កម្ពុជា​មិនទាន់​មាន​ផែនការ​ត្រៀម​ជម្លៀស​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង

រូបឯកសារ៖ ក្បួនដង្ហែ​គ្រាប់​មីស៊ីល​នៅ​ទីលាន Kim Il Sung អំឡុងពេល​អបអរសាទរ​ខួប​កំណើត​លើក​ទី​ ១០៥ របស់​លោក Kim Il Sung កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៧។

ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ អាច​នឹង​ផ្ទុះ​សង្គ្រាម​ភ្លាមៗ ប្រសិនបើ​កូរ៉េ​ខាងជើង​បំផ្ទុះ​នុយក្លេអ៊ែរ បន្ទាប់​​ពី​អាមេរិក​បាន​ព្រមាន​ច្បាស់ៗ​អំពី​ការ​ឆ្លើយ​តប​ដោយ​កម្លាំង​យោធា ព្រម​ទាំង​បាន​ បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​មក​ក្បែរ​ឧបទ្វីប​កូរ៉េ​រួច​ជា​ស្រេច។

ស្រប​ពេល​ការ​គំរាម​ធ្វើសង្គ្រាម​នុយក្លេអ៊ែរ​រវាង​អាមេរិក និង​កូរ៉េ​ខាងជើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​គួរ​ឲ្យ​ព្រួយ​បារម្ភ កម្ពុជា​មិន​ទាន់​មាន​វិធានការណាមួយ​ក្នុង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ជាង​៦​ម៉ឺន​នាក់ ដែល​កំពុង​រស់​នៅ​ប្រទេសកូរ៉េ​ខាងត្បូងនោះ​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេសកូរ៉េ​ខាងត្បូង។

ការ​ប្រឈម​មុខ​ដាក់គ្នារវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាងជើង​ កំពុងត្រូវ​បាន​ពិភព​លោក​តាម​ដាន​យ៉ាងយក​ចិត្ត​ទុកដាក់ ខណៈ​ដែល​ប្រទេសទាំង​ពីរ​បាន​គំរាម​ថា​នឹង​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមក ដោយ​មាន​ការបង្អួតគ្រឿង​សព្វាវុធ ជាពិសេស​អាវុធ​នុយក្លេអ៊ែរ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​អាវុធដែលធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​ពិភព​លោក។

ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ អាច​នឹង​ផ្ទុះ​សង្គ្រាម​ភ្លាមៗ ប្រសិនបើ​កូរ៉េ​ខាងជើង​បំផ្ទុះ​នុយក្លេអ៊ែរ បន្ទាប់ពី​អាមេរិក​បាន​ព្រមាន​ច្បាស់ៗ​អំពី​ការ​ឆ្លើយ​តប​ដោយ​កម្លាំង​យោធា ព្រម​ទាំង​បាន​ បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​មក​ក្បែរ​ឧបទ្វីប​កូរ៉េ​រួច​ជា​ស្រេច។

លោក ឡុង ឌីម៉ង់ ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ជា​ប្រទេស​ជាប់​ព្រំ​ប្រទល់​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង ប្រាប់VOA នា​រសៀលថ្ងៃអង្គារ​នេះ​ថា កម្ពុជាកំពុង​តាម​ដានរាល់​ការ​វិវត្តនៃ​ការ​ប្រឈម​មុខគ្នា​រវាង​កូរ៉េ​ខាង​ជើង និង​សហរដ្ឋ​អាមេរិក។

