មន្រ្តីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូនលើកឡើងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងជំរុញការអភិវឌ្ឍដល់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ធំរបស់កម្ពុជា និងទៅច្រកព្រំដែនកម្ពុជា-ថៃ ក៏ដូចជាធ្វើឱ្យប្រសើរឡើងការធ្វើដំណើរ ស្ថានភាពចរាចរណ៍ និងការដឹកជញ្ជូនទំនិញផងដែរ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនចិនដែលវិនិយោគទៅលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត បានជិតបញ្ចប់ការសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាន និងត្រៀមដាក់ផែនការសាងសង់ជូនរដ្ឋាភិបាលនាពេលខាងមុននេះ។ លោកបន្តថា នៅពេលដែលគម្រោងសិក្សាផ្លូវល្បឿនលឿននេះចប់ រដ្ឋាភិបាលកម្ពុជានឹងប្រកាសប្រាប់ជាសាធារណៈ។
លោកបញ្ជាក់ថា៖ «គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត គឺជាគម្រោងដ៏ធំ និងជាឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងការធ្វើដំណើរ ស្ថានភាពចរាចរណ៍ ការដឹកជញ្ជូនទំនិញ និងភស្តុភារកម្ម នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ធំរបស់កម្ពុជា និងទៅច្រកព្រំដែនកម្ពុជា-ថៃ»។
ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតនេះជាផ្លូវល្បឿនលឿនទី ៣ របស់ប្រទេសកម្ពុជា ដែលស្ថិតក្រោមគម្រោងគំនិតផ្តួចផ្តើមក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម BRI របស់រដ្ឋាភិបាលក្រុងប៉េកាំង បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-បាវិត។ ផ្លូវល្បឿនលឿននេះមានប្រវែងសរុប ៤២០ គីឡូម៉ែត្រ ជាមួយថវិកាសាងសង់ប្រមាណជា ៤.២០០ លានដុល្លារអាមេរិក ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC។
គម្រោងផ្លូវល្បឿនលឿននេះនឹងឆ្លងកាត់រាជធានី-ខេត្ដចំនួន ៦ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ ហើយត្រូវបានចែកចេញជាពីរជំហាន ដោយជំហានទី ១ ពីរាជធានីភ្នំពេញដល់ខេត្តសៀមរាបមានប្រវែង ២៤៩ គ.ម. និងជំហានទី ២ ពីខេត្តសៀមរាបដល់ក្រុងប៉ោយប៉ែត មានប្រវែង ១៥១ គ.ម.។
ផ្លូវល្បឿនលឿននេះ សាងសង់ជា ៤ គន្លង និងតួផ្លូវមានទទឹង ២៤,៥ ម៉ែត្រ ដោយមានសួនចែកទិសចរាចរណ៍នៅចំកណ្ដាលទ្រូងផ្លូវទទឹង ៣ម៉ែត្រ គន្លងផ្លូវឈប់បន្ទាន់ទទឹង ២,៥ ម៉ែត្រ និងចិញ្ចើមផ្លូវទទឹង ០,៧៥ ម៉ែត្រ ដោយបានសិក្សាល្បឿនបើកបរចន្លោះពី ១០០ ទៅ ១២០ គ.ម. ក្នុងមួយម៉ោង។ នេះបើតាមលោក ផន រឹម។
ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC ជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្រោមរូបភាពវិនិយោគ «សាងសង់-ប្រតិបត្តិការ-ផ្ទេរ» (BOT: Build-Operate-Transfer) ជាមួយរយៈពេលវិនិយោគចំនួន ៥០ ឆ្នាំ។
នាយកកម្មវិធីអង្គការតម្លាភាពកម្ពុជា លោក អ៊ឹម នរិន្ទ ជំរុញថា រដ្ឋាភិបាលគួរតែបង្ហាញព័ត៌មានផលប៉ះពាល់ផ្សេងៗពីគម្រោងសាងសង់ផ្លូវល្បឿនលឿននេះដល់ប្រជាពលរដ្ឋឱ្យមានតម្លាភាព ដើម្បីបង្ហាញថា ការសាងសង់នោះបានផ្តល់ប្រយោជន៍អ្វីខ្លះដល់សេដ្ឋកិច្ចរបស់ប្រទេស។ លោកបញ្ជាក់ទៀតថា រដ្ឋាភិបាលក៏គួរតែគិតគូរសំណងសមរម្យដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅតំបន់សាងសង់ផ្លូវល្បឿនលឿននោះ។
