ខណៈរដូវវស្សាកំពុងគ្របដណ្ដប់ប្រទេសកម្ពុជា ប្រទេសនេះបានឈានដល់ចំណុចពុះកញ្ជ្រោលមួយទៀតក្នុងដំណើរប្រជាធិបតេយ្យរបស់ខ្លួន។ ប្រជាជនកម្ពុជាប្រមាណ៩,៧លាននាក់ ឬប្រហែល៥៥%នៃចំនួនប្រជាជនទាំងអស់ត្រូវបានគេរំពឹងថានឹងទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣។ វាជាការបោះឆ្នោតសកលដែលមិនមានសំឡេងជំទាស់ខ្លាំងប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃទី ១ ខែកក្កដាថា ការរីកចម្រើនរបស់ប្រទេស និងសមិទ្ធផលដែលរដ្ឋាភិបាលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមកនោះ អ្នកបោះឆ្នោតអាចសម្រេចចិត្តជ្រើសរើសគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសសម្រាប់អាណត្តិទី៧។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំព្រះករុណាខ្ញុំ មានជំនឿថា បងប្អូនជនរួមជាតិ ដែលបានមើលឃើញជាក់ស្តែងរួចហើយនូវការរីកចម្រើនរបស់ប្រទេសកម្ពុជា នៅក្នុងសុខសន្តិភាព ឯករាជ្យ ឯកភាព អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញបច្ចុប្បន្ននេះ នឹងបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា និងខ្ញុំព្រះករុណាខ្ញុំ ឱ្យដឹកនាំប្រទេសជាតិសម្រាប់នីតិកាលទី៧ ជាបន្តទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។
លោក ហ៊ុន សែន ដែលជាមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងបច្ចុប្បន្នជាមេដឹកនាំកាន់អំណាចយូរជាងគេបំផុតក្នុងពិភពលោក បានគ្រប់គ្រងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោយកណ្តាប់ដៃដែកជិត៤០ឆ្នាំមកហើយ។ លោក ហ៊ុន សែន ជារឿយៗគំរាមកំហែងដល់សំឡេងប្រឆាំង។ ចាប់តាំងពីឆ្នាំ ២០១៧មក អ្នកនយោបាយគណបក្សប្រឆាំង សកម្មជន និងអ្នកកាសែតជាច្រើននាក់ត្រូវបានចាប់ដាក់ក្នុងពន្ធនាគារ ខណៈមនុស្សជាច្រើននាក់់បានភៀសខ្លួនចេញពីប្រទេស។ នេះបើតាមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា។
នៅថ្ងៃទី១ ខែកក្កដា គណបក្សនយោបាយចំនួន១៧បានចាប់ផ្តើមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ គណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងដ៏ធំបំផុតត្រូវបានហាមឃាត់មិនឱ្យប្រកួតប្រជែង។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បាននិយាយថា គណបក្សនេះបរាជ័យក្នុងដំណើរការចុះបញ្ជីរបស់ខ្លួន។ អ្នកគាំទ្ររបស់គណបក្សនេះជំរុញឱ្យធ្វើពហិការមិនចូលរួមការបោះឆ្នោត ដែលនាំឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតរបស់ប្រទេស ដោយរារាំងអ្នកណាដែលខកខានមិនបានទៅបោះឆ្នោត គឺមិនឱ្យឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតនាពេលអនាគត។
