ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលបង្ហាញថា ចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសកម្ពុជាមានជាង៤០០នាក់ ដែលជាប្រភេទអូមីក្រុងទាំងអស់ សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ ប៉ុន្តែ ចំនួនអ្នកឆ្លងពិតប្រាកដត្រូវបានមើលឃើញថាខ្ពស់ជាងនេះ ដោយសារប្រជាពលរដ្ឋសម្រាកព្យាបាលនៅតាមផ្ទះ ក្រោយធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូវីដ១៩ ដោយខ្លួនឯង តាមឧបករណ៍តេស្តរហ័ស។
ទិន្នន័យដែលរដ្ឋាភិបាលកត់ត្រាសម្រាប់ការឆ្លងមួយថ្ងៃ គឺជាការបញ្ជាក់លទ្ធផលតាមការធ្វើតេស្តធំប្រភេទ PCR ដែលប្រជាពលរដ្ឋត្រូវធ្វើនៅតាមមន្ទីរពេទ្យរដ្ឋមួយចំនួន។
ប្រជាពលរដ្ឋ បានប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សដើម្បីពិនិត្យសុខភាពរបស់ពួកគេថា តើមានឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ឬយ៉ាងណា ខណៈវីរុសនេះ កំពុងសាយភាយក្នុងផ្ទៃប្រទេស។ អ្នកខ្លះ ក៏ទៅធ្វើតេស្តនៅតាមមន្ទីរពេទ្យ ដូចជាមន្ទីរពេទ្យរុស្ស៊ី ដើម្បីបញ្ជាក់លទ្ធផលពិតប្រាកដ ប៉ុន្តែពួកគេក៏ត្រូវរង់ចាំផងដែរ ដោយសារមានមនុស្សទៅធ្វើតេស្តច្រើន។
កាលពីថ្ងៃពុធ ក្រសួងសុខាភិបាលបានរាយការណ៍ករណីឆ្លងជំងឺកូវីដ១៩ មានជិត២០០ករណី។ ចំណែកកាលពីថ្ងៃអង្គារ ក្រសួងរាយការណ៍ករណីឆ្លងមានជិត១៨០នាក់។ ករណីឆ្លងវីរុសប្រភេទអូមីក្រុងក្នុងសហគមន៍សរុបកើនដល់ជាង៣៦០០នាក់ បើគិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រធានសមាគមគ្រូពេទ្យគុណធម៌ លោក អ៊ូច វុទ្ធី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោកសង្កេតឃើញថា ស្ថានភាពឆ្លងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន មានសន្ទុះខ្លាំង ដោយសារការឆ្លងរហ័សនៃវីរុសកូវីដ១៩ប្រភេទអូមីក្រុង ដែលជាប្រភេទវីរុសត្រូវគេមើលឃើញថា ឆ្លងខ្លាំងបំផុត តែមិនបង្កឲ្យមានអាការៈធ្ងន់ធ្ងរ និងស្លាប់ច្រើនទេ។បើទោះបីជាទិន្នន័យផ្លូវការបង្ហាញចំនួនអ្នកឆ្លងក្នុងកម្រិតទាបលោកជំរុញឲ្យលើកកម្ពស់ការធ្វើតេស្តរហ័សទូលំទូលាយឡើងវិញ ខណៈមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍សាជាថ្មី។
លោកថ្លែងថា៖ «អត់អាចអត់ប្រើ Rapid Test (តេស្តរហ័ស) បានទេ។ Rapid Test នេះសំខាន់ណាស់។ ខ្ញុំតែងតែលើក និងទទូចទៅប្រមុខរដ្ឋាភិបាលឲ្យលោកយកអាហ្នឹងមកមើលវិញ។ ឥឡូវហ្នឹង ឃើញមើលអាហ្នឹង វាល្អ»។
លោក អ៊ូច វុទ្ធី អំពាវនាវឲ្យប្រជាពលរដ្ឋតាមដានឲ្យបានខ្ជាប់ខ្ជួននូវព័ត៌មានស្តីពីការបង្ការ និងរបៀបព្យាបាលជំងឺកូវីដ១៩ តាមបទដ្ឋានសុខាភិបាល ក៏ដូចជារាយការណ៍ឲ្យបានទាន់ពេលវេលាទៅកាន់អាជ្ញាធរ ឬមណ្ឌលសុខភាពក្នុងករណីរកឃើញមានវិជ្ជមានជំងឺកូវីដ១៩។
កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញសាជាថ្មីនូវការបង្ការការពារការឆ្លងជំងឺកូវីដ និងការចាក់វ៉ាក់សាំងដូសជំរុញទីបី ខណៈពេលមានសន្ទុះកើនឡើងនូវករណីឆ្លងប្រចាំថ្ងៃ។ លោកក៏បានលើកឡើងអំពីប្រជាពលរដ្ឋព្យាបាលតាមផ្ទះដោយខ្លួនឯង ហើយមិនបានរាយការណ៍ទៅក្រសួងសុខាភិបាលដើម្បីចងក្រងទិន្នន័យអ្នកឆ្លងពិតប្រាកដផងដែរ។
