រឿងអាស្រូវផ្លូវភេទរបស់លោកកឹម សុខានិងនារីវ័យក្មេង បានទៅដល់ដៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនហើយ ហើយរដ្ឋាភិបាលនិងរដ្ឋសភាជាតិអាចនឹងធ្វើកិច្ចអន្តរាគមន៍នាពេលខាងមុខ ប្រសិនបញ្ហារីករាលដាលនិងជេរប្រមាថ កាន់តែខ្លាំងនោះ។
ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រ បញ្ចប់ការសិក្សា របស់និស្សិតសាកលវិទ្យាល័យមួយ នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា បានព្រមានធ្ងន់ៗថាលោកមានភស្តុតាងគ្រប់គ្រាន់ដែលអាចបញ្ជាក់ពីករណីស្នេហាលួចលាក់នោះ។ ដោយមិនបញ្ចេញឈ្មោះ លោក កឹម សុខា ប្រធានស្តីទី គណបក្សជំទាស់ លោក ហ៊ុន សែន ថ្លែងថា បើទោះជាករណីស្នេហាលួចលាក់នេះ «ជារឿងឯកជន» ត្រូវបានតុលាការនិងនគរបាលយុត្តិធម៌ ធ្វើការស៊ើបអង្កេតក៏ដោយ ក៏រដ្ឋាភិបាលរបស់លោកអាចនឹងធ្វើការលើរឿងនេះផងដែរ។
«នេះគ្រាន់តែជាពាក្យបណ្តឹងរវាងផ្នែកឯកជននិងឯកជន លើការបរិហារកេរ្តិ៍ឬបោកបញ្ឆោត ប៉ុន្តែបើរាលដាលដល់សភា ដល់រដ្ឋាភិបាល គឺរដ្ឋាភិបាលចាប់បង្ខំចិត្តត្រូវធ្វើ គឺធ្ងន់ហើយ។ ខ្ញុំគ្រាន់តែបង្ហាញសញ្ញាប្រាប់ សូម្បីតែក្នុងនេះ ក្នុងទូរស័ព្ទខ្ញុំនេះ មានរូបភាពដើរនៅក្នុងព្រលានយន្តហោះក្រុងបាងកក មានស្អីៗនេះ។ គ្រាន់តែគេមិននិយាយប៉ុណ្ណឹងទេតែ គេខ្ជិល»។
លោក ហ៊ុន សែន ដ៏មានឥទ្ធិពល ក៏លើកឧទាហរណ៍ ពីរឿងអាស្រូវស្នេហា របស់អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ដែលផ្ទុះឡើងក្នុងអំឡុងឆ្នាំ១៩៩៨ ផងដែរ។ យ៉ាងណាក៏ដោយរឿងនេះ ធ្វើឲ្យលោក Bill Clinton ត្រូវបានតុលាការអាមេរិក ពិន័យជាទឹកប្រាក់ចំនួន ៩ម៉ឺនដុល្លារ ដោយសារតែផ្តល់សក្ខីកម្មក្លែងក្លាយ តែបញ្ហានោះមិនបានប៉ះពាល់តំណែងជាប្រធានាធិបតីរបស់លោកនោះទេ។
លោក ហ៊ុន សែន ថ្លែងថា៖ «អ្នកឯងចង់ឆ្លើយម៉េចគឺជារឿងអ្នកឯង តែរឿងភស្តុតាងគឺជារឿងផ្សេង។ អ្នកឯងថា អត់មាន Passport ឥឡូវមាន Passport ព្រោះអ្នកឯងទៅធ្វើ Passport។ អ្នកឯងថាមិនដែលចេញក្រៅប្រទេស តែអ្នកឯងជិះ Bangkok Airways ម៉ោងប៉ុណ្ណេះ នៅថ្ងៃប៉ុណ្ណេះ ទៅដេកនៅសណ្ឋាគានេះ។ ហើយកុំថារឿងឯកជន។ នៅអាមេរិកអត់បានទេហ្អា សូម្បីតែ Clinton ក៏គេហៅទៅអាដែង ហ្អា!។ ហ្អាណឹងគេហៅថា White Water Crisis»។
