បាតុករ​ខ្មែរក្រោម​បញ្ចប់​ការ​តវ៉ា​៣​ថ្ងៃ​មុខ​ស្ថានទូត​វៀតណាម

ព្រះសង្ឃ​ខ្មែរក្រោម​និង​បាតុករ​ស្មឹងស្មាធិ៍​​​អស់​រយៈ​ពេល​៥​នាទី​ក្នុង​អំឡុង​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៤។

បាតុកម្ម​របស់​ព្រះ​សង្ឃ​និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​បី​ថ្ងៃ​នៅ​ពី​មុខ​ស្ថានទូត​វៀតណាម​បាន​បញ្ចប់​ហើយ​ដោយ​គ្មាន​មន្ត្រី​ស្ថានទូត​ណា​ម្នាក់​ចេញ​មក​ទទួល​ញាត្តិ​របស់​ក្រុម​បាតុករ​ទេ។

​ក្រុម​បាតុករ​ប្រមាណ​រាប់​រយ​នាក់​បាន​មក​ប្រមូល​ផ្តុំ​គ្នា ​ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ​រហូត​ដល់​ថ្ងៃ​ពុធ​នេះ​ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀត​ណាម​ចេញ​មុខ​មក​សុំ​ទោស​និង​ទទួល​ញាត្តិ​របស់​ខ្លួន។ ​បន្ទាប់​ពី​មានមន្ត្រី​ស្ថានទូត​ម្នាក់បាន​និយាយ​ថា​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ជា​របស់​ប្រទេស​វៀតណាម​តាំង​ពី​យូរ​មក​ហើយ។​

បាតុករ​ម្នាក់​ស្រែក​ថា៖ «ឲ្យ​ទ្រឹង វ៉ាន់ថុង ទ្រឹង វ៉ាន់​ថុង​ យួន​សុទ្ធសាធ​ហ្នឹង​មក​សុំ​ទោស​បង​ប្អូន​ខ្មែរ​នៅ​ទី​នេះ។ មែន​មិន​មែនៗៗ?»។​

ក្រុម​បាតុករ​ដោយ​មាន​ការ​ចូល​រួម​ពី​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជាក្រោម​បាន​កាន់​ទង់​ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ និង​ទង់​ព្រះរាជាណាចក្រ​កម្ពុជា​មក​តវ៉ា​នៅ​ពី​មុខ​ស្ថានទូត​វៀតណាម​ចំនួន​បី​ថ្ងៃ​ក្រោម​ការ​ឃ្លាំ​មើល​ពី​កង​កម្លាំង​មាន​សមត្ថកិច្ច។​

ផ្លូវ​ព្រះ​មុន្នីវង្ស​មួយ​កំណាត់​ពី​មុខ​ស្ថានទូត​វៀតណាម​ត្រូវ​បាន​បិទ​និង​មាន​ការ​ដាក់​ពង្រាយ​ពី​កង​កម្លាំង​មាន​សមត្ថកិច្ច​ជា​ច្រើន​នាក់​ដើម្បី​ការពារ​សុវត្ថិភាព​ស្ថានទូត។ ក៏ប៉ុន្តែ​រយៈ​ពេល​បី​ថ្ងៃ​នេះ​មិន​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​បាន​កើត​ឡើង​ទេ​រវាង​ក្រុម​បាតុករ​និង​កង​កម្លាំង​មាន​សមត្ថកិច្ច។​

ស្ត្រី​ម្នាក់​មក​ពី​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​មាន​ប្រសាសន៍​ថា​ ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ជា​ទឹក​ដី​របស់​ប្រទេស​កម្ពុជា។​ ហើយ​អ្វី​ដែល​ជា​ការ​អះអាង​របស់​មន្ត្រី​វៀតណាម​ថា ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​វៀតណាម​តាំង​ពី​ដើម​មក​នោះ​គឺ​ជា​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ។​

ស្ត្រី​ម្នាក់​នោះ​និយាយ​ថា៖​ «ពីព្រោះ​អ្វី​លោក​ ទ្រឹង វ៉ាន់​ថុង​ ថា​ជា​ទឹក​ដី​របស់វា។ ប៉ុន្តែ​ទឹក​ដី​នេះ​យូរ​អង្វែង​មក​ហើយ​ពី​សតវត្ស​ទី​មួយ​របស់​ខ្មែរ​កម្ពុជា​ក្រោម​អ្នក​ដែល​ម្ចាស់​ដើម​កំណើត។ ​ហើយ​ដល់​ពេល​នេះ​ខ្ញុំ​មក​ទាមទារ​ឲ្យ​ទ្រឹង​ វ៉ាន់ថុង​ ហ្នឹង​វា​ត្រូវ​មក​សុំ​ទោស​ខ្មែរ»។​

