សាលាក្តីកាត់ទោសខ្មែរក្រហមដែលគាំទ្រដោយអង្គការសហប្រជាជាតិបានកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកំពូលពីរនាក់ដែលកំពុងរស់រានមានជីវិត ជាលើកដំបូងក្នុងរយៈពេលជាង៣៥ឆ្នាំឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ការកម្រិតដោយច្បាប់ក្នុងកិច្ចព្រមព្រៀងស្តីពីការបង្កើតតុលាការនិងច្បាប់តុលាការខ្មែរក្រហម លើទំហំឧក្រិដ្ឋកម្មនិងចំនួនអ្នកទទួលខុសត្រូវ ហើយនឹងការអូសបន្លាយពេលវេលាជាង៣៥ឆ្នាំនេះនៅតែជាបញ្ហាចម្រូងចម្រាសសម្រាប់តុលាការខ្មែរក្រហមដែលចូលរួមដោយអសបមួយនេះ។
ការកាត់ទោសជនជាប់ចោទទាំងពីរគឺ នួន ជា បងធំទី២ និង ខៀវ សំផន ប្រមុខរដ្ឋរបបខ្មែរក្រហមកាលពីថ្ងៃព្រហស្បតិ៍ទី៧ខែសីហានេះត្រូវគេធ្វើឡើងបន្ទាប់ពីឧក្រិដ្ឋកម្មនានាបានកើតឡើងក្នុងចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ដែលបណ្តាលឲ្យពលរដ្ឋជាង១លាន៧សែននាក់ស្លាប់ដោយការបង្អត់អាហារ ការជម្លៀស ការសម្លាប់រង្គាល ការគ្មានថ្នាំព្យាបាល និង ការបង្ខំឲ្យធ្វើការហួសកម្លាំង។ តែឧក្រិដ្ឋកម្មទាំងនេះទើបទទួលបានការកាត់ទោសក្រោយពេលជនរងគ្រោះជាច្រើនបានស្លាប់ ក្រោយពេលជនសង្ស័យជាច្រើនបានស្លាប់និងក្រោយពេលភស្តុតាងជាច្រើនបានសាបរលាបស្ទើរតែអស់។
លោកស្រី បេត វណ្ណ ឆាក់ (Beth Van Schaack) អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌល កិច្ចសហប្រតិបត្តិការនិងសន្តិសុខអន្តរជាតិនៃសាកលវិទ្យាល័យ ស្តេនហ្វ៊ត (Stanford University) នៅសហរដ្ឋអាមេរិកបានអះអាងថា ការកាត់ទោសនេះផ្តល់យុត្តិធម៌ខ្លះ និងផ្តល់ការរៀនសូត្រដល់អ្នកជំនាន់ក្រោយឲ្យយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់ខ្លួនដើម្បីធានាថា ឧក្រិដ្ឋកម្មបែបនេះ មិនកើតម្តងទៀតក្នុងប្រទេសកម្ពុជានិងកន្លែងដទៃទៀត។
«សាលក្រមនេះជាការគួរឲ្យស្វាគមន៍ខ្លាំងណាស់។ សាលក្រមនេះជាជោគជ័យ តូចតាច ដែលវាកើតឡើងយឺតពេក តែនៅទីបំផុតវាជារឿងល្អ ដែលសំណុំរឿង ០០២នេះ អាចបិទបានខ្លះ ហើយមានមេដឹកនាំជាន់ខ្ពស់បំផុតក្នុងរបបខ្មែរក្រហមត្រូវគេនាំមកកាត់ទោស»។
Your browser doesn’t support HTML5
