ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ជំងឺ​រលាក​សួត​«មិន​ស្គាល់​អត្តសញ្ញាណ»

រូប​ឯកសារ៖ មន្ត្រី​សុខាភិបាល​ចិន​ពិនិត្យ​សីតុណ្ហភាព​នៃ​អ្នក​ដំណើរ​ម្នាក់​នៅ​ក្នុង​រថយន្ត​ក្រុង​ទៅ​កាន់​ទី​ក្រុង​វូហាន ធានី​​​ខេត្ត​ហ៊ុយបេ​ (Hubei) ប្រទេស​ចិន កាល​ពី​ឆ្នាំ​២០០៣ ក្នុង​អំឡុង​មាន​ការ​ផ្ទុះ​មេរោគ SARS។

ក្រសួង​សុខាភិបាល​​បាន​បញ្ជាក់​ថា ​មិន​ទាន់​មាន​ករណី​ជំងឺ​រលាក​សួត​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រសួង​កំពុង​តាម​ដាន​​ជំងឺ​ប្រភេទ​នេះ​ ដោយ​​ក្រុង​វូហាន​ប្រទេស​ចិន​​ បាន​រាយការណ៍​ថា មាន​អ្នក​កើត​ជំងឺ​រលាក​សួត​​នេះ សរុប​ចំនួន​៥៩​នាក់​មក​ត្រឹម​ថ្ងៃ​ទី​៥ ខែមករា។

ក្រសួង​សុខាភិបាល​កម្ពុជា​បានអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​នឹង​ជំងឺ​រលាក​សួត​មួយ​ប្រភេទ ដែល​មិន​ស្គាល់​អត្តសញ្ញាណ ខណៈ​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ប្រភព​មក​ពី​ប្រទេស​ចិន។

ក្នុង​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​១០ ​ខែ​មករា ក្រសួង​សុខាភិបាល​ បាន​បញ្ជាក់​ថា ​មិន​ទាន់​មាន​ករណី​ជំងឺ​រលាក​សួត​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រសួង​កំពុង​តាម​ដាន​ជំងឺ​ប្រភេទ​នេះ​ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​អង្គការ​សុខភាព​ពិភពលោក​ប្រចាំកម្ពុជា(WHO)។

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ជំងឺ​រលាក​សួត​មិន​ដឹង​ប្រភព ឬ​មូលហេតុ​នេះ​ ត្រូវ​បាន​រាយការណ៍​ដំបូង​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ទី​ក្រុង​វូហាន (Wuhan) ខេត្ត​ហ៊ុយបេ​ (Hubei) ប្រទេស​ចិន។

ក្រសួង​បន្ត​ថា បើ​គិត​ត្រឹម​ម៉ោង៨ព្រឹក ​នា​ថ្ងៃ​ទី៥ ខែ​មករា ក្រុង​វូហាន​ បាន​រាយការណ៍​ថា មាន​អ្នក​កើត​ជំងឺ​រលាក​សួត​ដោយ​សារ​វីរុស​មិន​ស្គាល់​អត្តសញ្ញាណ​នេះ សរុប​ចំនួន​៥៩​នាក់ ដែល​ក្នុង​នោះ​៧​នាក់​មាន​សភាព​ធ្ងន់ធ្ងរ។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រាប់ VOA​ ថា​ ក្រសួង​បាន​ចាត់​វិធានការ​ត្រួត​ពិនិត្យ​លើ​អ្នកធ្វើ​ដំណើរ​ចេញ​ចូល​ប្រទេស​កម្ពុជា។

លោកស្រី​បញ្ជាក់​ថា៖ «ទោះ​បី​ជា​មិន​មាន​ករណី​ជំងឺ​នេះ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក៏ដោយ ក៏​ប៉ុន្តែ​ក្រសួង​សុខាភិបាល​បាន​ដាក់​នូវ​ម៉ាស៊ីន​ស្គែន​កម្តៅ​នៅ​តាម​ច្រក​ចេញ​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ព្រះសីហនុ និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប។ ហើយ​ក្រុម​ការងារ​ចត្តាឡីស័ក (quarantine) ​នៅ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​អស់​ហ្នឹង​ក៏​កំពុង​តែ​សកម្ម​ក្នុង​ការ​ស្រាវជ្រាវ​ក្រែង​លោក​មាន​ករណី​សង្ស័យ»។

