វ៉ាស៊ីនតោន៖ អតីតរដ្ឋមន្ត្រីសង្គមកិច្ចខ្មែរក្រហម អៀង ធីរិទ្ធបានទទួលបានសេរីភាពក្រៅតុលាការខ្មែរក្រហមក្រោយពីព្រះរាជអាជ្ញានៃតុលាការនេះមិនបានជំទាស់នឹងការសម្រេចដោះលែងរបស់អង្គជំនុំជម្រះសាលាដំបូងក្រៅតែពីស្នើសុំឱ្យបន្ថែមលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ។
នេះជាជោគជ័យមួយសម្រាប់ក្រុមមេធាវីការពារស្រ្តីដែលគេដឹងគ្រប់គ្នាថាជា«ស្រ្តីទីមួយ»ក្នុងរបបខ្មែរក្រហមដោយសារតែពួកគេមិនបានជំទាស់នឹងការសម្រេចរបស់ចៅក្រមសាលាដំបូងក្នុងការដោះលែងបើទោះបីជានៅរក្សាថា«សេចក្តីសម្រេចដែលថាជនជាប់ចោទមិនមានសម្បទាខាងបញ្ញាស្មារតីគ្រប់គ្រាន់ក្នុងការចូលរួមសវនាការនេះ មិនមែនជាការសម្រេចសេចក្តី អំពីអត្ថិភាពឬនត្ថិភាពនៃពិរុទ្ធភាពរបស់ជនជាប់ចោទអៀង ធីរិទ្ធនោះ ឡើយហើយក៏ មិនមានអានុភាពដកការចោទប្រកាន់នានាចេញពីជនជាប់ចោទរូបនេះដែរ»។
អៀង ធីរិទ្ធត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ព្រមទាំងការធ្វើមនុស្សឃាត។
ហេតុផលសុខភាពគឺជាកត្តាចម្បងតែមួយគត់ដែលអនុញ្ញាតឱ្យលោកស្រីអៀង ធីរិទ្ធត្រូវរួចផុតពីការ ត្រូវបន្តឈរមុខក្រចកសេះដើម្បីបំភ្លឺពីតួរនាទីរបស់គាត់ក្នុងរបបខ្មែរក្រហម ៣ ឆ្នាំ៨ខែនិង២០ថ្ងៃដែលបានសម្លាប់ពលរដ្ឋខ្មែរយ៉ាងហោចណាស់១,៧លាននាក់។ សម្រាប់អ្នកចូលរួមសវនាការផ្ទាល់និងតាមដានតាមកញ្ចក់ទូរទស្សន៍វាជាការបញ្ចប់រូបភាពទះតុគំហកនិងស្រែកចោទដាក់«នួនជា»ថាជាមេគំនិតសម្លាប់មនុស្សទៀតហើយ។
ប៉ុន្តែ សម្រែកទាមទារយុត្តិធម៌របស់ជនរងគ្រោះនៅបន្ត។ លោកជុំ ម៉ី ជនរងគ្រោះ ម្នាក់បានយល់ថាវាជាការជះគំរូអាក្រក់ហើយជាការបើកស្នាមរបួសឱ្យកាន់តែធំជាងមុន៖
«អត់សមហេតុសម ផលទេ។ វាអត់មានយុត្តិធម៌។ គាត់ធ្វើពុតទេ។ កាលពីគាត់ចូលកាលមុនទះតុចង់បែកតុតុលាការ។ តែដល់ដោះលែងអៀងធីរិទ្ធ ប៉ុន្មាននាក់នោះក៏គេសុំដោះលែងដែរ»។លោកជុំ ម៉ី