កាលពីដើមខែនេះ ខ្សែអាត់សំឡេង ដែលគេចោទថា ជា សំឡេងពិត របស់លោកកឹម សុខានិង ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ«អាមុំ» ត្រូវបានគេបង្ហោះក្នុង គណនីហ្វេសប៊ុក ជាបន្តបន្ទាប់ និងត្រូវបានដកស្រង់ដោយសារព័ត៌មានក្នុងស្រុកផងដែរ។ ដោយមានការប្តឹងផ្តល់ របស់នាង ធី សុវណ្ណថាទាក់ទិននឹងការបរិហារកេរ្តិ៍ តុលាការក្រុងភ្នំពេញបានបញ្ជូនឲ្យនាយកដ្ឋានភេរវកម្មនៃក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេត។ កាលពីថ្ងៃសុក្រសប្តាហ៍មុន នាង ខុម ចាន់ដារាទី ឬ ស្រីមុំ ដែលគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សជំទាស់ បានបញ្ចប់ការបំភ្លឺ របស់ខ្លួន នៅនាយកដ្ឋានប្រឆាំងភេរវកម្មនាទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងនោះនាងក៏បានបដិសេធការចោទនោះផងដែរ។
ក្រោយពីមានការផ្ទុះរឿងខ្សែអាត់សំឡេងនេះ លោក កឹម សុខា ប្រធានស្តីនៃគណបក្សសង្គ្រោះ ក៏ធា្លប់ បានប្រកាសថាលោកជ្រើសយកជំហរ «មិនឈ្លោះ មិនឆ្លើយ និងមិនឆ្លង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏បានចំអកផងដែរថាការជ្រើសយកវិធី «មិន ៣» គឺ មិនឈ្លោះ មិនឆ្លើយ នឹងមិនឆ្លងនេះ មិនអាចជួយលោក កឹម សុខា ឲ្យគេចផុតពីបញ្ហានេះទេ ដោយសារតែមានជេរប្រមាថនិង ចោទថាករណីស្នេហាលួចលាក់នេះគឺជារឿងនយោបាយដែលគណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នងនោះ។
លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣០ ឆ្នាំបានបញ្ជាក់យ៉ាងដូច្នេះ៖ «អ្នកនេះ ថាមិនឈ្លោះ មិនឆ្លើយ និងមិនឆ្លង។ ប៉ុន្តែអ្នកដទៃវាចូលចិត្តឈ្លោះ និងចូលចិត្តឆ្លើយឆ្លង។ ដល់ជេរប៉ាចហាច ត្រូវចាប់បង្ខំឲ្យរឿងគេមិនចាប់អារម្មណ៍ឲ្យគេចាប់អារម្មណ៍ ហើយប៉ះទង្គិចមកដល់ថារឿងនយោបាយ។ ហ្អេបើគេថារឿងនយោបាយហើយធ្វើមែនតែម្តង។ ធ្វើតែម្តង។ បើជ្រុលតែគេថា ហើយធ្វើបណ្តោយ។ ហើយបើរដ្ឋាភិបាលធ្វើហើយ គឺវាពិបាកហើយ»។
លោក សុខ សំអឿន អ្នកជំនាញផ្នែកច្បាប់និងជាមេធាវីឯករាជ្យមួយរូបបានបញ្ជាក់ រឿងបញ្ហាស្នេហាត្រីកោណដូច្នេះគឺជារឿង«តូចតាច» ហើយលោកនាយករដ្ឋមន្ត្រីឬរដ្ឋាភិបាលមិនគួរលូកដៃចូលនោះទេ។ អ្នកច្បាប់រូបនេះ ក៏បានឲ្យដឹងផងដែរថា តាមផ្លូវច្បាប់ករណីរបស់លោក កឹម សុខា គឺអាចត្រឹមតែប្រើប្រាស់ច្បាប់ស្តីពីឯកព័ន្ធភាព «ប្តីមួយប្រពន្ធមួយ» ប្រសិនបើភរិយាលោកប្តឹងនោះ ហើយអាចត្រឹមតែបង់ពិន័យជាទឹកប្រាក់តែប៉ុណ្ណោះ។
