កម្មករ​ប្រតិកម្ម​ផ្សេងៗ​គ្នា​ចំពោះ​ការ​ចាក់​វ៉ាក់​សាំង​​កូវីដ​១៩ ខណៈ​មាន​ករណី​ឆ្លង​ក្នុង​ចំណោម​កម្មករ​រោងចក្រ

រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩ ខណៈពួកគេសម្រាកពីការងារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

រោងចក្រ Y & W Garment​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ជ្រៃ​សង្កាត់​ស្ពាន​ថ្ម ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ ​មាន​អគារ​សម្រាប់​កម្មករ​ធ្វើ​ការ​ជា​ពីរ​ទី​តាំង។ ទី​តាំង​ដែល​មាន​ខ្លោង​ទ្វារ​ធំ​ជាប់​នឹង​ផ្លូវ​ឆ្ពោះ​ទៅ​រង្វង់​មូល​គួរ​ស្រូវ មិន​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩ ​ទេ។​

ប៉ុន្តែ​ ទី​តាំង​ផ្សេង​ដែល​កម្មករ​ត្រូវ​ឆ្លង​ថ្នល់​ពី​ទី​តាំង​ដែល​មាន​ខ្លោង​ទ្វារ​ធំ​នោះ​មាន​អគារ​មួយ​ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​កម្មករ​ប្រមាណ ​៧០០ ​នាក់​ ធ្វើកា​រ ព្រោះ​មាន​កម្មករ​ជាស្ត្រី ​វ័យ ​៤៨ ​ឆ្នាំ​ម្នាក់ ​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ​១៩។​

ក្តី​បារម្ភ​ពាក់​ព័ន្ធការ​ឆ្លង​ជំងឺ​កូវីដ​១៩​ បាន​កើត​ឡើង​ក្នុង​ចំណោម​កម្មករ​របស់​រោងចក្រ​ដែល​បាន​ដំណើរ​ការ​ជា​យូរ​ឆ្នាំ​មក​ហើយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុម​កម្មករ​ក៏​បង្ហាញ​អារម្មណ៍​ច្របូក​ចប្រល់​ជាមួយ​នឹង​ការ​ចាក់​វ៉ាក់​សាំង​បង្ការជំងឺ​នេះ។

លោក សេក ណាត ​អាយុ​ ៣៩ ​ឆ្នាំ​ ជា​កម្មករ​ដែល​ស្ថិត​នៅ​ទីតាំង​ដែល​មាន​អគារ​ ដែល​ស្ត្រី​ម្នាក់​ត្រូវ​រក​ឃើញ​ថា ​មាន​ជំងឺ​កូវីដ​១៩ ​នោះ​បាន​និយាយ​ថា កម្មករ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ ជាង​ពេល​មុន​ទាក់​ទិន​ការ​ពាក់​ម៉ាស់​និង​លាង​សម្អាត​ ដោយ​ទឹក​អាល់កុល​ ដើម្បី​ការពារ​ខ្លួន​មិន​ឲ្យ​ឆ្លង​ជំងឺ​កូវីដ​១៩ និង​ការ​រក្សា​គម្លាត​ពី​គ្នា​នៅ​ពេល​ដើរ​ចូល​កន្លែង​ធ្វើការ។

យ៉ាង​ណា​ក៏​ដោយ ​កម្មករ​ដែល​មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក​រូប​នេះថា​ បើ​បាន​វ៉ាក់​សាំង​មក​ចាក់​ឲ្យ​កម្មករ​នោះ​ ស្ថានភា​ព​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩​ របស់​កម្មករ​នឹង​មិន​ផុយ​ស្រួច​ខ្លាំង​ទេ។