លោកថ្លែងថា៖ «ជាព័ត៌មានទៅដល់ប្រជាពលរដ្ឋឱ្យដឹងដែរថា តើការសាងសង់ហ្នឹងវាផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច ដល់សង្គមយ៉ាងម៉េច? ហើយប្រសិនបើមានផលប៉ះពាល់ ថាតើរដ្ឋាភិបាលក៏ដូចជាក្រសួងហ្នឹងវាការគិតគូរផ្តល់សំណង ឬក៏អីផ្សេងៗ ដើម្បីជូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវហ្នឹង ជាពិសេសតែម្តង»។
លោក អ៊ឹម នរិន្ទ យល់ឃើញថា រដ្ឋាភិបាលគួរតែមានការសិក្សាតម្លៃប្រើប្រាស់ផ្លូវល្បឿនលឿនឱ្យសមស្របមួយ ដែលធានាថា ប្រជាពលរដ្ឋទូទៅទំាងអស់អាចមានលទ្ធភាពប្រើប្រាស់។ យ៉ាងណាមិញលោកថា ប្រសិនបើរដ្ឋាភិបាលមានថវិកាបដិភាគនៅក្នុងការសាងសង់នោះ វានឹងអាចសម្រួលដល់តម្លៃលើការប្រើប្រាស់ផ្លូវល្បឿនលឿននោះ។
លោកបញ្ជាក់ថា៖ «វាមានការលំបាកនៅកន្លែងហ្នឹង។ កាលណាយើងប្រគល់ឱ្យឯកជនដោយសារការខ្វះខាតរបស់រដ្ឋ ហើយឯកជនចាំបាច់ណាស់គឺគាត់ត្រូវការចំណេញ អ៊ីចឹងគាត់ចង់បានចំណេញ គាត់ព្យាយាមរកប្រាក់ចំណេញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន បាទ។ ហើយកាលណាបានលឿន វាអាចខ្ពស់ហើយប៉ះពាល់ការប្រើប្រាស់ទូលំទូលាយនៃផ្លូវហ្នឹង»។
លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍដែលជាអង្គការថ្មីមួយទើបចុះបញ្ជី យល់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតនេះតិច ឬច្រើនប្រាកដជាអាចបង្កផលប៉ះពាល់មកលើដីលំនៅឋាន ដីស្រែ ឬតំបន់អាស្រ័យផលផ្សេងៗរបស់ប្រជាពលរដ្ឋ។ លោកបន្តថា រដ្ឋាភិបាលគួរតែមានការគិតគូរពីការផ្តល់សំណងសមរម្យណាមួយដល់ប្រជាពលរដ្ឋ ប្រសិនបើមានផលប៉ះពាល់ណាមួយនៅហ្នឹងកន្លែង។
លោកថ្លែងថា៖ «ប្រសិនបើគម្រោងនេះ ប្រជាពលរដ្ឋភាគច្រើនគាត់សាទរ គាត់សប្បាយរីករាយនៅក្នុងការទទួលយក ជាពិសេសទៅទៀតនោះគឺប្រជាពលរដ្ឋមូលដ្ឋាន យើងមិនមានការទោមនស្សអ្វីនោះទេ ក៏ប៉ុន្តែយើងគ្រាន់តែស្នើសុំឱ្យអាជ្ញាធរមានការគិតគូរពិចារណានឹងសងសំណងឱ្យបានសមរម្យទៅដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់»។
នៅក្នុងរយៈពេល ១០ ឆ្នាំ ចាប់តាំងពីការបង្កើតគំនិតផ្តួចផ្តើមក្រវាត់ផ្លូវពាណិជ្ជកម្ម BRI របស់ចិនមក កម្ពុជាបានទទួលកម្ចីដ៏សម្បើម ដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស រួមមានស្ពាន ថ្នល់ និងព្រលានយន្តហោះជាដើម។ រដ្ឋាភិបាលកម្ពុជាកាន់តែមានភាពស្និទ្ធស្នាលនឹងប្រទេសចិន ដោយបានសរសើរគម្រោង BRI នេះ បើទោះមានភាពចម្រូងចម្រាសដែលលើកឡើងថា គម្រោងមួយនេះអាចត្រូវបានប្រើប្រាស់ជាអន្ទាក់បំណុល ហើយចិនអាចមានឥទ្ធិពលលើប្រទេសដែលខ្ចីបំណុលពីចិនច្រើនសន្ធឹកសន្ធាប់ ហើយមានការលំបាកក្នុងការសងត្រឡប់វិញ។
យ៉ាងណាមិញ មន្រ្តីរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ថា គម្រោង BRI នេះមិនមែនជាអន្ទាក់បំណុលឡើយ៕