លោកថ្លែងថា៖ «ប៉ុន្តែបើយោងទៅតាមអ្វីដែលយើងបានដឹង នៅតាមផ្ទះនីមួយៗធ្វើតេស្តខ្លួនឯង... តេស្តដឹងទៅ ! ព្យាបាលនៅផ្ទះ។អត់មកចុះបញ្ជីទេ...អត់ចុះបញ្ជីអីទេ។ នៅមានអាធុនហ្នឹង»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន បានឆ្លើយតបសំណួរវីអូអេយ៉ាងខ្លីតាមប្រព័ន្ធផ្ញើសារតេឡេក្រាម ដោយអ្នកស្រីស្នើឲ្យពិនិត្យមើលសេចក្តីណែនាំក្រើនរំឭកការពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការគ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះ ដែលបានចេញកាលពីថ្ងៃទី១៣ ខែកុម្ភៈ។
បើតាមសារនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ថ្លែងថា បើប្រជាពលរដ្ឋមានការសង្ស័យ សុំធ្វើតេស្តរហ័សដោយខ្លួនឯងហើយបើវិជ្ជមានកូវីដ១៩ សុំនៅដាច់ដោយឡែក ហើយអនុវត្តការព្យាបាលនិងថែទាំនៅតាមផ្ទះឲ្យបានហ្មត់ចត់ ចៀសវាងការចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន ដោយអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិសម្រាប់ការព្យាបាល និងថែទាំតាមផ្ទះ។
ទោះជាយ៉ាងណា ក្រសួងនេះ មិនបានបញ្ជាក់ថា តើប្រជាពលរដ្ឋអាចទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ឬកន្លែងដែលរៀបចំដោយរដ្ឋាភិបាលបានឬយ៉ាងណា ប្រសិនបើផ្ទះរបស់ពួកគេ មិនមានលក្ខណៈសមរម្យ ដើម្បីបញ្ចៀសការឆ្លង។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ចំពោះអ្នកដែលចាក់វ៉ាក់សាំងពេញលេញ ពុំតម្រូវឲ្យធ្វើចត្តាឡីស័ក ក្រោយបញ្ចប់ការព្យាបាលឡើយ។ ចំពោះអ្នកដែលពុំបានចាក់វ៉ាក់សាំងពេញលេញ ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ ក្រោយពីបញ្ចប់ការព្យាបាលនៅផ្ទះ។
លោក វ៉ន ដារ៉ា អាយុ៣១ឆ្នាំ ជាអ្នកសារព័ត៌មានមួយរូប ដែលទើបនឹងជាសះស្បើយពីជំងឺកូវីដ១៩ ថ្លែងថា លោកសង្ស័យថា លោកបានឆ្លងជំងឺកូវីដ១៩ ពីការទៅចូលរួមពិធីអាពាហ៍ពិពាហ៍មួយនៅខេត្តកំពត កាលពីពីរសប្តាហ៍មុន។ លោកបន្តថា នៅពេលរកឃើញវិជ្ជមានជំងឺកូវីដ១៩ លោកបានសម្រេចព្យាបាលនៅផ្ទះ ដោយសារជំងឺលោកមានអាការៈស្រាល។ ហើយមកទល់ពេលនេះ លោកបានជាសះស្បើយហើយ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក ឬដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។
លោកជំរុញឲ្យពលរដ្ឋដែលសង្ស័យឆ្លងជំងឺកូវីដ១៩ ត្រូវធ្វើតេស្តរហ័ស ហើយរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធក្នុងករណីរកឃើញវិជ្ជមានកូវីដ១៩។
លោកថ្លែងថា៖ «សម្រាប់ប្រជាពលរដ្ឋដែលគាត់សង្ស័យ ខ្ញុំជំរុញថាគួរនាំគ្នាធ្វើ Rapid Test ហើយបើសិនជាធ្វើ Rapid Test ឃើញ សុខភាពយើងមិនមានការធ្វើទុក្ខខ្លាំងទេ គួរតែស្នើអាជ្ញាធរ ក៏ដូចជាផ្នែកសុខាភិបាលព្យាបាលនៅផ្ទះទៅ»។
គួរបញ្ជាក់ថារហូតមកដល់ពេលនេះ រដ្ឋាភិបាលមិនទាន់មានចំណាត់ការរឹតបន្តឹងការជួបជុំនៅឡើយទេ ដោយគ្រាន់តែអំពាវនាវឲ្យប្រជាពលរដ្ឋកាត់បន្ថយការជួបជុំ។ រដ្ឋាភិបាលក៏សម្រុកចាក់វ៉ាក់សាំងដូសជំរុញទីបីដល់ប្រជាពលរដ្ឋផងដែរ ដែលរហូតមកដល់ពេលនេះ ចាក់បានប្រមាណ៦លាន២០ម៉ឺននាក់ហើយ។
ទោះជាយ៉ាងណា អ្នកចាក់វ៉ាក់សាំង៣ដូសរួចហើយនៅតែអាចឆ្លងជំងឺកូវីដ។ កាលពីកន្លងទៅ ក្រសួងសុខាភិបាលបានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជួយឲ្យប្រជាពលរដ្ឋមិនឈឺធ្ងន់ធ្ងរ រហូតដល់ស្លាប់ឡើយ៕