ក្រោយពីខិតខំប្រឹងប្រែងអភិរក្សសិល្បៈវប្បធម៌ខ្មែរអស់រយៈពេល៣៥ឆ្នាំកន្លងមកនេះ ទីបំផុតសមាគមរក្សាមត៌កខ្មែរនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនស.រ.អា. ត្រូវបានរដ្ឋាភិបាលខ្មែរកោតសរសើរដោយប្រគល់មេដាយឲ្យប្រធានសមាគមនេះ និងភរិយាដែលជាអ្នកផ្តួចផ្តើមបង្កើតសមាគមនេះកាលពីឆ្នាំ១៩៨០មកនោះ។
ដូចរាល់ៗឆ្នាំដែរ សមាគមរក្សាមត៌កខ្មែររៀបចំកម្មវិធីសម្តែងសិល្បៈជូនជនជាតិខ្មែរនៅស.រ.អា.បានទស្សនាកម្សាន្ត។ អ្វីដែលពិសេសក្នុងការសម្តែងសិល្បៈនៅខួប៣៥ឆ្នាំរបស់ខ្លួន សមាគមរក្សាមត៌កខ្មែរបានទទួលមេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិនដល់លោក ទេស សារឿម ប្រធានសមាគមដ៏ជោគជ័យនេះ និងភរិយារបស់លោក គឺអ្នកស្រី ទេស សំអឿន ដែលជាអ្នកផ្តួចផ្តើមគំនិតអភិរក្សវប្បធម៌ខ្មែរនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោននេះ។
ការតុបតែនៅពីក្រោយឆាកមុនឡើងសម្តែងទាមទារការប្រឹងប្រែងច្រើនជាងការខិតខំសម្តែងលើឆាកដ៏ស្រស់ស្អាត។ ការសម្តែងនៅលើឆាកពី១០ទៅ១៥នាទី មើលទៅរលូនស្រុះគ្នា ហាក់ដូចជាស្រួល តែនៅពីក្រោយឆាកក្រុមសិល្បករ សិល្បការិនី គ្រូសិល្បៈ មាតាបិតានិងក្រុមភ្លេងបានត្រៀមរៀបចំច្រើនម៉ោង។
Your browser doesn’t support HTML5
អ្នកស្រី ឡាំ បញ្ចពរ ភារៈធារីស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោនទទួលស្គាល់ថា ការអភិរក្សសិល្បៈវប្បធម៌ខ្មែរនៅក្រៅប្រទេសពិតជាមានការលំបាក គឺពិបាកជាងការថែរក្សាសិល្បៈវប្បធម៌នៅមាតុភូមិ។
លោកទេស សារឿម ប្រធានសមាគមរក្សាមត៌កខ្មែរបានមានប្រសាសន៍ អំពីការលំបាកនិងការខិតខំប្រឹងប្រែងកវែកកឆ្នាំងបង្កើតសមាគមនេះពីដំបូង ដែលខ្វះខាតគ្រប់យ៉ាង ខ្វះគ្រូ ខ្វះឧបរកណ៍ភ្លេង កន្លែងហាត់តូចចង្អៀត ហើយបងប្អូនខ្មែរដែលទើបមកនៅស.រ.អា. ពីដំបូងមានជីវភាពលំបាក។
លោក ទេស សារឿម ឲ្យដឹងថា បច្ចុប្បន្នសមាគមទទួលបានជោគជ័យនិងមានការគាំទ្រពីជនជាតិផ្សេងៗនៅស.រ.អា.និងពីស្ថាប័នរដ្ឋាភិបាលអាមេរិក ជាពិសេស National Endowment for The Arts។ លោកពន្យល់ថា ការលំបាកក្នុងពេលបង្កើតសមាគមដំបូង និងការលំបាកនៅពេលបច្ចុប្បន្នទាមទារការប្រឹងប្រែងដូចគ្នា។ លោកនិយាយថា ទូកតូចក្តោងទូចទូកធំក្តោងធំ។
សមាគមរក្សាមត៌កខ្មែររៀបចំកម្មវិធីសម្តែងសិល្បៈអំណរចូលឆ្នាំខ្មែរនៅអំឡុងចុងសប្តាហ៍មុនដំណាច់ខែមេសា ហើយឆ្នាំនេះត្រូវនឹងថ្ងៃសៅរ៍ទី២៥ខែមេសា។
ដូចរាល់ឆ្នាំ ក្រោយពីការសម្តែងសិល្បៈ មានកម្មវិធីជូនពរ និងការថ្លែងអំណរគុណពីក្រុមសិល្បៈករ សិល្បៈការិនីចំពោះអ្នកគាំទ្រ ដែលជាវសំបុត្រទស្សនា និងផ្តល់អំណោយ។ កម្មវិធីចុងក្រោយ គឺការថតរូបអនុស្សាវរីយ៍ជាមួយសិល្បៈករ សិល្បៈការិនី ថតជាមួយបវរកញ្ញាខ្មែរនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន និងថតជាមួយគ្រូរបាំ គ្រួសារ និងសាច់ញាតិ។
លោក ទេស សារឿម និងភរិយាបានពាក់មេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិនថតរូបអនុស្សាវរីយ៍បានបន្តិចក៏ដោះទុក។
លោក ទេស សារឿម ថ្លែងថា មេដាយនេះថ្វីបើឈ្មោះលោក និងភរិយារបស់លោកជាអ្នកទទួលមែន តែវាជាសមិទ្ធិផលនៃការប្រឹងប្រែងទាំងអស់គ្នា។
លោកគិតថា មេដាយនេះជារបស់សមាគមទាំងមូល។
លោក គឹម ហេង ដែលមានចៅប្រាំនាក់ចូលរួមរាំសិល្បៈ ដែរនោះថ្លែងថា គ្រួសារទាំងអស់ទាំងបានខិតខំទាំងអស់គ្នារួមចំណែកធ្វើឲ្យការសម្តែងរបាំសិល្បៈនេះបានរីកចម្រើន។
លោកយល់ថា ទាំងអស់គ្នាយល់ពីអារម្មណ៍របស់លោក ទេស សារឿម ដែលថ្លែងថា លោកទទួលមេដាយក្នុងនាមសមាគមទាំងមូល៕