អ្នកស្រី​បាន​បន្ត​ថា ក្រសួង​ក៏​បាន​ត្រៀម​បន្ទប់​សម្រាប់​ដាក់​អ្នក​ជំងឺ​ដោយ​ឡែក​ផង​ដែរ​ នៅ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត មន្ទីរ​ពេទ្យ​ខេត្ត​ព្រះសីហនុ និង​មន្ទីរពេទ្យ​ខេត្ត​សៀមរាប។

លោក គី សាន់ទី នាយក​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ប្រាប់ VOA ថា មន្ទីរ​ពេទ្យ​បាន​ដឹង​ពី​សេចក្តី​ជូន​ដំណឹងរបស់​ក្រសួង​សុខាភិបាល​ពាក់ព័ន្ធ​នឹង​ជំងឺ​រលាក​សួត​មិន​ស្គាល់​អត្ត​សញ្ញាណ​នេះ។ លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​កុមារ​ណា​ម្នាក់​ដែល​កើត​អាការៈ​រលាក​សួត​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ។

«អត់​មាន​ទេ​បាទ។ អត់​មាន​ដូច​ករណីដូច​នៅ​ក្នុង​ Press Release (សេចក្តី​ប្រកាស​ព័ត៌មាន) ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​បាន​ធ្វើ។ យើង​តាម​ដាន​ទៅ​ យើង​អត់​មាន​ទេ​ យើង​មាន​តែ​ឆ្លង​សួត​អី​តាម​រដូវ​ធម្មតាៗ​ទេ មិន​មាន​អី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ»។

នាយក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ​រូប​នេះ​បាន​បន្ថែម​ថា ​មន្ទីរពេទ្យ​នឹង​សហការ​ជាមួយក្រសួង​សុខាភិបាល និង​មន្ទីរ​គ្រប់គ្រង​និង​ការពារ​ជំងឺ​ឆ្លង ​ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ​ក្នុង​ករណី​មាន​ការ​សង្ស័យ​កើត​ជំងឺ​រលាក​សួត​មួយ​នេះ។

យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​សុខភាព​ពិភព​លោក ចុះ​ថ្ងៃ​ទី​៩ ខែ​មករា អង្គការ​អន្តរ​ជាតិ​មួយ​នេះ នឹង​បន្ត​តាម​ដាន​ស្ថានភាព​នៃ​ជំងឺ​នេះ ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត ហើយ​ត្រៀម​ធ្វើ​ការ​រួម​គ្នា​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ និង​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ប្រទេស​ចិន ដើម្បី​ស៊ើប​អង្កេត និង​ឆ្លើយ​តប​នឹង​ជំងឺ​រាត​ត្បាត​មួយ​នេះ។

ចំណែក​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​អនាម័យ​ឲ្យ​បាន​ញឹកញាប់ និង​ជៀសវាង​ការ​ប៉ះពាល់​ជិត​ស្និទ្ធ​ឬ​ទៅ​ទីផ្សារ​លក់​គ្រឿង​សមុទ្រ​ហូណាន ឬ​ទីផ្សារ ឬ​កសិដ្ឋាន​ដែល​មាន​សត្វ​រស់ ឬ​សត្វព្រៃ ឬ​កន្លែង​ដែល​គេ​ដឹង​ថា ​មាន​វីរុសកំពុង​ចរាចរ។ ក្រសួង​បន្ត​ថា អ្នក​ដែល​មាន​រោគ​សញ្ញា​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាល ត្រូវ​ខ្ទប់​មាត់ និង​ច្រមុះ នៅ​ពេល​ក្អក ឬ​កណ្តាស់៕