ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្ស ២៣ នាក់ទៀតបានឆ្លងវីរុសជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ។ ការណ៍នេះនាំឲ្យមានការព្រួយបារម្ភបន្ថែមទៀត។
ការឆ្លងក្នុងសហគមន៍ដែលមិនទាន់ដឹងប្រភពច្បាស់លាស់នេះ ត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រោយពីមានករណីជនជាតិចិនទៅធ្វើតេស្ត ដើម្បីបានវិញ្ញាបនបត្របញ្ជាក់សុខភាព ប៉ុន្តែស្រាប់តែពួកគេមួយចំនួនមានជំងឺកូវីដ១៩។ ក្រសួងសុខាភិបាលបានតាមដានករណីនេះ ហើយរកឃើញអ្នកពាក់ព័ន្ធផ្សេងទៀត ដែលមានផ្ទុកវីរុសកូរ៉ូណា ដែលបង្កជាជំងឺកូវីដ១៩នេះ។
បើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មានអ្នកឆ្លងថ្មីចំនួន ២៣ នាក់ទៀត ដែលភាគច្រើនជាជនជាតិចិន។ ការណ៍នេះនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ «២០ កុម្ភៈ» នេះ មានចំនួន ៩៩ នាក់ គិតត្រឹមថ្ងៃអង្គារនេះ។
ក្រសួងសុខាភិបាលឲ្យដឹងទៀតថា មានករណីឆ្លងវីរុសបម្លែងថ្មីចំនួន ៣ នាក់នៅថ្ងៃអង្គារនេះ ហើយ ២ នាក់ជាអ្នកធ្វើការនៅក្លឹប N8 ដែលក្រសួងបានបិទ ក្រោយរកឃើញមានករណីឆ្លងច្រើនលើមនុស្សដែលធ្វើការនិងចេញចូលក្លឹបនោះ។ មន្រ្តីក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ថា វីរុសបម្លែងថ្មីនេះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «២០ កុម្ភៈ»។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានថ្លែងថា «ស្ថានភាពមិនល្អសម្រាប់យើង» ហើយ «ការឆ្លងក្នុងទ្រង់ទ្រាយដ៏លំបាក»។
កាលពីយប់ថ្ងៃច័ន្ទ រដ្ឋាភិបាលបានប្រកាសបិទសាលារៀនទាំងរដ្ឋនិងឯកជននៅភ្នំពេញនិងខេត្តកណ្តាលយ៉ាងតិច ២ សប្តាហ៍ ដើម្បីបញ្ចៀសការឆ្លងកូវីដ១៩។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏សម្រេចបិទរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅភ្នំពេញ និងខេត្តកណ្តាល ២ សប្តាហ៍ដូចគ្នា៕