ក្រសួងការបរទេសកម្ពុជាអំពាវនាវឲ្យអាជ្ញាធរវៀតណាមចាត់វិធានការស្រាវជ្រាវរកអត្តសញ្ញាណ និងផ្ដន្ទាទោសបុគ្គលដែលកម្ពុជាចាត់ទុកថា បាន«ប្រមាថ»លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តាមបណ្ដាញសង្គម Facebook (ហ្វេសប៊ុក) ដោយបញ្ជាក់ថា ដើម្បីរក្សាទំនាក់ទំនង និងភាពជាអ្នកជិតខាងល្អ។
ការស្នើនេះធ្វើឡើងបន្ទាប់ពីអ្នកលេងបណ្ដាញសង្គម Facebook មួយចំនួននាពេលថ្មីៗនេះដែលត្រូវគេយល់ថា ជាជនជាតិវៀតណាមនោះ បានរិះគន់លោកហ៊ុន សែន ពាក់ព័ន្ធនឹងជំហររបស់រដ្ឋាភិបាលកម្ពុជាលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។
ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៧ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា មួយរយៈចុងក្រោយនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហាញជំហររបស់កម្ពុជាទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង «មានកម្មាភិបាល និងបុគ្គលជនជាតិវៀតណាមមួយក្រុម»បានចូលក្នុងទំព័រ Facebook ផ្លូវការរបស់លោកហ៊ុន សែន ហើយបានជេរប្រមាថលោក ដោយប្រើពាក្យសម្ដីធ្ងន់ៗ និងព្រហើនជាទីបំផុត។
សេចក្ដីថ្លែងការណ៍នេះបានធ្វើការថ្កោលទោសចំពោះទង្វើនេះ ដោយលើកឡើងថា វាបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រមុខដឹកនាំកំពូលនៃប្រទេសជាតិមួយដែលមានឯករាជ្យ និងអធិបតេយ្យភាព។ សេចក្ដីថ្លែងការណ៍នេះបន្តដោយអំពាវនាវឱ្យសមត្ថកិច្ចវៀតណាមចាត់វិធានការម៉ឺងម៉ាត់ក្នុងការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណ«ព្រមទាំងធ្វើការផ្ដន្ទាទោសក្រុមជនទាំងនោះទៅតាមផ្លូវច្បាប់ជាធរមាន ដើម្បីថែរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាទំនាក់ទំនងជាប្រពៃណី និងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា និងវៀតណាម»។
VOA មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីលោកជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេ នៅថ្ងៃអាទិត្យនេះ។
លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគត បានមានប្រសាសន៍ប្រាប់ VOA កាលពីថ្ងៃអាទិត្យថា ការរិះគន់របស់អ្នកប្រើ Facebook គឺទស្សនៈបុគ្គល មិនមែនជាគោលជំហរផ្លូវការរបស់រដ្ឋាភិបាល ឬក្រសួងការបរទេសវៀតណាមទេ ហើយក្រសួងការបរទេសកម្ពុជាមិនគួរធ្វើការឆ្លើយតបជាផ្លូវការនោះទេ។
លោកអ៊ូ វីរៈ បន្ថែមថា ប្រសិនបើលោកហ៊ុន សែន មិនចង់ឱ្យមានការរំខាន ឬរិះគន់នៅលើ Facebook នោះ លោកគួរលុបចោល ឬ block អ្នកដែលរិះគន់ទាំងនោះ។
លោកមានប្រសាសន៍ថា៖
«ហើយខ្ញុំជឿជាក់ថា លោកនាយករដ្ឋមន្ត្រីគាត់មានមនុស្សច្រើនណាស់ដែលជួយធ្វើការគាត់។ អញ្ចឹងបើគាត់ឃើញអ្នកដែលចូលមករំខាន គាត់បិទចោលទៅ ព្រោះអី Facebook គេធ្វើអញ្ចឹងហើយ Facebook មិនមានអីជាផ្លូវការទេ»។
កម្ពុជាបានប្រកាសថា ខ្លួនប្រកាន់យកជំហរឯករាជ្យលើករណីជម្លោះសមុទ្រចិនខាងត្បូង ដោយជំរុញឱ្យភាគីជម្លោះធ្វើការដោះស្រាយជាលក្ខណៈទ្វេភាគី។ យ៉ាងណាក៏ដោយ ប្រទេសជាសមាជិកអាស៊ានដែលពាក់ព័ន្ធនឹងជម្លោះនេះរួមទាំងវៀតណាមផងចង់ឱ្យមានអន្តរាគមន៍ពីអន្តរជាតិ។
ចាប់តាំងពីចុងខែកក្កដាមក អ្នកប្រើប្រាស់ Facebook មួយចំនួនដែលដាក់ឈ្មោះមើលទៅដូចឈ្មោះជនជាតិវៀតណាម ត្រូវគេដឹងថា បានចូលទៅបញ្ចេញយោបល់វាយប្រហារនៅលើទំព័រ Facebook ផ្លូវការរបស់លោកហ៊ុន សែន។ អ្នកខ្លះបានសរសេររិះគន់ជាភាសាវៀតណាម និងអ្នកខ្លះបានសរសេរជាភាសាខ្មែរ ដោយចោទថា លោកហ៊ុន សែន«ក្បត់វៀតណាម»។ ចំណែកលោកហ៊ុន សែន បានធ្វើការឆ្លើយតបជាបន្តបន្ទាប់ ដោយលោកក៏ធ្លាប់បានតបថា លោកមិនមែនជាអាយ៉ងរបស់វៀតណាមនោះទេ៕