លោកស្រីបានផ្តល់តម្លៃដល់តុលាការដែរចំពោះការចូលរួមរបស់ពលរដ្ឋជាង ២សែននាក់ក្នុងកម្មវិធីផ្សព្វផ្សាយរបស់តុលាការខ្មែរក្រហមនិងអង្គការក្រៅ រដ្ឋាភិបាល ហើយនឹងការចូលរួមរបស់ជនរងគ្រោះជាង៤.០០០នាក់ក្នុងដំណើរការនីតិវិធីតុលាការដែលលោកស្រីចាត់ទុកថា ជាមរតកដ៏ស្ថិតស្ថេរបំផុតមួយរបស់តុលាការ។
«សម្រាប់ខ្ញុំគឺជាការសប្បាយផងនិងក្រៀមក្រំផងក្នុងឋានៈជាអ្នកឃ្លាំមើលអន្តរជាតិ ក្នុងឋានៈជាអ្នកលះបង់ចំពោះគម្រោងយុត្តិធម៌អន្តរជាតិ។ តែខ្ញុំគិតថាជារឿងមួយដែលយើងត្រូវអបអរសាទរផងដែរ ព្រោះទោះណាជាយុត្តិធម៌ប្រវត្តិសាស្ត្រមែន តែយើងធ្វើកិច្ចការទាំងអស់គ្នាជាសហគមន៍អន្តរជាតិដើម្បីធានាថាគ្មានការអត់ឱនទោសទាំងស្រុងចំពោះបទឧក្រិដ្ឋទាំងនោះទេ ហើយពេលនេះ យើងមានការកាត់ទោសចំពោះអ្នកដឹកនាំជាន់ខ្ពស់ហើយ»។
លោកស្រីបានអះអាងថា លោកស្រីធ្លាប់បានចូលរួមស្រាវជ្រាវអំពីអំពើប្រល័យ ពូជសាសន៍ជាមួយនឹងមជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ។
លោក អៀ សុផល សាស្ត្រាចារ្យខ្មែរអាមេរិកាំងម្នាក់និងជាអ្នកនិពន្ធសៀវភៅមួយក្បាលមានចំណងជើងថា «ជំនួយបរទេសនៅកម្ពុជា៖ តើជំនួយបរទេសធ្វើឱ្យអន្តរាយដល់លទ្ធិប្រជាធិតេយ្យនៅកម្ពុជាដូចម្តេច» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) និងសៀវភៅនាគអត់ឃ្លាន (The Hungry Dragon)។ លោកក៏ជាជនរងគ្រោះម្នាក់ធ្លាប់រិះគន់តុលាការខ្មែរក្រហមចំពោះភាពរអាក់រអួលផងដែរ។ លោកបានថ្លែងប្រាប់វីអូអេខេមរភាសាថា សាលក្រមដាក់ទោសមួយជីវិតប្រឆាំងនឹងនួន ជា និងខៀវ សំផនគឺជាសាលក្រមដែលផ្តល់យុត្តិធម៌ដល់ខ្លួនលោក ឪពុកម្តាយលោក និងក្រុមគ្រួសារលោកដែលត្រូវខ្មែរក្រហមសម្លាប់និងបាត់ខ្លួន។
លោកថា សាលក្រមនេះបង្ហាញឲ្យដឹងពីអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម សម័យខ្មែរក្រហមក្នុងទសវត្សរ៍១៩៧០នោះដែរ។
«ខ្ញុំគិតថា វាជាជំហានរីកចម្រើនទៅមុខបើទោះជាខ្ញុំមានទំនុកចិត្តតិចតួចលើ តុលាការនេះកាលពីប៉ុន្មានឆ្នាំមុនដោយសារតែមានអំពើពុករលួយ ការជ្រៀតជ្រែកផ្នែកនយោបាយ អសមត្ថភាព និងបញ្ហាផ្សេងៗទៀត ដែលកើតឡើងមិនចេះចប់ជាច្រើនឆ្នាំនោះក្តី»។
តែបើតាមការអះអាងរបស់លោក នេត ថេយឺ (Nate Thayer) អ្នកសារព័ត៌មាន ល្បីល្បាញជនជាតិអាមេរិកាំងដែលបានសម្ភាសន៍ប៉ុលពតនិងមេដឹកនាំខ្មែរក្រហមដទៃទៀតដំបូងគេនោះ បានថ្លែងប្រាប់វីអូអេខេមរភាសាថា សាលាក្តីនេះនឹងនាំគំរូអាក្រក់ដល់យុត្តិធម៌ មិនគ្រាន់តែសម្រាប់កម្ពុជាទេ តែសម្រាប់ពិភពលោកដែរ ដោយសារការកាត់ទោសនេះធ្វើដោយនយោបាយគឺគេបានសម្រចរួចជាស្រេចថា នរណាត្រូវកាត់ទោស និងនរណាមិនត្រូវកាត់ទោស ដែលលោកបញ្ជាក់ថា គេគួរបែងចែកឲ្យដាច់ស្រឡះរវាងនយោបាយនិងយុត្តិធម៌។
