ភ្នំពេញ៖ គ្រូបង្រៀនមួយក្រុមនៅវិទ្យាល័យទួលប្រសាទសែនសុខដែលមានទីតាំងនៅសង្កាត់ឃ្មួញ ខណ្ឌ សែនសុខ ជាយក្រុងភ្នំពេញនៅទីបំផុតបានសម្រេចធ្វើកូដកម្មមិនចូលបង្រៀនក្រោយពីការទាមទាររយៈពេលជាច្រើនឆ្នាំមិនទទួលបានលទ្ឋផល។ ក្រុមគ្រូបង្រៀនបានទាមទារឲ្យក្រសួងអប់រំយុវជននិងកីឡាចុះធ្វើការស៊ើបអង្កេតករណីពុករលួយដ៏ធំមួយដែលបានកើតឡើងនៅវិទ្យាល័យ។
ក្នុងពាក្យបណ្តឹងមួយច្បាប់របស់គ្រូបង្រៀនមួយក្រុមដែលវីអូអេទទួលបាននៅថ្ងៃអង្គារ៍នេះបានចោទប្រកាន់អ្នកស្រី ទា មិសា នាយិកាវិទ្យាល័យទួលប្រសាទសែនសុខបានកិបកេងថវិកាក្រសួងអប់រំរយៈពេលប្រាំពីរឆ្នាំចាប់ពីឆ្នាំ២០០៥រហូតដល់ឆ្នាំ២០១២ ដោយមានទឹកប្រាក់ចំនួនជាងប្រាំមួយពាន់លានរៀលគឺប្រមានជាង១លានដុល្លាសហរដ្ឋអាមេរិក។
លិខិតដដែលបានលើកឡើងថា ថវិការដែលក្រសួងអប់រំបានផ្តល់សម្រាប់ប្រាក់ភីអេភី និងភីប៊ីក្នុងមួយឆ្នាំៗគ្មានការចំណាយអ្វីទាល់តែសោះ ដោយនាយិកាវិទ្យាល័យបានដកចំណាយដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ។ តាមការពិតក្នុងគម្រោងរបស់ក្រសួងអប់រំសាលាត្រូវចាយវាយឲ្យត្រូវខ្ទង់ចំណាយមិនអនុញ្ញាតឲ្យសិស្សចេញលុយដោយខ្លួនឯងនោះទេ។
សិស្សទុតិយភូមិក្នុងម្នាក់ៗមានខ្ទង់ចំណាយ១៨.០០០រៀលនិងមធ្យមសិក្សាបឋមភូមិចំនួន១៦.០០០រៀល។ ដូច្នេះគិតរយៈពេលប្រាំពីរឆ្នាំ និងចំនួនសិស្សសរុប ទឹកប្រាក់ចំនួនជាង៦ពាន់លានរៀលត្រូវបានអុ្នកស្រីទា មិសា កឹបកេងពីក្រសួងអប់រំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ដោយការទាមទាររបស់ខ្លួនជាច្រើនឆ្នាំមិនបានសម្រេច នៅថ្ងៃអង្គារនេះក្រុមគ្រូបង្រៀនប្រមាណជាង១០នាក់ដំបូងបានធ្វើកូដកម្មមិនចូលបង្រៀនសិស្ស។
លោកគ្រូ ប្រាជ្ញ កំសាន្ត គ្រូបង្រៀនផ្នែកជីវវិទ្យាបាននិយាយថា មូលហេតុនៃការធ្វើកូដកម្មនេះគឺទាមទារឲ្យក្រសួងអប់ រំយុវជន និងកីឡាធ្វើការស៊ើបអង្កេតលើអ្នកស្រី ទា មិសា ពីបទប្រព្រិត្តិអំពើពុករលួយនិងទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនអ្នកស្រីនាយិកាសាលាទៅផ្តន្ទាទោសតាមច្បាប់។
«ពួកយើងខ្ញុំទាមទារឲ្យដកពីតួនាទីចេញ ទី១។ ទី២ ក្រោយពីដកពីតួនាទីហើយ ត្រូវប្រើប្រាស់តាមនិតិវិធីច្បាប់ពីបទបន្លំឯកសារសារធារណៈ»។
លោកស្រី ទា មិសា នាយិកាវិទ្យាល័យទួលប្រាសាទសែនសុខបានបដិសេធថា អ្នកស្រីមិនបានកឹបកេងថវិកាក្រសួងអប់រំរហូតដល់រាប់លានដុល្លានោះទេ។
«ចុះមកដល់សាលាគុណមើលទៅ មិនដែលមានលុយឯណា៦ពាន់លានរៀល។ នេះលោកគ្រូអ្នកគ្រូខ្ញុំមួយសន្ឋឹកដែរឮសូរ៦ពាន់លានរៀល គេឆ្ងល់គ្រប់គ្នាមិនដឹងជាយកពីណាមកទេពឹងពីស្អី»។
លោក ជា ជាតិ ប្រធានមន្ទីរអប់រំក្រុងភ្នំពេញបាននិយាយថា លោកបានបង្កើតគណៈកម្មការចុះធ្វើការស៊ើបអង្កេតហើយ។ លោកមិនបានធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ រហូតដល់មិនមានរបាយការណ៍ជាផ្លូវការ។
«ខ្ញុំនិយាយមុនគណៈកម្មការធ្វើម៉េចបាន។ ខ្ញុំបង្កើតតាំងពីអាទិត្យមុន ចុះទៅស្រាវជ្រាវ ចុះសួរគេមើលតាមផ្នែកមួយៗ។ ឧទាហរណ៍ខ្ទង់ចំណាយ លើចំណូលយ៉ាងណាគេមានការណែនាំ។ ដូច្នេះឆ្លើយភ្លាមអត់កើត។ អញ្ចឹងខ្ញុំរង់ចាំគណៈកម្មការចុះសិន»។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាបាននិយាយថា ក្រសួងអប់រំត្រូវតែមានវិធានការផ្តន្ទាទោសនាយិការដែលពាក់ព័ន្ឋនឹងអំពើពុករលួយទៅតាមផ្លូវច្បាប់ដើម្បីធ្វើយ៉ាងណាលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា។
«ពាក់ព័ន្ឋនឹងលុយភីប៊ី លុយសាលារៀនអ្វីហ្នឹងនៅសាលាទូទាំងប្រទេសកម្ពុជា វាមានស្ទើរតែគ្រប់សាលាហើយ។ ហើយស្ថាប័នប្រឆាំងអំពើពុករលួយត្រូវតែមានវិធានការជាក់លាក់ទៅលើជនប្រព្រឹត្តអំពើពុករលួយ»។
លោកឧិម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនអាចស្នើសុំដើម្បីបំភ្លឺបានទេដោយទូរសព្ទរបស់លោកមិនមានអ្នកទទួល៕