ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សុខភាព​លោកនួន ​ជានៅ​មាំ​ ហើយ​អាច​បន្ត​ការ​ជំនុំ​ជម្រះ​បាន​


Khmer Rouge "Brother Number Two" Nuon Chea attends a public hearing at the Extraordinary Chambers in the Courts of Cambodia, on the outskirts of Phnom Penh, October 19, 2011.
Khmer Rouge "Brother Number Two" Nuon Chea attends a public hearing at the Extraordinary Chambers in the Courts of Cambodia, on the outskirts of Phnom Penh, October 19, 2011.
ភ្នំពេញ​៖ ​នួន ជា​មិនមាន​បញ្ហា​ចំពោះ​ការ​ប្រមូល​អារម្មណ៍​ក្នុង​ការ​ចូល​រួម​ការ​កាត់​ទោស​ ហើយ​ក៏​មិន​មាន​បញ្ហា​សុខភាព​ដែល​រារាំង​មិន​ឲ្យ​គាត់​ចូលរួម​ក្នុងការ​កាត់​ទោស​បាន​នោះ​ដែរ។​

ក្រុម​វេជ្ជ​បណ្ឌិត​ជំនាញ​ផ្នែក​ជំងឺ​មនុស្ស​ចាស់​គឺលោក​សាស្ត្រាចារ្យ​ច​ន ខំ​បែល​(John Campbell)​ និង​លោក​វេជ្ជ​ប​ណ្ឌិ ស៊ីណា ​ហ្វាហ្ស៊ែល​ (Seena Fazel)​បាន​ប្រាប់​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​ក្នុង​សវនាការ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ថ្វីត្បិតតែ​នួន ​ជា​មាន​វ័យ​ចំណាស់​និង​មាន​ការ​ចុះ​ខ្សោយ​ផ្នែក​សុខភាព​ ប៉ុន្តែ​គាត់​មាន​លទ្ធភាព​ចូល​រួម​ដំណើរ​ការ​កាត់​ទោស​បាន។​

សវនាការ​នៅថ្ងៃ​នេះ​ធ្វើ​ឡើង​ដើម្បី​ស្តាប់​របាយ​ការណ៍​ពី​អ្នក​ជំនាញ​ផ្នែក​វេជ្ជ​សាស្ត្រ​ដោយ​បាន​ផ្តោត​លើ​បញ្ហា​សុខភាព​របស់​ជន​ជាប់ចោទ​នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​ និង​លទ្ធភាព​ចូលរួម​សវនាការ​របស់​គាត់។​

សវនាការ​ដូចគ្នា​នេះ​ធ្វើឡើង​ចំពោះ​អៀង សារី ​ជន​ជាប់ចោទ​ម្នាក់​ទៀត​ក្នុង​សំណុំ​រឿង​០០២​ដែល​ទើប​នឹង​ស្លាប់​កាលពី​ថ្ងៃទី១៤​ខែ​មិនា ​ក្រោយពី​ចូល​ពេទ្យ​បាន​ដប់​ថ្ងៃ។​

លោក​វេជ្ជបណ្ឌិត ស៊ីណា ហ្វា​ហ្សែ​ល​បាន​ឆ្លើយ​ទៅនឹង​សំណួរ​លោកស្រី​ចៅក្រម​ស៊ី​លវា ​ខាត​រ៉ា​យ​ថា ​នួន ជា​«មិនមាន​បញ្ហា​ចង​ចាំ​ទាំង​សម្រាប់​រយៈ​ពេល​វែង​និង​រយៈ​ពេល​ខ្លី»​ទេ​ ហើយ​ជន​ជាប់​ចោទ​អាយុ​៨៦​ឆ្នាំ​រូប​នេះ​ក៏​មិន​មាន​បញ្ហា​ក្នុង​ការ​ផ្ចង់​អារម្មណ៍ដែរ។​

«ចំពោះ​ការ​ផ្ចង់​អារម្មណ៍ ​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​កិច្ច​សម្ភាស​របស់​យើង​ដែល​ក្នុង​នោះ​យើង​សួរ​គាត់​រយៈ​ពេល​ពីរ​ម៉ោង​និង​២០នាទី ​យើង​ឃើញ​ថា​គាត់​មាន​លទ្ធភាព​ផ្ចង់​អារម្មណ៍​ក្នុង​សវនាការ​ និង​អាច​ចូលរួម​ប្រកប​ដោយ​អត្ថន័យ​ក្នុង​សវនាការ​ដោយ​ផ្អែក​តាម​ការ​ផ្ចង់​អារម្មណ៍​និង​ការ​ចងចាំ​របស់​គាត់»។​
ដោយ​ឡែក​លោក​សាស្ត្រាចារ្យ​ចន ​ខំ​បែ​ល ​បញ្ជាក់​ថា ​នួន ​ជា​«មាន​សុខ​ភាព​គ្រប់គ្រាន់​ដើម្បី​បន្ត​ក្នុង​សវនាការ»។​

លោក​សាស្ត្រាចារ្យ ​ចន ខាំ​បែល​រៀប​រាប់​បន្ថែម​ថា​ នួន ជា​មាន​សុខភាព​ទន់​ខ្សោយ​ដោយ​សារភាព​ចាស់​ជរា​និង​ដោយសារ​ការ​មិន​បា​នបញ្ចេញ​ពល​កម្ម។​

