អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ទំនាក់ទំនងកម្ពុជានិងឥណ្ឌូណេស៊ី កំពុងតែបោះជំហានទៅមុខ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបែបនេះ កើតឡើងក្រោយមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ី និងបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Prabowo Subianto មកកាន់កម្ពុជា កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤ និងបន្ទាប់ពីការផ្តល់ជំនួយយោធាដល់កម្ពុជាកាលពីចុងខែសីហា។
លោក ប៉ែន បូណា អតីតអ្នកកាសែតជើងចាស់មួយរូប ហើយបច្ចុប្បន្នជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «ហើយបើនិយាយពីឥណ្ឌូណេស៊ី និងកម្ពុជា យើងមានទំនាក់ទំនងល្អតាំងពីយូរមកហើយ គឺអត់ដែលមានបញ្ហាអីទេ ហើយទំនាក់ទំនងនេះកាន់តែរីកចម្រើនទៅមុខជានិច្ច ហើយកាន់តែត្រូវបានពូនជ្រំជាបន្តបន្ទាប់ ហើយឥណ្ឌូណេស៊ីគឺជាប្រទេសមានឥទ្ធិពលនៅក្នុងអាស៊ាន ហើយទំនាក់ទំនងកម្ពុជា-ឥណ្ឌូណេស៊ីគឺជាទំនាក់ទំនងល្អគ្រប់វិស័យ»។
បើតាមអ្នកនាំពាក្យរូបនេះ កម្ពុជាមានគោលនយោបាយការបរទេសល្អដែលឆ្លើយតបទៅនឹងបរិបទពិភពលោក និងថា កម្ពុជារាប់អានប្រទេសទាំងអស់នៅលើពិភពលោក។
នៅក្នុងជំនួបជាមួយប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃសុក្រសប្តាហ៍មុន មេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា លោកត្រៀមខ្លួនរួចជាស្រេចនៅក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក Prabowo Subianto ដែលនឹងចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ីក្នុងខែតុលាខាងមុខ។
មេដឹកនាំនៃប្រទេសទាំងពីរបានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តនៅក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងឥណ្ឌូណេស៊ី-កម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក Prabowo នាពេលនេះ «នឹងចូលរួមពូនជ្រំ» ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។ នេះបើតាមសារដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក។
ដំណើរទស្សនកិច្ចរបស់លោក Prabowo កើតឡើងក្រោយកម្ពុជាទទួលបានសព្វាវុធយោធាពីរដ្ឋាភិបាលឥណ្ឌូណេស៊ីមានទំហំទឹកប្រាក់ប្រមាណ ៥០ ម៉ឺនដុល្លារអាមេរិក ដោយក្នុងនោះ រួមមានកាំភ្លើងខ្លី កំាំភ្លើងវែង និងគ្រាប់រំសេវជាដើម កាលពីថ្ងៃទី ៣០ ខែសីហាកន្លងទៅ។
អ្នកតាមដានភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី ប្រាប់វីអូអេថា ដំណើរទស្សនកិច្ចរបស់លោក Prabowo បង្ហាញពីសារៈសំខាន់ និងការយកចិត្តទុកដាក់របស់ឥណ្ឌូណេស៊ីលើបញ្ហាសន្តិសុខ និងយោធាជាមួយកម្ពុជា។ លោកបន្ថែមថា ទំនាក់ទំនងកម្ពុជា និងឥណ្ឌូណេស៊ី «ល្អគ្រាន់បើ» ប៉ុន្តែលោកថា ឥណ្ឌូណេស៊ីព្រួយបារម្ភពីការណ៍ដែលកម្ពុជាធ្លាក់ទៅក្នុងគន្លងរបស់ចិន។
លោកបញ្ជាក់ថា៖ «ថ្វីដ្បិតតែទំនាក់ទំនងក្នុងវិស័យយោធារវាងប្រទេសទាំងពីរជិតដិត ក៏ប៉ុន្តែដោយឡែកគំនិតផ្តួចផ្តើមដែលឥណ្ឌូណេស៊ីបង្កើតឡើងច្រើនតែគ្មានវត្តមានកម្ពុជា។ អាចំណុចត្រង់ហ្នឹង ខ្ញុំគិតថា ឥណ្ឌូណេស៊ីប្រហែលព្រួយបារម្ភខ្លាចថា បើសិនជាកម្ពុជាគ្មានវត្តមាននៅក្នុងលំហាត់យោធា ឬក៏គំនិតផ្តួចផ្តើមណាមួយរបស់ឥណ្ឌូណេស៊ី ឬសមាជិកអាស៊ានផ្សេងទៀត កម្ពុជាអាចនឹងធ្លាក់ចូលទៅក្នុងគន្លងភូមិសាស្ត្រនយោបាយរបស់ចិន ហើយនឹងអាចធ្លាក់ចូលទៅក្នុងឥទ្ធិពលរបស់ចិន»។
បើតាមអ្នកតាមដានរូបនេះ ការណ៍ដែលឥណ្ឌូណេស៊ីពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា អាចជួយកម្ពុជានៅក្នុងការធ្វើពិពិធកម្មទំនាក់ទំនងជាមួយប្រទេសដទៃបានទូលំទូលាយជាងមុន។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា ទំនាក់ទំនងកម្ពុជានិងឥណ្ឌូណេស៊ីល្អតាំងពីយូរមកហើយ គឺរាប់ចាប់តាំងពីជំនាន់សម្តេចសីហនុ។
បើតាមលោក ឯម សុវណ្ណារ៉ា ឥណ្ឌូណេស៊ីគឺជាសហប្រធានមួយដែលជំរុញឱ្យមានសន្តិភាពនៅកម្ពុជាតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្នយើងឃើញប្រធានាធិបតីថ្មីៗគាត់អញ្ជើញមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ជាការរឹតចំណងទ្វេភាគីឱ្យកាន់តែរឹងមាំរវាងកម្ពុជា និងឥណ្ឌូណេស៊ី ហើយយើងឃើញឥណ្ឌូណេស៊ីបានផ្តល់នូវជំនួយយោធាសប្តាហ៍មុន ក្នុងរង្វង់កន្លះលានដុល្លារមកកម្ពុជា។ ហ្នឹងជាកិច្ចការសំខាន់ ដែលធ្វើឱ្យកម្ពុជា ឥណ្ឌូណេស៊ីអាចគិតពិចារណានូវរឿងពង្រឹងទំនាក់ទំនងឱ្យកាន់តែស្អិតល្មួតឡើងក្នុងក្របខណ្ឌទ្វេភាគី ព្រមទាំងក្របខណ្ឌតំបន់»។
គួរបញ្ជាក់ថា ក្រៅពីប្រទេសកម្ពុជា ប្រធានាធិបតីជាប់ឆ្នោត លោក Prabowo ក៏បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសផ្សេងទៀតដែលជាសមាជិកអាស៊ាន រួមមានព្រុយណេ ឡាវ ថៃ និងម៉ាឡេស៊ី៕