កាល​បី​ថ្ងៃ​អង្គារ ក្រុម​បាតុករ​ដែល​ពោរពេញ​ទៅ​ដោយ​កំហឹង​បាន​ដុត​ទង់​ជាតិ​ប្រទេស​វៀតណាម​ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​ការណ៍​ដែល​មន្ត្រី​ស្ថានទូត​វៀតណាម​មិន​បាន​ចេញ​មុខ​មក​សុំ​ទោស​ជា​សារធារណៈ។​

ព្រះ​សង្ឃ​មួយ​អង្គ​មាន​សង្ឃដីកា​ថា៖​ «ប្រសិន​បើ​យួន​ចង់​បញ្ចប់​បញ្ហា​នេះ​ជា​ប្រញាប់​ ត្រូវ​តែ​ប្រញាប់​ចេញ​មក​សុំ​ទោស​ខ្មែរ​ជា​សាធារណៈ។ ហើយ​ជំហរ​របស់​អាត្មា​ក្រោម​ការ​ដឹកនាំ​ជាតិ​មិន​មាន​ការ​លះបង់​ ហើយ​មិន​មាន​ការ​ភ័យ​ស្រុត​ មិន​មាន​ការ​តក់​ស្លុត​ដោយសារ​ការ​គំរាម​កំហែង​របស់​ក្រសួង​មហាផ្ទៃ​នោះ​ទេ»។​

លោក​ ទ្រឹង វ៉ាន់ថុង​ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​វៀតណាម​ធ្លាប់​បាន​អះអាង​ថា ​ទឹកដី​កម្ពុជា​ក្រោម​ជា​ទឹក​ដី​របស់​វៀតណាម​តាំង​ពី​ដើម​មក ​មិន​មែន​បាន​មក​ពី​ការ​កាត់​ទឹក​ដី​ដោយ​បារាំង​នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​១៩៤៩​នោះ​ទេ។​

លោក ទ្រឹង វ៉ាន់ថុង ​មិន​អាច​ស្នើ​សុំសេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​ ក៏​ប៉ុន្តែ​ស្ថានទូត​វៀតណាម​ធ្លាប់​បាន​ចេញ​សេច​ក្តី​ប្រកាស​ព័តមាន​ដោយ​ចាត់​ទុក​ថា​ ការ​ដឹក​នាំ​ធ្វើបាតុកម្ម​នេះ​គឺ​ជា​សកម្មភាព​ជ្រៀតជ្រែត​ចូល​ក្នុង​អធិបតេយ្យភាព​និង​កិច្ចការ​ផ្ទៃក្នុង​របស់​វៀតណាម ​ហើយ​ផ្ទុយ​ទៅ​នឹង​ច្បាប់​របស់​ប្រទេស​កម្ពុជា។ ​

លោក​ កែម ឡី​ អ្នក​ស្រាវជ្រាវ​សង្គម​មើល​ឃើញ​ថា ​ប្រសិន​ណា​បើ​មន្ត្រី​ស្ថានទូត​វៀតណាម​មិន​ចេញ​បក​ស្រាយ​ជូនប្រជាពលរដ្ឋ​បាន​យល់​ទេ លោក​បារម្ភ​ថា ​នៅ​ពេល​ខាង​មុខ​ចលនា​ជាតិនិយម​ប្រឆាំង​នឹង​វៀតណាម​អាច​កាន់​តែ​រីក​ធំ​ឡើង​ និង​អាច​រុញ​ច្រាន​ប្រទេស​ឈាន​ទៅ​រក​អំពើ​ហិង្សា​ដែល​អាច​ពិបាក​ក្នុង​ការ​គ្រប់គ្រង។​

កាល​ពី​ខែ​កក្កដា​ ក្រុម​បាតុករ​ដែល​ដឹក​នាំ​ដោយ​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា​ប្រមាណ​ជាង​១០​នាក់​បាន​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​សន្តិសុខ​នៅ​ក្បែរ​ស្ថានទូត​វៀតណាម​ដែល​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម​ចេញ​មក​សុំ​ទោស​ពាក់ព័ន្ធ​នឹង​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម៕