ការ​ដោះលែង​អៀង ​ធីរិទ្ធត្រូវ​មាន​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់​​

អៀង ធីរិទ្ធ​ ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​ក្នុង​របប​ខ្មែរក្រហម។

ស៊ុយ​ ហ៊ាមខេមរា ​
ភ្នំពេញ​៖
មន្ត្រីជាន់ខ្ពស់​សាលាក្តី​ខ្មែរក្រហម​បាន​ឲ្យ​ដឹង​ថា​ ករណី​ដោះលែង​ជន​ជាប់​ចោទ​អៀង ធីរិទ្ធ​ឲ្យ​នៅក្រៅ​ឃុំ​ ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ឌឹម សុវណ្ណារុំ ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ មានប្រសាសន៍​ថា ​ការដាក់​បញ្ចូល​ការដោះលែង​គឺ​ដើម្បី​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ថែមទៀត​ពី​ការវិវត្ត​នៃ​ដំណើរការ​កាត់ទោស។​ អៀង ធីរិទ្ធ​ ស្ត្រី​ទីមួយ​ក្នុង​របប​ខ្មែរក្រហម ​និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​ ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ ដោយ​ភ្ជាប់​ជាមួយ​លក្ខ​ខណ្ឌ​មួយ​ចំនួន​កាលពី​ថ្ងៃ​ទី១៦​ ខែ​កញ្ញា ​ដោយសារ​ជន​ជាប់ចោទ​វ័យ​៨០​ឆ្នាំ​រូប​នេះ​មាន​ជំងឺ​វង្វេង​វង្វាន់​ និង​បាត់​ការ​ចងចាំ។​

លោក​ឌឹម សុវណ្ណារ៉ុម​បន្ត​ថា ​សាលាក្តី​បាន​រៀបចំ​ជា​សំណួរ​ចម្លើយ​ស្តីពី​មូលហេតុ​នៃ​ការ​ដោះលែង​អតីត​មេដឹកនាំ​ខ្មែរក្រហម​រូប​នេះ។​ សាលាក្តី​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ករណី​អៀង ធីរិទ្ធ​ជា​លើក​ដំបូង​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​កាលពី​ពេល​ថ្មីៗ​នេះ។​

«យើង​ពន្យល់​សាធារណជន​ ថា​តើ​មកពី​មូលហេតុ​អ្វី​ ទាក់ទង​នឹង​រឿង​អ្នកស្រី​អៀង ធីរិទ្ធ។ ​ទី២តើ​ការដោះលែង​អ្នកស្រី​អៀង​ ធីរិទ្ធ​សំអាង​ទៅ​លើ​អ្វី។​ យើង​បាន​ធ្វើជា​សំណួរ​ចម្លើយ ​ហើយ​មន្ត្រី​កិច្ចការ​សារ​ធារ​ណៈ​បាន​រៀបចំ​ជា​បី​ភាសា ​ ភាសា​ខ្មែរ​ អង់គ្លេស​ និង​បារាំង​ ដើម្បីឲ្យ​សាធារណជន​យល់ដឹង​ពី​ដំណើរការ​សាលាក្តី​ខ្មែរក្រហម ​ហើយ​ដំណើរការ​ស្វែងរក​ការណ៍​ពិត​ហ្នឹង​ប្រព្រឹត្តទៅ​ដូចម្តេច?»។​

អៀង ធីរិទ្ធ​ត្រូវ​បាន​តុលាការ​ខ្មែរក្រហម​ចាប់ខ្លួន​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០០៧​ ក្នុង​ទីក្រុង​ភ្នំពេញ​ជាមួយ​ប្តី​របស់គាត់​អៀង សារី ​ដោយ​ចោទ​ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ បទ​ប្រល័យ​ពូជ​សាសន៍ ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។​

