ស្ថាប័ន​រដ្ឋ​កាន់​តែ​ច្រើន​បើក​ទូលាយ​ព័ត៌មាន​តាម​ហ្វេសប៊ុក

មន្រ្តី​ជាន់​ខ្ពស់​​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​​ប្រើប្រាស់ ​Smart Phone (ទូរស័ព្ទ​ដៃ​ទំនើប) ខណៈ​​ដែល​​កំពុង​​រង់ចាំ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឡប់​​មក​ពីទស្សនកិច្ចនៅឯប្រទេសបារាំងវិញ​ កាល​ពី​ថ្ងៃ​ទី​​២៨ ខែតុលា ឆ្នាំ២០១៥។​ ថ្មីៗ​​នេះ​ មន្ត្រី​រាជរដ្ឋាភិបាលកម្ពុជា និង​​ស្ថាប័នសាធារណៈ​ចាប់ផ្តើម​​ប្រើប្រាស់​បណ្តាញ​សង្គម​​ហ្វេសប៊ុក (Facebook) ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណជន​​។​ (ហ៊ាន សុជាតា/ VOA)

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​​ប្រកាស​ជា​ផ្លូវ​ការ​ទទួល​ស្គាល់​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដែល​មាន​អ្នក​គាំទ្រ​ជាង​មួយ​លាន​នាក់។

ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​សេចក្តី​ជូន​ដំណឹង​ទៅ​ដល់​សាធារណជន​ បាន​ក្លាយ​ជា​ទំនោរ​ថ្មី​មួយ​សម្រាប់​មន្ត្រី​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​សាធារណៈ។​

មួយ​រយៈ​ចុង​ក្រោយ​នេះ ស្ទើរតែ​គ្រប់​ស្ថាប័ន​រដ្ឋ​ ឬ​ក្រសួង​ បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក​រៀងៗ​ខ្លួន។ ទំព័រ​ហ្វេសប៊ុក​ របស់​ស្ថាប័ន​រដ្ឋ​ទាំង​នោះ​ទៀត​សោត​ មួយ​ចំនួន​ធំ​មាន​ភាព​សកម្ម​ ដោយ​បង្ហោះ​នូវ​សកម្មភាព​របស់​ស្ថាប័ន​ ឬ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ ​សំណូម​ពរឲ្យ​សាធារណជន​ចូល​រួម​ក្នុង​យន្តការ​សាធារណៈ​ ការ​ផ្សព្វ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ទូទៅ​ ឬ​សេចក្តី​ជូនដំណឹង​ដល់​អ្នក​សារព័ត៌មាន​ជា​ដើម​។

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បានប្រកាស​ជា​ផ្លូវ​ការ​ទទួល​ស្គាល់​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដែល​មាន​អ្នក​គាំទ្រ​ជាង​មួយ​លាន​នាក់។​ ហើយ​ ជា​រឿយៗ លោក ហ៊ុន សែន​ តែង​តែ​បង្ហោះ​នូវ​សកម្មភាព​ការងាររបស់​លោក​ ផ្សាយ​ផ្ទាល់​ការ​ថ្លែង​សុន្ទរកថា ​ក៏ដូចជា​មាន​ប្រតិកម្ម​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​ផ្សេងៗ។​

អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។

លោក ​អ៊ុក គឹមសេង​ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ ទទួល​ស្គាល់​ថា​ មាន​ចំនួន​អ្នក​ប្រើប្រាស់​ជាច្រើន​ដែល​តាមដាន​ព័ត៌មាន​តាម​រយៈ​ហ្វេសប៊ុក​នេះ។ ហើយ​លោក​គាំទ្រ​ចំពោះ​ការ​បង្កើត​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថាប័នរដ្ឋនីមួយៗ​នោះ។​ ​

«ពេល​ហ្នឹង​អ្នក​អាន​ព័ត៌មាន​តាម​ហ្វេសប៊ុក​ គាត់​នឹង​ប្រៀប​ធៀប​ថា​ ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​តាម Pageរបស់​ស្ថាប័ន​រដ្ឋ​ អ្នក​នយោបាយ​ បុគ្គល​សាធារណៈ​ជា​រឿង​មួយ​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ បើ​យើង​ប្រៀប​ធៀប​ទៅ​នឹង​ព័ត៌មាន​ដែល​ចែក​រំលែក​ដោយ​បុគ្គល​មិន​ស្គាល់»។