លោកបានពន្យល់ថា៖ «វាមិនមែនជារឿងធំដុំទេ។ អត់មានរឿងអីធំដុំផង។ ឧទាហរណ៍ថា៖ បើគាត់ជាប់បទល្មើសព្រហ្មទណ្ឌ ហ្អាហ្នឹងគេដកអភ័យឯកសិទ្ធិ ដកតំណាងរាស្ត្រអីចឹងទៅ។ តែរឿងនេះគឺជាប់នឹងរឿងឯកពន្ធភាព ហើយបើឯកពន្ធភាព គឺត្រូវតែប្រពន្ធប្តឹង តែបើប្រពន្ធមិនប្តឹង ម៉េចមានរឿង ព្រហ្មទណ្ឌកើត អញ្ចឹងម៉េចមានទោសទណ្ឌកើត។ បើតាមយោបល់របស់ខ្ញុំគឺថាទុកឲ្យក្រុមនិស្សិតហ្នឹងគេលេងទៅ។ សម្តេចនាយកមិនបាច់មានប្រសាសន៍ធ្វើអ្វី»។
យ៉ាងណាមិញលោក សុខ សំអឿន យល់ថា រដ្ឋាភិបាលគួរតែបើកការស៊ើបអង្កេតលើករណីការលួចថតសំឡេង ឬការប្រឌិតសំឡេងនោះទើបជាការល្អ ហើយប្រជាពលរដ្ឋកម្ពុជាកំពុងតែមានក្តីបារម្ភពីការលួចថតសំឡេងតាមទូរស័ព្ទនេះ។
«សព្វថ្ងៃវាទៅជាធ្វើឲ្យប្រជាពលរដ្ឋគេបារម្ភថា គេទទួលអារម្មណ៍ ថាវាអត់មានសន្តិសុខ។ តាមពិតខាងរដ្ឋទេ ដែលរកថាតើនរណាជាអ្នកថត? តើបានសំឡេងហ្នឹងមកពីណា? បើបានសំឡេងហ្នឹងមានន័យថាវាលួចថតមិនអីចឹង។ បើមិនមែនលោក កឹម សុខា និងស្រីមុំនឹងអ្នកថត មិនអ៊ីចឹងហ្អេ»។
VOA មិនអាចទំនាក់ទំនងសុំការអធិប្បាយពីលោក កឹម សុខា បានទេនាថ្ងៃព្រហស្បតិ៍នេះ។
មេធាវីការពារក្តី របស់នាង ខុម ចាន់ដារាទី ឬ ស្រីមុំ គឺអ្នកស្រី ទ្រី ឈួន សុំមិនធ្វើអធិប្បាយទាក់ទិននឹងការលើកឡើងរបស់ លោក ហ៊ុន សែន នោះទេ។
ករណីខ្សែអាត់សំឡេងដែលមានភាពចម្រូងចម្រាសនេះ ត្រូវបានរាលដាលនិងឈឺឆ្អាលដោយក្រុមយុវជនមួយក្រុមដែលអះអាងខ្លួនថាជានិសិ្សតឯករាជ្យដែរ។ កាលពីថ្ងៃច័ន្ទកន្លងទៅយុវជនប្រមាណ ៣០នាក់ បានធ្វើការដាក់ញតិ្តទៅរដ្ឋសភាជាតិដើម្បីជំរុញឲ្យ លោក កឹម សុខា ធ្វើការបញ្ជាក់ពីបញ្ហាខ្សែអាត់នេះ ដោយសារជាគំរូអាក្រក់ដល់យុវជនកម្ពុជា។
នាថ្ងៃព្រហស្បតិ៍នេះផងដែរ យុវជន ស្រី ចំរើនដែលជាតំណាងយុវជនទាំងនោះបានប្រកាសថា ពួកគេ«នឹងដាក់ពាក្យបណ្តឹង លោក កឹម សុខា» ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវចំពោះខ្សែអាត់សំឡេងដែលថាលោក កឹម សុខា បានប្រព្រឹត្តអំពើពុករលួយទិញផ្ទះ
ទិញដី ជាច្រើនកន្លែងឲ្យស្រីស្នេហ៍។
ស្រដៀងគ្នានោះដែរ កាលពីពាក់កណ្តាលឆ្នាំ២០១៣ មិនប៉ុន្មានខែមុនពេលបោះឆ្នោតក្នុងប្រទេសកម្ពុជា ស្ត្រីវ័យកណ្តាលម្នាក់បានចេញមុខអះអាង ថាខ្លួនជាស្រីកំណាន់របស់លោក កឹម សុខា។ ស្ត្រីរូបនោះនិងម្តាយបានចេញមុខធ្វើការ ការតវ៉ា នៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិនិងដាក់ពាក្យបណ្តឹងដើម្បីឲ្យលោក កឹម សុខា ទទួលខុសត្រូវនិងជួយផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគាត់និងកូន។ យ៉ាងណាក៏ដោយការទាមទារ នេះបានស្ងប់ស្ងាត់ទៅវិញ ក្រោយការបោះឆ្នោត៕