ការចេញ​សេចក្តី​ពន្យល់​របស់​សាលាក្តី​ខ្មែរក្រហម​ទាក់ទង​នឹង​ករណី​អៀង ធីរិទ្ធ​នេះ​ធ្វើឡើង​ស្របពេល​ដែល​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ហាក់​ដូចជា​មិនទាន់​ស្ងប់ចិត្ត​ចំពោះ​ការ​ដោះលែង​នេះ​នៅ​ឡើយ។​

លោក​ឥន្ទ វុទ្ធី​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ម្នាក់​ក្នុង​ចំណោម​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​ជិត​៤០០០​នាក់​ក្នុង​សំណុំ​រឿង​០០២​និយាយ​ថា ​លោក​មិន​អាច​ទទួល​យក​សេចក្ដី​សម្រេច​របស់​ខ្មែរក្រហម​បាន​ឡើយ។​

«ខ្ញុំ​យល់​ខ្ញុំ​ដឹង​ថា ​អៀង ធីរិទ្ធ​ហ្នឹង​ ស្មារតី​របស់គាត់​អត់​ល្អ ​បាន​ន័យ​ថា​ គាត់ឆ្លើយ​មិន​កើត។ ក៏​ប៉ុ​ន្តែ​កើត​មិន​កើត​ ចង់យក​គាត់​ទៅ​ព្យាបាល​នៅឯណា​ក៏​ដោយ​ ប៉ុន្តែ​កុំ​ឲ្យ​មាន​ពាក្យ​ថា​ ដោះលែង​ ពីព្រោះ​ពាក្យ​ថា ​ដោះលែង​នេះ ​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់។ ​សម្លាប់​ជាង​១លាន់​នាក់​ ហើយ​មក​ដោះ​លែង។​ ពាក្យ​ដោះលែង​នេះ​ វា​ឈឺ ​វា​ឈឺចាប់​ណាស់»។​
ក៏​ប៉ុន្តែ​លោក​ឌឹម សុវណ្ណារ៉ុម ​មន្ត្រី​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរក្រហម​បញ្ជាក់​ថា​ ការ​សម្រេច​ឲ្យ​អ្នកស្រី​អៀង ធីរិទ្ធ​នៅ​ក្រៅ​ឃុំ​គឺ​យោង​តាម​ការ​ការ​យល់ស្រប​របស់​ចៅក្រម​ភាគច្រើន​ និង​ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់។​

«តុលាការ​ដោះលែង​ហ្នឹង​ ដោយ​ផ្អែកលើ​របាយ​ការណ៍​របស់​វេជ្ជបណ្ឌិត ​ដែល​វា​ឆ្លុះ​ប​ញ្ជាំ​ង​ថា​ អ្នកស្រី​អៀង ធីរិទ្ធ​ពុំមាន​កាយ​សម្បទា​គ្រប់គ្រាន់​គឺ​មាន​ការ​វង្វេង​វង្វាន់។​ ហើយ​ការ​សម្រេច​ហ្នឹង​ទៀត​គឺ​សម្រេច​ដោយ​មតិ​ភាគច្រើន​លើស​លុប​ដែល​មាន​ទាំង​ចៅក្រម​ជាតិ ​និង​អន្តរ​ជាតិ»។​

លោក​ឆាំង យុគ ​នាយក​មជ្ឍមណ្ឌល​ឯកសារ​កម្ពុជា ​DC-CAM ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ការចុះ​ពន្យល់​ដល់​ប្រជា​ពលរដ្ឋ​អំពី​ការ​វិវត្ត​ចុងក្រោយ​របស់​សាលាក្ដី​គឺ​ជា​ប្រការ​សំខាន់។​

«ខ្ញុំ​គិត​ថា ​វា​មាន​សារៈ​សំខាន់​ ដោយ​ហេតុ​ថា​ ពេល​ដែល​កាត់​ក្តី​ហ្នឹង​មាន​តែ​ ដើម​បណ្តឹង​រដ្ឋប្បវេណី​ទេ។​ ដូច្នោះ​គាត់​យល់​ពី​ដំណើរការ ​ ហើយ​ប្រតិកម្ម​របស់​គាត់​ទៅ​នឹង​តុលាការ​ក៏​ខុស​គ្នា​ដែរ។ ​ហើយ​ការ​ផ្សព្វផ្សាយ​ហ្នឹង​មាន​សារៈ​សំខាន់​ដើម្បីឲ្យ​ប្រជា​ពលរដ្ឋ​យល់ដឹង​ពី​ដំណើរ​ការ​របស់​តុលាការ»។​

