រដ្ឋាភិបាល​បដិសេធ​សំណើ​លោក​សម រង្ស៊ី​ ត្រឡប់​ទៅ​កាន់​កម្ពុជា​វិញ

លោក​សម រង្ស៊ី​ប្រធា​ន​គណបក្ស​សង្គ្រោះ​ជាតិ​

ភ្នំពេញ៖ រដ្ឋា​ភិបាល​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បដិសេធ​លិខិត​របស់​លោក​សម រង្ស៊ី​ប្រធា​ន​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ស្នើ​សុំ​ចូល​កម្ពុជា​វីញ​ក្នុង​គោលបំណង​គោរព​ព្រះ​បរម​សព​សម្តេច​ឪ​នរោត្តម​សីហនុ។​
សម្តេច​ឪ​នរោត្តម សីហនុ បាន​សោយ​ទិវង្គត​កាល​ពី​ថ្ងៃទី​១៥ ខែ​តុលាក្នុង​ព្រះ​ជន្ម​៩០​ព្រះ​វស្សា​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង​នៅ​ទី​ក្រុង​ប៉េ​កាំងប្រទេស​ចិន។
លោក​សម រង្ស៊ី​បាន​សរ​សេរ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ទៅ​ជូន​លោក​ជា ស៊ីម​ប្រធាន​ព្រឹទ្ឋ​សភា​ លោក​ ហេង សំរិន​ប្រធាន​រដ្ឋ​សភា​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដើម្បី​ជួយ​អន្តរាគម​ឲ្យ​លោក​បាន​គោរព​ព្រះ​បរម​សព​សម្តេច​ឪនៅ​ក្នុង​ព្រះ​បរម​រាជ​វាំង។​
នៅ​ក្នុង​លិខិត​ដែល​វីអូអេ​បាន​ទទួល និង​ចុះ​ហត្ថលេខា​ដោយ​លោក​សម រង្ស៊ី​ពី​ប្រទេស​បារាំង​បាន​បញ្ជាក់​ថា​លោក​មាន​សេចក្តី​រន្ឋត់ និង​ក្រៀម​ក្រំ​យ៉ាង​ក្រៃ​លែង​ដោយសារ​សម្តេច​ឪ​បាន​សោយ​ទិវង្គត។
លោក​បាន​បញ្ជាក់​ទៀត​ថា ​នៅ​ក្នុង​មហា​មរណ​ទុក្ខ​នេះ លោក​សូម​ឲ្យ​មេដឹក​នាំ​ទាំង​បី​ជួយ​អន្តរាគម​ដោយ​ទឹក​ចិត្ត​អនុគ្រោះ​ដើម្បី​ឲ្យ​លោក​បាន​ចូល​គោរព​ព្រះ​បរម​សព ​និង​បាន​ឃើញ​ព្រះ​ភ័ក្រ្ត​ចុង​ក្រោយ​សម្តេច​ឪ​ដោយសារ​ព្រះ​អង្គ​មាន​គុណ​ដ៏​ធំ​ធេង​ចំពោះ​លោក​និង​ក្រុម​គ្រួសារ។​
លោក​សម រង្ស៊ី មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វីអូអេ​តាម​ទូរសព្ទ​ពី​ប្រទេស​កាណាដា​មក​ថា ទោះ​បី​ជា​រដ្ឋាភិបាល​មិន​បាន​ឆ្លើយ​តប​ក៏​ដោយ​ក៏​នៅ​ក្នុង​ថ្ងៃ​ណា​មួយ​នា​ពេល​អនា​គត​លោក​នឹង​មក​កាន់​កម្ពុជា​ដើម្បី​គោរព​ព្រះ​បរម​សព​សម្តេច​ឪ​នរោត្តម​សីហនុ​ខណៈ​ពេល​ដែល​ព្រះ​បរម​សព​តម្កល់​ក្នុង​ព្រះ​បរម​រាជ​វាំង។​
ក៏​ប៉ុន្តែ​លោក​សម រង្ស៊ី មិន​បាន​បញ្ជាក់​ថា លោកនឹងមក​ក្នុង​ពេល​ណា​ទេ​ដោយ​លោក​គ្រាន់​តែ​អះ​អាង​ថា​នឹង​មក​ក្នុង​ពេល​ឆាប់ៗ។​
«ពេល​ណា​ព្រះ​បរម​សព​នៅ​តម្កល់​ក្នុង​ព្រះ​បរម​រាជ​វាំង​នៅ​រាជ​ធានី​ភ្នំពេញ។ ដូច្នេះ​ខ្ញុំ​មាន​ឱកាស​ក្នុង​ចន្លោះ​ពេល​ហ្នឹង​ទៅ​ថ្វាយ​បង្គុំ​ដាច់​ខាត ទៅ​គោរព​ព្រះ​វិញ្ញាណខន្ឋ​របស់​ព្រះ​អង្គ​ដាច់​ខាត»។