ទីស្នាក់ការកណ្តាលគណបក្សភ្លើងទៀន នៅក្នុងខណ្ឌសែនសុខ រាជធានី ភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីម សួរភិរិទ្ធ ប្រាប់វីអូអេថា ថ្វីដ្បិតតែការបោះឆ្នោតជាតិមានការចូលរួមពីគណបក្សច្រើនផ្សេងៗទៀតក៏ដោយ ភាពវិជ្ជមាននៅក្នុងការបោះឆ្នោតនោះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ ព្រោះគណបក្សជំទាស់ដែលមានសំឡេងគាំទ្រជិត២លាននាក់កាលពីពេលបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២មិនបានចូលរួម។
លោកគីម សួរភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ជាមួយសំឡេងសហរដ្ឋអាមេរិក (វីអូអេ) នៅទីស្នាក់ការកណ្តាលគណបក្សក្នុងទីក្រុងភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។(ហ៊ុល រស្មី/វីអូអេ)
លោកប្រាប់វីអូអេថា៖ «ខ្ញុំមើលឃើញថា ការបោះឆ្នោតនេះ គឺមិនមែនអត់ន័យទេ ប៉ុន្តែ មិនសូវមានន័យជាវិជ្ជមានទេ។ ដូចខ្ញុំនិយាយអម្បាញមិញ ខាងដើមអ៊ីចឹង សម្លហ្នឹង មើលទៅជាសម្ល ប៉ុន្តែវាអត់ឆ្ងាញ់ទេ។ សម្លគ្រាន់តែជារូបភាព ឃើញសម្ល ប៉ុន្តែរូបភាពវាអត់ឆ្ងាញ់ទេ។ ហើយសម្លខ្វះរសជាតិ មិនបាច់ខ្វះអីច្រើនទេ ខ្វះតែអំបិលក៏សម្លហ្នឹងសាបអត់ឆ្ងាញ់ទេ។ អ៊ីចឹងទេ ខ្លឹមសារពិតនៃការបោះឆ្នោត វាអត់ប្រសើរទេ។ ល្អមើលតែរូបភាព។ អ៊ីចឹងយើងក៏អត់ចង់បានល្អមើលតែរូបភាពទេ។ យើងចង់បានល្អទាំងខ្លឹមសារទៀត»។
ដោយបានបើកដំណើរការឡើងវិញជាងមួយឆ្នាំមុន គណបក្សភ្លើងទៀនមានសមាសភាពមន្ត្រី និងបេក្ខជនមួយចំនួនធំ ដែលជាសមាជិកនៃគណបក្សសង្គ្រោះជាតិ។ ដោយបានបង្ហាញការគំរាមកំហែងដ៏ធំដល់គណបក្សប្រជាជនក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិត្រូវបានរំលាយនៅឆ្នាំ២០១៧។ ប្រធានគណបក្សនេះ គឺលោក កឹម សុខា ត្រូវបានឃុំខ្លួនរយៈពេលមួយឆ្នាំ មុនពេលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ កាលពីខែមីនា។
ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តចំនួន១២៥កៅអីខាងមុខនេះមិនមានគណបក្សជំទាស់ដែលមានសក្តានុពលប្រហាក់ប្រហែលដែលអាចតទល់នឹងគណបក្សប្រជាជនកម្ពុជានោះឡើយ។
ព័ត៌មានទាក់ទង៖ អង្គការសិទ្ធិមនុស្ស HRW រកឃើញភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោតជា«សញ្ញាព្រមាន»នៃការបោះឆ្នោតនៅកម្ពុជានាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត សង្កេតឃើញថា មិនមានគណបក្សដែលមានសក្ដានុពលដែលអាចប្រជែងនឹងគណបក្សកាន់អំណាចបានទេ។ ដូច្នេះលោកជឿថា លទ្ធផលបោះឆ្នោតនឹងមិនខុសគ្នាទេ ធៀបនឹងការបោះឆ្នោតជាតិឆ្នាំ២០១៨ ដែលអវត្តមានគណបក្សសង្រ្គោះជាតិ ហើយគណបក្សកាន់អំណាចឈ្នះអាសនៈរដ្ឋសភាទាំង១២៥។
លោកប្រាប់វីអូអេថា៖ «យើងមើលបើសក្តានុពលយើងសឹងថា គណបក្សកាន់អំណាចអាចនឹងទទួលបានអាសនៈស្ទើរទាំងអស់ទៅហើយ។ ប្រហែលជាមិនខុសពី២០១៨។ បើខុស ក៏ខុសតិចតួចដែរុ។ អ៊ីចឹង ចៀសមិនផុតទេ ក្រោយការបោះឆ្នោតនឹងអាចមានការរិះគន់ទៅលើបញ្ហានយោបាយ ឬក៏រដ្ឋសភា ដែល២០១៨នោះ គឺគេរិះគន់ថា រដ្ឋសភាឯកបក្សអីជាដើមទៅ។ ហើយដែលយើងមើលទៅ គេរិះគន់ថា កាលណារដ្ឋសភាឯកបក្ស វាអត់មាន check and balance (តុល្យភាពអំណាចរវាងអង្គនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ) នៅក្នុងរដ្ឋសភា។ អ៊ីចឹងទៅ វាអត់មានការជជែកដេញដោល ឬក៏ការ check and balance គ្នាដើម្បី ស្វែងរកដំណោះស្រាយដ៏ល្អណាមួយសម្រាប់គណបក្សនយោបាយ»។
