បុគ្គលិក​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ដ៏​ធំ​មួយ​​ធ្វើ​បាតុកម្ម​ទាម​ទារ​ឡើង​ប្រាក់ខែ

ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​​កាល់តិច​ (Caltex) មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ​ដែល​បាន​បិទ​​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៤។

បុគ្គលិក​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ (Caltex) នៃ​ក្រុមហ៊ុន​ Chevron ​របស់​សហ​រដ្ឋ​អាមេរិក​ជា​ច្រើន​រយ​នាក់​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានីយ​ឥន្ធនៈ​របស់​ពួក​គេ​រៀងៗ​ខ្លួន​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​បៀវត្សរ៍​ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ជាង​មុន។​

នេះ​គឺជា​លើក​ទី១​ហើយ​ដែល​បុគ្គលិក​នៃ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​អាមេរិកាំង​ធ្វើ​ការ​តវ៉ា​ដើម្បី​ទាមទារ​ដំឡើងប្រាក់ខែ​ ស្រប​ពេល​ដែល​ក្រុមហ៊ុន​ Chevron​ គ្រោង​នឹង​ចាប់​ផ្តើម​បូម​ប្រេង​នៅ​ឈូង​សមុទ្រ​ដែន​ទឹក​កម្ពុជា​នៅ​ឆ្នាំ​២០១៦។​

ក្រុម​បាតុករ​បាន​ធ្វើ​ពហិការ​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន និង​នាំ​គ្នា​កាន់​បដា​ទាមទារ​នៅ​តាម​ស្ថានីយ​របស់​ខ្លួន​ចំនួន​១៧​ស្ថានីយ ដើម្បី​ទាមទារ​ឱ្យ​ស្ថានីយ​ប្រេង​ឥន្ធនៈកាល់តិច​ដំឡើង​ប្រាក់​ខែ​យ៉ាង​តិច​ណាស់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​និង​ទាមទារ​ឱ្យ​មាន​ប្រាក់​ខែ​ទី​១៣។​

អ្នកស្រី ម៉ៅ ស៊ីណេត ដែល​ធ្វើ​ជា​បុគ្គលិក​ផ្នែក​គិត​បញ្ជី​ម្នាក់​ប្រចាំ​ស្ថានីយ​កាល់តិច​សាខា​ស្តុប​ពេទ្យ​ចិន​ជាង​១០​ឆ្នាំ​មក​ហើយ​នោះ​ បាន​ត្អូញត្អែរ​ថា​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​នេះ​ ក្រុមហ៊ុន​នេះ​បាន​ដំឡើងប្រាក់​ខែឱ្យ​អ្នកស្រី​តែ​៥​ដុល្លារ​ប៉ុណ្ណោះ ចំណែក​ឯ​ទំនិញ​លើ​ទីផ្សារ​បាន​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​ជាង​មុន។​

«ខ្ញុំ​បាន​ប្រាក់​ខែ​១៣០​ដុល្លារ។ ខ្ញុំ​ធ្វើ​ការ​១០​ឆ្នាំ​ជាង​ហើយ ទើប​ដំឡើង​៥​ដុល្លារ​ឱ្យ​ខ្ញុំ​ទេ។ អ្នក​ថ្មី​ អ្នក​ចាស់​ប្រាក់​ខែ​ដូច​គ្នា។ ម្ហូប​អាហារ​ឡើង​ថ្លៃ​ទាំង​អស់។ យើង​គិត​មើល ​ ១១០​ដុល្លារ​យើង​ចំណាយ​យ៉ាង​ម៉េច​ទៅ​ ចាយ​ម៉េច​ទៅ។ ចុះ​បើ​អ្នក​មាន​កូន​ទៀត»។​ ​

បុគ្គលិក​ក្រុមហ៊ុន​កាល់តិច​ផ្នែក​ចាក់សាំង​ និង​លក់​ទំនិញ​ទទួល​បាន​ប្រាក់ខែ​ចន្លោះ​ពី​១១០​ដុល្លារ​ទៅ​១៣០​ដុល្លារ។​

ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ Chevron ​ដែល​ជា​ក្រុមហ៊ុនផលិត​ប្រេង​ឥន្ធនៈ​ និង​ឧស្ម័ន​ដ៏​ធំ​បំផុត​មួយ​លំដាប់​អន្តរជាតិ​ ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក។ កាល​ពី​ឆ្នាំ​២០១៣ ក្រុមហ៊ុន​នេះ​រក​ចំណូល​បាន​ជាង​២២០​ពាន់​លាន​ដុល្លារ​អាមេរិកពី​ការ​លក់​ និង​ចែក​ចាយ​ប្រេង​ឥន្ធនៈ។ នេះ​បើតាម​ប្រភព​នានា។​

លោក​ស មូរ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ ចំណី​អាហារ​ និង​សេវា​កម្ពុជា ថ្លែង​ថា ​ការ​ទាមទារ​នេះ​ជា​ការ​សមរម្យ ហើយ​លោក​អះអាង​ថា​ ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​មួយ​នេះ​មិន​បាន​ផ្តល់​ប្រាក់​ខែ​កម្រិត​ស្តង់ដារ​ដល់​បុគ្គលិក​ខ្លួន​ទេ។​

«ការ​ទាមទារ​របស់​បងប្អូន​កម្មករ​និយោជិក​នេះគឺ​វា​សមរម្យ​ណាស់​ហើយ ដែល​ក្រុម​ហ៊ុន​អន្តរជាតិ​ ហើយ​គាត់​ឈាន​មុខ​គេ​ក្នុង​ការ​ផ្តល់​ប្រាក់​ឈ្នួល ​និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ដល់​កម្មករ​និយោជិក​កន្លង​មក បែរ​ជា​មិន​អាច​ផ្តល់​ប្រាក់​ឈ្នួល​ស្តង់ដារ​ដែល​ធានា​ការ​រស់​នៅ​សមរម្យ​របស់​កម្មករ»។​

ក្នុង​ជំនួប​រវាង​ភាគី​សហជីពជាមួយ​តំណាង​ក្រុមហ៊ុន​ជា​ច្រើន​ដង​កន្លង​មក​ជុំវិញ​លទ្ធភាព​ដំឡើងប្រាក់​បៀវត្សរ៍​បុគ្គលិក​នេះ ខាង​ភាគី​ក្រុមហ៊ុន ​Chevron​ តែងតែ​ពន្យារ​ពេល​ជា​បន្ត​បន្ទាប់​ និង​ដោយ​មិន​បញ្ជាក់​ថា​ នឹង​ដំឡើង​ត្រឹម​ប៉ុណ្ណា​នោះ​ទេ។ នេះ​បើ​តាម​លោក​ស មូរ៉ា។​

លោកស្រី​ចាន់ ឡេក មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន​កាល់តិច​ប្រចាំ​កម្ពុជា ​បាន​បដិសេធមិនឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាម​រយៈ​ទូរស័ព្ទ​ទេ។​

ការ​តវ៉ា​របស់​បុគ្គលិក​ក្រុមហ៊ុន​ Chevron​ នេះ​កើត​ឡើង​ក្រោយ​ពី​មាន​បាតុកម្ម​របស់​កម្មករ​រោងចក្រ​រាប់​ម៉ឺន​នាក់ និងបាតុកម្ម​របស់​កម្មករ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត​ តាំង​ពី​ចុង​ឆ្នាំ​២០១៣​មក ក្នុង​បុព្វហេតុ​ដូច​គ្នា​នេះ។​

ក្រុម​កម្មករ​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ដំឡើងប្រាក់ខែ​គោល​ឲ្យ​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​ដែរ៕