មនុស្ស ២ នាក់​ទៀត​ត្រូវ​រក​ឃើញ​ឆ្លង​កូវីដ១៩ ដោយ​ធ្វើ​ឱ្យ​ចំនួន​ឆ្លង​សរុប​នៅ​កម្ពុជា​កើន​ដល់ ៤៤១ នាក់

បុរស​ម្នាក់​ពាក់​ម៉ាស់​មុខ​រង់ចាំ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​កីឡាដ្ឋានជាតិ​អូឡាំពិក​ ក្រោយ​ពី​មាន​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​នេះ​នៅ​ក្នុង​សហគមន៍​ជា​លើក​ដំបូង​កាល​ពី​ខែ​មុន ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

មនុស្ស ២ នាក់​ទៀត​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​មាន​វីរុស​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​អង្គារ ដោយ​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ សរុប​ក្នុង​ប្រទេស​កម្ពុជា កើន​ដល់ ៤៤១ នាក់។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី ១៩ ខែ​មករា បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ចុងក្រោយ​បង្អស់​ទាំង ២ នាក់​នេះ ម្នាក់​គឺ​ជា​ទារក​អាយុ ១ ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី ដែល​ជា​កូន​អ្នក​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​សិង្ហបុរី​និង​ចូល​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី ១២ ខែ​មករា​សប្តាហ៍​មុន។ បច្ចុប្បន្ន អ្នក​ជំងឺ​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​និង​ហង់សិន ​ក្នុង​រាជធានី​ភ្នំពេញ។

ចំណែក​ឯ​អ្នក​ឆ្លង​កូវីដ​ម្នាក់​ទៀត​គឺ​ជា​ពលករ​ខ្មែរ​វ័យ ៣១ ឆ្នាំ ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ និង​បាន​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា។ បច្ចុប្បន្ន អ្នក​ជំងឺ​ដែល​ជា​ពលករ​ស្ត្រី​ដែល​មាន​ទីលំនៅ​ក្នុង​ក្រុង​សេរីសោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ​នេះ ត្រូវ​បានដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ។

គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ទាំង ៤៤១ នាក់ មាន ៣៨៦ នាក់​បាន​ជា​សះស្បើយ និង ៥៥ នាក់​កំពុង​សម្រាក​ព្យាបាល។ កន្លង​មក មិន​ទាន់​មាន​របាយការណ៍​ណា​មួយ​អំពី​ករណី​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​ទេ៕