លោក ជា ភារម្យលីន អាយុ២៩ឆ្នាំ ជាយុវជនដែលបានចូលរួមកាលបោះឆ្នោតមុនៗ យល់ថា ការបោះឆ្នោតលើកនេះមិនមានដៃគូប្រជែងស្រួចស្រាល់ជាមួយគណបក្សកាន់អំណាចឡើយ។
លោកថ្លែងថា៖ «បើសម្រាប់ខ្ញុំ វាពិបាកទទួលយកដែរ ព្រោះអីធ្លាប់តែមានបក្ស២ ធ្លាប់តែប្រឆាំងគ្នា ដល់ពេលឥឡូវ ដូចជាអត់មានអ៊ីចឹង ព្រោះអីឃើញរាល់ថ្ងៃមានតែមួយ អ៊ីចឹង»។
ទើបតែដល់អាយុត្រូវបោះឆ្នោត យុវតីម្នាក់ កញ្ញា ពៅស៊ីង អឺ និយាយថា នាងទន្ទឹងរង់ចាំយូរហើយសម្រាប់ការចូលរួមបោះឆ្នោត ដែលនាងនឹងបោះជូនគណបក្សប្រជាជនកម្ពុជា ព្រោះនាងមើលឃើញភាពចម្រើនរបស់ប្រទេសក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កញ្ញាថ្លែងថា៖ «នាងខ្ញុំ គាំទ្រសម្តេច ហ៊ុន សែន លោកតា ហ៊ុន សែន។ តាំងពីដំបូងឡើយមក ចូលចិត្តស្រឡាញ់គាត់ ដូចលោកតាបង្កើត អ៊ីចឹង»។
លោកទិ អ៊ីមស៊ាន អាយុ ៥១ឆ្នាំ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាថ្លែងជាមួយ សំឡេងសហរដ្ឋអាមេរិក (វីអូអ) នៅរាជធានីភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
ចំណែកលោក ទិ អ៊ីមស៊ាន អាយុ៥១ឆ្នាំ មើលឃើញថា គណបក្សកាន់អំណាចនឹងឈ្នះការបោះឆ្នោតនេះ។
លោកថ្លែងថា៖ «ការឈ្នះឆ្នោត ដូចខ្ញុំសង្កេតមើលទៅ ក្នុងអាណត្តិហ្នឹង មានន័យថា គណបក្សប្រជាជនដែលគាត់នឹងឈ្នះ១០០ភាគរយតែហ្មង ដោយសារការដឹកនាំរបស់សម្តេចពុក។ គាត់ធ្វើល្អរាល់ថ្ងៃ។ គាត់មានការអភិវឌ្ឍជឿនលឿន។ និយាយរួម ប្រជាជនពេញចិត្តនឹងគាត់»។
ទោះមានការលើកឡើងអំពីភាពវិជ្ជមានសម្រាប់ការបោះឆ្នោតជាតិលើកនេះក្តី ក៏អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីម សួរភិរិទ្ធ យល់ថា អវត្តមានរបស់គណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោតនឹងធ្វើឱ្យអ្នកបោះឆ្នោតខ្វះការជឿជាក់លើការសម្រេចចិត្តជ្រើសរើសយកតំណាងដែលខ្លួនពេញចិត្ត។
លោកបន្ថែមថា៖ «មានន័យថា ការបោះឆ្នោតនេះ ផាត់តែគណបក្សភ្លើងទៀនមួយចេញ គឺធ្វើឱ្យអ្នកបោះឆ្នោតខ្វះជំនឿទុកចិត្តចំពោះអនាគតខ្លួនឯង»។
អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា លើកឡើងថា ការធ្វើអត្ថាធិប្បាយរបស់គណបក្សភ្លើងទៀន គ្រាន់តែជាការបញ្ចេញយោបល់តាមបែបនយោបាយ ហើយបើគណបក្សនេះចង់ចូលរួមការបោះឆ្នោតលើកក្រោយទៀតនោះ គណបក្សចាំបាច់ត្រូវរៀបចំឯកសារឱ្យបានត្រឹមត្រូវ ស្របទៅតាមតម្រូវការរបស់គ.ជ.ប។
ទីស្នាក់ការកណ្តាលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
