ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អ.ស.ប.​និង​កម្ពុជា​គ្រោង​ជួប​ប្រជុំគ្នា​ជា​បន្តបន្ទាប់​នៅ​សហ្តហ៍​នេះ​


(ពីឆ្វេងទៅស្តាំ) នួន ជា មេមនោគមវិជ្ជា ខៀវ​សំផន​ អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម និង​អៀង​ សារី អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរក្រហម។
(ពីឆ្វេងទៅស្តាំ) នួន ជា មេមនោគមវិជ្ជា ខៀវ​សំផន​ អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម និង​អៀង​ សារី អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរក្រហម។
សុខ ខេមរា​ រដ្ឋធានីវ៉ាស៊ីនតោន​
មន្ត្រី​អ.ស.ប.​និង​កម្ពុជា​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​ជា​បន្ត​បន្ទាប់​នៅ​សហ្តហ៍​នេះ​ ក្រោយ​ពេល​ជន​ជាប់ចោទ​អៀង​ សារី​បាន​ស្លាប់។​

លោក​ សុខ ខេមរា​នៃ​វីអូអេ​បាន​រាយ​ការណ៍​ថា​ អ្នក​ជំនាញ​ការ​ពិសេស​នៃ​អ.ស.ប.​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កម្ពុជា​ហើយ​ដើម្បី​ពិភាក្សា​រឿង​ដំណើរ​ការ​កាត់​ទោស​ខ្មែរក្រហម។​

ក្រុមមន្ត្រី​បាន​និយាយ​ថា ​អ្នក​ជំនាញ​ការ​ពិសេស​របស់​អ.ស.ប.​លោក​ដេវីដ​ សេហ្វ៊ឺ ​(David Scheffer)​ និង​មន្ត្រី​កម្ពុជា​គ្រោង​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​សប្តាហ៍​នេះ​អំពី​បញ្ហា​ប្រឈម​មុខ​ចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​សាលាក្តី​កាត់​ទោស​ខ្មែរ​ក្រហម​ ហើយ​នឹង​បញ្ហា​កង្វះ​ថវិកា។​ នេះជា​ការ​អះអាង​របស់​មន្ត្រី​ការទូត​និង​មន្ត្រី​អ.ស.ប.។​

លោក​ដេវីដ សេហ្វ៊ឺ​បាន​ចាប់ផ្តើម​ដំណើរ​ទស្សន​កិច្ច​របស់​លោក​មួយ​សប្តាហ៍​ កាលពី​ថ្ងៃ​ច័ន្ទ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​សាលាក្តី​នេះ​ខ្វះខាត​ថវិកា​សម្រាប់​ ភាគី​ជាតិ​ ហើយ​បង្ក​ឲ្យ​មាន​បាតុកម្ម​តវ៉ា​ពីក្រុម​បុក្គលិក​អ្នក​បកប្រែ​ភាសា ​និង​បួន​ថ្ងៃ​ក្រោយ​ពេល​ជន​ជាប់ចោទ​អៀង សារី​បាន​ស្លាប់​ ដោយគ្មាន​ការ​កាត់​ទោស​រក​យុត្តិធម៌។​

ដោយ​សារ​គ្មាន​តួនាទី​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ អ្នក​ការទូត​ក្នុង​ទីក្រុង​ញូយ៉ក​ម្នាក់​បាន​ថ្លែង​ប្រាប់​វីអូអេ​ដោយ​មិនបញ្ចេញ​ឈ្មោះ​ថា​ លោក​ដេវីដ សេហ្វ៊ឺ​នឹង​ជួប​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​ រដ្ឋមន្ត្រី​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុម​អ្នក​ចរចា​រឿង​សាលាក្តី​ជាមួយ​អ.ស.ប.​នៅ​ថ្ងៃស្អែក​ដើម្បី​ ពិភាក្សា​អំពី​ការ​បរិច្ចាគ​ថវិកា​របស់​កម្ពុជា​សម្រាប់​សាលាក្តី​ខ្មែក្រហម​ និង​ ដើម្បី​រក​វិធីសាស្ត្រ​ពន្លឿន​ដំណើរការ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ ដោយសារ អៀង​ សារី​ជា​ជន​ជាប់ចោទ​វ័យ​ចំណាស់​បាន​ស្លាប់។​

អ្នក​ការទូត​ដដែល​ដែលប្រទេស​របស់​លោក​បាន​ផ្តល់​ជំនួយ​ដល់​សាលាក្តី​ខ្មែរ ក្រហម​នោះ​ បានបន្ត​ទៀត​ថា ​សហគមន៍​អ្នក​ផ្តល់​ជំនួយ​បាន​ជួប​ប្រជុំ​ជាមួយ​ភាគី​ កម្ពុជា​កាលពី​ថ្ងៃសុក្រ​សប្តាហ៍មុន​ក្នុង​ទីក្រុង​ញូយ៉ក​ ហើយ​ក្រុម​ម្ចាស់​ជំនួយ​បាន​ ប្រកាស​ជំហរ​រឹងមាំ​មួយ​គឺការ​ជំរុញឲ្យ​កម្ពុជា​ផ្តល់ថវិកា​គាំទ្រ​សាលាក្តី​ដូចមាន​ ចែង​ក្នុងកិច្ច​ព្រមព្រៀង​បង្កើត​តុលាការ​ ឬក៏លើក​ទឹកចិត្ត​ឲ្យ​ប្រទេស​អាស៊ាន​ ដែល​មិន​ធ្លាប់រួម​ចំណែក​នោះ​ បាន​ចូល​រួម។​