សម្រាប់អ្នកស្រាវជ្រាវដ៏ល្បីពីរបបខ្មែរក្រហមគឺលោកឆាង យុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបើទោះបីជាលោកបានមើលដឹងជាមុនពីទំនោនៃការវិវត្តន៍ទៅរកលទ្ធផលដូចនេះក្នុងរឿងក្តីមួយនេះក៏លោកនៅ សម្តែងការភ្ញាក់ផ្អើលហើយចាត់ទុកថានេះគឺជាការចាប់ផ្តើមមួយសម្រាប់ដំណើរដែលមានផ្លូវឆ្ងាយតទៅមុខទៀតសម្រាប់ការផ្សះផ្សាផ្លូវចិត្តរបស់ជនរងគ្រោះ។
«ជាមេរៀនដ៏លំបាកដែលយើងនឹងទទួលយកប៉ុន្តែវាជាការពិតហើយខ្ញុំគិតថាវាជៀសមិនផុតពីអារម្មណ៍របស់ជនរងគ្រោះដែលគិតថានេះជាភាពអយុត្តិធម៌ដោយសារថាអ្វីដែលគាត់ឃើញឧទាហរណ៍ដូចជាថាការថែរក្សាជំងឺរបស់អៀងធីរិទ្ធដែលមានកម្រិតខ្ពស់ដែលមានការយកចិត្តទុកដាក់ជាស្តង់ដាអន្តរជាតិ។ ចំពោះពួកគាត់ជាជនរងគ្រោះ ហើយភាគច្រើនរស់នៅក្នុងភាពក្រីក្រហើយគ្មានទាំងលទ្ធភាពទៅ មន្ទីរព្យាបាលទៀតផង។ អីចឹងនេះគឺជាអារម្មណ៍មួយដែលជៀសមិនផុត»។
លោកឆាង យុ ចាត់ទុកថាវាក៏ជាការដាស់ស្មារតីមួយដែរដល់អង្គការសហប្រជាជាតិឱ្យខិតខំជំរុញដំណើរការសាលាក្តីនេះឱ្យទៅ មុខឱ្យកាន់តែឆាប់ជៀសវាងករណីស្រដៀងគ្នានេះកើតឡើងបន្តទៀត។
«នេះជាសារមួយដែរទៅដល់អង្គការសហប្រជាជាតិក្នុងការចេះតែពន្យាពេលក្នុងការដោះ ស្រាយបញ្ហាយុត្តិធម៌នានានៅក្នុងប្រទេសកម្ពុជាយើង។ វានឹងប៉ះពាល់ដល់អារម្មណ៍ ផ្លូវចិត្តរបស់ជនរងគ្រោះ ក៏ដូចជាការប៉ះពាល់ដល់ការអភិវឌ្ឍជាតិដែរហើយខ្ញុំគិតថាការផ្សះផ្សារនេះវានឹងត្រូវចំណាយពេលយូរហើយវិធីច្រើនទៀតដែលអាចជួយដល់ការផ្សះផ្សារដូចជាការបង្រៀនតាមសាលាក្តីគឺជាវិធីមួយទប់ទល់នឹងតុលាការដែលយើងគិតថាមិនអាចបំពេញយុត្តិធម៌ដ៏ល្អអត់ខ្ចោះមួយប៉ុន្តែតុលាការគឺជាមូលដ្ឋានសំខាន់ដើម្បីបង្កឱ្យមានយន្តការសំខាន់ផ្សេងៗទៀតជួយដល់ការផ្សះផ្សាដែរ»។
រដ្ឋាភិបាលកម្ពុជាដែលគេតែងតែចោទថាលូកដៃលូកជើងចូលក្នុងដំណើរការតុលាការទន្ទឹមគ្នានឹងខិតខំបិទទំព័រខ្មៅមួយដែលប្រទេសនេះជួបប្រទះនិងនាំឱ្យអាម៉ាស់មុខលើឆាកអន្តរជាតិបាននៅស្ងៀមមិនមានប្រតិកម្មអ្វីទេ។
លោកផៃស៊ីផានរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា៖