លោកថ្លែងថា៖ «ចំពោះពលរដ្ឋកម្ពុជាគ្រប់រូបសាលក្រមនេះគ្មានយុត្តិធម៌ទេ។ សាលក្រមនេះ មិនបានលុបបំបាត់ក្រុមមនុស្សពុករលួយ ក្រុមមនុស្សដែលប្រព្រឹត្តការកាប់ សម្លាប់ដដែល ដែលកំពុងនៅក្នុងអំណាចនៃរដ្ឋាភិបាលរបស់គេបច្ចុប្បន្នទេ។ ការកាត់នេះជារឿងទំនាក់ទំនងសារធារណៈមួយ ហើយរឿងអាស្រូវពិតប្រាកដនោះគឺសហគមន៍អន្តរជាតិនិងអសប បានបោះត្រាយល់ព្រមលើដំណើការមួយតាមរបៀបលេងសើចនិងប្រមាថយុត្តិធម៌អន្តរជាតិ»។
លោកថ្លែងថា មានមនុស្សយ៉ាងច្រើនដែលរស់នៅយ៉ាងមានសេរីភាពរួចផុតពីការកាត់ទោសដូចជាប្រធានភូមិ ឃុំ ស្រុក ខេត្ត និងមន្ត្រីជាន់ខ្ពស់រាប់ពាន់នាក់ក្នុងប្រទេសកម្ពុជា ដែលរឿងនេះលោកថា ជាគំរូអាក្រក់សម្រាប់ឯករាជ្យនៃប្រព័ន្ធយុត្តិធម៌និងនីតិវិធីច្បាប់ក្នុងសតវត្សរ៍ទី២១ ។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី អៀរី កានិកុ (Eri Kaneko) អ្នកនាំពាក្យ អសបម្នាក់ក្នុងទីក្រុងញូវយ៉ក បានអះអាងប្រាប់វីអូអេផ្នែកខេមរភាសាថា សាលក្រមដាក់ទោសមួយជីវិតដល់ជនជាប់ចោទ នួន ជា និងខៀវ សំផន គឺជារឿងសំខាន់របស់តុលាការហើយវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងបញ្ហាយុត្តិធម៌ឧក្រិដ្ឋកម្មអន្តរជាតិ។
«សាលក្រមនេះបង្ហាញថា គ្មានភាពរួចទោសចំពោះឧក្រិដ្ឋកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរ នេះទេ។ សាលក្រមសម្រេចទោសជាង៣០ឆ្នាំក្រោយព្រឹត្តិការណ៍កាប់សម្លាប់ នោះ ជាការផ្ញើសារដ៏មានឥទ្ធិពលដល់មនុស្សគ្រប់គ្នាដែលគិតចង់ប្រព្រឹត្តអំពើ ឧក្រិដ្ឋកម្មបែបនេះក្នុងថ្ងៃអនាគត។ លោកអគ្គលេខាធិការអសបបានបញ្ជាក់ ជាបន្តបន្ទាប់ចំពោះការប្តេជ្ញាចិត្តរបស់លោកថា អ្នកប្រព្រឹត្តបទឧក្រិដ្ឋត្រូវតែទទួលទោស»។
លោកស្រីបានអះអាងទៀតថា អសបរំពឹងថា សាលាក្តីខ្មែរក្រហមនឹងបន្តកិច្ចការ របស់ខ្លួនក្នុងសំណុំរឿង០០២វគ្គ២ទៀត ខណៈដែលការស៊ើបអង្កេតសំណុំរឿង០០៣និង០០៤កំពុងបន្តនីតិវិធី។ លោកអគ្គលេខាធិការអសបបានអំពាវនាវដល់ រដ្ឋាភិបាលកម្ពុជានិងសហគមន៍អន្តរជាតិបន្តគាំទ្រនិងគោរពតាមដំណើរការ ឯករាជ្យរបស់តុលាការ៕