ទោះជា​យ៉ាង​ណា​ លោក​ថា រហូត​មកដល់​ពេល​នេះ រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាងត្បូង មិន​ទាន់បាន​ប្រកាស​ពី​ភាព​អាសន្ន​នៅ​ឡើយ ដូច្នេះលោក​ថា ​កម្ពុជា​មិន​ទាន់បាន​ត្រៀម​វិធានការ​ណា​មួយ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ស្ថានភាព​អត់​ទាន់​មាន​តម្រូវ​ឲ្យ​ធ្វើ​អី​នោះ ​គឺ​យើង​មិនមាន​រៀបចំ​អីបែប​ណា​នោះ​ទេ។​ បើ​និយាយ​ឲ្យ​ចំ​ទៅ​ស្ថាន​ភាព​នៅ​ប្រទេសកូរ៉េ​ខាង​ត្បូង​នេះ អ្វីៗ​គឺ​ហាក់​ដូច​មិនមាន​អី​ប្លែក​នោះ​ទេ។ ម្នាក់ៗ​គឺ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គេ ទេសចរណ៍ អ្នក​វិនិយោគ​អី​គឺ​ថា​ធម្មតា អត់​មាន​អី​ដែល​ព្រួយ​បារម្ភ។ ឃើញ​ថា​ស្ថានភាព​របស់​ពួក​គាត់​គឺ​ហាក់​ដូចជា​ធម្មតា ដូច្នេះ​អត់​ទាន់​មាន​ដល់​ដំណាក់​កាល​អី​បារម្ភ​អញ្ចឹង​ផង។ បើ​មាន​ការ​អី​ ខាង​រដ្ឋាភិបាល​កូរ៉េ​នឹង​ឲ្យ​ដំណឹង​មក​យើង​ហើយ តែ​មក​ដល់​ពេល​នេះ​អត់​ទាន់​មាន​អី​ទេ»។

រូបឯកសារ៖ លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង អង្គុយនៅក្នុងផ្ទះរបស់លោក បន្ទាប់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ VOA កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

បើ​តាម​លោក ឡុង ឌីម៉ង់ បច្ចុប្បន្ន​ប្រជា​ពលរដ្ឋកម្ពុជា​ដែល​កំពុង​រស់នៅប្រទេស​កូរ៉េ​ខាងត្បូង មាន​ចំនួន​ជាង៦ម៉ឺន​នាក់។ ក្នុង​នោះ​ ពលករ​មាន​ចំនួន​ជាង​៥ម៉ឺន​នាក់ ស្ត្រី​រៀបការ​ទៅ​កូរ៉េ​ ​មាន​ជាង​១ម៉ឺន​នាក់ និង​សិស្ស​និស្សិតមាន​ជាង​៤០០​នាក់។

ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​រស់​នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ប្រាប់​VOAថា រហូត​មក​ដល់​ពេល​នេះ ពួកគាត់មិន​បារម្ភពីការ​គំរាម​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​រវាង​កូរ៉េ​ខាងជើង និង​សហរដ្ឋ​អាមេរិកខ្លាំង​ពេក​ទេ។

លោក ណាំ ប៊ុណ្ណាលី ពលករ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រាប់​ថា លោក ព្រម​ទាំងប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ និង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ផ្សេង​ទៀត​ ហាក់​មិនទាន់​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំងពី​ការ​ប្រឈម​មុខ​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង និង​អាមេរិក​នោះ​ទេ។ លោក​ថា ការ​មិន​បារម្ភ​នេះ​ដោយ​សារ​កូរ៉េ​ខាង​ជើង ​តែងគំរាម​ពី​ការ​បាញ់​បង្ហោះ​គ្រាប់​នុយក្លេអ៊ែរ​ជា​ញឹកញាប់។

លោក ណាំ ប៊ុណ្ណាលី បន្ថែម​ថា បើ​ទោះ​បីជាប្រជាពលរដ្ឋ​នៅ​កូរ៉េ​ខាងត្បូង​មិនទាន់​ព្រួយ​បារម្ភ​ខ្លាំង តែលោក​បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រៀម​ខ្លួន​ក្នុង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​កម្ពុជា ​ដែល​កំពុង​ធ្វើ​ការ និង​រស់នៅ​ទី​នោះ​ឲ្យ​បាន​ទាន់​ពេល ក្នុង​ករណី​ហេតុការណ៍​អាក្រក់​ណាមួយ​កើតឡើង។