លោក​ខៀវ​ កញារិទ្ឋ​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​បាន​និយាយ​ថា​រដ្ឋា​ភិបាល​មិន​បាន​ហាម​ឃាត់​លោក​សម រង្ស៊ី​ចូល​មក​ប្រទេស​កម្ពុជា​ទេ។ ក៏​ប៉ុន្តែ​ករណី​របស់​លោក​សម រង្ស៊ី​ជា​កិច្ចការ​របស់​តុលាការ។
«គ្រាន់​តែ​បញ្ជាក់​ថា រដ្ឋា​ភិបាល​អត់​ដែ​ល​ហាម​ឃាត់​លោក​សម រង្ស៊ី​អត់​ឲ្យ​ចូល​ស្រុក​ទេ។ នេះ​គឺ​ជា​រឿង​តុលាការ​ចាំ​មើល​គាត់​ជជែក​ជា​មួយ​តុលាការ»។
លោក​សម រង្ស៊ី​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំ​ពេញ​និង​តុលាការ​ខេត្ត​ស្វាយ​រៀង​កាត់ទោស​កំបាំងមុខ​ឲ្យ​ជាប់​ពន្ឋនាគារ​រយៈ​ពេល​១០​ឆ្នាំ​ពី​បទ​ដក​តម្លុយ​បង្គោល​ព្រំ​ដែន​លេខ​១៨៥​នៅ​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយ​រៀង​និង​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍ ព្រម​ទាំង​ក្លែង​ឯក​សារ​សារ​ធារណៈ។​
លោក​សម រង្ស៊ី​បាន​សរសេរ​លិខិត​ពីរ​ដាច់​ដោយ​ឡែក​ៗ​ពី​គ្នា​ទៅ​កាន់​មេដឹក​នាំ​គណ​បក្ស​ប្រជា​ជន​ទាំង​បី​និង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ទៅ​កាន់​លោក​នាយកល​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដើម្បី​សម្ដែង​ការ​គាំ​ទ្រ​ចំពោះ​សេច​ក្តី​សម្រេច​របស់​រដ្ឋា​ភិបាល​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​បាន​កំណត់​យក​ថ្ងៃ​ទី​២៣​ខែ​តុលា​ជា​ទិវា​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ក្រុង​ប៉ារីស និង​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជ​ការ​នៅ​ទូ​ទាំង​ប្រទេស​បាន​ឈប់​សម្រាក​មួយ​ថ្ងៃ។
លិខិត​ទាំង​ពីរ​នេះ​ត្រូវ​បាន​រដ្ឋា​ភិបាល​បាន​បដិសេដ​មិន​ទទួល​យក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អេង ឆៃ​អ៊ាង អ្នក​តំណាង​ព្រឹទ្ឋ​សភាមក​ពីគណ​បក្ស​សម រង្ស៊ី។ លោក​អេង ឆៃ​អ៊ាង​បាន​បញ្ជាក់​ថា លោក​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​បដិសេធ​នេះ។ លោក​បាន​អះ​អាង​ថា នេះ​ជា​រឿង​ចំឡែក​មិន​ដឹង​រដ្ឋបាល​របស់​រដ្ឋាភិបាល​មាន​គោល​បំណង​យ៉ាង​ណា​ចំពោះ​លោក​សម រង្ស៊ី។​
​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​រៀប​ចំ​ពីធី​លំរឹក​ខួប​លើក​ទី​២១​ឆ្នាំ​នៃ​សន្ឋិសញ្ញា​សន្តិភាព​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​សម រង្ស៊ី​ដោយ​បាន​កោត​សរសើរ​ស្នា​ព្រះ​ហត្ថ​របស់​សម្តេច​ឪ​នរោត្តម​សីហនុថា​បើ​គ្មាន​សម្តេច​ឪ​ទេ​ក៏​គ្មាន​សន្ឋិ​សញ្ញា​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ដែរ៕​