លោកថ្លែងថា៖ «នេះគ្រាន់តែជាការលើកឡើងតាមបែបនយោបាយ ហើយខ្ញុំអាចលើកជាសំណួរឡើងវិញថា ពីមុនមក តើគណបក្សភ្លើងទៀនធ្លាប់និយាយពីរឿងល្អស្អីខ្លះ ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ។ អ៊ីចឹងនេះគ្រាន់តែជាសំណួរទេ។ ខ្ញុំអត់ត្រូវការចម្លើយមកវិញទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ គ.ជ.ប មានតួនាទីក្នុងការអនុវត្តច្បាប់។ អ៊ីចឹងបើសិនជាគណបក្សភ្លើងទៀន លោកលើកនេះអត់បានចូលរួម លោកអាចរៀបឯកសារឱ្យហើយទៅ។ ឯកសារដែលបាត់ហ្នឹង ស្នើសុំធ្វើទុតិយតាអីទៅ អាចធ្វើបានសម្រាប់ការត្រៀមលក្ខណៈនៅក្នុងការបោះឆ្នោតអាណត្តិក្រោយ»។
លោក ហ៊ុន សែន ត្រូវបានគេមើលឃើញថា កំពុងរៀបចំផែនការចាកចេញពីអាជីពនយោបាយរបស់លោក។ លោកប្រកាសថា លោកនឹងចុះចេញពីតំណែងនៅឆ្នាំ២០២៨ ហើយកូនប្រុសលោកគឺលោក ហ៊ុន ម៉ាណែត ដែលបញ្ចប់ការសិក្សានៅសាលាយោធា West Point របស់សហរដ្ឋអាមេរិក ហើយបច្ចុប្បន្នជាប្រមុខកងទ័ពជើងគោកកម្ពុជា នឹងចូលកាន់តំណែងបន្ត។ លោក ហ៊ុន ម៉ាណែត កំពុងឈរឈ្មោះក្នុងការបោះឆ្នោតនេះ ហើយអាចធ្វើជានាយករដ្ឋមន្ត្រី ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត។
នៅមិនឆ្ងាយពីរាជធានីភ្នំពេញ កសិករមួយចំនួនមើលឃើញស្ថានភាពលំបាក ពាក់ព័ន្ធទីផ្សារកសិផល និងភាពរាំងស្ងួត ដែលពួកគេស្នើឱ្យរដ្ឋាភិបាលអាណត្តិក្រោយគួរយកចិត្តទុកឱ្យបានច្រើនលើទីផ្សារស្រូវ និងកសិផលផ្សេងទៀត។
លោក មឿន រឿន កសិកររស់នៅក្នុងឃុំវិហារសួគ៌ ខេត្តកណ្តាល ថ្ងៃទី២ ខែ កក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
លោក មឿន រឿន កសិកររស់នៅក្នុងឃុំវិហារសួគ៌ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រាប់វីអូអេថា កសិករនៅបន្តរងគ្រោះពីការធ្លាក់ចុះតម្លៃស្រូវ ដោយសារតែឈ្មួញកណ្តាលជាអ្នកកំណត់។
លោកថ្លែងថា៖ «ចង់បានដូចថា ឱ្យលោកគាត់ដាក់គោលនយោបាយមកថា ស្រូវឆ្នាំហ្នឹងឱ្យបាន១ពាន់ គឺ១ពាន់តែហ្មង ហើយឈូក ១គីឡូ ៧ពាន់ គឺឱ្យបាន៧ពាន់ ហ្មងទៅ! មិនបាច់ចុះ មិនបាច់ឡើង។ ត្រឹមហ្នឹងហ្មងទៅ! ចុះឡើង ពិបាកទទួលយក....ចំណេញឈ្មួញកណ្តាល។ ជី ប្រេង ថ្នាំ គឺថេរ ប្រឈមមុខនឹងថ្លៃ រីឯរបស់កសិករប្រឈមមុខនឹងថោក»។
កសិករក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលលោកជ្រួន វែង ថ្លែងជាមួយសំឡេងសហរដ្ឋអាមេរិក (វីអូអេ) ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
ស្រដៀងគ្នានេះដែរ លោក ជ្រួន វែង បារម្ភអំពីការធ្លាក់ថ្លៃស្រូវ ខណៈតម្លៃប្រេងបូមទឹកកើនឡើង។ លោកថា បញ្ហាអាកាសធាតុប្រែប្រួលបានបន្ថែមបន្ទុកលើកសិកររឿងចំណាយថ្លៃទិញប្រេងមកបូមទឹកបញ្ចូលស្រែ។ ហេតុនេះបើសិនជារដ្ឋាភិបាលគិតគូរអំពីការពង្រីកប្រព័ន្ធធារាសាស្ត្រក្នុងតំបន់ដែលលោករស់នៅ នោះកសិករនឹងបានធូរស្រាលបន្តិចចំពោះការចំណាយលើថ្លៃប្រេង។
លោកថ្លែងថា៖ «ជួយបាទ! បើជួយបាន អរគុណ! សព្វថ្ងៃអត់មានប្រភពទឹក រួចកម្ដៅក្តៅអ៊ីចឹង។ មានប្រភពទឹក វាមិនសូវចុះប្រេងទេ ដល់អត់មានប្រភពទឹក យើងមានតែបូមអ៊ីចឹង»។
កសិករទាំងពីរនាក់លើកឡើងថា ពួកគាត់នឹងទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដាខាងមុខ ប៉ុន្តែត្រង់បោះឱ្យគណបក្សណានោះ ពួកគាត់មិនអាចឱ្យដឹងបានទេ៕