ជន​ជាប់ចោទ​មាន​អាការៈ​វិលមុខ​អាច​កើត​ជា​ញឹកញាប់​គឺ​ដោយសារ​គាត់​មិន​ទុកចិត្ត​លើ​ខ្លួន​ឯង​ អាច​មក​ពី​បញ្ហា​ភ្នែក ​និង​អាច​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​សម្ពាធ​ឈាម។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ​ជន​ជាប់ចោទ​មាន​បញ្ហា​ឆ្អឹង​កង​ខ្នង​ ប៉ុន្តែ​ប្រព័ន្ធប្រសាទ​ពី​ក​ដល់​ចង្កេះ​មិន​មាន​បញ្ហា​ដោយ​ការ​សង្កត់​របស់​ឆ្អឹង​កង​នោះ​ទេ។​

យ៉ាងណា​ក៏ដោយ​លោក​សាស្ដ្រាចារ្យ ​ចន ខាំបែល​ផ្តល់​អនុសាសន៍​ថា​ ជន​ជាប់ចោទ​ដែល​ជា​អតីត​ប្រធាន​សភា​ខ្មែរក្រហម​ដែល​ជា​គេ​ស្គាល់​ថា​ ជា​មេ​មនោគម​វិជ្ជា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ គួរតែ​ត្រូវ​ដាក់​ឲ្យ​ចូល​រួម​សវនាការ​ពី​បន្ទប់​ឃុំខ្លួន​នៅ​ខាងក្រោម​បន្ទប់​សវនាការ​ តាម​រយៈ​ការ​ភ្ជាប់​ទូរទស្សន៍ ​ការផ្តល់​លំហាត់​ប្រាណ​ដើម្បី​ឲ្យ​ជន​ជាប់ចោទ​មាន​ភាព​រឹងមាំ​ឡើង​វិញ​និង​គួរតែ​នាំ​ជន​ជាប់ចោទ​រូបនេះ​មក​កាត់​បន្ទប់​ទទួល​ការកាត់​ទោស​កន្លះ​ម៉ោង​មុន​ដំណើរការ​ក្តី​ចាប់ផ្តើម​ដើម្បី​ចៀស​វាង​បញ្ហា​ហត់​អស់​កម្លាំង។​

លោក​សុន អារុណ ​សហ​មេធាវី​កម្ពុជា​របស់​នួន ​ជា​និយាយ​ថា​ កូនក្តី​របស់​ខ្លួន​នៅ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ ដូចជា​ជំងឺ​លើស​ឈាម​ម្តងម្កាល ​រលាក​ផ្លូវ​ដង្ហើម ​រលាក​សាច់​បេះ​ដូង ​វិលមុខ ​ឈឺ​ឆ្អឹងខ្នង​ធ្ងន់ធ្ងរ​ ដែល​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផ្ចង់​អារម្មណ៍​និង​ធ្វើ​កម្លាំង​ចុះ​ខ្សោយ។​

លោក​មេធាវី​ទាម​ទារ​ឲ្យ​តុលាការ​ព្យាបាល​កូនក្តី​របស់ខ្លួន​ឲ្យ​ជា​សះស្បើយ​ជា​មុន​ មុន​នឹង​នាំ​ខ្លូន​ចូល​កាត់​ទោស។​

«ដូច្នេះ​ខ្ញុំ​សូម​បដិសេធ​របាយ​ការណ៍​របស់​អ្នក​ជំនាញ​ដែល​ស្នើ​សុំ​ឲ្យ​កូនក្តី​របស់​ខ្ញុំ​មក​ដេក​ស្តាប់​សវនាការ។ ​ទន្ទឹម​នឹង​នេះ​ដែរ​ ខ្ញុំ​សូម​ស្នើ​តុលាការ​បញ្ជូន​កូន​ក្តី​ខ្ញុំ​ទៅ​ព្យាបាល​រោគ​ទាំងអស់​ដែល​គាត់​មាន​ឲ្យ​បានជា​សះ​ស្បើយ​ត្រឹមត្រូវ​សិន ​មុននឹង​យក​គាត់​មក​ចូលរួម​សវនាការ»។

គួររំឭក​ថា​ សវនាកា​រ​នៅថ្ងៃនេះ​ផ្តោត​លើ​ការ​ពិភាក្សា​នៃ​ការ​បំបែក​ជន​ជាប់ចោទ​ក្នុង​សំណុំ​រឿង​០០២​នេះ​ដែរ​ ជាពិសេស​បំបែក​ការ​កាត់ទោស​នួន ជា​ចេញពី​ខៀវ សំផន។ ​ក៏ប៉ុន្តែ​គ្មាន​ភាគី​ណាមួយ​ក្នុង​ចំណោម​មេធាវី​ តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​មេធាវី​ខៀវ សំផន​ និង​សហ​ព្រះរាជ​អាជ្ញា​យល់ស្រប​នោះ​ទេ។
លោក​ចៅក្រម​និល ណុន​ ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​គ្រោង​នឹង​ប្រកាស​សេចក្តី​សម្រេច​របស់​ខ្លួន​លើ​បញ្ហា​សុខភាព​និង​ការ​បំបែក​សំណុំ​រឿង​នេះ​នៅ​ថ្ងៃ​សុក្រ​ទី២៩​ខែ​មិនា៕​
XS
SM
MD
LG