«បាទ ខ្ញុំ​គួរ​តែ​គិត​ដែរ​បង​ព្រោះ​យើង​ឥឡូវ​វា​ថា​មាន​អ្នកផ្ទុក​មេរោគ​ហ្នឹង​ច្រើន ​អ៊ីចឹង​យើង​គួរ​រដ្ឋ​គាត់​ចាក់​វ៉ាក់​សាំង​ឲ្យ​យើង​ឆាប់ៗ​ហ្នឹង​ល្អ​ជាង​ ព្រោះ​កម្មករ​មិនមែន​នៅ​រោងចក្រ​ហ្នឹង​ ២៤ ​ម៉ោង​ យើង​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ល្ងាច​ឡើង​ទៅ​ផ្ទះ​ដឹង ​អ្នក​ណា​ដើរ​លេង​ដឹង​អ្នក​ណា​អត់»។

កម្មករ​ម្នាក់​ទៀត​ដែល​ឲ្យ​ឈ្មោះ​ត្រឹម​ថា ​ឌី ​ព្រោះ​ខ្លាច​គេ​ស្គាល់​អត្តសញ្ញាណ​និយាយ​ថា​ ការ​ចាក់​វ៉ាក់​សាំង​ឲ្យ​កម្មករ​ជា​ការត្រឹមត្រូវ​នៅ​ក្នុង​ការ​បង្ការ​ការ​ចម្លង​ជំងឺ​កូវីដ​១៩ ក៏​ប៉ុន្តែ​មាន​តែ​រដ្ឋាភិបាល​ទេ​ ដែល​អាច​សម្រេចថា​ នឹង​ធ្វើ​កិច្ចការ​នេះ​ជា​បន្ទាន់​ឬ​យ៉ាង​ណា​នោះ។

ដោយ​មាន​ពាក់​ម៉ាស់​ជាប់​នឹង​មុខ​កម្មករ​រូប​នោះ​ និយាយ​ថា៖​ «ខ្ញុំ​អត់​ដឹង​ដែរ​អា​ហ្នឹង​សម្រេច​លើ​រាជ​រដ្ឋាភិបាល​យើង​ទេ​បង។ បើ​រាជ​រដ្ឋាភិបាល​យើង​គេ​គិត​គូរ​ឲ្យ​បាន​ឆាប់​ៗ​រឹត​តែ​ល្អ​សម្រាប់​កម្មករ​ហើយ​អាហ្នឹង»។

សម្រាប់​លោក ​ភិន​ សូផា​ អាយុ​ ២០ ​ឆ្នាំ ដែល​ជា​កម្មករ​ម្នាក់​ទៀត មិន​ចង់​ចាក់​វ៉ាក់សាំង​ទេ​ក្រោម​ហេតុផល​ថា ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ប្រសិន​បើ​អ្នក​ទទួល​ចាក់​វ៉ាក់សាំង​មាន​សុខភាព​មិន​រឹងមាំ។

«ប្រហែល​អត់​ចាក់​ដែរ​ព្រោះ​ឮ​តែ​គេ​ថា ​វា​ចាក់​ទៅ​ក្តៅ​ខ្លួន​ហើយ ​បើ​យើង​នៅ​កម្លាំង​ខ្សោយ​អាច អាច​ស្លាប់​បាន​ទៀត»។

កម្មករ​វ័យ​ក្មេង​រូប​នេះ​និយាយ​ថា​កម្មករ​ផ្សេង​ទៀត​ក៏​មិន​ចង់​ទទួល​វ៉ាក់​សាំង​ដែរ​ ព្រោះ​ពួកគេ​ត្រូវ​បាន​ប្រាប់​ថា ​អ្នក​ដែល​មាន​សុខភាព​មាំទាំ ទើប​អាច​ចាក់​វ៉ាក់​សាំង​បាន។

«ខាង​គាត់​ដូច​អត់​មាន​នរណា​ចង់​បាន​ផង​ ព្រោះ​ដោយសារ​ឮ​គេ​ថា​ចាក់​ទៅ​វា​ក្តៅ​ខ្លួន​ ៣០​ ម៉ោង​អ៊ីចឹង​ទៅ​ដល់​ពេល​អ៊ីចឹង​ ហើយ​ណា​មួយ​ពួក​គាត់​ធ្វើ​ការ​នៅ​ហ្នឹង​ វា​អត់​សូវ​មាន​កម្លាំង​ពេញ។ គេ​ថា​ទាល់​តែ​កម្លាំង​ពេញ​ ១០០%​ បាន​គេ​ឲ្យ​ចាក់»។