ទំព័រ​ហ្វេសប៊ុក​ មិន​ត្រឹម​តែ​ដើរតួ​ជា​វេទិកា​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណជន​តែមួយ​មុខ​នោះ​ទេ​ វា​ក៏​ជា​មធ្យោបាយក្នុង​ការ​ទទួល​បាន​មតិ​យោបល់​ដោយ​ផ្ទាល់​ពី​សាធារណជន​ ​ដើម្បី​ធ្វើ​ការ​កែប្រែ​ឲ្យ​កាន់​តែ​ប្រសើរ​ ឬ​ហៅថា​រិះគន់​ដើម្បី​ស្ថាបនា​នោះ។​

លោក អ៊ុក គឹមសេង ​លើក​ឡើង​ថា៖ «សម្រាប់​អ្នក​ដែល​ផ្តល់​មតិ​យោបល់​ដែល​មាន​ខ្លឹម​សារ​ កែ​លម្អ​ ខាង​ក្រសួង​មាន​សមត្ថកិច្ច​ គេ​រើស​មក​បូក​សរុប​ដើម្បី​ពិចារណា​ព្រោះ​អី​ទាំង​អស់​គ្នា​ស្តាប់​សំណូមពរ​ប្រជា​ពលរដ្ឋ»។

តាម​ការ​បញ្ជាក់​របស់​លោក អ៊ុក គឹមសេង​ មាន​មូលហេតុ​សំខាន់២​ដែល​នាំ​ឲ្យ​មានការ​បង្កើត​ទំព័រ​ហ្វេសប៊ុក​សម្រាប់ស្ថាប័ន​រដ្ឋ។​ មួយ​គឺ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ដោយ​ឥត​គិត​ថ្លៃ​ និង​ទី២​គឺ​ការ​វិវត្តន៍​ខ្លួន​ឲ្យ​ទាន់​ពិភពលោក​ក្នុង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ចែក​រំលែក​ព័ត៌មាន។ ហើយ​លោក​ថា​ យន្តការ​នេះ​ផ្តល់​ផល​ចំណេញ​មិន​ត្រឹម​តែ​សាធារណជន​ តែ​ក៏​ជា​មធ្យោបាយ​មួយ​បំពេញ​បន្ថែម​ឲ្យ​ស្ថាប័ន​ព័ត៌មាន​អាជីព​ ក្នុង​ការ​បញ្ជូន​ដំណឹង​សំខាន់ៗ​ដែល​សាធារណជន​គប្បី​ដឹង​ឮ។

លោក ​កៃ គឹមសុង​ និពន្ធ​នាយក​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ ​បាន​ឱ្យ​ដឹង​ថា ការ​បញ្ចេញ​ព័ត៌មាន​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ស្ថាប័ន​រដ្ឋ​បាន​ជួយ​សម្រួល​ការងារ​ដល់​អ្នក​សារព័ត៌មាន​អាជីព​មួយ​ផ្នែក។

«ពីមុន​យើង​ឃើញ​ថា​ហ្វេសប៊ុក​របស់​រដ្ឋាភិបាល​របស់​មន្ត្រី​ស្ថាប័ន​រដ្ឋ​អត់​មាន​សកម្មភាព​អី​ទេ។ ឥឡូវ​ហ្វេសប៊ុក​របស់​សម្តេច ​ហ៊ុន សែន លោក​ សម រង្ស៊ី សុទ្ធ​តែ​មាន​ព័ត៌មាន​ដែល​អាច​ប្រើប្រាស់​បាន ហើយ​យើង​អាច​ Quote (ដកស្រង់) ពី​ហ្នឹង​បាន​ផង​ដែរ។ ជាទូទៅ​យើង​មិន​ងាយ​បាន​សម្ភាសន៍​ ជាមួយ​សម្តេច ​ហ៊ុន សែន ​ឬ​លោក ​សម រង្ស៊ី​ ទេ បើ​លោក​មិន​បញ្ចេញ​ព័ត៌មាន​លើ​ហ្វេសប៊ុក​លោក»។​

នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវ​មួយ​ចេញ​ដោយ​វិទ្យាស្ថាន​បើកទូលាយ​កាល​ពីខែ​វិច្ឆិកាបង្ហាញ​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៥នេះ​ បណ្តាញ​សង្គម​ហ្វេសប៊ុក​ បាន​ក្លាយ​ជា​ប្រភព​ព័ត៌មាន​ទី​២ និង​មាន​ឥទ្ធិពល​ ​បន្ទាប់​ពី​ទូរទស្សន៍​ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ទទួល​ព័ត៌មាន។