លោកស្រី​ក្លែ ដា​ហ្វ៊ី នៃ​អង្គការ​គំនិត​ផ្តួចផ្តើម​យុត្តិធម៌​សង្គម​សេរី ​(OSJI) ដែល​ឃ្លាំមើល​តុលាការ​ យល់​ឃើញ​ដូច​គ្នា​នេះ​ដែរ។​

«ខ្ញុំ​គិត​ថា​ ប្រសិន​បើ​មិនមាន​ការផ្សព្វផ្សាយ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដោយ​រលូន​ទេ​នោះ​ ប្រជា​ពលរដ្ឋ​អាច​នឹង​យល់ច្រឡំ​ថា​ ការ​ដោះលែង​នោះ​គឺ​ជា​បរាជ័យ​របស់​តុលាការ​ខ្មែរក្រហម។​ តែបើ​តាម​ការណ៍​ពិតទៅ​ អ្វីៗ​គឺ​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​ច្បាស់​របស់​តុលាការ»។​

លោកស្រី​ក្លែ ដា​ហ្វ៊ី​ អះអាង​ថា ​នេះ​គឺជា​សញ្ញា​គម្រូ​មួយ​សម្រាប់​តុលាការ​កម្ពុជា។​

«វា​បានបង្ហាញ​អំពី​សញ្ញា​ល្អ​របស់​ប្រព័ន្ធ​ច្បាប់​តុលាការ​ក្នុង​ប្រទេស​កម្ពុជា។​ វា​មាន​សារៈសំខាន់​ ដែល​តុលាការ​មិន​កាត់ក្តី​មនុស្ស​ដែល​មិនមាន​សតិ​អារម្មណ៍​គ្រប់គ្រាន់»។​
ក្នុង​រយៈពេល​៣​ឆ្នាំ​៨ខែ​២០ថ្ងៃ​នៃ​ការ​កាន់​អំណាច​របស់​ពួក​ខ្មែរក្រហម ​គិត​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ១៩៧៩​ មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោចណាស់​១,៧ លាន​នាក់​ស្លាប់ ​ដោយសារ​ការ​កាប់សម្លាប់​ ការធ្វើ​ទារុណ​កម្ម ​ការ​បង្អត់​អាហារ ​និង​ជំងឺ​ជាដើម។​

មេ​ដឹកនាំ​កំពូល​នៃ​របប​នេះ​ចំនួន​បួន​នាក់​ត្រូវ​ចាប់ខ្លួន​មក​កាត់ទោស​ក្នុង​សំណុំ​រឿង​០០២​ និង​អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​ម្នាក់​គឺ​ឌុ​ច ​អតីត​ប្រធាន​មន្ទីរ​ស២១ ​ឬ​គុក​ទួលស្លែង​ ត្រូវ​បាន​កាត់ទោស​ក្នុង​សំណុំ​រឿង​០០១។ ​កាំ​ង ហ្គិចអ៊ាវ ហៅ​ឌុច​ ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ​កាល​ពីដើម​ឆ្នាំ​២០១២​នេះ។​
ការ​ដោះលែង​អៀង ធីរិទ្ធ​បានធ្វើ​ឲ្យ​ជន​ជាប់ចោទ​ក្នុង​សំណុំ​រឿង​០០២​នៅ​សល់តែ​បីនាក់​ប៉ុណ្ណោះ​គឺ​លោក​នួន ជា ​អតីត​ប្រធាន​រដ្ឋសភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក​ខៀវ សំផន ​អតីតប្រមុខរដ្ឋ ​និង​លោកអៀង សារី ​ជា​អតីតឧប​នាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការបរទេស៕​