អ្នក​នាំពាក្យ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ លោក​ឡា អូសិន​បាន​អះអាង​ពី​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ដេវីធ សេហ្វហ៊ឺ ​ហើយ​ចាត់​ទុក​ថា​ ជា​ដំណើរ​ទស្សន​កិច្ច​ធម្មតា​ដែល​មាន​ការ​គ្រោង​ទុក​ជា​យូរ​ហើយ។​

«លោក​នឹង​ជួប​ជាមួយ​មន្ត្រី​ដែល​លោក​ធ្លាប់​ជួប​ជាមួយ​ ដូចជា​មន្ត្រី​តុលាការ ​មន្ត្រី​រដ្ឋាភិបាល​ តំណាង​ម្ចាស់​ជំនួយ​ និង​មន្ត្រី​សង្គម​ស៊ីវិល»។​

នៅ​ពេល​សួរ​បញ្ជាក់​ថា ​តើលោក​ដេវិដ សេហ្វ៊ឺ​នឹងពិភាក្សារ​អំពីអ្វី​ខ្លះ​ក្នុង​ដំណើរ​ ទស្សន​កិច្ច​នេះ​ លោក​ឡា​អូលសិន​គ្រាន់តែ​បញ្ជាក់​ថា​ មាន​បញ្ហា​ប្រឈម​មុខ​ របស់​តុលាការ​បច្ចុប្បន្ន​និង​បញ្ហា​ថវិកា​ដែល​លោក​ដេវីដ សេហ្វ៊ឺ​បានធ្វើ​កិច្ចការ​ នេះ​ជា​យូរ​មក​ហើយ។​

ថ្លែង​ក្នុង​លក្ខខណ្ឌ​មិនឲ្យ​ប្រាប់​ឈ្មោះ​ មន្ត្រីកម្ពុជា​ម្នាក់​បាន​អះអាង​ថា​ លោក​ ដេវីដ​ សេហ្វ៊ឺ​នឹង​ជួប​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន ​តែ​ពុំ​បញ្ជាក់ពី​ព័ត៌មាន​លម្អិត​ទេ។​

កាលពី​សប្តាហ៍មុន​ ក្រុម​អ្នក​ឃ្លាំមើល​សាលាក្តីបាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ នឹង​អ.ស.ប.​គោរព​កិច្ច​ព្រមព្រៀង​ក្នុង​ការ​គាំទ្រ​សាលាក្តី​ខ្មែរក្រហម​ ទាំង​ថវិកា​ បច្ចេក​ទេស​និង​ធនធាន​រហូតដល់​ទីបញ្ចប់ ដោយបាន​ទទូច​ថា​ ភាគីទាំង​ពីរ​ត្រូវ​ពន្លឿន​ដំណើរការ​សាលាក្តីនេះ​ទៅ​តាម​ច្បាប់​ ដោយគ្មាន​ការ​រារាំង​ពី​ហេតុផល​រដ្ឋបាល ​ហេតុផល​នយោបាយ​ និង​ហេតុផល​ថវិកា។​ ការ​ទទូច​យ៉ាង​ដូច្នេះ​កើត​ឡើង ​ក្រោយពេល​ដែល​អៀង ​សារី​ អាយុ៨៧​ឆ្នាំ​ ដែល​ជា​ជន​ជាប់ចោទ​សំខាន់​ម្នាក់​ក្នុង​ចំណោម​៣នាក់ បានស្លាប់​កាលពី​ថ្ងៃទី ១៤មិនា​ឆ្នាំ​២០១៣។ ​លោក​ជាអតីត​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរក្រហម។​ ជនរង​គ្រោះ​ត្រូវ​គេ​ដឹង​ថា​ មិន​សប្បាយ​ចិត្ត ​ហើយ​បាន​ស្តី​បន្ទោស​ពីការ​យឺតយ៉ាង​របស់​តុលាការ​និង​ការ​រំខាន​នានា​ទាក់ទង​នឹង​ការរក​យុត្តិធម៌។ ​សាលាក្តី​នេះ​នៅ​សល់​ជន​ជាប់​ចោទ​២​នាក់​ ក្នុង​សំណុំ​រឿង​០០២​គឺ ​នួន ជា​ បងធំ​ទី២​និង​ខៀវ សំផន ​ប្រមុខរដ្ឋ​ ដែល​មានវ័យ​ចំណាស់ៗ​ ដែល​ត្រូវ​កាត់​ទោស​ពីបទ​ឧក្រិដ្ឋកម្ម​ជា​ច្រើន​ទាក់ទង​នឹង​ការ​កាប់​សម្លាប់​នៅសម័យ​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​១៩៧០។​
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានជំរុញ​ជា​សាធារណៈ​លើក​ដំបូង​ ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​ដើម្បីឲ្យ​តុលាការ​នេះ​ពន្លឿន​ល្បឿន​របស់ខ្លួន​ ដោយសារ​ជន​ជាប់ចោទ​មាន​វ័យ​ចាស់​ជរា។ ​លោកហ៊ុន សែន​បាន​កត់​សម្គាល់​ពី​ការ​ខ្វះខាត​ថវិកា​មែន​ តែលោក​ពុំបាន​បញ្ជាក់​ពីជំហរ​រដ្ឋាភិបាល​លោក​ក្នុង​ការ​ ដោះស្រាយ​បញ្ហា​ថវិកា​ទេ។​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ត្រូវគេ​ចោទ​ប្រកាន់​ថា​ ជា​អ្នក​បង្ក​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរការ​កាត់​ទោស​នេះ​ ជាពិសេស​លើ​សំណុំ​រឿង​បន្ថែម​០០៣​និង​០០៤​ដែល​មាន​ជនជាប់​ចោទ​៥នាក់​ផ្សេងទៀត។​ តែ​លោក​បាន​បដិសេធ៕
XS
SM
MD
LG