លោក​បាន​ថ្លែង​ប្រាប់VOAថា៖ «បើសិនជា​បញ្ហា​នៅ​កូរ៉េ​ខាងត្បូង​ហ្នឹង​កាន់​តែ​ពុះ​កញ្ជ្រោល​ខ្លាំង ឬក៏​អាច​មាន​ការ​ផ្ទុះ​អាវុធ​ហ្នឹង ខ្ញុំ​សូម​សំណូមពរ​រដ្ឋាភិបាលត្រូវ​បញ្ជូន​យន្ត​ហោះ​មក​ទទួល​ពលករ​នៅ​កូរ៉េ​ខាង​ត្បូង​ហ្នឹង​ជា​បន្ទាន់ ព្រោះ​អី​កូរ៉េ​ខាងជើង​ហ្នឹង​ មាន​នុយក្លេអ៊ែរ។ ដល់​អញ្ចឹង ​បើសិនជា​មាន​បញ្ហា​អី​កើត​ឡើង​គឺ​ពិបាក​ណាស់ លេង​សុទ្ធ​តែ​អាវុធ​គីមី​អី​អញ្ចឹង ហើយ​អញ្ចឹង​គ្រោះ​ថ្នាក់​ខ្លាំង​មែន​ទែន។ បើសិនជា​ស្ថានការណ៍​មើល​ទៅប្រុង​ថា​ផ្ទុះ រដ្ឋាភិបាល​គួរ​តែ​ប្រញាប់​ប្រញាល់​មែនទែន ប្រសិន​បើ​មិន​ប្រញាប់​ប្រញាល់​ទេ គ្រោះ​ថ្នាក់​ហ្នឹង​ គឺ​ថា​មើល​មិន​ឃើញ​ទេ»។

ថ្មីៗនេះ​ រដ្ឋាភិបាល​ជប៉ុន បាន​គ្រោង​បញ្ជូន​យន្តហោះ​យោធា និង​ស៊ីវិលទៅ​ជម្លៀសប្រជាជន​ខ្លួន ប្រមាណ​ជាង៥៧.០០០​នាក់ ចេញ​ពី​កូរ៉េ​ខាងត្បូង ក្នុង​ករណី​ដែល​ភាព​តានតឹង​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង និង​សហរដ្ឋ​អាមេរិក អាច​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​សង្គ្រាម។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ទេ រហូត​មកដល់​ល្ងាច​ថ្ងៃអង្គារ​នេះ។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ ប្រាប់​ VOA ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​មាន​ការ​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ​ដែល​កំពុង​រស់​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ទៀត តាមរយៈការ​ជូន​ដំណឹងពីការ​ការពារ​ខ្លួន​ និង​ការ​ស្វែងរក​ជំនួយ​ពីស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​នោះ។

លោក​បន្ថែម​ថា ដោយ​សារ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ​នៅ​ឡើយ ដូច្នេះការ​ទាក់ទងស្នើ​សុំ​ជំនួយ​ជាមុនពី​បណ្ដា​ប្រទេស​ដែល​មាន​លទ្ធភាព ដូចជា​ការត្រៀម​យន្ត​ហោះ​ដើម្បី​ដឹកជញ្ជូន​ប្រជា​ពលរដ្ឋ​មកកាន់​ទីកន្លែង​មាន​សុវត្ថិភាព គឺ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​ដើម្បីបង្ការ​ហានិភ័យដែល​អាច​កើត​ឡើង​ជា​យថាហេតុ។

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត។ (ហ៊ុល រស្មី/VOA)

លោក​មាន​ប្រសាសន៍​ថា៖ «ទោះបី​មិន​មាន​ស្ថានការណ៍​ធំ មិន​មាន​ជម្លោះ មិន​មាន​ភាព​តាន​តឹង​ក៏​គួរ​តែ​ត្រៀមហើយ។ បើសិនជា​រដ្ឋាភិបាល​មិន​បាន​ត្រៀម ក៏​ពេល​នេះ​ហើយ​គួរ​ត្រៀម ​មិន​គួរ​ចាំ​ទៀត​ទេ។​ ប៉ុន្តែ​ការ​ត្រៀម​ហ្នឹងទោះបី​មិន​មាន​សង្គ្រាម មិន​មាន​ភាព​តានតឹង ក៏គួរ​តែ​មាន​ត្រៀម​ដែរ ព្រោះ​អីតែ​ពេល​ណា​យើង​មាន​ប្រជាពលរដ្ឋ​យើង​នៅ​ក្រៅ​ប្រទេស ជាទូទៅ​យើង​អត់​ដឹង​ទេ​ពី​ហានិភ័យ។​ មាន​ហានិភ័យ​ច្រើន​ណាស់​ដែល​យើង​ត្រៀម​ទុក​មិន​បាន»។​

កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មាន​ភាព​អត់ធ្មត់ និង​ព្យាយាមដោះស្រាយ​សភាព​ការណ៍​តានតឹង​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង ប្រទេស​ស៊ីរី និង​នៅ​មជ្ឈិម​បូព៌ា ​តាម​រយៈ​ការ​ចរចា៕