គិត​មក​ត្រឹម​ខែ​កក្កដា​ ឆ្នាំ​២០១៥​ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​មាន​ចំនួន​២លាន ៩សែន​នាក់ (២.៩០០.០០០ នាក់)។ ទិន្នន័យ​នេះ មាន​ការ​កើន​ឡើង​ចំនួន​៧០% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ដែល​មាន​ចំនួន​ត្រឹម​តែ​ ១លាន​៧សែន​នាក់ (១.៧០០.០០០​នាក់) ត្រឹម​ខែ​សីហា ឆ្នាំ​២០១៤។​

អ្នក​ជំនាញ​យល់​ថា​ ភាព​សកម្ម​នៃ​ការ​ប្រើប្រាស់​ហ្វេសប៊ុក​ពីសំណាក់​ស្ថាប័ន​រដ្ឋ​ ជា​កត្តា​ជំរុញ​ឲ្យ​មាន​តម្លាភាព​ និង​ជួយ​ពង្រឹង​សេវា​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​ក៏​ដោយសារ​តែ​ហ្វេស​ប៊ុក​ជា​ចំណង​ភ្ជាប់​សំខាន់​មួយ ឬ​ជា​វេទិកា​ឆ្លងឆ្លើយ​គ្នារវាង​សាធារណជន​ និង​ថ្នាក់ដឹកនាំ។​

លោក សូ សោទ្ធី​ មន្ត្រី​សម្រប​សម្រួល​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ហៅ​កាត់​ថា CCIMពេញ​ចិត្ត​ចំពោះ​ទំនោរ​ថ្មី​របស់​ស្ថាប័ន​រដ្ឋ​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​នេះ។​ ក៏ប៉ុន្តែ​លោក​យល់​ថា​ ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន រាជរដ្ឋាភិបាលនៅ​មិន​ទាន់​បើក​ចំហ​នៅ​ឡើយ​ តួយ៉ាង​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ឬ​កិច្ច​ប្រជុំ​រវាង​គណបក្ស​នយោបាយ ដែល​ពលរដ្ឋ​ចង់​ដឹង​ឲ្យ​បាន​ពេញ​លេញ។​

«សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ វា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើ​ចំហ​ព័ត៌មាន។ ការ​ទទួល​បាន​ព័ត៌មាន​ពេញ​លេញ​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​។ ព័ត៌មាន​ជា​ចំណី​ចំណេះ​ដឹង​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ​ ស្មើ​នឹង​បាយ​ដែល​គាត់​ត្រូវការ​ជា​រៀងរាល់​ថ្ងៃ។ ព័ត៌មាន​ដែល​អាច​ជួយ​គាត់​បាន​ពាក់​ព័ន្ធ​នឹង​គ្រោះ​ធម្មជាតិ​ដែល​គាត់​ត្រូវការ​ដឹង​មុន​ត្រូវ​ត្រៀមខ្លួន»។​

យ៉ាង​ណា​ក៏​ដោយ លោក សូ សោទ្ធី​ ក៏​បាន​លើក​ឡើង​ដែរ​ថា​ មាន​ចាប់ខ្លួន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បង្ហាញថា​អ្នក​ប្រើប្រាស់​ទាំង​នោះ​បាន​បង្ក​ឲ្យ​មាន​កំហុស​ឆ្គង​ខាង​ផ្លូវ​ច្បាប់​ ខណៈ​ដែល​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​យល់​ថា​នេះ​ជា​ភាព​ចម្រូង​ចម្រាស់​ខាង​នយោបាយ​។​ ចម្រូង​ចម្រាស់​ត្រង់​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ មាន​ភាព​សកម្ម​ក្នុង​ការ​វាយ​ប្រហារ ឬ​រិះគន់​រដ្ឋាភិបាល​។ ការណ៍​នេះ​ ចង់​ឬ​មិន​ចង់​បាន​បង្ក​ឲ្យ​អ្នក​ប្រើប្រាស់​ខ្លាច​រអា​ក្នុង​ការ​បញ្ចេញ​យោបល់​រិះគន់​នៅ​លើ​បណ្តាញ​សង្គម។

សម្រាប់​លោក សូ សោទ្ធី​ ចង់​ឃើញ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ប្រជាពលរដ្ឋមាន​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ដែល​នេះ​ជា​ស្នូល​សំខាន់​មួយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ៕