រ័យ​ហេតុដូច្នេះ​អ្វី​ដែល​យើង​ដឹង​ពី​ព្រឹក​មិញ​យើង​គ្រាន់​ប្រហែល​ថា​គេ​អាច​បញ្ចប់​ការ​មើល​ គេ​កែ​ហើយ​គេ​នឹង​បញ្ជូន​មក​ទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី​ ប៉ុន្តែ​នៅ​ម៉ោង​ប្រាំ​ពេល​ដែល​ខ្ញុំ​នៅ​ក្នុង​ការិយាល័យ​របស់​ខ្ញុំ​យើង​អត់​ទទួល​បាន​ទេ‍»។​

អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​និង​អន្តរជាតិ​បាន​សម្តែង​ការជំទាស់​នឹង​ការ​ចេញ​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ហើយ​ព្រមានឲ្យដឹង​កាលពី​ថ្ងៃច័ន្ទ​ថា​ការ​អនុម័ត​ច្បាប់​នេះ​ដោយ​មិន​មាន​ការចូលរួម​ពិគ្រោះ​យោបល់​ពី​អង្គការ​ពាក់ព័ន្ធ​វា​នឹង​អាច​ធ្វើ​ឲ្យ​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ជាតិ​ទាំងមូល។​

ពួកគេ​លើក​ឡើង​ថា​ច្បាប់​នេះ​នឹង​ប៉ះពាល់ដល់​គម្រោង​ជាង​៤.០០០​របស់​អង្គការ​សង្គម​ស៊ីវិល​នានា​ដែល​កំពុង​អនុវត្ត​នា​ពេល​បច្ចុប្បន្ន។​ ជាង​នេះ​ទៀត​វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ជាង​១លាននាក់​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ធ្វើ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​សម្តែង​ចេតនាជំរុញ​ច្បាប់​នេះ​មាន​ការ​អនុម័ត​ឲ្យ​បាន​នា​ខែ​ឧសភា​នេះ​ជា​កំហិតហើយ​គំរាម​ដាក់​ខ្នោះ​ជន​ណា​ដែល​មិន​គោរព​តាម​ពេល​ដែល​ច្បាប់​នេះ​ត្រូវ​ដាក់​ឱ្យ​អនុវត្ត៕