កម្មករហូបអាហារជុំៗគ្នានៅក្នុងម៉ោងសម្រាកបាយថ្ងៃត្រង់ នៅរោងចក្រ Y & W Garment ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

បើ​តាម​ការ​សម្ភាស​កម្មករ​មួយ​ចំនួន​នៅរោង​ចក្រ​ Y & W Garment ស្ត្រី​វ័យ​ ៤៨ ​ឆ្នាំ​ ដែល​ធ្វើ​ការ​នៅ​ផ្នែក​បោក​គក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩​ កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន។

មេ​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​ស្ពាន​ថ្ម លោក ​ឈឹម រ៉ា​ ប្រាប់​វីអូអេ​កាល​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ថា ​ស្ត្រីរូប​នោះ​ត្រូវ​បាន​យក​ទៅ​ព្យាបាល​ ហើយ​ស្វាមី​របស់​គាត់​ក៏​ត្រូវ​គេ​យក​ទៅ​ធ្វើ​ចត្តាឡីស័ក។

កម្មករ​និយាយ​ថា​ ថៅ​កែ​រោងចក្រ​បាន​សម្រេច​បិទ​អគារ​ដែល​ស្ត្រី​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩ ​ធ្វើ​ការ​ជាមួយ​កម្មករ ប្រមាណ​ ៧០០ ​នាក់​ផ្សេង​ទៀត។ ពួក​គេ​ថា​ អគារ​ដែល​បិទ​ចោល​មួយ​រយៈ​ ដើម្បី​ទទួល​ការ​សម្អាត​មេរោគ​ពី​បុគ្គលិក​សុខាភិបាល​នោះ​ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ នៅ​ថ្ងៃ​អង្គារ ទី​៩ ខែ​មីនា។

លោក​ សេក ណាត​ បង្ហាញ​ពី​បំណង​ចង់​សម្រាក​ពី​រោងចក្រ​ដែរ​ នៅ​ពេល​ទីតាំង​ដែល​លោក​ធ្វើ​ការ​នោះ​មាន​អគារ​ដែល​ត្រូវ​គេ​រក​ឃើញ​ថា​ មានបញ្ហា​ជាមួយ​នឹង​ជំងឺ​កូវីដ​១៩ ​កាលពី​ពេល​ថ្មីៗ​នេះ។​

លោក​បន្ថែម​ថា​ ការផ្អាក​ដំណើរ​ការ​រោងចក្រទាំង​ស្រុង​ច្រើនជាង​មួយ​សប្តាហ៍​បន្ថែម​ទៀត ​ក៏​ជា​ការ​ប្រសើរ​ដើម្បី​ឲ្យ​ប្រាកដ​ថា​ មិន​មានមេរោគ​បង្ក​ជំងឺ​កូវីដ​១៩ ​នៅ​ក្នុង​រោងចក្រ។

«ខាង​ក្រុមហ៊ុន​ឲ្យ​កម្មករ​ផ្អាក​ទៅ​ យើង​ស្រួល​ យើង​នៅ​ផ្ទះ​រៀង​ខ្លួន​ វា​មិន​អី​ទេ​ តែ​អា​នេះ​បើ​យើង​គាត់​អត់​ឲ្យ​ផ្អាកអ៊ីចឹង​ យើង​ហ៊ាន​ផ្អាក​ខ្លួន​យើង​ យើង​ដាច់​លុយ​ហើយ»។​

រោង​ចក្រ​ ​Y & W Garment មាន​កម្មករ​សរុប​ទាំង​អស់ ជាង ​៥ ​ពាន់នាក់​ កំពុង​ធ្វើ​ការ​ក្នុង​សង្វាក់​ផលិត​កម្ម​សម្លៀក​បំពាក់​ក្មេងៗ។

