ក្រសួងសុខាភិបាលបានរកឃើញការចម្លងជំងឺអឹមផក (Mpox) ទៅលើបុរសម្នាក់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់រក្សាសុខភាពផ្ទាល់ខ្លួន។ នេះជាករណីទី ១២ នៃការចម្លងជំងឺអឹមផកក្នុងប្រទេសកម្ពុជា។
ជំងឺអឹមផកដែលដើមឡើយត្រូវគេកំណត់ថា ជាជំងឺអុតស្វា អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទ ការប៉ះពាល់កន្លែងមានដំបៅផ្ទាល់ តំណក់តូចៗសាយចេញតាមផ្លូវដង្ហើម ទឹកមាត់ និងសម្ភារៈប្រើប្រាស់ផ្សេងៗដែលមានវីរុសអុតស្វា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រសួងបានថ្លែងថា ជំងឺអឹមផកត្រូវបានរកឃើញនៅលើបុរសខាងលើកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោយទទួលបានលទ្ធផលពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
សេចក្តីប្រកាសដដែលបន្ថែមថា នាពេលថ្មីៗនេះជំងឺអឹមផកបានកើនឡើងនៅក្នុងប្រទេសកម្ពុជា ដែលទាមទារឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន និងបង្ការការរីករាលដាលជំងឺនេះជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ។
គួរបញ្ជាក់ថា រោគសញ្ញានៃជំងឺអឹមផកមានដូចជា កន្ទួលរមាស់ មានពងទឹកនៅលើមុខ បាតដៃ បាតជើង មាត់ ឬដងខ្លួន គ្រុនក្តៅ អស់កម្លាំង ឈឺក្បាល ឈឺចង្កេះ ឬឈឺសាច់ដុំជាដើម។
វិធានការទប់ស្កាត់ការចម្លងវីរុសអុតស្វា ឬជំងឺអឹមផកមានដូចជា ការប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ ចៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានជំងឺអឹមផក សម្លៀកបំពាក់ ឬតំណក់ទឹកដែលចេញពីផ្លូវដង្ហើម អនុវត្តអនាម័យដៃជាប្រចាំ និងរាយការណ៍ករណីសង្ស័យណាមួយហើយដាក់បុគ្គលដែលមានជំងឺនេះនៅដោយឡែកជាដើម។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ជំងឺអឹមផកនេះ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះបើតាមអង្គការសុខភាពពិភពលោក គិតត្រឹមខែមករា ឆ្នាំ ២០២៣ មានករណីស្លាប់ដោយសារជំងឺនេះចំនួន ១៧៦នាក់នៅលើពិភពលោក ក្នុងចំណោមករណីឆ្លងសរុបជាង ៩ ម៉ឺននាក់៕