«នៅក្នុងករណីនេះជាករណីរបស់តុលាការសុទ្ធសាធ ហើយនៅក្នុងករណី លោកស្រីអៀងធីរិទ្ធគឺស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការដែលយើងហៅថាជាតុលាការខ្មែរក្រហមរាជរដ្ឋាភិបាលគ្មានអ្វីក្រៅពីគោរពសេចក្តី សម្រេចឬក៏ចាត់វិធានការតាមតម្រូវការរបស់តុលាការវិនិច្ឆ័យក្តីខ្មែរក្រហមនេះគឺគ្មានអ្វីក្រៅពីហ្នឹងទេ»។
សាលាក្តីខ្មែរក្រហមប្រហែលជានឹងត្រូវធ្វើការយ៉ាងខ្លាំងជាងមុនដើម្បីពន្យល់ពលរដ្ឋកម្ពុជាអំពីការសម្រេចចិត្តនេះនឹងការប្តេជ្ញារបស់គេក្នុងការបិទភ្ជិតដំបៅផ្លូវចិត្តដែលរឿងក្តី មួយនេះបានបង្កឱ្យមានជាថ្មី។
លោកនេត ភក្រា អ្នកនាំពាក្យសាលាក្តី បានបញ្ជាក់បា្រប់វីអូអេថា៖
«យើងឃើញថាការដោះ លែងលោកស្រីអៀង ធីរិទ្ធនេះវាពិតជាធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនជាពិសេសបងប្អូនជនរងគ្រោះពីរបបខ្មែរក្រហមគាត់មានការមិនសប្បាយចិត្តចំពោះបញ្ហានេះក៏ ប៉ុន្តែខ្ញុំសូមជម្រាបថានេះគឺជាការសម្រេចខាងផ្នែកតុលាការដែលកាលណាតុលាការរកឃើញថាជនជាប់ចោទមិនអាចមានបញ្ញាស្មារតីគ្រប់គ្រាន់ល្មមនៅក្នុងដំណើរការបានគឺនៅក្នុងគោលការណ៍ច្បាប់អន្តរជាតិនិងសិទ្ធិមនុស្សគឺគេមិនអាចឃុំខ្លួនទៅលើជនដែលគាត់មានជំងឺវង្វេងវង្វាន់បាត់ការចងចាំដូចករណីលោកស្រី អៀង ធីរិទ្ធនេះ»។
ក្រុមរដ្ឋអាជ្ញាមានពេលតែ៧ថ្ងៃប៉ុណ្ណោះដើម្បីប្រមូលយកឯកសារដែលអាចតែនឹងគ្រប់គ្រាន់ដើម្បីសុំឱ្យអង្គជំនុំជម្រះតុលាការកំពូលយល់ស្របតាមសំណើរបស់ខ្លួនដែលសុំឱ្យរក្សាទុកជនជាប់ចោទអៀងធីរិទ្ធនៅក្នុងលំនៅដ្ឋានដែលមានលក្ខណៈស្រដៀងគ្នានឹងការដាក់ឃុំខ្លួននៅក្នុងផ្ទះ ហើយមានភ្ជាប់លក្ខខណ្ឌមួយចំនួនដែលមានដូចជាការដកហូតលិខិតឆ្លងដែន មានការត្រួតពិនិត្យសុវត្ថិភាពដោយអាជ្ញាធរឬមន្ត្រី ផ្លូវការដែលចាត់តាំងដោយតុលាការ ក្នុងមួយសប្តាហ៍ម្តង និងតាមដានសុខភាពរៀងរាល់៦ខែម្តងជាដើមដែលលក្ខខណ្ឌទាំងនេះអ្នកស្រាវជ្រាវដូចជាលោកឆាង យុ ចាត់ទុកថា «ជាការគួរឱ្យចាប់អារម្មណ៍» ដែលសហព្រះរាជអាជ្ញាហាក់ដូចជាជឿទាំងសងខាងព្រោះ ជាទូទៅសហព្រះរាជអាជ្ញាគាត់នៅ ខាងជនរងគ្រោះ។