នៅ​ពេល​អ្នក​យក​ព័ត៌មាន​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ទៅ​ជួប​សម្ភាស​កម្មករ​នៅ​ក្រៅ​រោង​ចក្រ​នោះ​កម្មករ​ភាគច្រើន​នៅ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ហូប​អាហារ​ជុំៗ​គ្នា​និង​ដើរ​កៀកៗ​គ្នា​នៅ​ឡើយ។ នៅ​មុខ​ច្រក​ចូល​ទី​តាំង​ ដែល​មាន​អគារ​មួយ​ ត្រូវ​បាន​បិទ​នោះ​កម្មករ​ត្រូវ​ក្រុម​សន្តិសុខ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ មុន​ពេល​ដើរ​ចូល​ទៅ​ក្នុង​កន្លែង​ធ្វើ​ការ។​

លោក ​ភិន​ សូផា ​កំពុង​ជក់​បារី​នៅ​មុន​ពេល​លោក​ចូល​ធ្វើការ​ នៅ​ទី​តាំង​ដែល​មាន​អគារ​ត្រូវ​បាន​បិទ​ដោយសារ​ជំងឺ​កូវីដ១៩​ នោះ។ លោក​ប្រាប់​វីអូអេ​ថា​ លោក​នឹង​មក​ធ្វើ​ការ​ជា​ធម្មតា​នៅ​ថ្ងៃ​អង្គារ​ស្អែកនេះ​ ទោះ​បី​អគារ​ដែល​ត្រូវ​បាន​បិទ​នោះ​ត្រូវ​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ក៏​ដោយ​ ព្រោះ​លោក​ជឿ​ថា​ កម្មករ​ដែល​ធ្វើ​ការ​ក្នុង​អគារ​នោះត្រូវ​បាន​គេ​ពិនិត្យ​សុខភាព​រួចរាល់​ហើយ។

«និយាយ​រួម​ទៅ​ គេ​ឲ្យ​ចូល​វិញ​ ព្រោះ​គេ​ចាប់​គាត់​ហ្នឹង​ទៅ​ ឃុំ​គេ​យក​ខាង​ក្រសួង​គេ​ហ្នឹង​ គេ​ពិនិត្យ​អស់​ហើយ​ បាន​គេ​ឲ្យ​ចូល​វិញ​ហើយ​ដែល ពួក​ដែល​គាត់​គេ​ចាប់​ទៅ​ឃុំ​ [ធ្វើ​ចត្តា​ឡីស័ក​] ហ្នឹង​គេ​អត់​ឲ្យ​ចូល​ផ្ទះ​ផង ​គេ​ឲ្យ​នៅ​កន្លែង​គាត់​ឃុំ​[ធ្វើចត្តា​ឡីស័ក​]​ហ្នឹង អ៊ីចឹង​គេ​ពិនិត្យជាក់​លាក់​ហើយ»។​

អ្នក​ស្រី​ ហូ ចាន់​ណា​ អាយុ​ ៣២ ​ឆ្នាំ​ ជា​ស្ត្រី​ម្តាយ​កូន​ពីរ​នាក់​ ត្រូវ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​កម្មករ​រោង​ចក្រ Y & W Garment រាល់​ថ្ងៃ​ ខណៈ​អ្នក​ស្រី​ជា​អ្នក​លក់ដូរ​គ្រឿង​ភេសជ្ជៈ​នៅ​ក្បែរ​រោងចក្រ​នោះ។ អ្នកស្រី​និយាយថា ​អ្នក​ស្រី​មិន​អាច​ផ្អាក​របរ​លក់​ដូរ​នេះ​បាន​ទេ​ គ្រា​ដែល​តំបន់​អ្នកស្រី​រស់​នៅ​នេះ​ មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ លើ​កម្មករ​ម្នាក់។

