ក្នុងនាមជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម២០២៣ (Sea Games) ដែលមាន១១ប្រទេសចូលរួម កម្ពុជាបន្តនាំមុខឈ្នះមេដាយមាស រហូតដល់ជាង៣០ បើគិតត្រឹមរសៀលថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣នេះ។ នេះបើតាមតួលេខរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
បើតាមទិន្នន័យ គិតត្រឹមម៉ោងជាង២រសៀល នាថ្ងៃចន្ទ កម្ពុជាទទួលបានមេដាយមាសចំនួន៣២ មេដាយប្រាក់ចំនួន២៥ និងសំរឹទ្ធចំនួន២២។ សរុបមេដាយដែលទទួលបាន គិតត្រឹមរសៀលថ្ងៃចន្ទនេះ មានចំនួន៧៩ ដែលឈរលំដាប់ខ្ពស់ជាងប្រទេសផ្សេងទៀត ដែលចូលរួមប្រកួតប្រជែង។
ប្រទេសឥណ្ឌូណេស៊ីស្ថិតក្នុងលំដាប់លេខ២ បន្ទាប់ពីកម្ពុជា ដែលទទួលបានមេដាយមាសចំនួន២០ ប្រាក់ចំនួន១២ និងសំរឹទ្ធចំនួន២៦។ ប្រទេសថៃទទួលបានមេដាយមាសចំនួន១៧ ហ្វីលីពីនបានមេដាយមាសចំនួន១៥ វៀតណាមចំនួន១៤ សិង្ហបុរីចំនួន៩ ម៉ាឡេស៊ីចំនួន៧ មីយ៉ាន់ម៉ាចំនួន៥ និងឡាវចំនួន៤មេដាយមាស។ ចំណែកប្រទេសព្រុយណេ និងទីម័រខាងកើត មិនទាន់ទទួលបានមេដាយមាសនៅឡើយទេ គិតត្រឹមម៉ោងជាង២រសៀលថ្ងៃចន្ទ។
ប្រភេទកីឡាដែលកម្ពុជាទទួលបានមេដាយមាសជាង៣០ រួមមានកីឡាគុនខ្មែរ គុនល្បុក្កតោ បាល់បោះ អត្តពលកម្មសីដក់ ជឺជិតស៊ូ ការ៉ាតេដូ ហែលទឹក រត់ វ៉ូវីណាម គ្រីឃីត អេឡិចត្រូនិចកម្ពុជា និងប្រភេទកីឡាផ្សេងៗទៀត។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយដោយស្ថាប័នផ្លូវការនានារបស់រដ្ឋាភិបាលកម្ពុជា។
ក្នុងការប្រកួតកីឡាស៊ីហ្គេម កាលពីលើកមុន ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ កម្ពុជាទទួលបានមេដាយសរុបចំនួន៦៣ រួមមានមាស៩ ប្រាក់១៣ និងសំរឹទ្ធចំនួន៤១។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាននៅឡើយទេ។
ចំណែកក្នុងការប្រកួតវិញ្ញាសាបាល់ទាត់បុរសដែលពេញនិយមសម្រាប់ប្រជាជនកម្ពុជាវិញ បន្ទាប់ពីមិនអាចយកឈ្នះប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសលាលែងពីតំណែង តាមការសន្យារបស់លោក។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅរសៀលថ្ងៃចន្ទនេះ បានអំពាវនាវឲ្យលោក សៅ សុខា ជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តដឹកនាំស្ថាប័នសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះបន្តទៀត។
អ្នកតាមដានកីឡាបាល់ទាត់មួយរូប លោក តុង សុប្រាជ្ញ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាបើទោះបីកម្ពុជាចាញ់មីយ៉ាន់ម៉ាក៏ដោយ ប៉ុន្តែមិនមានន័យថាកម្ពុជាធ្លាក់១០០%នោះទេ។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំ ខ្ញុំនៅមានសុទិដ្ឋិនិយមថាយើងប្រកួតនឹងឥណ្ឌូណេស៊ី បើយើងឈ្នះឥណ្ឌូណេស៊ី យើងនៅមានឱកាសឡើងបានទៀត។ បើសិនជាករណីយើងឈ្នះឥណ្ឌូណេស៊ីហើយ មីយ៉ាន់ម៉ា គាត់ចាញ់ហ្វីលីពីន កន្លែងចំណុចត្រង់ហ្នឹង និយាយរួមចំណុចត្រង់ហ្នឹងយើងអត់ទាន់បានធានាថាមួយរយភាគរយ ព្រោះខាងគេក៏មិនទាន់ ខាងយើងក៏មិនទាន់ អ៊ីចឹង គឺយើងចាំផ្លូវអ៊ុត តែយើងនៅតែមានសង្ឃឹម ហើយយើងនៅតែប្រឹងប្រែងបន្តទៅទៀតបាទ»។
នៅក្នុងការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក៏មានភាពចម្រូងចម្រាសរវាងភាគីកម្ពុជានិងថៃផងដែរ ក្នុងការប្រើប្រាស់ឈ្មោះប្រភេទកីឡាគុនខ្មែរ។ ថៃពុំមានវត្តមានកីឡាករចូលរួមប្រកួតប្រជែងកីឡាប្រដាល់ឡើយ បន្ទាប់ពីភាគីថៃមិនពេញចិត្តនឹងការប្រើពាក្យគុនខ្មែរ ដោយពួកគេចង់ឱ្យមានការកំណត់ជាឈ្មោះ«Muay Thai» ទៅតាមកីឡាដែលជាតំណាងជាតិរបស់ថៃ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មានកីឡាករមកពីប្រទេសផ្សេងៗទៀតបានចូលរួមក្នុងការប្រកួតប្រភេទកីឡាគុនខ្មែរនេះផងដែរ។ នេះបើតាមមន្រ្តីកម្ពុជា។
គួរបញ្ជាក់ថាកីឡាប្រមាណ៤០ប្រភេទត្រូវបានដាក់ប្រកួត ក្នុងនោះរួមមានអត្តពលកម្ម កីឡាលើទឹក វាយសី បោះបាល់ ប៊ីយ៉ា-ស្នូកឃ័រ ប្រដាល់សកល កាយវប្បកម្ម អុក បាល់ទាត់ វាយកូនហ្គោល កាយសម្ពន្ធ យូដូ ការ៉ាតេ គុនចម្រុះ ប៉េតុង សីដក់ វាយកូនឃ្លីលើតុ តេក្វាន់ដូ វាយកូនបាល់ ប្រណាំងទូកប្រពៃណី និងបាល់ទះជាដើម។ នេះបើតាមព័ត៌មានដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស៊ីហ្គេមកម្ពុជា ឈ្មោះ Cambodia 2023។
កីឡាស៊ីហ្គេមដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តង ចាប់ផ្តើមបើកជាផ្លូវការក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា ហើយនឹងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ពិធីបើកជាផ្លូវការនេះ ធ្វើឡើងនៅពហុកីឡាដ្ឋានជាតិឈ្មោះ«មរតកតេជោ»ដែលត្រូវបានសាងសង់ក្រោមជំនួយឥតសំណងរបស់ចិន។ ការរៀបចំពិធីបើកកាលពីសប្តាហ៍មុន ក៏មានការជួយរៀបចំពីអ្នកបច្ចេកទេសជនជាតិចិនផងដែរ៕
ភ្នំពេញ —