លោកហោ ណាំងហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជាបានធ្វើការព្រមាននេះក្នុងជំនួបជាមួយលោកស្រីឯកអគ្គរដ្ឋទូតអូស្រា្តលី ផេននី រីឆាត(Penny Rechards)ក្នុងទីក្រុងភ្នំពេញ។
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានៅថ្ងៃអង្គារនេះព្រមានពីការស្លាប់បាត់បង់ជីវិតជនជាប់ចោទបន្ថែមទៀតសម្រាប់កាត់ទោសនៅក្នុងសាលាក្តីខ្មែរក្រហម។
ការព្រមានបានធ្វើឡើងស្របពេលដែលអៀង សារី អតីតមេដឹកនាំកំពូលខ្មែរក្រហមនិងជាជនជាប់ចោទគន្លឹះម្នាក់ក្នុងសំណុំរឿង០០២បានស្លាប់កាលពីថ្ងៃទី១៤ខែមិនាក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្នុងក្រុងភ្នំពេញនៅពេលដែលការកាត់ទោសកំពុងដំណើរការ។
លោកហោ ណាំងហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជាបានធ្វើការព្រមាននេះក្នុងជំនួបជាមួយលោកស្រីឯកអគ្គរដ្ឋទូតអូស្រា្តលី ផេននី រីឆាត(Penny Rechards)ក្នុងទីក្រុងភ្នំពេញ។
លោកកុយ គួង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថាក្នុងជំនួបនោះភាគីទាំងសងខាងបានលើកពីសំណុំរឿងកាត់ទោសមេដឹកនាំខ្មែរក្រហមហើយលោកហោ ណាំហុងបានលើកពីកង្វល់ចំពោះការស្លាប់របស់ជនជាប់ចោទបន្ថែមទៀត។
លោកបានបញ្ជាក់ថា៖
«ឯកឧត្តមក៏បានសម្តែងនូវកង្វល់ថាខ្លាចនៅអនាគតសាលាក្តីនេះប្រព្រឹត្តទៅដោយគ្មានអ្នកទោស»។
ការស្លាប់របស់អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសខ្មែរក្រហមធ្វើឲ្យជនជាប់ចោទក្នុងសំណុំរឿងទី២នៅសល់តែពីរនាក់ចាស់ជរាតែប៉ុណ្ណោះគឺនួន ជា អាយុ៨៦ឆ្នាំ និងជាអតីតបងធំមានអំណាចលំដាប់ទី២ក្នុងរបបខ្មែរក្រហមនិងខៀវ សំផន អតីតប្រមុខរដ្ឋដែលមិនសូវមានឥទ្ធិពលជិតឈានចូកវ័យ៨២ឆ្នាំ។
លោកកុយ គួង លើកឡើងថាលោកហោ ណាំហុងបានជំរុញដោយមិនប្រើពាក្យចំៗឲ្យសាលាក្តីខ្មែរក្រហមធ្វើការកាត់ទោសឲ្យបានលឿនជាងនេះបើពុំនោះទេអតីតមេដឹកនាំខ្មែរក្រហមនឹងស្លាប់អស់នៅមុនពេលការកាត់ទោសឈានដល់ទីបញ្ចប់។
«ឥឡូវនេះដូចជាករណី០០២នៅសល់អ្នកទោសប៉ុន្មាននាក់នោះ។ ដូច្នេះចំណុចនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជំរុញយ៉ាងណាឲ្យសាលាក្តីនេះដំណើរការឲ្យបានលឿនដើម្បីកុំឲ្យបញ្ចប់ដោយគ្មានអ្នកទោសមកឈរកាត់ក្តីបន្តទៀតនោះ»។
សាក្សីមួយចំនួនបានអះអាងក្នុងសាលាក្តីខ្មែរក្រហមថាលោកហោ ណាំហុង មានតួនាទីមួយផ្នែកនៅក្នុងគុកបឹងត្របែកដែលស្ថិតក្រោមការត្រួតពិនិត្យរបស់អៀង សារីប៉ុន្តែលោកបានបដិសេធថាលោកក៏ជាជនរងគ្រោះមួយរូបក្នុងរបបនោះដែរ។
របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់និងត្រូវបានសម្លាប់សរុបចំនួន១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
អតីតមេដឹកនាំខ្មែរក្រហមនិងអ្នកទទួលខុសត្រូវខ្ពស់បំផុតខ្មែរក្រហមចំនួនពីរនាក់បានស្លាប់បាត់បង់ជីវិតមុនការកាត់ទោសបានទៅដល់គោលដៅនោះគឺអៀង សារី និងតាម៉ុក ដែលបានស្លាប់មុនចូលរង្វង់ក្រចកសេះកាលពីឆ្នាំ២០០៦។
គ្មានមេដឹកនាំខ្មែរក្រហមណាម្នាក់បានបង្ហាញពីមូលហេតុការស្លាប់និងការសម្លាប់ប្រជាពលរដ្ឋខ្មែរក្នុងរបបដែលពួកគេគ្រប់គ្រងនៅមុនការស្លាប់របស់ជនជាប់សង្ស័យនិងជនជាប់ចោទទាំងពីរនាក់នេះទេ។
លោកឡាស អលសិន មន្ត្រីផ្នែកកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហមមានប្រសាសន៍ថាការកាត់ទោសមិនអាចបង្ខំដោយសារតែភាពចាស់ជរារបស់ជនជាប់ចោទនោះទេ។
«តុលាការដឹងថាជនជាប់ចោទមានវ័យចំណាស់និងដឹងថាវាមានភាពចាំបាច់ក្នុងការធានាថាយើងបានពន្លឿននីតិវិធី។ ក្នុងពេលជាមួយគ្នានេះយើងមិនអាចបន្ថយពេលវេលាកាត់ទោសដោយសារតែជនជាប់ចោទមានវ័យចាស់ជរានោះទេពីព្រោះថាពួកគេមានសិទ្ធិដូចជនជាប់ចោទនៅក្នុងការកាត់ទោសពីបទឧក្រិដ្ឋដទៃទៀតដែរបើទោះជាពួកគេមានវ័យចំណាស់ក៏ដោយ»។
កាលពីសប្តាហ៍មុនលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានចាត់ទុកថាបញ្ហាថវិកានិងភាពចាស់ជរារបស់ជនជាប់ចោទក្នុងសាលាក្តីខ្មែរក្រហមគឺជាកង្វល់ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះកម្ពុជាផងដែរ៕