ដៃ​កំពុង​ដំ​ទឹកកក​អាជីវករ​រូប​នោះ និយាយ​ថា៖​ «យើង​អ្នក​លក់​វា​ប្រឈម​មុខ​ច្រើន​ តែ​មិន​ដឹង​ធ្វើ​ម៉េច​តែ​គ្រាន់​ថា​ បើ​យើង​មិន​លក់​វា​មិន​ដឹង​ធ្វើ​ម៉េច»។

អ្នកស្រី ចាន់ណា​ យល់ថា​ ការ​ចាក់​វ៉ាក់​សាំង​ឲ្យ​កម្មករ​ជា​កិច្ច​ការ​ចាំបាច់​មួយ​ ដែល​រដ្ឋាភិបាល​គួរ​ធ្វើ​ដែរ​ ដើម្បី​ការ​ពារ​សុវត្ថិភាព​ ទាំង​អ្នកស្រី​ផង ​និង​កម្មករ​ផង។

ចំណែកកញ្ញា​ សៅ ​ចាន់​ណារ៉ា​ ដែល​មាន​តូប​លក់​ដូរ​អាហារ​តាម​ចិញ្ចើម​ថ្នល់ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​កន្លះ​គីឡូម៉ែត្រ​ពី​រោង​ចក្រ Y & W Garment ​និយាយ​ថា ​ករណី​ឆ្លង​លើ​កម្មករ​មួយ​ករណី​នោះ​ មិន​ទាន់​ជា​រឿង​ធំ​ដុំ​ដែល​ត្រូវ​បង្ខំ​ឲ្យ​កញ្ញា​ផ្អាក​កា​ររកស៊ី​ទេ។

«ទីមួយ ​ការ​រកស៊ី​ វា​ពិបាក ​ខ្លាច​ពេល​យើង​ឈប់​ទៅ ​វា​ដាច់​ម៉ូយ​ ទីមួយ។ ទីពីរ​ វា​ខាត​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​យើង ហើយ​ណា​មួយ​អត់​ទេ​ បើ​សិន​ជា​រីករាល​ដាល​ធំ​ ក៏​យើង​អាច​ហ្នឹង​គិត​ថា​ ឈប់​ដែរ​ តែ​អា​នេះ​ ដោយ​សារ​តែ​វា​ស្ងប់​ស្ងាត់​ទៅ​វិញ​អីចឹង​ ទៅ​អាហ្នឹង​អត់​អី​ទេ​ ដោយសារ​តែ​អា​ការ​ផ្អើល​ឈូឆរ​ហ្នឹង​តែ​វា​តែ​មួយ​ថ្ងៃ​ទេ»។​

កញ្ញា ចាន់​ណារ៉ា អាយុ​ ២១ ​ឆ្នាំ​ បន្ថែម​ថា ​រដ្ឋាភិបាល​ក៏​គួរ​បង្កើន​ការ​ចាក់​វ៉ាក់សាំង ​ក្នុង​ចំណោម​កម្មករ​ផងដែរ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ខ្ពស់​នៃ​ការ​រីកសាយភាយ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​តាម​រោងចក្រ។

«ការ​ចាក់​វ៉ាក់សាំង​សម្រាប់​កម្មករ​ ហើយ​និង​ប្រជាជន​ទូទៅ​អីចឹង​ យើង​ចង់​អី​ចឹង ព្រោះ​ដោយសារ​តែ​ប្រជាជន​ភាគ​ច្រើន​គាត់​ បើ​នៅ​ខាង​ក្រៅ​វិញ​ គឺ​ច្រើន​ជាង​នៅ​ក្នុង​ផ្ទះ​ ដោយសារ​តែ​ជីវភាព​ម្នាក់ៗ គឺ​ចេញ​មក​ដើម្បី​ជីវភាព​ដូចៗ​គ្នា។ អ៊ីចឹង​ចង់​ឲ្យ​គាត់​ពន្លឿន​នៃ​ការ​ចាក់​វ៉ាក់​សាំង​ចែក​ជូន​ប្រជាជន​ឲ្យ​លឿន»។

កម្មករឈរនៅមុខច្រកចូលធំរបស់រោងចក្រ Y & W Garment ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

នៅ​ក្រោយ​ពេល​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ ក្រុម​សហជីព​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​រោងចក្រ Y & W Garment ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន​ទាំង​ស្រុង​ ដើម្បី​ធ្វើ​ការ​ពិនិត្យ​កម្មករ​ទាំង​អស់​ ដែល​បម្រើ​ការ​នៅ​ទី​នោះ។ ក៏​ប៉ុន្តែ​ រោងចក្រ​បាន​សម្រេច​ផ្អាក​ តែ​អគារ​មាន​ការ​ឆ្លង​ ហើយ​អគារ​ជាច្រើន​ទៀត​នៅ​ដំណើរ​ការ​ដូច​ធម្មតា។

លោក​ ហេង សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​បញ្ជាក់​វីអូអេ​កាល​ពី​សប្តាហ៍​មុន​ថា ​ក្រសួង​សុខាភិបាល​ជា​ស្ថាប័ន​ជំនាញ​នៅ​ក្នុង​ការ​គ្រប់គ្រង​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ឆ្លង​បន្ថែម​នៃ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​រោង​ចក្រ Y &​ W Garment។

លោក​សរសេរ​តាម​ប្រព័ន្ធ​ WhatsApp​ ថា៖​ «ដោយសារ​ជា​ករណី​ជំងឺ​កូវីដ១៩​ ស្ថាប័ន​បច្ចេកទេស​និង​ជំនាញ​គឺ​ក្រសួង​សុខាភិបាល។ ក្រសួងក៏​ដូច​ជា​រោងចក្រ​និង​បុគ្គល​ ពាក់ព័ន្ធ​មាន​កាតព្វកិច្ច​មួយ​ គឺ​សហការ​ឲ្យ​បាន​ពេញលេញ​ជាមួយ​មន្ត្រី​សុខាភិបាល»។

កម្មករ​ប្រមាណ​ ៧០០​ នាក់​ នៅ​ក្នុង​អគារ​ដែល​មាន​ស្ត្រី​ម្នាក់​ត្រូវ​បាន​រកឃើញ​ថា​មាន​ជំងឺ​កូវដី​១៩​ នោះ​នឹង​ត្រូវ​ចូល​ធ្វើ​ការ​តាម​ធម្មតា​វិញ​ នៅ​ថ្ងៃ​អង្គារ ទី​៩ ខែ​មីនា។ នេះបើតាម​ការ​បញ្ជាក់​ពី​សន្តិសុខ​មួយ​រូប​ ដែល​ឈរ​យាម​នៅ​មុខ​ច្រក​ចូល​អគារ​ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩​ នោះ។

កម្មករ​លោក​ សេក ណាត មាន​ប្រសាសន៍​ថា ​លោកនឹង​ចូល​ធ្វើការ​វិញ។ លោក​និយាយ​ថា​ បើ​ទោះ​បី​មាន​ការ​សម្អាត​អគារ​ដែល​មាន​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩​ នោះ​រួច​ហើយ ​ក៏​ដោយ​ក៏​កម្មករ​មិន​ត្រូវ​ធ្វេស​ប្រហែស​ទេ​ ពោល​គឺ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ នៅ​ពេល​មិន​ទាន់​បាន​ទទួល​វ៉ាក់​សាំង។

«បើ​ថា​មាន​វ៉ាក់សាំង​ចាក់​ការពារ​ខ្លួន​យើង​ហើយ​ ចាំ​យើង​ធ្វើ​ម៉េច​ធ្វើ​ទៅ​ ប៉ុន្តែ​អា​នេះ​យើង​អត់​ទាន់​មាន​គួរ​តែ​យើង​ប្រុង​ប្រយ័ត្ន​រហូត​ទៅ»៕